ការគូសបញ្ជាក់នេះធ្វើឡើងបន្ទាប់ពីលេចធ្លាយព័ត៌មានថា ឯកអគ្គរាជទូតថៃ បានព្យាយាមរត់ពឹងពាក់ឯកអគ្គរដ្ឋទូតនៃប្រទេសទីបី ឱ្យជួយតាមបញ្ចុះបញ្ចូលកម្ពុជា កុំឱ្យលើកឡើងពីបញ្ហាជម្លោះព្រំដែននៅក្នុងវេទិកា ហ្វ្រង់កូហ្វូនី នៅចំពោះមុខសហគមន៍អន្តរជាតិ ព្រោះបារម្ភថា នឹងត្រូវរងសម្ពាធការទូតយ៉ាងធ្ងន់ធ្ងរ។
លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានកត់សម្គាល់ថា កម្ពុជា នៅតែប្រកាន់ខ្ចាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធីដោយផ្អែកលើយន្តការការទូត និងច្បាប់អន្តរជាតិ។ បើតាមអ្នកជំនាញរូបនេះ ការប្រើប្រាស់វេទិកាតំបន់ និងអន្តរជាតិ ដើម្បីបកអាក្រាតសកម្មភាពឈ្លានពានរបស់ថៃ មកលើកម្ពុជា គឺជាឱកាសដ៏សំខាន់ដែលកម្ពុជា ចាំបាច់ត្រូវតែធ្វើ ដើម្បីបង្ហាញការពិតដល់សហគមន៍អន្តរជាតិ។ សម្រាប់លោកបណ្ឌិត គិន ភា ការបង្ហាញការពិតដល់សហគមន៍អន្តរជាតិនឹងធ្វើឱ្យប្រទេសថៃ រងភាពអាម៉ាស់ ហើយតិច ឬច្រើនវាអាចក្លាយជាសម្ពាធមួយសម្រាប់ប្រទេសថៃ នៅលើឆាកអន្តរជាតិ ផងដែរ។
ស្រដៀងគ្នានេះ លោកបណ្ឌិត ជ័យ តិច អ្នកសិក្សាស្រាវជ្រាវផ្នែកសេដ្ឋកិច្ចសង្គម យល់ឃើញថា ថ្នាក់ដឹកនាំកម្ពុជា មានជំហរច្បាស់លាស់ជានិច្ចក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ តាមយន្តការអន្តរជាតិ។ ជាក់ស្តែងថ្នាក់ដឹកនាំកម្ពុជា តែងតែបកអាក្រាតពីសកម្មភាពឈ្លានពានរបស់ថៃ នៅក្នុងវេទិកាអន្តរជាតិនានាជាបន្តបន្ទាប់។ លោកបណ្ឌិតបានបន្ថែមថា ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី នាខែវិច្ឆិកា ខាងមុខនេះ គឺជាឱកាសមាសរបស់កម្ពុជា ក្នុងការបង្ហាញសក្ខីកម្មរឹងមាំពីការឈ្លានពានរបស់ថៃ ដើម្បីរៀបចំយន្តការ ឬដាក់បញ្ចូលនូវវិធានការឆ្លើយតបនានា។
លោកបណ្ឌិត ជ័យ តិច បានសង្កត់ធ្ងន់ថា ការដេញតាមអង្វរ ឬបញ្ចុះបញ្ចូលបណ្តាប្រទេសមួយចំនួនពីសំណាក់ភាគីថៃនោះ គឺគ្មានប្រយោជន៍ឡើយ ព្រោះថៃ មិនមែនជាសមាជិកនៃសហគមន៍ ហ្វ្រង់កូហ្វូនី នោះទេ ខណៈដែលវេទិកានេះផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការ យន្តការច្បាប់ និងការគោរពអធិបតេយ្យភាពរបស់រដ្ឋសមាជិកប្រើប្រាស់ភាសាបារាំង។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា គ្មានបំណងធ្វើឱ្យវិវាទទ្វេភាគីក្លាយជាបញ្ហាអន្តរជាតិ ដើម្បីបម្រើគោលបំណងនយោបាយណាមួយឡើយ។ ប្រសិនបើថៃ ពិតជាមានបំណងចង់បញ្ចៀសការយកចិត្តទុកដាក់បន្ថែមទៀតពីសហគមន៍អន្តរជាតិ ចំពោះបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ មធ្យោបាយដែលមានប្រសិទ្ធភាពបំផុត មិនមែនជាការទាមទារឱ្យកម្ពុជា នៅស្ងៀមនោះទេ ប៉ុន្តែត្រូវដោះស្រាយមូលហេតុ និងស្ថានភាពជាក់ស្ដែងដែលបានបង្កឱ្យមានការព្រួយបារម្ភ ពោលគឺត្រូវដកកងកម្លាំងរបស់ខ្លួនចេញពីទឹកដីកម្ពុជា បញ្ឈប់រាល់សកម្មភាពដែលផ្លាស់ប្តូរស្ថានភាពនៅលើដី ឬបង្កើតជាស្ថានភាពថ្មីលើដីជាក់ស្តែង (fait accompli) និងអនុញ្ញាតឱ្យប្រជាជនស៊ីវិលកម្ពុជាភៀសខ្លួនអាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញដោយសុវត្ថិភាព និងដោយសេចក្ដីថ្លៃថ្នូរ។
គួររំលឹកថា កាលពីពេលថ្មីៗនេះឯកអគ្គរាជទូតថៃ បានព្យាយាមស្នើសុំឱ្យទូតនៃប្រទេសទី៣ ជួយបញ្ចុះបញ្ចូលកម្ពុជា កុំឱ្យលើកឡើងពីបញ្ហាជម្លោះព្រំដែននៅក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី ដែលកម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះនាខែវិច្ឆិកា ខាងមុខ។ នេះបើតាមការទម្លាយឱ្យដឹងពីឯកឧត្តម លុយ ដេវីត ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសបារាំង ដោយឯកឧត្តមបានបន្ថែមថា កម្ពុជា គ្មានហេតុផលណាមួយត្រូវនៅស្ងៀមស្ងាត់ចំពោះបញ្ហានេះឡើយ ហើយនឹងបន្តលើកឡើងពីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ នៅលើវេទិកាអន្តរជាតិ ជាដរាប ដើម្បីបង្ហាញពីទស្សនៈ និងជំហរដ៏រឹងមាំរបស់កម្ពុជា។
សូមបញ្ជាក់ថា កិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី លើកទី២០ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នឹងត្រូវប្រារព្ធឡើងនាថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ ព្រឹត្តិការណ៍អន្តរជាតិ ជាប្រវត្តិសាស្ត្រនេះ នឹងប្រមូលផ្តុំទៅដោយប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃរដ្ឋសមាជិក និងរដ្ឋាភិបាលសរុបចំនួន៩០ប្រទេស៕
អត្ថបទ៖ បូ ដូឡា