អង់គ្លេស

អ្នកជំនាញព្រមានថា អង់គ្លេសនឹងលែងជាទីចាប់អារម្មណ៍ក្នុងការវិនិយោគតទៀតហើយ


ប្រទេសអង់គ្លេសជាប្រទេសដែលធ្លាប់តែមានសេដ្ឋកិច្ចធំលំដាប់ទី៤ ក្នុងពិភពលោក ពេលនេះកំពុងជួបប្រទះនូវអស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច ដែលជាហេតុនាំឲ្យ អ្នកវិនិយោគបរទេសបាត់បង់ទំនុកចិត្តក្នុងការបណ្ដាក់ទុនប្រកបអាជីវកម្ម ក្នុងប្រទេសមួយនេះតទៅទៀត។ ថ្មីៗនេះរដ្ឋាភិបាលអង់គ្លេសកំពុងខ្នះខ្នែងរៀបចំផែនការស្ដារស្ថានភាពដ៏អាក្រក់នេះឡើងវិញ ប៉ុន្តែអ្នកជំនាញបែរជាមានការព្រួយបារម្មណ៍ពីភាពថ្លោះធ្លោយរបស់រដ្ឋាភិបាលទីក្រុងឡុងដ៏ទៅវិញ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters។
ហេតុអ្វីអង់គ្លេសមិនអាចទាក់ទាញអ្នកវិនិយោគបរទេសបានដូចមុន?

បើយោងតាមទិន្នន័យដែលទទួលបានពីការស្ទង់មតិពីម្ចាស់ក្រុមហ៊ុនមួយចំនួននៅចក្រភពអង់គ្លេសចេញផ្សាយនៅថ្ងៃចន្ទទី៩ខែមករាបង្ហាញថា ចក្រភពអង់គ្លេសលែងជាកន្លែងដែលមានទីផ្សារប្រកួតប្រជែងតទៅទៀតហើយ ហើយក៏មិនសូវទាក់ទាញអ្នកវិនិយោគបរទេសដូចមុនដែរ នេះក៏ដោយសារតែការកើនឡើងនៃតម្លៃថាមពល និងភាពចលាចលនៃនយោបាយនាពេលថ្មីៗនេះ។

យោងតាមស្ថាប័នពាណិជ្ជកម្មរបស់អង់គ្លេស Make UK និង PwC បានបង្ហាញថា ចំនួនក្រុមហ៊ុនដែលគិតថាចក្រភពអង់គ្លេសជាទីតាំងមានភាពប្រកួតប្រជែងនោះបានធ្លាក់ចុះពី ៦៣% កាលពីឆ្នាំមុន មកនៅសល់៣១% ហើយក្នុងនោះមានមិតិចំនួន ៤៣% បាននិយាយថា ចក្រភពអង់គ្លេសមិនសូវទាក់ទាញអ្នកវិនិយោគក្រៅប្រទេសដូចមុននោះទេ។

គេនៅចាំបានថា កាលពីអំឡពុងពេលមានភាពចលាចលក្នុងជួររដ្ឋាភិបាល ដែលដឹកនាំរយៈពេលខ្លីដោយនាយករដ្ឋមន្ត្រីលោកស្រី Liz Truss គេបានធ្វើការស្ទង់មតិទៅលើអាជីវកម្មចំនួន ២៣៥ ដែលលទ្ធផលបង្ហាញថា មានក្រុមហ៊ុន៥៣%គិតថា អស្ថិរភាពនយោបាយនៅចក្រភពអង់គ្លេសបានធ្វើឱ្យសក្ដានុពលអាជីវកម្មក្នុងប្រទេសមួយនេះធ្លាក់ចុះ។

បន្ថែមពីលើនេះ រដ្ឋមន្ត្រីហិរញ្ញវត្ថុអង់គ្លេស លោក ចេរ៉េមី ហាន់(Jeremy Hunt) បានបង្ហើបឱ្យដឹងថា រដ្ឋាភិបាលមានផែនការកាត់បន្ថយការផ្តល់ប្រាក់ឧបត្ថម្ភធនផ្នែកថាមពលសម្រាប់អាជីវកម្មនៅអង់គ្លេសថែមទៀត។

ឆ្លើយតបទៅនឹងផែនការនេះ តំណាងក្រុមហ៊ុន Make UK យល់ឃើញថា គម្រោងនេះទំនងជាអាចនាំឱ្យមានការកាត់បន្ថយការងារ និងការផលិត នៅតាមអាជីវកម្មទាំងនោះជាក់ជាមិនខាន។ បើតាមការស្ទង់មតិដដែល ក្រុមហ៊ុនអ្នកផលិតចំនួន២ភាគ៣ បាននិយាយថា ពួកគេនឹងកាត់បន្ថយចំនួនបុគ្គលិករបស់ខ្លួន ឬកាត់បន្ថយការផលិតតែម្ដង ដោយសារតែតម្លៃថាមពលខ្ពស់ពេក។

ដោយឡែក ការស្ទង់មតិដោយ S&P Global ដែលជាស្ថាប័នតាមដានយ៉ាងដិតដល់នៅអង់គ្លេសបង្ហាញថា កាលពីខែធ្នូឆ្នាំមុន ក្រុមហ៊ុនអ្នកផលិតនៅក្នុងចក្រភពអង់គ្លេសបានជួបការលំបាកខ្លាំង បើធៀបទៅនឹងដៃគូប្រកួតប្រជែងរបស់ខ្លួននៅប្រទេសចំនួន៧ផ្សេងទៀត។

នាយកប្រតិបត្តិនៃក្រុមហ៊ុន Make UK លោក Stephen Phipson បាននិយាយថា ឆ្នាំបន្ដបន្ទាប់ខាងមុខនឹងមានការប្រកួតប្រជែងកាន់តែខ្លាំង សម្រាប់ក្រុមហ៊ុនដែលជាអ្នកផលិត ដោយសារកត្តាបញ្ហាចម្រុះជាច្រើន។ លោកបន្ដទៀតថា ការរំខាននៃខ្សែចង្វាក់ផ្គត់ផ្គង់ រួមជាមួយនឹងតម្លៃប្រាក់ឈ្នួលបុគ្គលិក និងថ្លៃដឹកជញ្ជូនខ្ពស់ ស្របពេលដែលសេដ្ឋកិច្ច និងនយោបាយមិនសូវល្អប្រសើរផងនោះ បានជះផលជាអវិជ្ជមានបន្ថែមទៀតដល់ការធ្វើអាជីវកម្មក្នុងប្រទេសអង់គ្លេស។ ប្រសិនបើរដ្ឋាភិបាលមិនបានគិតគូរដិតដល់ពីការផ្គត់ផ្គង់ថាមពល ទៅឲ្យម្ចាស់អាជីវកម្មក្នុងស្រុកទេ នោះក្រុមហ៊ុននៅអង់គ្លេសនឹងជួបនូវហានិភ័យកាន់តែយ៉ាប់យ៉ឺន៕

អត្ថបទដោយ: សារៀម លក្ខិណា




អត្ថបទបន្ទាប់


រាជរដ្ឋាភិបាលចំណាយជាង ១០០លានដុល្លារ ពង្រីកកំណាត់ផ្លូវជាតិលេខ៧ ជំរុញការតភ្ជាប់វិស័យដឹកជញ្ជូន

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា នឹងចំណាយទឹកប្រាក់ជាង ១០០លានដុល្លារ សម្រាប់គម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ៧ ដែលជាផ្នែកមួយនៃផ្លូវអាស៊ានហាយវ៉េយលេខ១១ …

នាយករដ្ឋមន្ត្រីជប៉ុនលោក គីស៊ីដា ពាំនាំយកក្ដីកង្វល់សន្តិសុខអ្វីខ្លះទៅប្រាប់អឺរ៉ុប និងអាមេរិក?

ព័ត៌មាន
នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីហ្ស៊ីដា នៅថ្ងៃច័ន្ទទី៨មករា បានចាប់ផ្តើមបេសសម្ម ដំណើរទស្សនកិច្ចផ្លូវរដ្ឋពេញមួយសប្តាហ៍តែម្តងស្ទើរនៅជុំវិញព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ