លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ បានទទួលស្គាល់ថា ចន្តរសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា ពិតជាបានប្រើប្រាស់ប្រាក់ដុល្លារអាម៉េរិកក្នុងកម្រិតខ្ពស់មែន។ តែយ៉ាងណាធនាគារជាតិនៃកម្ពុជា ក៏បានខិតខំប្រឹងប្រែងយ៉ាងសកម្ម ដើម្បីជំរុញការប្រើប្រាស់ប្រាក់រៀល ដើម្បីបង្កើនភាពរឹងមាំ នៃសេដ្ឋកិច្ចដោយពឹងផ្អែកលើរូបិយប័ណ្ណក្នុងស្រុក។
សម្រាប់អ្នកជំនាញរូបនេះ ដើម្បីពង្រឹងរូបិយប័ណ្ណជាតិ និងស្ថិរភាពសេដ្ឋកិច្ចឱ្យកាន់តែរឹងមាំ កម្ពុជា គួរបង្កើតនូវឧបករណ៍វិនិយោគជាប្រាក់ដុល្លារក្នុងស្រុកបន្ថែម ពង្រីកវិសាលភាពប្រព័ន្ធបាគង ដើម្បីកាត់បន្ថយការប្រើប្រាស់ក្រដាសប្រាក់ផ្ទាល់ និងពង្រឹងការប្រើប្រាស់ឧបករណ៍នយោបាយរូបិយវត្ថុឱ្យមានភាពបត់បែនខ្ពស់ ដើម្បីធានាថា ធនាគារពាណិជ្ជមានសាច់ប្រាក់រៀល និងដុល្លារគ្រប់គ្រាន់ក្នុងការទ្រទ្រង់អាជីវកម្ម។
ជាមួយគ្នានេះ លោកបណ្ឌិត ឌុច ដារិន្ទ អ្នកជំនាញសេដ្ឋកិច្ច យល់ឃើញថា ដើម្បីកាត់បន្ថយសម្ពាធសេដ្ឋកិច្ចពីការពឹងផ្អែកលើការប្រើប្រាស់ប្រាក់ដុល្លារអាម៉េរិកច្រើន ភាគីពាក់ព័ន្ធគួរបន្តរក្សាស្ថិរភាពអត្រាប្តូរប្រាក់ប្រមាណ១ដុល្លារអាម៉េរិក ក្នុងរង្វង់៤,០០០រៀល ព្រមទាំងទប់ស្កាត់ការកើនឡើង នៃអត្រាអតិផរណា និងពង្រឹងទំនុកចិត្តលើប្រព័ន្ធហិរញ្ញវត្ថុនៅកម្ពុជា។ បន្ថែមលើនេះគ្រឹះស្ថានធនាគារចាំបាច់ត្រូវពង្រឹងសមត្ថភាពលើការគ្រប់គ្រងសាច់ប្រាក់ និងហានិភ័យរូបិយប័ណ្ណឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា ចំណុចស្នូលដ៏សំខាន់នោះ គឺអ្នកផលិតក្នុងស្រុកគួរតែបន្តបង្កើនផលិតកម្ម និងសមត្ថភាពប្រកួតប្រជែង ព្រមទាំងជំរុញការនាំចេញ ដើម្បីរក្សាលំហូររូបិយប័ណ្ណបរទេសឱ្យមានស្ថិរភាពសំដៅធ្វើឱ្យប្រព័ន្ធសេដ្ឋកិច្ចកម្ពុជាមានភាពធន់ និងអាចទប់ស្កាត់នឹងហានិភ័យពីខាងក្រៅយ៉ាងមានប្រសិទ្ធភាព។
ពាក់ព័ន្ធបញ្ហានេះដែរ លោកស្រី ម៉ា អមរា អនុប្រធាននាយកប្រតិបត្តិ នៃធនាគារអេស៊ីលីដា បានចាត់ទុកការព្រមានរបស់ AMRO គឺជាការរំលឹកដ៏សំខាន់មួយថា កម្រិតដុល្លារូបនីយកម្មខ្ពស់នៅកម្ពុជា តម្រូវឱ្យមានការគ្រប់គ្រងសាច់ប្រាក់ដោយប្រុងប្រយ័ត្ន និងបុរេសកម្ម។ តែយ៉ាងណាចំពោះការផ្លាស់ប្តូរទ្រព្យសកម្មជាប្រាក់ដុល្លារអាម៉េរិក ទៅបរទេស មិនប្រាកដថា ចង្អុលបង្ហាញពីការកង្វះខាតសាច់ប្រាក់នោះទេ។
បើតាមថ្នាក់ដឹកនាំជាន់ខ្ពស់រូបនេះ រចនាសម្ព័ន្ធប្រភពទុន និងសាច់ប្រាក់របស់ធនាគារអេស៊ីលីដា ត្រូវបានធ្វើពិធិកម្មយ៉ាងល្អ ដោយសារមួយផ្នែកធំ នៃអាជីវកម្មត្រូវបានប្រតិបត្តិការជាប្រាក់រៀលរួចជាស្រេច ខណៈធនាគារ ក៏ទទួលបានប្រភពទុនភាគច្រើនពីប្រាក់បញ្ញើអតិថិជនក្នុងស្រុកយ៉ាងទូលំទូលាយ និងមានស្ថិរភាព ដោយបន្តរក្សានូវស្ថានភាពសាច់ប្រាក់យ៉ាងរឹងមាំ។
លោកស្រី ម៉ា អមរា បានបន្ថែមថា ធនាគារអេស៊ីលីដា តែងតែគាំទ្រយ៉ាងសកម្មដល់ការប្រើប្រាស់ប្រាក់រៀលឱ្យកាន់តែទូលំទូលាយ ខណៈជាអាទិភាពក្នុងរយៈពេលវែងកម្ពុជាត្រូវធ្វើឱ្យប្រាក់រៀលកាន់តែមានភាពទាក់ទាញ និងងាយស្រួលសម្រាប់ការទូទាត់ ការសន្សំ ការផ្តល់ឥណទាន ប្រាក់បៀវត្សរ៍ និងប្រតិបត្តិការអាជីវកម្ម ព្រមទាំងបន្តអភិវឌ្ឍឧបករណ៍ហិរញ្ញវត្ថុ និងទីផ្សារដើមទុនជាប្រាក់រៀលឱ្យកាន់តែរីកចម្រើន។
គួរជម្រាបថា តាមការវិភាគថ្មីមួយរបស់ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ ហៅកាត់ថា AMRO បានព្រមានកម្ពុជា ថា សាច់ប្រាក់ដុល្លារដែលធនាគាររក្សាទុកក្នុងប្រទេសកំពុងថយចុះ ខណៈទ្រព្យសកម្មជាប្រាក់ដុល្លារ ត្រូវបានបញ្ជូនទៅក្រៅប្រទេសកាន់តែច្រើន។ ទន្ទឹមនេះ AMRO ក៏បានព្រមានផងដែរចំពោះហានិភ័យ នៃឥណទានមិនដំណើរការ ដែលអាចធ្វើឱ្យប្រាក់ចំណូលរបស់ធនាគារថយចុះ និងបង្កសម្ពាធលើសាច់ប្រាក់ងាយស្រួល៕