G7 បើកកិច្ចប្រជុំបន្ទាន់ ក្រោយរុស្សីវាយប្រហារអ៊ុយក្រែន

ក្រុមប្រទេស G7 រៀបចំជំនួបកំពូលបន្ទាន់មួយ បន្ទាប់ពីរុស្សីបាញ់ផ្លោងមីស៊ីលយ៉ាងដំណំទៅទីក្រុងកៀវ


មេដឹកនាំមកពីក្រុមប្រទេសឧស្សាហកម្មធំទាំងប្រាំពីរ ឬG7 រៀបចំកិច្ចប្រជុំកំពូលបន្ទាន់តាមប្រព័ន្ធអ៊ីនធឺណិតនៅថ្ងៃអង្គារ ទី ១១ ខែតុលានេះ មួយថ្ងៃបន្ទាប់ពីរុស្ស៊ីបានធ្វើការវាយប្រហារមីស៊ីលដ៏ច្រើនសន្ធឹកសន្ធប់មិនរើសមុខទៅលើទីក្រុងធំៗរបស់អ៊ុយក្រែន កាលពីពេលថ្មីៗនេះ ខណៈដែលស្ថានការនៃសង្គ្រាមនៅតែបន្ដឆេះក្ដៅ និងអូសបន្លាយពេលវេលាមកអស់រយៈពេលជិត៨ខែមកហើយ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Kyodo។
ក្រុមប្រទេស G7 រៀបចំជំនួបកំពូលបន្ទាន់មួយ បន្ទាប់ពីរុស្សីបាញ់ផ្លោងមីស៊ីលយ៉ាងដំណំទៅទីក្រុងកៀវ

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានចូលរួមកិច្ចប្រជុំកំពូលនេះផងដែរ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសសមាជិក G7 ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា រុស្ស៊ីអាចនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រកម្រិតតូចក្នុងសង្គ្រាមប្រឆាំងអ៊ុយក្រែនផងនោះ។

គួរជម្រាបដែរថា កិច្ចប្រជុំបន្ទាន់ G7 នេះត្រូវបានរៀបចំឡើង ក្រោយពីទីក្រុងមូស្គូបានសងសឹកចំពោះការវាយប្រហារកាលពីចុងសប្តាហ៍មុនលើស្ពាន Kerch ដែលតភ្ជាប់ប្រទេសរុស្សីទៅកាន់ដែនដីគ្រីមៀ ដែលរដ្ឋអំណាចទីក្រុងម៉ូស្គូបានចោទថា ជាស្នាដៃរបស់អ៊ុយក្រែនតែម្តង។

ប្រទេសរុស្ស៊ីបាននិយាយថា គោលបំណងនៃការវាយប្រហារដោយមីស៊ីលរបស់ខ្លួនកាលពីថ្ងៃចន្ទទី១០តុលាទៅលើរដ្ឋធានី Kyiv និងទីក្រុងផ្សេងទៀតរបស់អ៊ុយក្រែនគឺ ដើម្បីកម្ទេចមូលដ្ឋានយោធា និងថាមពលតែប៉ុណ្ណោះ ខណៈអ៊ុយក្រែនបានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់ ១៤ នាក់ត្រូវបានសម្លាប់ដោយការបាញ់ស្រោចដ៏សាហាវនេះ។

គួររំលឹកថា កាលពីខែកញ្ញា លោកពូទីនបានប្រកាសដាក់បញ្ចូលតំបន់ចំនួនបួន ដែលខ្លួនដណ្តើមបានពីអ៊ុយក្រែនចូលជាដែនដីរុស្ស៊ី ដែលមានទំហំប្រហែល១៥%នៃទឹកដីអ៊ុយក្រែនទាំងមូល ដោយសម្អាងថា ប្រជាជននៅតំបន់ទាំងនោះបានបោះឆ្នោតប្រជាមតិគាំទ្រ ដោយឡែកទីក្រុងកៀវ និងប្រទេសលោកខាងលិច ក៏ដូចជាសហគមន៍អន្តរជាតិចោទថា ខុសច្បាប់អន្តរជាតិ និងគ្មានភាពអៀនខ្មាស។

យ៉ាងណាក៏ដោយ ប្រទេសអាល្លឺម៉ង់ដែលបច្ចុប្បន្នជាប្រធាន G7 បាននិយាយថា លោក Zelenskyy ត្រូវបានគេរំពឹងថា នឹងចូលរួមក្នុងកិច្ចប្រជុំកំពូលនៅថ្ងៃអង្គារនេះ ហើយលោកទំនងជានឹងបង្ហាញខ្លួននៅដើមដំបូងនៃសន្និសីទវីដេអូតាមប្រព័ន្ធអ៊ីនធឺណិតនេះតែម្តង។

ប្រទេសជប៉ុនឯណេះវិញ នាយករដ្ឋមន្រ្តី លោក Fumio Kishida ក៏គ្រោងនឹងចូលរួមក្នុងកិច្ចប្រជុំនេះដូចគ្នា ពោលគឺប៉ុន្មានថ្ងៃបន្ទាប់ពីប្រទេសជប៉ុនបានបើកស្ថានទូតរបស់ខ្លួនឡើងវិញនៅទីក្រុងគៀវកាលពីថ្ងៃពុធសប្តាហ៍មុនបន្ទាប់ពីការបិទអស់រយៈពេលប្រាំពីរខែ ដោយសារតែការឈ្លានពានរបស់រុស្ស៊ី។

គូររំលឹកបន្តិចថា ប្រទេសឧស្សាហកម្មជឿនលឿនទាំង៧ (G7) ដែលមានប្រទេសចំនួនប្រាំមួយផ្សេងទៀតគឺ អង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី និងសហរដ្ឋអាមេរិក ក៏បានបើកប្រតិបត្តិការការស្ថានទូតឡើងវិញនៅអ៊ុយក្រែនកាលពីដើមឆ្នាំនេះផងដែរ៕




អត្ថបទបន្ទាប់


ក្រុមហ៊ុនចិនសាងសង់រោងចក្រផ្ទុកថាមពលដ៏ធំបំផុតមួយនៅអ៊ីស្រាអែល និងគ្រោងដំណើរការនៅឆ្នាំ២០២៣

ព័ត៌មាន
នៅឆ្នាំ២០២៣ខាងមុខនេះ អ៊ីស្រាអែលនឹងអាចទាញយកប្រើប្រាស់ថាមពលអគ្គិសនី ចេញពីរោងចក្រថាមពលវារីអគ្គិសនីដ៏បំផុតក្នុងប្រទេសរបស់ខ្លួន ដែលមានកម្លាំ…

រុស្ស៊ី និងបេឡារុសដាក់ពង្រាយទ័ពនៅតាមព្រំដែនអ៊ុយក្រែនបន្ថែម ក្រោយបាញ់ស្រោចមីស៊ីលលើទីក្រុងធំៗរបស់អ៊ុយក្រែន

ព័ត៌មាន
ក្រុមអ្នកវិភាគលោកខាងលិចបាននិយាយថា ក្រោយពីប្រទេសរុស្ស៊ីបានបាញ់ស្រោចមីស៊ីលចូលទីក្រុងធំៗរបស់អ៊ុយក្រែនកាលពីថ្ងៃចន្ទ ទី ១០ ខែតុលា បន្ទាប់ពីច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ