ម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម

សម្ដេច ហ៊ុន សែន៖ កម្ពុជារង់ចាំរយៈពេល៦៤ឆ្នាំ ទើបសម្រេចចិត្តយកឆ្នាំ២០២៣ ធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម


កម្ពុជា បានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើជាម្ចាស់ផ្ទះ ប្រកួតកីឡាប៉ារ៉ាហ្គេម និងស៊ីហ្គេម នៅឆ្នាំ២០២៣ ខាងមុខនេះ។ ទម្រាំដល់វេនកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡាដ៏ធំនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា បានរង់ចាំ អស់រយៈពេល ៦៤ឆ្នាំមកហើយ ទើបសម្រេចចិត្តយក ឆ្នាំ២០២៣ ធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា រូបភាព៖ SPM PAGE

ការលើកឡើងរបស់សម្ដេច ហ៊ុន សែន បែបនេះ បានធ្វើឡើងនាឱកាសសម្ដេចអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំដើម្បីពិភាក្សាលើកិច្ចការនានាត្រៀមឆ្ពោះទៅរកការប្រកួតប៉ារ៉ាហ្គេម និងស៊ីហ្គេម នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ ដែលកិច្ចប្រជុំនេះ មានរយៈពេល ៣ថ្ងៃ ពោលចាប់ពីថ្ងៃទី១១-១៣ កក្កដា ឆ្នាំ២០២២។

ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ាហ្គេម និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២នេះ បានបើកកិច្ចប្រជុំ ដើម្បីពិភាក្សាលើកិច្ចការនានាត្រៀមឆ្ពោះទៅរកការប្រកួតប៉ារ៉ាហ្គេម និងស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០២៣។ ថ្លែងនាឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន នាយនាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ថា ឆ្នាំ២០២២ និងឆ្នាំ២០២៣ គឺជាឆ្នាំ ដែលពិសេសបំផុតសម្រាប់កម្ពុជា ដោយសារនៅឆ្នាំ២០២២នេះ គឺជាឆ្នាំដែលកម្ពុជា ធ្វើជាប្រធានអាស៊ាន។ ខណៈឆ្នាំ២០២៣ ខាងមុខ កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។ ជាមួយគ្នានេះ សម្ដេចក៏បានសង្កត់ធ្ងន់ដែរថា បន្ទាប់ពីកម្ពុជា ខកខានជាច្រើនលើកច្រើនសារ អស់រយៈពេល ៦៤ឆ្នាំ ទើប កម្ពុជា សម្រេចកំណត់យកឆ្នាំ២០២៣ ធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។

ក្នុងនាមកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នាឆ្នាំ២០២៣ កម្ពុជា មានមហិច្ឆតា រៀបចំទទួលស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិ ដោយភាពកក់ក្ដៅ បដិសណ្ឋារកិច្ចល្អ និងសេវាល្អគ្រប់ប្រតិភូកីឡា។ លើសពីនោះ សម្ដេចក៏បានបញ្ជាក់បន្ថែមទៀតថា នយោបាយគ្មានស្ដង់ដារពិតប្រាកដនោះទេ ប៉ុន្តែ កីឡាមានស្ដង់ដារពិតប្រាកដ មានច្បាប់កីឡាតែមួយ មានបទបញ្ជាប្រកួតតែមួយ និងមានគោលដៅតែមួយ គឺការកសាងពិភពលោកមួយដ៏ល្អប្រសើរ និងការរួមចំណែកដ៏សំខាន់ដល់សុខសន្តិភាព និងស្ថិរភាព សង្គម។

ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាដ៏ធំជាប្រវត្តិសាស្រ្តនេះ ឲ្យទទួលបានជោគជ័យខ្ពស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ចេញនូវគោលការណ៍ និងអានុសាសន៍ជាគន្លឹះសំខាន់ៗ មួយចំនួន៖ ទី១.គណកម្មាធិការរៀបចំកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ត្រូវយកចិត្តទុកដាក់លើគ្រប់មុខសញ្ញា គ្រប់គ្រងព្រឹត្តិការណ៍សំខាន់ៗ ឲ្យបានរួចរាល់ និងទាន់ពេល។ ទី២.ស្នើដល់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងឯកជន ចូលរួមផ្សព្វផ្សាយ និងយុទ្ធនាការលាងសម្អាតផ្ទះ និងសង្គម តាមរយៈយុទ្ធនាការប្រជាជនម្នាក់លេងកីឡាមួយមុខយ៉ាងតិចប្រចាំជីវិត។ ទី៣. ស្នើក្រសួងអប់រំ យុវជននិងកីឡា ពិនិត្យលទ្ធភាពពន្យារវិស្សមកាលតូច ក្នុងអំឡុងពេលចូលឆ្នាំខ្មែរ ប្រពៃណីជាតិ រហូតដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ដើម្បី ផ្តល់ឱកាសឱ្យសិស្ស-និស្សិត ចូលរួមបម្រើការងារជាអ្នកស្ម័គ្រចិត្ត និងចូលរួមអបអរសាទរលើកទឹកចិត្តកីឡាករ កីឡាការិនីជាតិ-អន្តរជាតិ។ ទី៤.សម្ដេចអំពាវនាវដល់បណ្ដាប្រទេសជាសមាជិកស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ផ្ដល់ការគាំទ្រគ្រប់ទម្រង់ តាមដែលអាចធ្វើទៅបាន។

សូមបញ្ជាក់ថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះលើកដំបូងនៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឬស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ពោលគឺបើរាប់ពីឥឡូវនេះទៅ គឺនៅសល់ប្រមាណ ៣០០ថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នឹងឈានមកដល់។ ការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍នៅឆ្នាំ២០២៣ គឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រថ្មីមួយទៀត សម្រាប់កម្ពុជា និងកាន់តែធ្វើឲ្យកម្ពុជា បង្ហាញមុខមាត់បន្ថែម នៅលើឆាកអន្តរជាតិ បន្ទាប់ពីកម្ពុជាបានធ្វើជាប្រធានអាស៊ាន នៅឆ្នាំ២០២២នេះ៕




អត្ថបទបន្ទាប់


ម្ចាស់ហាងលក់មាស៖ ក្រោយមាសធ្លាក់ថ្លៃ អ្នកមកទិញមាស មានច្រើនជាងអ្នកមកលក់មាស

ព័ត៌មាន
ក្រោយពីហាងឆេងតម្លៃមាសនៅកម្ពុជាបានធ្លាក់ចុះមកវិញជាបណ្តើរៗនៅរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ អាជីវកម្មលក់មាសហាក់មានសន្ទុះលក់មាស និងគ្រឿងអ…

IMF ព្រមាន G20 ពីគ្រោះថ្នាក់នៃបំណុលសកលបើប្រទេសអ្នកផ្តល់កម្ចីយឺតយ៉ាវចាត់វិធានការបន្ធូរបន្ថយបន្ទុកបំណុល

ព័ត៌មាន
នាយិកាមូលនិធិរូបិយវត្ថុអន្តរជាតិ ឬហៅកាត់ថា IMF លោកស្រី គ្រីស្តាលីណា ចចជីវ៉ា (Kristalina Georgieva) បានជំរុញជាថ្មីម្ដងទៀត ឱ្យប្រទេសចិន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ