អ្នកឧកញ៉ា គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានកត់សម្គាល់ឃើញថា លទ្ធផលនៃការប្រឡងបាក់ឌុបឆ្នាំនេះហាក់មានអត្រាប្រឡងជាប់ខ្ពស់គួរឱ្យកត់សម្គាល់។ ដោយឡែកសម្រាប់សិស្សានុសិស្សដែលមិនទទួលបានលទ្ធផលល្អដូចការរំពឹងទុក អ្នកឧកញ៉ា លើកទឹកចិត្តឱ្យពួកគេបន្តការសិក្សាថ្នាក់បរិញ្ញាបត្ររង ឬចាប់យកវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈរបស់ក្រសួងការងារ ហើយសិស្ស ក៏នៅតែមានឱកាសដាក់ពាក្យប្រឡងស្វ័យរិន្ទឡើងវិញនៅឆ្នាំបន្ទាប់ផងដែរ។
សម្រាប់អ្នកជំនាញរូបនេះ ការជ្រើសរើសមុខជំនាញដែលត្រូវនឹងតម្រូវការទីផ្សារជាក់ស្តែង គឺជាសោរគ្រឹះដ៏សំខាន់បំផុត ដើម្បីធានាថា នៅពេលបញ្ចប់ការសិក្សាយុវជនមានឱកាសការងារធ្វើភ្លាមៗ ខណៈមុខជំនាញដែលកំពុងមានតម្រូវការខ្ពស់ភាគច្រើនចេញមកពីសាលាបច្ចេកទេស និងវិជ្ជាជីវៈ ជាពិសេសជំនាញ AI កំពុងជ្រៀតជ្រែកយ៉ាងជ្រៅក្នុងគ្រប់វិស័យ ដែលតម្រូវឱ្យយុវជនត្រូវតែមានចំណេះដឹងគ្រឹះយ៉ាងហោចណាស់ជាមូលដ្ឋាន។
ជាមួយគ្នានេះឧកញ៉ា ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បានជំរុញ និងផ្តល់ទស្សនទានដល់សិស្ស ដែលមិនទទួលបានលទ្ធផលល្អថា គួរតែជ្រើសរើសការសិក្សាបន្តលើជំនាញជាក់ស្តែង ជាជាងការចំណាយពេលមួយឆ្នាំពេញត្រឡប់ទៅរៀនថ្នាក់ទី១២ឡើងវិញ ដែលអាចធ្វើឱ្យខាតបង់ពេលវេលាក្នុងការអភិវឌ្ឍសមត្ថភាព និងការប្រឡូកក្នុងទីផ្សារការងារឱ្យបានឆាប់រហ័ស។
ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា ការចាប់យកមុខជំនាញ ដែលត្រូវនឹងតម្រូវការទីផ្សារ គឺជាកត្តាស្នូល ដែលមិនអាចរំលងបានក្នុងនោះរួមមានផ្នែកបច្ចេកវិទ្យាឌីជីថល, ពាណិជ្ជកម្មឆ្លងដែន, កសិ-ឧស្សាហកម្ម, ស្ថាបត្យកម្ម, អគ្គិសនី និងសំណង់ ព្រមទាំងវិស័យហិរញ្ញវត្ថុជាដើម។
ដោយឡែកលោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងជាអ្នកតាមដានព្រឹត្តិការណ៍សង្គម បានលើកទឹកចិត្តដល់បេក្ខជនទាំងអស់ថា បើទោះបីជាលទ្ធផលមិនសមប្រកប ក៏មិនត្រូវបញ្ចប់ការសិក្សាត្រឹមកម្រិតនេះដែរ។ ពួកគេអាចបន្តចាប់យកជំនាញភាសាបរទេស, វិទ្យាសាស្ត្រកុំព្យូទ័រ, ជំនាញមេកានិច ឬចូលរៀនកម្មវិធីសិក្សាជំនាញវិជ្ជាជីវៈរបស់ក្រសួងការងារ។ ហើយក្នុងករណីដែលពួកគេនៅតែប្រាថ្នាចង់បានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ពួកគេអាចក្រេបជញ្ជក់ចំណេះដឹងបន្ថែម ដើម្បីត្រៀមខ្លួនប្រឡងនៅឆ្នាំក្រោយបាន។
បើតាមអ្នកជំនាញរូបនេះ បច្ចេកវិទ្យាឌីជីថល និង AI កំពុងមានតម្រូវការទីផ្សារខ្ពស់បំផុត ដែលតម្រូវឱ្យយុវជនខិតខំរៀនសូត្រ និងស្វែងយល់ ព្រោះនាពេលអនាគត ស្ទើរតែគ្រប់ផ្នែកទាំងអស់សុទ្ធតែត្រូវការបច្ចេកវិទ្យា AI មកជួយសម្រួល និងបង្កើនប្រសិទ្ធភាពការងារ។
យោងតាមក្រសួងអប់រំយុវជន និងកីឡា លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ១០ សីហា ២០២៦ មានបេក្ខជនប្រឡងជាប់សរុបចំនួន១២៥,៩៧៥នាក់ ស្មើនឹងជាង៨៤% ក្នុងនោះសិស្សនិទ្ទេស A មានចំនួន២,០២២នាក់, និទ្ទេស B ៨,៨៤៨នាក់ និទ្ទេស C ចំនួន២៣,៤២២នាក់ និទ្ទេស D ចំនួន៤៤,៨៦៩នាក់ និងនិទ្ទេស E ចំនួន៤៦,៨១៤នាក់។ ជាមួយគ្នានេះ ក្រុមអ្នកជំនាញជឿជាក់ថា ការប្រឡងជាប់ ឬធ្លាក់មិនបានកំណត់ជោគវាសនាសិស្សនៅកម្រិតនេះឡើយ ដោយសិស្សិមិនត្រូវបោះបង់ចោលការសិក្សាដោយសារមិនទទួលបានលទ្ធផលមិនល្អនោះឡើយ៕
អត្ថបទ៖ ជា ម៉ារ៉ា