វិស័យសំណង់ និងអចលនទ្រព្យ

វិស័យសំណង់​នៅតែ​មាន​កំណើន​រឹងមាំ​នៅចុង​ឆ្នាំនេះ ទោះបី​ការ​បោះឆ្នោតជាតិ​កាន់តែ​ខិតចូល​មកដល់


កំណើន​ទុនវិនិយោគ​ក្នុងវិស័យ​សំណង់​នៅកម្ពុជា នារយៈ​ចុងឆ្នាំ​២០១៧នេះ នៅតែរក្សា​បាននូវ​កំណើនខ្ពស់​រឹងមាំ​គួរឲ្យ​កត់សម្គាល់ ទោះបីជា​ការ​បោះឆ្នោតជាតិ​នឹងត្រូវ​ចូលមក​ដល់នៅ​ឆ្នាំក្រោយនេះ​ក៏ដោយក្ដី។ តួយ៉ាង នៅរយៈពេល​១០ខែឆ្នាំនេះ ទុនវិនិយោគ​ក្នុងវិស័យ​សំណង់​បានហក់កើន​ឡើង​ប្រមាណ​២៧% ធៀប​នឹងរយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ២០១៦។ ស្របទៅ​នឹងកំណើន​ទុនវិនិយោគ​ក្នុងវិស័យសំណង់​នេះដែរ ក៏បាន​ធ្វើឲ្យ​ក្រុមហ៊ុន​ប្រកប​អាជីវកម្មសិក្សាគម្រោងប្លង់ និងក្រុមហ៊ុនផ្គត់ផ្គង់សម្ភារ និងសេវាកម្មក្នុងវិស័យសំណង់ក៏មានការកើនឡើងច្រើនផងដែរ។
អគារ​សំណង់​ស្កឹមស្កៃ The Bridge ជា​វិនិយោគ​រួម​គ្នា​រវាង​វិនិយោគិន​ខ្មែរ​និង​សិង្ហ​បុរី។ រូបភាព៖ ហេង ភារម្យ
ដោយ

ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ បានលើកឡើងថា  ទុនវិនិយោគ​ក្នុងវិស័យសំណង់​​ក្នុងរយៈពេល​១០ខែ​ឆ្នាំ២០១៧​នេះ មានសរុប​ប្រមាណ ៦,២៧៦លា​ន​ដុល្លារ​អាមេរិក ពោលគឺ​បានកើនឡើង​រហូតដល់​២៧% ធៀបនឹង​គ្រាដូចគ្នា​កាលពីឆ្នាំ​២០១៦។ 

ទន្ទឹម​នឹងនេះ​ដែរ ក្រុមហ៊ុន​ប្រកបអាជីវកម្ម​សំណង់​ដែលបាន​ចុះបញ្ចី​នៅក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់​ និងកំពុង​មានសុពលភាព​ប្រតិបត្តិ​អាជីវកម្ម​​មានចំនួន​១,០៣៨​ក្រុមហ៊ុន ក្នុងនោះ មាន៣២៤​ក្រុមហ៊ុន ជាក្រុមហ៊ុន​មកពី​ក្រៅ​ប្រទេស ដូចជា ចិន កូរ៉េ វៀតណាម ជប៉ុន និងថៃជាដើម​។ល។

ឯកឧត្ដម ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែន​ដី នគរូបនីយកម្ម និង​សំណង់។

ថ្លែងនៅ​ក្នុងពិធី​មហាសន្និបាត​បូកសរុប​ការងារ​ប្រចាំឆ្នាំ​របស់​សមាជិក​​សមាគម​អ្នកសាងសង់​កម្ពុជា និងពិធី​សម្ពោធ​បើកការតាំង​ពិព័រណ៍​ឧស្សាហកម្មសំណង់​កម្ពុជា ដែលមាន​ក្រុមហ៊ុន​ក្នុងស្រុក ​និងក្រៅស្រុក​ចូលរួម​ប្រមាណ​១៦៨​ក្រុមហ៊ុន និង៣០០​ស្ដង់តាំង​បង្ហាញ អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគម​អ្នកសាងសង់​កម្ពុជា​បានលើក​ឡើងថា បច្ចុប្បន្ន​សមាគម​មានសមាជិក​ប្រមាណ១៤០​ក្រុមហ៊ុន​ចូលរួម ដែលវា​សបញ្ជាក់ឲ្យ​ឃើញ​ពីការរីក​លូតលាស់​ខ្លាំងក្លា​នៃវិស័យ​សំណង់​របស់​កម្ពុជា។ ​

អ្នក​ឧកញ៉ា ពុង ឃាវសែ ប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​ក្រុមហ៊ុន​សម្ព័ន្ធ កាណាឌីយ៉ា

ជាមួយគ្នានេះ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលរង​នៃគណៈ​អភិបាល​រាជធានី​ភ្នំពេញ​​ក៏បាន​គូសបញ្ជាក់​ដែរថា វិស័យ​សំណង់ និងអចលនទ្រព្យ​នៅកម្ពុជា បាន​និងកំពុង​មានការ​ពង្រីក​សក្ដានុពល​របស់ខ្លួន​កាន់តែខ្លាំង​ឡើងៗ តួយ៉ាង ការរីក​កើនឡើង​នៃអគារពាណិជ្ជកម្ម អគារស្នាក់នៅរួម អគារខុនដូរប្រណីត ដែលបាន​និងកំពុង​សាងសង់​ឡើងជា​បន្តបន្ទាប់។ 

តួយ៉ាង គិតមក​ទល់ពេល​នេះ សំណង់​បុរីលំនៅដ្ឋាន​នៅរាជធានី​ភ្នំពេញ មានចំនួន​១៨៨​កន្លែង និង​អគារខ្ពស់ៗ​មាន​៩៧៩អគារ។ ហើយបើគិត​ត្រឹម៩ខែ​ឆ្នាំនេះ រាជធានីភ្នំពេញ ទទួលបាន​គម្រោង​សាងសង់​ចំនួន​៧៧៧គម្រោង ដែលមានទុន​វិនិយោគ​សរុប​ប្រមាណជាង​១,៥លាន​ដុល្លារ​អាមេរិក។

លោក ហេង សុខឆាយ ប្រធាន​គ្រប់គ្រង​ម៉ាក និងដេប៉ូ ក្រុមហ៊ុន​ផ្គត់ផ្គង់​សម្ភារ​សំណង់ ឃី ហ៊ួត បានលើក​ឡើងដែរ​ថា នៅឆ្នាំនេះ កំណើន​នៃតម្រូវ​ការសម្ភារ​សំណង់​ហាក់មាន​ការកើនឡើង​គួរឲ្យកត់​សម្គាល់​​ធៀបនឹង​ឆ្នាំមុន ដោយសារតែ​មានក្រុមហ៊ុន​វិនិយោគ​ពីក្រៅប្រទេស ពិសេស​ក្រុមហ៊ុន​ចិន ដែលបាន​និងកំពុង​សាងសង់​គម្រោង​អគារធំៗ​ជាច្រើន​នៅកម្ពុជា។ 

លោកបាន​កត់សម្គាល់​ឃើញ​ដែរថា មិនត្រឹម​តែរាជធានី​ភ្នំពេញ​នោះទេ ដែលកំពុង​មាន​តម្រូវ​​ការគ្រឿង​សំណង់​ច្រើន នៅតាមបណ្ដា​ខេត្តផ្សេង​ទៀតក៏មាន​តម្រូវខ្លាំង​ផងដែរ ដូចជាខេត្ត​សៀមរាប ព្រះសីហនុ បាត់ដំបង បន្ទាយមានជ័យ និងកំពង់ចាម​ជាដើម។

សូមបញ្ជាក់​ដែរថា បច្ចុប្បន្ន​វិស័យសំណង់ និងអចលនទ្រព្យ​កម្ពុជា មានការ​វិនិយោគមក​ពី១៨ប្រទេស ដោយក្នុងនោះ ប្រទេសចិន​នៅតែ​ឈ​រលំដាប់នាំមុខគេ បន្ទាប់មក​កូរ៉េ​ខាងត្បូង និងជប៉ុន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


លោក​ជំទាវ លឹម ឈីវហូ អំពាវនាវ​ឲ្យ​ស្ដ្រី​ចូលរួម​ក្នុង​វិស័យ​ជំនួញ​ឲ្យ​ច្រើន​ថែមទៀត

ព័ត៌មាន
លោកជំទាវ​ ឧកញ៉ា លឹម ឈីវហូ ប្រធាន​ក្រុមប្រឹក្សាភិបាល​​ក្រុមហ៊ុន LCH Investment Group ដែល​ជា​ក្រុមហ៊ុន​ដ៏​ធំមួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា…

DJ NaNa៖ ទីផ្សារ​​ពិធីការនី​ជា​ភាសា​ខ្មែរ​និង​អង់គ្លេស​នៅ​កម្ពុជា កំពុង​ត្រូវ​ប៉ាន់​ខ្លាំង!

ព័ត៌មាន
កញ្ញា នាង សុវ៉ាតនា ដែល​គេ​ស្គាល់​ថា DJ NaNa កំពុង​សាងភាព​ល្បីល្បាញ​ខ្លាំង​ក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុក តាមរយៈ​កម្មវិធី​ដោះស្រាយ​វិបត្តិ​…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ