ប្រទេសថៃ

គណបក្សភឿថៃនិងគណបក្សភូមិចៃថៃ ប្រកាសពីវឌ្ឍនភាពក្នុងការបង្កើតរដ្ឋាភិបាលចម្រុះថ្មីមួយ


គណបក្សភឿថៃដែលមាន១៤១អសនៈ និងគណបក្សភូមិចៃថៃដែលមាន៧១ អសនៈនៅក្នុងសភាកាលពីល្ងាចថ្ងៃចន្ទកន្លងទៅ បានប្រកាសពីវឌ្ឍនភាពក្នុងការបង្កើតរដ្ឋាភិបាលចម្រុះថ្មីមួយ ក្រោយពេលដែលគណបក្សឆ្ពោះទៅមុខដែលជាគណបក្សឈ្នះឆ្នោតបានបរាជ័យមិនអាចរកសម្លេងគ្រប់គ្រាន់នៅក្នុងការដឹកនាំប្រទេសក្រោយការបោះឆ្នោតកាលពីខែឧសភា ។
គណបក្សទី២និងទី៣នៅសភាថៃចាប់ដៃបង្កើតរដ្ឋាភិបាលចម្រុះ

លោក ជូឡាណាន់ ស្រ៊ីកែវ មេដឹកនាំគណបក្សភឿថៃ និង លោក អានុទិន ចាន់វីរៈគល់ រដ្ឋមន្ត្រីក្រសួងសុខភាពសាធារណៈដែលផុតអាណត្តិ និងជាមេដឹកនាំគណបក្សភូមិចៃថៃ បានអះអាងអំពីវឌ្ឈនៈភាពនេះនៅទីស្នាក់ការគណបក្សភឿថៃ ក្រោយពួកគេបានជូបប្រជុំគ្នា រួចមក ។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានថៃធំៗ ។
លោក អានុទិន បានអះអាងនៅក្នុងសន្និសីទកាសែតក្រោយជំនួបនោះថា គណបក្សរបស់លោក បានយល់ព្រមក្នុងការចាប់ដៃគ្នាបង្កើតរដ្ឋាភិបាលជាមួយ ភឿថៃ ដោយឈរលើគោលការណ៍បីគឺ: ទី១មិនជ្រៀតជ្រែកជាមួយមាត្រា ១១២ ពាក់ព័ន្ធនឹងច្បាប់ប្រមាថព្រះមហាក្សត្រ; ទីពីរ រដ្ឋាភិបាលថ្មីនឹងមិនមែនជារដ្ឋាភិបាលភាគតិចដែលដឹកនាំដោយភឿថៃ; ហើយទីបី គឺគណបក្សឆ្ពោះទៅមុខមិនមែនជាផ្នែកមួយនៃរដ្ឋាភិបាលនោះ។

តាមស្មារតីនៃជំនួបនោះ គណបក្សទាំងពីរនៅពេលនេះ គឺបានប្រមូលសម្លេងគាំទ្រនៅក្នុងសភា បាន២១២ សម្លេង ហើយដើម្បីបានទទួលសម្លេងគ្រប់គ្រាន់ដើម្បីបង្កើតក្បាលម៉ាស៊ីន ដឹកនាំថៃ គណបក្សភូមិចៃថៃ នឹងសម្រេចចិត្តនឹងធ្វើឡើងតាមឆន្ទានុសិទ្ធិរបស់ភឿថៃ ដោយឈរលើគោលការណ៍ទាំងបីខាងលើ ។
ដោយឡែក លោក ជូឡាណាន់ បានថ្លែងអំណរគុណចំពោះការសម្រេចចិត្តរបស់គណបក្ស ភូមិចៃថៃ ដែលបានទទួលយកការអញ្ជើញចូលរួមបង្កើតរដ្ឋាភិបាល និងសហការដោះស្រាយបញ្ហានានា ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋ។
តាមសេចក្តីថ្លែងការណ៍រួមរបស់គណបក្សទាំងពីរបានអះអាងថា ពួកគេនឹងបង្កើតរដ្ឋាភិបាលចម្រុះមួយ ដោយមានការគាំទ្រពីគណបក្សផ្សេងៗ ដែលបច្ចុប្បន្នមានចំនួនជាងពាក់កណ្តាលនៃសម្លេងឆ្នោត ប៉ុន្តែ ទោះជាយ៉ាងណា ពួកគេមានបំណងស្វែងរកការគាំទ្រពីគ្រប់ភាគីក្នុងសភា។
លោក ជូឡាណាន់ បាននិយាយថា ការពន្យារពេលក្នុងការបង្កើតរដ្ឋាភិបាលនឹងបង្កឱ្យមានគ្រោះថ្នាក់បន្ថែមទៀត ហើយនៅពេលដែលរដ្ឋាភិបាលកាន់តែឆាប់ត្រូវបានបង្កើតឡើង នោះរដ្ឋាភិបាលក៏ អាចនឹងដោះស្រាយបញ្ហាកាន់តែលឿន។
សភាថៃនៅពេលនេះមានសមាជិក៥០០ អសនៈ មកពី ១៨ គណបក្ស ប៉ុន្តែដើម្បីបង្កើតរដ្ឋាភិបាលបាន គឺពួកគេត្រូវការការគាំទ្រយ៉ាងហោយណាស់ គឺ ៣៧៦ អសនៈ ដោយរួមទាំងសមាជិកព្រឹទ្ធសភា ដែលតែងតាំងដោយយោធា២៥០ អសនៈ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ទីផ្សារខុនដូនៅវៀតណាមនឹងបន្តស្ថិតនៅក្នុងស្ថានភាពអាប់អួរដ៏ខ្មៅងងឹករហូតដល់ទៅជិត២ឆ្នាំទៀត

ព័ត៌មាន
ទីផ្សារខុនដូនៅវៀតណាមនឹងបន្តស្ថិតនៅក្នុងស្ថានភាពអាប់អួរដ៏ខ្មៅងងឹករហូតដល់ទៅជិត២ឆ្នាំទៀត!! ទីផ្សារខុនដូនៅប្រទេសវៀតណាមនឹងនៅតែបន្តស្ថិតក្នុងស្…

មានសញ្ញាជាច្រើនបង្ហាញពីការកើនឡើងនៃភាពក្ស័យធនសម្រាប់អាជីវកម្មខ្នាតតូចមួយចំនួននៅប្រទេសជប៉ុន

ព័ត៌មាន
សហព័ន្ធសាជីវកម្មធានាឥណទានរបស់ជប៉ុន និយាយថាបន្ទាប់ពីត្រូវបានគាំទ្រដោយការផ្តល់ហិរញ្ញវត្ថុនៅអំឡុងសម័យកូវីដ១៩ក្នុងអត្រាការប្រាក់ទាបនោះ ឥឡូវ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ