ជើងហោះហើរត្រង់

អ្នកជំនាញរំពឹងការតភ្ជាប់ជើងហោះត្រង់ពីឥណ្ឌា មកកាន់ខេត្តសៀមរាប ក្លាយជាមេដែកក្នុងការស្រូបទាញភ្ញៀវទេសចរឥណ្ឌា


បើគ្មានការប្រែប្រួលទេ ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា នឹងតភ្ជាប់ជើងហោះហើរត្រង់ពីទីក្រុងកុលកាតា (Kolkata) ប្រទេសឥណ្ឌា មកកាន់អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ ចាប់ពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ តទៅ។ អ្នកជំនាញក្នុងវិស័យទេសចរណ៍រំពឹងថា តាមរយៈការតភ្ជាប់ជើងហើរត្រង់នេះ វានឹងជួយស្រូបទាញភ្ញៀវទេសចរ និងវិនិយោគឥណ្ឌា ឱ្យមកកម្សាន្ត និងសម្លឹងឱកាសវិនិយោគនៅកម្ពុជា ឱ្យកាន់តែច្រើនបន្ថែមទៀត។
ជើងហោះហើរត្រង់
ដោយ

បើតាមការគូសបញ្ជាក់របស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា IndiGO នឹងភ្ជាប់ជើងហោះហើរត្រង់ពីក្រុងកុលកាតា (Kolkata) ប្រទេសឥណ្ឌា មកកាន់អាកាសយានដ្ឋានអន្តរជាតិ ខេត្តសៀមរាបអង្គរ ចាប់ពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ តទៅ។ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍បានអះអាងថា ការតភ្ជាប់ជើងហោះហោះត្រង់រវាងប្រទេសទាំងពីរមិនមែនកើតឡើងដោយចៃដន្យនោះទេ ពោលគឺវាកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធ គួបផ្សំប្រទេសទាំងពីរមានទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការល្អ។

លោក ធួន ស៊ីណាន ប្រធានសមាគមទេសចណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា ​បានសាទរចំពោះ​ការតភ្ជាប់ជើងហោះហើរត្រង់របស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា IndiGO មកកាន់អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរនេះ ដ្បិតវាជាការទន្ទឹងរង់ចាំជាយូរមកហើយរបស់កម្ពុជា។ អ្នកជំនាញរូបនេះរំពឹងថា ការតភ្ជាប់ជើងហោះហើរត្រង់នេះនឹងក្លាយជាស្ពានតភ្ជាប់ដ៏មានតម្លៃសម្រាប់វិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ជាពិសេសវានឹងជួយស្រូបទាញភ្ញៀវទេសចរឥណ្ឌាឱ្យចូលមកកម្សាន្តនៅកម្ពុជាបានកាន់តែច្រើនបន្ថែមទៀត ព្រោះឥណ្ឌាជាទីផ្សារទេសចរណ៍ធំលំដាប់ទី២ បន្ទាប់ពីចិន ដែលបានចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចទេសចរណ៍សកល។

បើតាមមន្ត្រីជាន់ខ្ពស់អាកាសចរណ៍ស៊ីវិល បច្ចុប្បន្នអាកាសយានដ្ឋានអន្តរជាតិ ​សៀមរាបអង្គរ មានក្រុមហ៊ុនអាកាសចរណ៍ចំនួន១០ កំពុងប្រតិបត្តិការហោះហើរចេញ-ចូល ដោយក្នុងនោះមានក្រុមហ៊ុនក្នុងស្រុកចំនួន២ និងក្រុមហ៊ុនអន្តរជាតិចំនួន៨ និងរំពឹងទទួលបានក្រុមហ៊ុនអាកាសចរណ៍ថ្មីចំនួន៣បន្ថែមទៀតតភ្ជាប់មកកាន់អាកាសយានដ្ឋានអន្តរជាតិនេះនៅត្រឹមដំណាច់ឆ្នាំ២០២៥។ បច្ចុប្បន្នអាកាសយានដ្ឋានអន្តរជាតិនេះទទួលបានអ្នកដំណើរចេញចូលជាមធ្យមប្រមាណជាង៣ពាន់៤រយនាក់ក្នុង១ថ្ងៃ ជាមួយជើងហោះហើរចេញចូលចំនួន៣៦ជើងក្នុង១ថ្ងៃ៕

អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ




អត្ថបទបន្ទាប់


ក្រុមហ៊ុនគ្រាក់ៗរបស់ហ្វីលីពីន និងវៀតណាម រួមគ្នាបោះទុនវិនិយោគរហូតដល់ទៅ១៨៥ពាន់លានដុល្លារនៅវៀតណាម

ក្រុមហ៊ុនវិនិយោគពហុវិស័យគ្រាក់ៗរបស់ហ្វីលីពីន និងវៀតណាម មានគម្រោងរួមគ្នាបោះទុនវិនិយោគរហូតដល់ទៅប្រមាណ១៨៥ពាន់លានដុល្លារអាម៉េរិក លើគម្រោ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ