
តម្លៃមាសនៅលើទីផ្សារអាម៉េរិក កាលពីថ្ងៃសុក្រ បានធ្លាក់ចុះបន្តិច ០,២% ដោយមួយតម្លឹងមានតម្លៃត្រឹមតែ៤,០៧០ដុល្លារប៉ុណ្ណោះ ប៉ុន្តែវានឹងកម្រើកឡើងវិញជាបន្តបន្ទាប់ អាស្រ័យនៅលើបញ្ហាប្រទាញប្រទង់នានា ដែលកើតឡើងដោយសារភាពចលាចលនៃការកំណត់ពន្ធបដិការ ដែលទើបចូលជាធរមាន។ សារព័ត៌មាន the Edge Malaysia បានចុះផ្សាយថា ហាងឆេងមាសកំពុងតែកម្រើកឡើងបណ្តើរៗ ហើយទម្រាំដល់ខែឆ្នូ ឆ្នាំ២០២៥ គេព្យាករណ៍ថា តម្លៃមាសអាចឡើង ១,៦% ឈានដល់៤,២០០ ដុល្លារក្នុងមួយតម្លឹង ប៉ុន្តែប្រហែលជាឡើងមិនដល់តម្លៃដែលធ្លាប់ឡើងខ្ពស់បំផុតមួយតម្លឹង៤,៣០០ ដុល្លារនោះឡើយ។
ដើម្បីគ្រប់គ្រងស្ថិរភាពសេដ្ឋកិច្ច សារព័ត៌មាន Financial Times បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋបាលគយរបស់សហរដ្ឋអាម៉េរិកកំពុងរៀបចំការកំណត់ពន្ធការនាំចូលមាស ។ មកទល់ពេលនេះ សូម្បីតែសហរដ្ឋអាម៉េរិក ក៏នៅតែបន្តចាត់ទុកមាសជាទ្រព្យបម្រុងសេដ្ឋកិច្ចដ៏មានលំនឹងបំផុតផងដែរ។
សហរដ្ឋអាម៉េរិក មានមាសជាទុនបម្រុងរបស់ខ្លួនសរុបដល់ទៅ៨ពាន់១រយ៣៣តោន តាមពីក្រោយដោយអាល្លឺម៉ង់ ដែលមានមាសសរុប៣ពាន់៣រយ៥១តោន ហើយអ៊ីតាលីមាន២ពាន់៤រយ៥១តោន៕
ដោយៈ សរ សុជាតិ