
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះមូលនិធិអភិវឌ្ឍន៍ជំនាញ សហគ្រិនខ្មែរ ក៏ដូចជាឧទ្យាននវានុវត្តន៍សង្គមអង្គរ និងរដ្ឋបាលខេត្តកំពង់ធំ ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ ដែលបានរួមចំណែកធ្វើឱ្យ «មន្ទីរពិសោធន៍នវានុវត្តន៍កំពង់ធំ (InnoLab Kampong Thom)» លេចចេញជារូបរាងឡើង ដែលមានគោលដៅប្រែក្លាយខេត្តកំពង់ធំទៅជាប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍មួយ ដែលជាទីតាំងសម្រាប់សហគ្រិន អ្នកច្នៃប្រឌិត អ្នកស្រាវជ្រាវ និងមន្ត្រីចាប់ពីថ្នាក់មូលដ្ឋាន តាមរយៈការបញ្ចូលនវានុវត្តភាពទៅក្នុងប្រព័ន្ធទីផ្សារ និងប្រព័ន្ធអភិបាលកិច្ចនៅកម្ពុជា និងបង្ហាញអំពី
សក្ដានុពលដែលមានក្នុងស្រុក ដើម្បីអនុញ្ញាតឱ្យសហគមន៍បានចូលរួមចំណែកក្នុងការសម្រេចបាននូវវឌ្ឍនភាព ប្រកបដោយនវានុវត្តន៍ ចីរភាព និងនិរន្តរភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ឯកឧត្តម វង្សី វិស្សុត បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញយុទ្ធសាស្រ្តចតុកោណ ទាំង៤ ដំណាក់កាល និងយុទ្ធសាស្រ្តបញ្ចកោណ ដែលផ្តោតទៅការកសាងប្រព័ន្ធអេកូឡូស៊ី ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម (SMEs) ម្ខាងដើម្បីបង្កើនកម្លាំងផលិត និងម្ខាងទៀតជួយដោះស្រាយបញ្ហាធំៗដែល SMEs កំពុងប្រឈម រួមមានបញ្ហាហិរញ្ញវត្ថុ បញ្ហាបច្ចេកវិទ្យានិងជំនាញ និងបញ្ហាការគ្រប់គ្រង។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបន្តថា នៅក្នុងសេដ្ឋកិច្ចរបស់យើង គឺសម្បូរតែសហគ្រាសខ្នាតធំ និងខ្នាតតូច ក៏ប៉ុន្តែសហគ្រាសធុនមធ្យមឬកណ្តាល មិនសូវមានឡើយ ដែលធ្វើឱ្យការវិនិយោគផ្ទាល់ពីបរទេស មិនសូវមានការតភ្ជាប់មកសេដ្ឋកិច្ចក្នុងស្រុក។
ឯកឧត្តម វង្សី វិស្សុត បានគូសបញ្ជាក់ថា ក្នុងស្មារតីខាងលើនេះ រាជរដ្ឋាភិបាលបានខិតខំផ្គុំ
គោលនយោបាយជាច្រើន ទាំងគោលនយោបាយលើកទឹកចិត្តអ្នកវិនិយោគដែលផ្សារភ្ជាប់នឹង SMEs និងការកសាងសមត្ថភាព SMEs ដើម្បីផ្សារភ្ជាប់នឹងការវិនិយោគផ្ទាល់ពីបរទេស។ ជាក់ស្តែង រាជរដ្ឋាភិបាលក៏បានបង្កើត និងដាក់ឱ្យដំណើរការជាបន្តបន្ទាប់នូវមូលនិធិអភិវឌ្ឍន៍ជំនាញ, សហគ្រិនខ្មែរ, មជ្ឈមណ្ឌល
បណ្តុះធុរកិច្ចថ្មី «តេជោ», មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព, ធនាគារសហគ្រាសធុនតូច និងមធ្យម និងកម្មវិធីថ្នាលថ្នាក់ជាតិស្ដីពីធុរកិច្ចកម្ពុជា ថ្នាលផ្លាស់ប្ដូរទិន្នន័យកម្ពុជា (CamDX) និងប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ព្រមទាំងការដាក់ឱ្យដំណើរការនូវគេហទំព័រព័ត៌មាន សម្រាប់សហគ្រាសធុនតូច និងមធ្យម (Khmer SME) ដើម្បីគាំទ្របន្ថែមដល់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព នៅកម្ពុជាទាំងមូល។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានបន្តថា ជារួម យើងបាននិងកំពុងសម្រេចបាននូវវឌ្ឍនភាពជាច្រើន ក៏ប៉ុន្តែក៏នៅមានភាពខ្វះចន្លោះខ្លះ ដែលទាមទារឱ្យយើងត្រូវបំពេញបន្ថែម ដូចជាគម្រោងមន្ទីរពិសោធន៍នវានុវត្តន៍កំពង់ធំ ដែលយើងសម្ពោធជាផ្លូវការនាពេលនេះ សំដៅធ្វើយ៉ាងណាឱ្យប្រព័ន្ធអេកូឡូស៊ីរបស់យើងមានភាពពេញលេញ និងគ្រប់ជ្រុងជ្រោយ ដើម្បីគាំទ្រដល់សហគ្រាសផលិត និងបញ្ហារៀបចំ
ផលិតទៅដល់ទីផ្សារ ពិសេសនវានុវត្តន៍មានទាំងខាងផលិត ខាងសេវាកម្ម ទាំងខាងដំណើរការធុរកិច្ច ដើម្បីឱ្យមានថ្លៃថោក និងផលិតទៅមានគុណភាពល្អ។ ប៉ុន្តែដើម្បីមានវានុវត្តន៍ត្រូវមានកត្តាបី៖ ទី១.ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ទី២.ការរៀបចំ និងការស្រាវជ្រាវម៉ូដែលធុរកិច្ច (Business Model) និង ទី៣.សហគ្រិនភាព។ កត្តាទាំងបីនេះបូកបញ្ចូលគ្នា បានចេញជានវានុវត្តន៍។
ឯកឧត្តម វង្សី វិស្សុត ក៏បានគូសរំលេចអំពីយុទ្ធសាស្រ្តនៃការអភិវឌ្ឍសេដ្ឋកិច្ច និងការលើកកម្ពស់ជីវភាពប្រជាជនខេត្តកំពង់ធំ ដោយផ្អែកទៅលើសក្តានុពលដ៏ច្រើនរបស់ខេត្តនេះ ដូចជាធនធានធម្មជាតិ, ធនធានវប្បធម៌ប្រវតិ្តសាស្រ្ត និងធនធានមនុស្ស ដែលសុទ្ធសឹងតែជាកត្តាជំរុញការអភិវឌ្ឍខេត្តកំពង់ធំឱ្យក្លាយទៅជាកម្លាំង និងជាជម្រកសេដ្ឋកិច្ចមួយដ៏ធំ សម្រាប់ប្រទេសជាតិទាំងមូល។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានបន្តថា បច្ចុប្បន្នខេត្តកំពង់ធំបានទាក់ទាញគម្រោងជាច្រើន ដូចជា គម្រោងវារីវប្បកម្ម គម្រោងចិញ្ចឹមគជ់ខ្យង គម្រោងសួនកសិឧស្សាហកម្មស្វាយចន្ទី គម្រោងកែច្នៃដំឡូងមី គម្រោងឧស្សាហកម្មវាយនភណ្ឌ និងគម្រោងអភិវឌ្ឍន៍វិស័យទេសចរណ៍ក្នុងក្រុងស្ទឹងសែន និងប្រាសាទសំបូរព្រៃគុក ជាដើម។ ក្រៅពីការទាក់ទាញវិនិយោគិន យើងក៏បានខំជំរុញឱ្យមានការវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផងដែរ ព្រោះថាការវិនិយោគក្ដី, ការធ្វើពាណិជ្ជកម្មក្តី បើគ្មានហេដ្ឋារចនាសម្ព័ន្ធ គឺគ្មាននរណាគេមក
វិនិយោគទេ! ដូច្នេះ ហេដ្ឋារចនាសម្ព័ន្ធ គឺសំខាន់ណាស់។

ឯកឧត្តម វង្សី វិស្សុត បានលើកឡើងផងដែរថា គម្រោងមន្ទីរពិសោធន៍នវានុវត្តន៍កំពង់ធំ (InnoLab Kampong Thom) នឹងជួយសម្រួលដល់បេក្ខជនទាំង២០រូប ឱ្យទៅមុខ និងចូលដល់កម្រិតនវានុវត្តន៍ តាមរយៈការបណ្តុះបណ្តាល និងការផ្សារភ្ជាប់ទៅបណ្តាញទីផ្សារ ទៅក្នុងប្រព័ន្ធអេកូឡូស៊ី។ លទ្ធផលនេះនឹងឈានទៅដល់ការបង្កើតសហគ្រាសដែលមានសមត្ថភាពឱ្យបានកាន់តែច្រើនក្នុងខេត្តកំពង់ធំ ដែលយើងហៅថាមេទ័ពក្នុងវិស័យឯកជនក្នុងការផលិត ការផ្ដល់សេវា និងការកសាងការងាររបស់ប្រជាជននៅទីនេះ ដែលជាការបង្កើតទ្រព្យ និងការបង្កើតមូលដ្ឋានសេដ្ឋកិច្ចរបស់ខេត្តកំពង់ធំ ឱ្យក្លាយជាកម្លាំងសេដ្ឋកិច្ចក្នុងស្រុក។ ឯកឧត្តមមានជំនឿជឿជាក់ថា គម្រោងនេះនឹងបង្ហាញពីភាពជោគជ័យនៃម៉ូដែលធុរកិច្ច (Business Model) ដែលកន្លែងផ្សេងអាចយកធ្វើជាគំរូ និងអនុវត្តតាម។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ ក៏បានផ្តល់ការណែនាំឱ្យឧទ្យាននវានុវត្តន៍សង្គមអង្គរ (ASIP) គួរបង្កើតឱ្យមានយន្តការត្រួតពិនិត្យ និងវាយតម្លៃ (M&E) គម្រោង ហើយរដ្ឋបាលខេត្ត និងមន្ទីរពាក់ព័ន្ធត្រូវផ្ដល់កិច្ចសហការ គាំទ្រ និងសម្របសម្រួលនានា ដើម្បីធានាដល់ការអនុវត្តគម្រោងនេះប្រព្រឹត្តទៅដោយជោគជ័យ ព្រមទាំងបានលើកទឹកចិត្តដល់ SDF, KE និងដៃគូភាគីពាក់ព័ន្ធ ដោយរួមទាំងវិស័យឯកជន ដើម្បីគាំទ្រការអនុវត្ដគម្រោងមន្ទីរពិសោធន៍នវានុវត្ដន៍កំពង់ធំ បន្តចំនួន ២ឆ្នាំបន្ថែមទៀត និងនៅឆ្នាំបន្តបន្ទាប់ និងបន្ដកិច្ចគាំទ្រសកម្មភាពវគ្គបណ្តុះបណ្ដាលឱ្យឡើងដល់ចំនួន១០០សហគ្រាស នៅក្នុងឆ្នាំ២០២៨ ។
ជាថ្មីម្តងទៀត ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានលើកទឹកចិត្តដល់សហគ្រិនដែលជាប់ជ័យលាភីទាំង២០នាក់ ឱ្យបន្តពង្រីកអាជីវកម្មរបស់ខ្លួនឱ្យកាន់តែធំថែមទៀត ប្រឹងរៀនសូត្រ ប្រឹងរកស៊ី ហើយធ្វើការប្រកួតប្រជែងក្នុងអាជីវកម្ម ដោយយុត្តិធម៌ និងស្មើភាព ទាំងតម្លៃ និងស្តង់ដា ដើម្បីធ្វើពិពិធកម្មក្នុងស្រុកឱ្យកាន់តែរីកដុះដាលជាលំដាប់ សំដៅបង្កើនការផលិតក្នុងស្រុក ដើម្បីជំនួសឱ្យការនាំចូលផង និងបង្កើនការនាំចេញផងដែរ។


























