ប្រទេសចិន

អុ្នកជំនាញលើកឡើងហេតុផលពីរយ៉ាង ក្រោយប្រធានាធិបតីចិន ស៊ី ជីនពីង ប្តេជ្ញានឹងពង្រឹងសមត្ថភាពយោធាឲ្យកាន់តែខ្លាំងក្លា


ផែនការពង្រឹងវិស័យយោធាបន្ថែមទៀតរបស់ប្រទេសចិន ដែលត្រូវបាននិយាយចេញពីមាត់របស់លោក ស៊ី ជីនពីង ផ្ទាល់តែម្តង អំឡុងពីធីបើកសមាជបក្សកុម្មុយនីស្តចិនលើកទី២០ កាលពីថ្ងៃអាទិត្យទី១៦ខែតុលា គឺជាផែនការត្រូវបានជំរុញដោយកត្តាផ្ទៃក្នុងបក្ស និង ពាក់ព័ន្ធនឹងសន្តិសុខដែនដី។ នេះបើតាមការអះអាងពីអ្នកជំនាញ ដែលត្រូវបានស្រង់សម្ដីដោយសារព័ត៌មានរបស់សឹង្ហបុរី Channel News Asia។
ផែនការពង្រឹងវិស័យយោធារបស់ចិនបន្ថែមទៀតជំរុញពីខាងក្នុងនិងការពារដែនដី!

អំឡុងសន្ទរកថាបើកកម្មវិធីសមាជបក្សកុម្មុយនីស្តចិនលើកទី២០ ដែលធ្វើឡើងរាល់៥ឆ្នាំម្តង បុរសខ្លាំងរដ្ឋចិន លោក ស៊ី ជីនពីង និយាយថាប្រទេសចិននឹងពន្លឿនការកសាងសមត្ថភាពយោធាបន្ថែមទៀត ពោលគឺឱ្យដល់លំដាប់ពិភពលោកតែម្តង។ បន្ថែមពីលើសមត្ថភាពយោធាជារួម មេដឹកនាំចិនរូបនេះ បានសន្យាពង្រឹងសមត្ថភាពទប់ស្កាត់ការវាយប្រហារជាយុទ្ធសាស្ត្រផងដែរ។

«យើងនឹងអភិវឌ្ឍ ធ្វើទំនើបកម្មយោធា ទាំងទ្រឹស្តីនិងការអនុវត្ត ទាំងកងទ័ព និងទាំងអាវុធយុទ្ធភណ្ឌនានា» នេះជាសម្តីផ្ទាល់ចេញពីមាត់លោកស៊ី ជីនពីង នៅចំពោះមុខសមាជិកបក្សកុម្មុយនីស្តចិន ទាំងជាង ២៣០០នាក់ ដែលបានចូលរួមពិធីបើកសមាជបក្សកុម្មុយនិស្ដចិនលើកទី២០។

លោកសាស្ត្រាចារ្យ ឡេន ហ្ក័រ មកពីវិទ្យាស្ថានអាស៊ីបូព៌ារបស់សិង្ហបុរីប្រាប់ Channel News Asia ថា៖ ដូចបានដឹងហើយថា ក្នុងពេល១០ឆ្នាំចុងក្រោយ ក្រោមការដឹកនាំរបស់លោក ស៊ី យោធាចិន រះត្រដែតឡើងជាលំដាប់ ធ្វើឱ្យគេព្រួយបារម្ភ។ ប៉ុន្តែ ការប្រកាសបង្កើនសមត្ថភាពយោធា បន្ថែមទៀតនៅពេលនេះ គឺទំនងជាលោកស៊ី ជីនពីងចង់បង្ហាញប្រតិកម្មចំពោះផ្ទៃក្នុងរបស់លោក។ អាចមានផ្លូវពីរនៅក្នុងមូលហេតុនេះ ដោយទីមួយលោកចង់បំផុសទឹកចិត្ត មនោសញ្ចេតនាជាតិនិយម ជាជាងការបង្ហាញពីមហិច្ឆតារបស់លោក។ ប៉ុន្តែវាក៏អាចផងដែរ ថាលោកចង់ពង្រឹងឥទ្ធិពលអំណាច សម្រាប់អាណត្តិទី៣របស់លោក។

អ្នកជំនាញរូបនេះជឿជាក់ថា ការនិយាយបែបនេះគឺចង់សំដៅបង្កើនការការពារខ្លួនច្រើនជាង មហិច្ឆតានៃការត្រួតត្រាពិភពលោក។

ដោយឡែក អ្នកឯកទេសគោលនយោបាយចិនមួយរូបទៀត មកពីសកលវិទ្យាល័យមួយនៅសហរដ្ឋអាមេរិក លោកសាស្ត្រាចារ្យ ភីតធឺ លី និយាយថា យុទ្ធសាស្ត្រគោលនយោបាយការបរទេសរបស់ចិនក្នុងទសវត្សរ៍ចុងក្រោយនេះ គឺអំពីការពង្រឹងការកាន់កាប់ និងវត្តមានរបស់ខ្លួននៅលើសមុទ្រចិនខាងត្បូង ដែលប្រទេសនេះតែងចាត់ទុកភាគច្រើន គឺជាដែនទឹករបស់ខ្លួន។

ម្យ៉ាងទៀត ចិនចង់ពង្រឹងយុទ្ធសាស្ត្រយោធារបស់ខ្លួន ក្នុងករណីមហាអំណាចបរទេសនឹងលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ចិនដូចជានៅក្រុងហុងកុង និងកោះតៃវ៉ាន់ជាដើម។ ដូច្នេះ ការធ្វើទំនើបកម្មយោធា គឺជាមូលដ្ឋានសម្រាប់ការពារនូវអ្វីដែលទីក្រុងប៉េកាំងហៅថា ផលប្រយោជន៍ជាតិជាស្នូល នោះគឺផលប្រយោជន៍ទឹកដីនេះឯង។

សូមជម្រាបថា ក្រៅតែពីការធ្វើទំនើបកម្មយោធាបន្ថែមទៀត ដើម្បីពង្រឹងទាំងផ្ទៃក្នុងនឹងក្តោបក្តាប់ទឹកដីរបស់ខ្លួន ការបង្រួបបង្រួមឱ្យកោះតៃវ៉ាន់ក្លាយជាចិនតែមួយ គឺជារឿងចាំបាច់ណាស់ សម្រាប់ផ្ទៃក្នុងរបស់ចិន។ ទីក្រុងប៉េកាំងបានផ្តល់ជម្រើសដល់កោះតៃវ៉ាន់ក្នុងគំរូដឹកនាំរដ្ឋ បែបប្រទេសមួយប្រព័ន្ធពីរ ដែលជារូបមន្តដូចគ្នាទាំងស្រុងនឹងក្រុងហុងកុង ដែលចិនកំពុងអនុវត្តសព្វថ្ងៃ។ ប៉ុន្តែគណបក្សនយោបាយធំៗរបស់តៃវ៉ាន់ទាំងអស់បានច្រានចោលសំណើនេះ ហើយវាស្ទើរតែគ្មានការគាំទ្រពីសាធារណជនឡើយ។ ទោះយ៉ាងណា លោកស៊ី ជីនពីង បាននិយាយកាលពីថ្ងៃអាទិត្យទី១៦តុលាថា ចិន មិនបោះបង់ជម្រើសនៃការប្រើប្រាស់កម្លាំងទៅលើតៃវ៉ាន់នោះឡើយ។

ភាគីកោះតៃវ៉ាន់ក៏បានចេញមុខមកឆ្លើយតបភ្លាមៗរួចហើយដែរថា នឹងមិនចុះញ៉មជាមួយនឹងប៉េកាំងនោះទេ ហើយតៃវ៉ាន់នៅតែអះអាងថា នឹងការពារអធិបតេយ្យភាព សេរីភាព និងប្រជាធិបតេយ្យរបស់ខ្លួនឲ្យខាងតែបាន៕




អត្ថបទបន្ទាប់


បេឡារុសបើកទ្វារប្រទេសឲ្យកងទ័ពរុស្សី៩ពាន់នាក់ឈរជើង ខណៈយោធាម៉ូស្គូកំពុងទប់ទល់ជាមួយអ៊ុយក្រែនយ៉ាងខ្លាំងក្លានៅតំបន់ដុនបាស

ព័ត៌មាន
ក្រសួងការពារជាតិបេឡារុសបានគូសបញ្ជាក់ថា ទាហានរុស្សីប្រមាណ៩ពាន់នាក់នឹងត្រូវឈរជើងក្នុងប្រទេសក្បែរខាងអ៊ុយក្រែន ដើម្បីបង្កើតជា «ក្រុមយោធាតំបន…

តើធនាគារកណ្ដាលចិនដាក់ចេញគោលនយោបាយកម្ចីអ្វីខ្លះ ដើម្បីរក្សាអត្រាការប្រាក់កុំឲ្យប្រែប្រួល?

ព័ត៌មាន
ស្របពេលដែលធនាគារកណ្ដាលនៅប្រទេសសេដ្ឋកិច្ចធំៗជាច្រើនដំឡើងអត្រាការប្រាក់គោលបន្តកន្ទុយគ្នា ដើម្បីប្រយុទ្ធទប់ទល់នឹងអតិផរណានោះ ធនាគារកណ្តាលនៃប្រទេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ