Advertisement
សេដ្ឋកិច្ច​កម្ពុជា

វង្សី វិស្សុត៖ ការ​គំរាម​កំហែង​ពី​ខាង​ក្រៅ នឹង​ធ្វើ​ឲ្យ​កម្ពុជា​កាន់​តែ​រឹងមាំ​ដោយ​មិន​ដឹង​ខ្លួន


ក្រោយ​ពី​ការ​ចាកចេញ​ពី​ប្រទេស​ចំណូល​ទាប ក្លាយ​មក​ជា​ប្រទេស ដែល​មាន​ចំណូល​មធ្យម​កម្រិត​ទាប បាន​និង​កំពុង​ធ្វើ​ឲ្យ​កម្ពុជា​មាន​ការ​ប្រែប្រួល​ជា​ច្រើន​គួរ​ឲ្យ​កត់​សម្គាល់។ ក្នុងនោះ អ្វី​ដែល​ត្រូវ​បាន​កត់​សម្គាល់​ឃើញ​ច្បាស់​ជាង​គេ​នោះ គឺ​ការ​ទទួល​បាន​ជំនួយ​ឥត​សំណង​ពី​ក្រៅ​ប្រទេស​របស់​កម្ពុជា ចាប់​ផ្ដើម​មាន​ការ​ថយ​ចុះ​ជា​លំដាប់ ខណៈ​បំណុល​ជំពាក់​បរទេស​ដើម្បី​យក​មក​អភិវឌ្ឍ នៅ​រក្សា​បាន​ប្រមាណ​ជាង ៣០% នៃ GDP។
ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ។ រូបភាព៖ AKP
ដោយ
Advertisement

លើស​ពី​នេះ គឺ​ការ​ប្រកួត​ប្រជែង​ទីផ្សារ​ជាមួយ​នឹង​ប្រទេស​ជិត​ខាង និង​ឥទ្ធិពល​នៃ​ការ​ប្រែប្រួល​សេដ្ឋកិច្ច​ពិភព​លោក ក៏​ជា​កត្តា​គម្រាម​កំហែង​មក​លើ​សេដ្ឋកិច្ច​កម្ពុជា​ដែរ។ ទោះ​យ៉ាង​ណា​ក៏​ដោយ មន្ត្រី​ជាន់​ខ្ពស់​រាជ​រដ្ឋាភិបាល​មួយ​រូប បាន​អះអាង​ថា ការ​គំរាម​កំហែង​ពី​កត្តា​ខាង​ក្រៅ​មក​លើ​សេដ្ឋកិច្ច​កម្ពុជា នឹង​ធ្វើ​ឲ្យ​កម្ពុជា​កាន់​តែ​ឈរ​ជើង​បាន​រឹងមាំ​ដោយ​មិន​ដឹង​ខ្លួន។

ថ្លែង​នៅ​ក្នុង​វេទិកា​សាធារណៈ ស្ដីពី ថវិកា​ឆ្នាំ​២០១៨ កន្លង​ទៅ ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​អះអាង​ថា កម្ពុជា​នៅ​តែ​អាច​រស់​បាន និង​អាច​បន្ត​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន​បាន​យ៉ាង​ល្អ បើ​ទោះ​បី​ជា​មាន​ការ​គំរាម​កំហែង​ពី​កត្តា​ខាង​ក្រៅ​ខ្លះៗ​ក៏​ដោយ ហើយ​ឯកឧត្តម​បាន​ចាត់​ទុក​ថា ការ​គំរាម​កំហែង​ទាំង​នេះ គឺ​ជា​ឱកាស​និង​ជា​កម្លាំង​មួយ ដែល​នឹង​ធ្វើ​ឲ្យ​កម្ពុជា​អាច​ឈរ​ជើង​បាន​កាន់​តែ​រឹងមាំ​ឡើងៗ។ 

បើ​តាម​របាយការណ៍​ពី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​បង្ហាញ​ថា ទឹក​ប្រាក់​ជំនួយ​ឥត​សំណង ឬ​អំណោយ​ផ្សេងៗ​ដែល​រាជ​រដ្ឋាភិបាល​កម្ពុជា​ទទួល​បាន ត្រូវ​បាន​ថយ​ចុះ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ខណៈ​ដែល​ការ​ខ្ចី​បំណុល​ពី​បរទេស​នៅ​មាន​ប្រមាណ ៧​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៧។ យ៉ាង​ណា​ក៏​ដោយ បច្ចុប្បន្ន បំណុល​របស់​កម្ពុជា​ជំពាក់​បរទេស​នេះ នៅ​មាន​តិច​ជាង​ប្រទេស​ជិត​ខាង​នៅ​ឡើយ​ទេ ហើយ​បើ​តាម​សមត្ថភាព​ជាក់​ស្ដែង កម្ពុជា​អាច​ខ្ចី​បរទេស​បាន​ច្រើន​ជាង​នេះ​ទៅ​ទៀត ឬ​អាច​ខ្ចី​លើស​ពី ៤០%​ឯណោះ ខណៈ​ដែល​ប្រទេស​ជិត​ខាង​ខ្លះ​មាន​បំណុល​បរទេស​រហូត​ដល់​ជាង ៦០% និង​ខ្លះ​ទៀត មាន​ជាង ១០០% ក៏​មាន​ដែរ។

ឯកឧត្តម វង្សី វិស្សុត បាន​លើក​ឡើង​ថា ការ​ផ្លាស់​ប្តូរ​ពី​ការ​ថយចុះ​នៃ​ការ​ទទួល​បាន​ជំនួយ និង​ងាក​មក​ធ្វើការ​ខ្ចី​បំណុល​ពី​ក្រៅ​ប្រទេស​វិញ​នេះ បាន​ឆ្លុះ​បង្ហាញ​ឲ្យ​ឃើញ​ពី​ចំណុច​ខ្លាំង​របស់​កម្ពុជា ក្នុង​ការ​ឈរ​ជើង​រស់​ដោយ​ខ្លួន​ឯង ហើយ​បំណុល​ភាគច្រើន​នឹង​ត្រូវ​ធ្វើ​ឡើង​តាម​បែប​គោលការណ៍​ពាណិជ្ជកម្ម​ទីផ្សារ ដែល​ឆ្លុះ​បញ្ចាំង​ពី​សមត្ថភាព​សង​ត្រឡប់​របស់​កម្ពុជា។ ឯកឧត្តម​បាន​គូស​បញ្ជាក់​ទៀត​ថា កត្តា​ប្រឈម​ទាំង​ឡាយ​នេះ គឺ​ជា​ឱកាស​សម្រាប់​កសាង​ភាព​រឹងមាំ​របស់​កម្ពុជា។

ឯកឧត្តម វង្សី វិស្សុត បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា “ប្រវត្តិសាស្ត្រ​រាប់​ពាន់​ឆ្នាំ​បាន​ឆ្លុះ​បញ្ចាំង​ហើយ​ថា កម្ពុជា​ធ្លាប់​បាត់បង់​ទឹក​ដី​មែន តែ​កម្ពុជា​មិន​បាន​ស្លាប់​នោះ​ទេ ហើយ​បច្ចុប្បន្ន​ក៏​មិន​ស្លាប់​ដែរ! ហើយ​យើង​ក៏​ត្រៀម​ខ្លួន​ហើយ​ដែរ ក្នុង​ការ​ដោះស្រាយ​គ្រប់​បញ្ហា ដែល​វា​គឺ​ជា​យន្ដការ​មួយ ដែល​អាច​ជួយ​ឲ្យ​សេដ្ឋកិច្ច​យើង​កាន់តែ​ខ្លាំង​ទៅ​ថ្ងៃ​ក្រោយ​ទៀត។ ចំពោះ​ជំនួយ ខ្ញុំ​យល់​ថា​ ដូចជា មិនសូវ​មាន​ប្រសិទ្ធភាព​នោះ​ទេ សម្រាប់​ស្រុក​យើង! គេ​ចង់​កាត់​ក៏​កាត់​ទៅ!”។ 

ទាក់ទង​នឹង​បំណុល ៧​ពាន់​លាន​ដុល្លារ​ដែល​ជំពាក់​បរទេស​នេះ ឯកឧត្តម វង្សី វិស្សុត បាន​គូស​បញ្ជាក់​ថា រាជ​រដ្ឋាភិបាល​កម្ពុជា​នឹង​មិន​ទាន់​មាន​គម្រោង​ខ្ចី​បន្ថែម​នោះ​ទេ ពោល​គឺ​ចង់​រក្សា​កម្រិត​បំណុល​នៅ​ចំនួន​នេះ​ដដែល ហើយ​ជា​រៀងរាល់​ឆ្នាំ រាជ​រដ្ឋាភិបាល​ក៏​បាន​សង​ត្រឡប់​ទៅ​វិញ​ខ្លះៗ​ហើយ​ដែរ។  

ក្រៅពី​រឿង​ការ​ថមថយ​នៃ​ជំនួយ​ឥត​សំណង និង​បញ្ហា​បំណុល​ជំពាក់​បរទេស​នេះ បច្ចុប្បន្ន កម្ពុជា​ក៏​កំពុងតែ​ប្រឈម​នឹង​ការ​ប្រកួត​ប្រជែង​ថ្មី​មួយ​ទៀត ជាមួយ​នឹង​ប្រទេស​ជិត​ខាង គឺ​ប្រទេស​វៀតណាម ខណៈ​ដែល​ប្រទេស​ក្បែរ​ខាង​កម្ពុជា​មួយ​នេះ ត្រៀម​នឹង​ចុះ​ហត្ថលេខា​ជាមួយ​នឹង​សហភាព​អឺរ៉ុប​លើ​ការ​ទទួល​បាន​សិទ្ធិ​អនុគ្រោះ​ពន្ធ​នាំចូល​ទៅ​អឺរ៉ុប FTA នៅ​ឆ្នាំ​នេះ ដូច​នឹង​កម្ពុជា​ទទួល​បាន​ដែរ។ 

អ្នក​ជំនាញ​សេដ្ឋកិច្ច​បាន​មើល​ឃើញ​ថា ប្រសិន​បើ​វៀតណាម​ទទួល​ការ​អនុគ្រោះ​ពន្ធ​នាំ​ចេញ​ទៅ​អឺរ៉ុប​មែន​នោះ កម្ពុជា​អាច​នឹង​ត្រូវ​ប្រឈម​មុខ​ខ្លាំង​ក្នុង​ការ​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​វៀតណាម ពិសេស​លើ​ការ​នាំចេញ​អង្ករ និង​សម្លៀក​បំពាក់ ខណៈ​ដែល​ផលិតផល​ទាំង​នេះ​ភាគ​ច្រើន ត្រូវ​បាន​កម្ពុជា​នាំចេញ​ទៅ​អឺរ៉ុប​ច្រើន​ជាង​គេ។

ទោះ​យ៉ាង​ណា ឯកឧត្តម វង្សី វិស្សុត បាន​លើក​ឡើង​ថា បញ្ហា​នេះ​គឺ​មាន​ទាំង​ចំណុច​វិជ្ជមាន និង​ចំណុច​អវិជ្ជមាន សម្រាប់​ភាព​ប្រកួត​ប្រជែង​ទីផ្សារ​របស់​កម្ពុជា។ តួយ៉ាង កម្ពុជា​អាច​នឹង​ទទួល​រង​នូវ​សម្ពាធ​ខ្លះ ប្រសិន​បើ​វៀតណាម​ទទួល​បាន​កិច្ច​ព្រមព្រៀង​នេះ ប៉ុន្ដែ សម្ពាធ​នេះ​ក៏​មិន​​កើត​ឡើងគំហុកភ្លាមៗ​នោះ​ដែរ ពោល​គឺ​វា​អាច​កើត​ជា​បន្តិច​ម្ដងៗ ដែល​អាច​ផ្ដល់​ឱកាស​ឲ្យ​កម្ពុជា​អាច​ត្រៀម​ខ្លួន​សម្រាប់​ការ​ប្រកួត​ប្រជែង​នេះ។ 

ហើយ​​បើ​គិត​ជា​វិជ្ជមាន​វិញ កម្ពុជា​ក៏​អាច​ពង្រីក​ការ​នាំចេញ​ទំនិញ​សំខាន់ៗ​ដូចជា​ ស្រូវនិង​កសិផល​ដទៃ​ទៀត ឬ​ទិញ​ចូល​មក​វិញ​នូវ​វត្ថុធាតុ​ដើម​មួយ​ចំនួន​ពី​វៀតណាម ជាជាង​ការ​ទិញ​ពី​ប្រទេស​ឆ្ងាយៗ ដែល​មាន​តម្លៃ​ខ្ពស់​ផងដែរ ព្រោះ​ដ្បិត​ថា វៀតណាម​មាន​សក្ដានុពល​ក្នុង​ការ​ផលិត​មែន ប៉ុន្ដែ សក្ដានុពល​នោះ​ក៏​មាន​កម្រិត​ដែរ ដូច្នេះ​ចង់ ឬ​មិន​ចង់ វៀតណាម​នឹង​ត្រូវ​ការ​បញ្ជា​ទិញ​ទំនិញ​សំខាន់ៗ​មួយ​ចំនួន​ពី​កម្ពុជា ពិសេស គឺ​ស្រូវ​អង្ករ​និង​ប្រភេទ​កសិផល​ផ្សេង​ទៀត ដើម្បី​បំពេញ​តម្រូវការ​ទីផ្សារ​នាំ​ចេញ​របស់​ពួកគេ។ 

ជា​ការ​ពិត​ណាស់ កសិផល​សំខាន់ៗ​មួយ​ចំនួន​របស់​កម្ពុជា ដូចជា ស្រូវ កៅស៊ូ និង​គ្រាប់​ស្វាយ​ចន្ទី ជាដើម តែង​ពឹង​ផ្អែក​ទីផ្សារ​ពី​ការ​បញ្ជា​ទិញ​ពី​វៀតណាម។ តួយ៉ាង ថ្មីៗ​នេះ វៀតណាម​ក៏​ទើប​ផ្ដល់​ជំនួយ​ដល់​កម្ពុជា​លើ​ការ​ដាំ​ស្វាយ​ចន្ទី ដើម្បី​នាំ​ចេញ​ទៅ​វៀតណាម ផងដែរ។

ទោះ​យ៉ាង​ណា ឯកឧត្តម វង្សី វិស្សុត បាន​គូស​បញ្ជាក់​ថា អ្វី​ដែល​សំខាន់​ជាង​នេះ គឺ​កម្ពុជា​ត្រូវ​ត្រៀម​ខ្លួន​ឲ្យ​បាន​រួចរាល់ ពោល​គឺ ទោះ​បី​វៀតណាម​ទទួល​បាន​សិទ្ធិ​អនុគ្រោះ​ពន្ធ​នាំចេញ​ទៅ​អឺរ៉ុប ឬ​មិន​បាន​ក៏​ដោយ ក៏​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទាំង​នេះ នឹង​ត្រូវ​តែ​បាត់​បង់​ទៅ​វិញ នៅ​ថ្ងៃ​ណា​មួយ​ដដែល​ទេ ព្រោះ​កម្ពុជា​មិន​អាច​រស់ដោយ​ពឹង​លើ​ការ​អនុគ្រោះ​ពន្ធ​ទាំង​អស់​នេះ​បាន​រហូត​នោះ​ទេ។ យើង​ត្រូវ​តែ​មាន​ជំហរ​និង​រស់​ទៅ​តាម​គោលការណ៍​ទីផ្សារ តួយ៉ាង ការ​ខ្ចី​បំណុល​ពី​បរទេស​ក៏​យើង​ធ្វើ​ឡើង​តាម​គោលការណ៍​ទីផ្សារ ការ​ធ្វើ​ពាណិជ្ជកម្ម ក៏​ត្រូវ​ធ្វើ​ឡើង​តាម​គោលការណ៍​ទីផ្សារ​ដែរ ពោល​គឺ ទោះបី​ជា​គេ​ឈប់​ជួយ ក៏​យើង​នៅ​តែ​រស់​បាន​ដដែល និង​រស់​ដោយ​ភាព​រីក​ចម្រើន។

សូម​ជម្រាប​ដែរ​ថា នៅ​ឆ្នាំ​២០១៧ កន្លង​ទៅ កំណើន​សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា មាន ៦,៩% និង​ឆ្នាំ​២០១៨ រំពឹង​ថា នៅតែ​រក្សា​បាន​នូវ​កំណើន​ដដែល​ដូច​គ្នា​នេះ ដោយសារ​តែ​មាន​កំណើន​លូតលាស់​ល្អ​នៃ​វិស័យ​កសិកម្ម ឧស្សាហកម្ម និង​សេវាកម្ម​ជាដើម។ ដោយឡែក បើ​តាម​ការ​គូស​បញ្ជាក់​ពី​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​ឲ្យ​ដឹង​ថា រាជ​រដ្ឋាភិបាល នឹង​ខិតខំ​ជំរុញ​​ធ្វើ​យ៉ាង​ណាឲ្យ​កម្ពុជា​ក្លាយ​ជា​ប្រទេស​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ឲ្យ​បាន នៅ​ត្រឹម​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០ ខាង​មុខ៕

© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មហាសេដ្ឋី ពុង ឃាវសែ គ្រោងបើកតំបន់អាហារបែបចម្រុះជាតិសាសន៍ធំជាងគេនៅភ្នំពេញ

ព័ត៌មាន
ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) របស់មហាសេដ្ឋីដ៏មានឥទ្ធិពល ពុង ឃាវសែ គ្រោងវិនិយោគតំបន់អាហារធំជាងគេមួយ ដែលមានឈ្មោះថា The ...

អ្នកជំនួញពីររូបនេះបង្ហើបគន្លឹះចាប់ផ្តើមអាជីវកម្មកុំឲ្យដួលបះ​ជើង

ព័ត៌មាន
អ្នកបង្កើតអាជីវកម្មថ្មីថ្មោង (Startup) តែងតែប្រឈមនឹងការខាតឡុងចុង រហូតសហគ្រិនមួយចំនួន បានសម្រេចចិត្តបិទទ្វារអាជីវកម្ម ដែលធ្វើឲ្យពួកគេបាក...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ