ក្រុមអ្នកជំនាញ និងអ្នកតាមដានសង្គមបានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង និងចាត់ទុកថា នេះជាការសម្រេចចិត្តដ៏ត្រឹមត្រូវ និងទាន់ពេលវេលាក្នុងការសន្សំសំចៃថវិកាជាតិ និងការបង្ហាញសាមគ្គីភាពជាតិក្នុងគ្រា ដែលមាតុភូមិកំពុងជួបរងការឈ្លានពានពីប្រទេសជិតខាង។
លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងអ្នកតាមដានហេតុការណ៍សង្គមបានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះវិធានការរបស់រាជរដ្ឋាភិបាល ដែលសម្រេចផ្អាករៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែអកអំបុកនៅឆ្នាំនេះ។ លោកបណ្ឌិត បានគូសបញ្ជាក់ថា នៅក្នុងកាលៈទេសៈ ដែលប្រទេសជាតិកំពុងរងការរំលោភបំពាន និងយកចិត្តទុកដាក់លើការដោះស្រាយបញ្ហាជម្រោះព្រំដែន និងជនភៀសសឹក ការផ្អាកនេះនឹងជួយកាត់បន្ថយចំណាយថវិកា ហើយបង្វែរទុនទាំងនោះទៅជាកញ្ចប់ជំនួយសង្គ្រោះបន្ទាន់ដល់ពលរដ្ឋភៀសសឹកដែលកំពុងខ្វះខាត។ ទន្ទឹមនឹងនេះ លោកបណ្ឌិត បានអំពាវនាវដល់រដ្ឋបាលខេត្តទាំងអស់ត្រូវយកចិត្តទុកដាក់រៀបចំពិធីបុណ្យអុំទូកដោយរក្សាទម្រង់ដើមនៃប្រពៃណីខ្មែរ ជៀសវាងការរៀបចំទាំងឡាយណាដែលនាំឱ្យបាត់បង់លំនាំដើមនៃវប្បធម៌។
ស្រដៀងគ្នានេះលោកបណ្ឌិត តឹក ម៉េង សាស្រ្តាចារ្យ និងជាអ្នកស្រាវជ្រាវផ្នែកប្រវត្តិសាស្រ្តបានចាត់ទុកការផ្អាកការប្រារព្ធពិធីបុណ្យអុំទុកនៅឆ្នាំនេះ គឺជារឿងដ៏ប្រសើរបំផុត ព្រោះបានសំន្សំថវិកាជាតិ គួបផ្សំប្រទេសកំពុងទទួលរងការឈ្លានពានពីប្រទេសថៃ ជាពិសេសពលរដ្ឋភៀសសឹក ដែលមិនទាន់បានត្រឡប់ទៅផ្ទះវិញ និងកំពុងស្នាក់នៅក្នុងភូមិរង់ចាំ។ សម្រាប់អ្នកជំនាញរូបនេះ ការរៀបចំប្រារព្ធពិធីបុណ្យអុំទូលនៅតាមខេត្តនីមួយៗក្ដី ក៏ត្រូវធ្វើឡើងក្នុងរូបភាពសន្សំសំចៃថវិកាដូចគ្នា ដោយមិនត្រូវធ្វើជាលក្ខណៈទ្រង់ទ្រាយធំនោះទេឱ្យតែការរៀបចំនោះធ្វើឡើងតាមប្រពៃណីទំនៀមទម្លាប់គ្រប់គ្រាន់ហើយ។ ខណៈប្រទេសកំពុងជួបទុក្ខលំបាកពីការឈ្លានពានរបស់ថៃ អ្នកជំនាញរូបនេះជឿជាក់ថា ការខនខានប្រារព្ធពិធីបុណ្យអុំទូកមួយឆ្នាំទៀតនេះ នឹងមិនបានធ្វើឱ្យវប្បធម៌បុណ្យថ្នាក់ជាតិមួយនេះបាត់រលត់ទៅណានោះទេ ឱ្យតែបុណ្យនេះឋិតនៅក្នុងខ្លួនរបស់ពលរដ្ឋគ្រប់រូប។
ស្របពេលជាមួយនឹងការផ្អាកពិធីបុណ្យអុំទូកនៅឆ្នាំនេះ រាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់ក្រុមការងារចុះមូលដ្ឋាន និងអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់ និងសួរសុខទុក្ខ និងសហការដោះស្រាយបញ្ហាប្រឈមនានាជូនពលរដ្ឋភៀសសឹក ព្រមទាំងយកចិត្តទុកដាក់ខ្ពស់ចំពោះយុទ្ធជន គ្រួសារយុទ្ធជនពលី ពិការ និងកងកម្លាំងទាំងអស់ ដែលកំពុងឈរជើងការពារទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែនយ៉ាងក្លាហាន៕
អត្ថបទដោយ៖ ជា ម៉ារ៉ា