ស្ថានភាពវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជាកើនឡើង៤គម្រោងនៅ៥ខែឆ្នាំនេះ

ការវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា មានការប្រែប្រួលយ៉ាងណា ក្រោយមានការជំរុញប្រើប្រាស់ឱ្យអស់សក្កានុពលពីថ្នាក់ដឹកនាំកម្ពុជា?


ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកតំបន់សេដ្ឋកិច្ចពិសេសរបស់កម្ពុជា ដើរតួនាទី និងរួមចំណែកយ៉ាងសំខាន់ក្នុងការជួយអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម តាមរយៈបង្កើតការងារជាច្រើនកន្លែងសម្រាប់ប្រជាពលរដ្ឋ។
ស្ថានភាពវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជាកើនឡើង៤គម្រោងនៅ៥ខែឆ្នាំនេះ

ជាក់ស្ដែង កាលពីពេលថ្មីៗ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបន្តលើកទឹកចិត្តឱ្យវិនិយោគិនបង្កើនការវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសបន្ថែមទៀត តាមរយៈការអភិវឌ្ឍន៍ និងប្រើប្រាស់តំបន់សេដ្ឋកិច្ចពិសេសដែលមានស្រាប់ទាំងអស់ឲ្យអស់សក្តានុពល និងបានលើកទឹកចិត្ត និងជំរុញឱ្យអ្នកអភិវឌ្ឍន៍តំបន់ពាណិជ្ជកម្មសេរីក្នុងតំបន់អាស៊ី រួមគ្នាបង្កើតក្រុមប្រឹក្សាអ្នកអភិវឌ្ឍផ្នែកឯកជន ដើម្បីចូលមកវិនិយោគក្នុងការរៀបចំតំបន់សេដ្ឋកិច្ចពិសេសក្នុងតំបន់បន្ថែមទៀត។ ការជំរុញបែបនេះរបស់ប្រមុខរាជរដ្ឋាភិបាល ធ្វើឡើងក្រោយសង្កេតឃើញក្នុងចំណោមតំបន់សេដ្ឋកិច្ចពិសេសដែលមានស្រាប់នៅកម្ពុជា មានតំបន់សេដ្ឋកិច្ចពិសេសមួយចំនួនហាក់មិនសូវមានសកម្មភាព និងប្រើប្រាស់ឲ្យអស់សក្ដានុពលនៅឡើយ។

ក្រុមអ្នកជំនាញ និង ជំនួញបានលើកឡើងថា បច្ចុប្បន្នការវិនិយោគក្នុងវិស័យកាត់ដេរ ហាក់មានការថយចុះបន្តិច ក៏ប៉ុន្តែការវិនិយោគក្រៅពីវិស័យកាត់ដេរ ហាក់មានសន្ទុះកើនឡើង តួយ៉ាងវិស័យឧស្សាហកម្ម-កែច្នៃជាដើម ព្រោះវិនិយោគិនភាគច្រើន ចូលចិត្តបរិយាកាសវិនិយោគដែលមានកន្លែងធំទូលាយ។ បើតាមឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាអះអាងថា រាល់គម្រោងវិនិយោគនៅកម្ពុជាទាំងអស់សុទ្ធតែមានសារៈសំខាន់សម្រាប់សេដ្ឋកិច្ច និងសង្គម មិនថានៅក្រៅតំបន់សេដ្ឋកិច្ចពិសេស ឬក្នុងតំបន់សេដ្ឋកិច្ចពិសេសនោះទេ។ ក៏ប៉ុន្តែ ការជំរុញប្រើប្រាស់តំបន់សេដ្ឋកិច្ចពិសេស ដែលមិនសូវមានសកម្មភាពឲ្យអស់សក្តានុពល និងជំរុញឲ្យវិនិយោគិនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសជាការលើកទឹកចិត្តបន្ថែមដល់វិនិយោគិន ស្របពេលច្បាប់វិនិយោគថ្មី ដែលទើបដាក់ឲ្យអនុវត្តក៏បានលើកទឹកចិត្តវិនិយោគិនបរទេសឲ្យមកវិនិយោគនៅកម្ពុជាទាំងក្នុងតំបន់ និងក្រៅតំបន់សេដ្ឋកិច្ចពិសេសផងដែរ។

លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករ និងខ្សែចង្វាក់ផ្គត់ផ្គង់នៅកម្ពុជាបានលើកឡើងថា រាល់សកម្មភាពវិនិយោគមិនថានៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ឬក្រៅតំបន់សេដ្ឋកិច្ចពិសេសនោះទេ គឺសុទ្ធតែមានសារៈសំខាន់សម្រាប់សេដ្ឋកិច្ចកម្ពុជា។ ប៉ុន្តែពាក់ព័ន្ធតំបន់សេដ្ឋកិច្ចពិសេសខ្លះមិនសូវទទួលបានការចាប់អារម្មណ៍ពីអ្នកវិនិយោគ ត្រូវបានអ្នកជំនាញរូបនេះអះអាងថា គឺដោយសារគម្រោងវិនិយោគនៅតំបន់នោះភាគច្រើន វាសមស្របនឹងស្ថានភាពវិនិយោគនៅខាងក្រៅតំបន់សេដ្ឋកិច្ចពិសេសច្រើនជាង។ ម្យ៉ាងវិញទៀត វិស័យមួយចំនួនដែលមានការចាប់អារម្មណ៍ពីវិនិយោគិនភាគច្រើនសុទ្ធតែនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស ខណៈបច្ចុប្បន្នវិនិយោគិនភាគច្រើនបានងាកទៅចាប់អារម្មណ៍វិនិយោគនៅតាមតំបន់ជនបទច្រើនជាងទីប្រជុំជន។

យ៉ាងណាក៏ដោយសម្រាប់អ្នកជំនាញរូបនេះ ដើម្បីបង្កើនការចាប់អារម្មណ៍ពីក្រុមអ្នកវិនិយោគឲ្យមានការវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស កម្ពុជាគម្បីបង្កើនភាពងាយស្រួលសម្រាប់វិនិយោគិន ជាពិសេសកាត់បន្ថយនូវភាពស្មុគស្មាញដែលទាក់ទងឯកសារគតិយុត្តិផ្សេងៗ។

សូមបញ្ជាក់ថា នៅឆ្នាំ២០២២ កម្ពុជាបានអនុម័តគម្រោងវិនិយោគ និងគម្រោងពង្រីកផលិតកម្ម ក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន៤៣គម្រោង ជាមួយទុនវិនិយោគសរុបជិត៥៨៨លានដុល្លារអាមេរិក និងបានបង្កើតឱកាសការងារជូនប្រជាពលរដ្ឋជាង១ម៉ឺន៧ពាន់កន្លែង។ ដោយឡែក នៅរយៈពេល៥ខែក្នុងឆ្នាំ២០២៣នេះ កម្ពុជាបានអនុម័តគម្រោងវិនិយោគ និងគម្រោងពង្រីកផលិតកម្ម ក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន១៦គម្រោង ជាមួយទំហំវិនិយោគជាង១រយលានដុល្លារ និងបានបង្កើតឱកាសការងារជូនប្រជាពលរដ្ឋជាង៧ពាន់កន្លែង។ នេះបើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕




អត្ថបទបន្ទាប់


តើអ្វីជាភាពខ្លាំងនៅពីក្រោយការឈរជើងដ៏រឹងមាំរបស់ធនាគារ ជីប ម៉ុង នៅរយៈពេលជាង៤ឆ្នាំមកនេះ?

ព័ត៌មាន
ដ្បិតទើបតែបានចូលប្រលូកនៅក្នុងទីផ្សារធនាគារ និងហិរញ្ញវត្ថុកម្ពុជាជាង ៤ ឆ្នាំក៏ពិតមែន ប៉ុន្ដែ ធនាគារ ជីប ម៉ុង ត្រូវបានទទួលស្គាល់ និងផ្ដល់ទ…

អ្នកជំនាញជឿជាក់ថា ក្រោយតុលាការពាណិជ្ជកម្មត្រូវបានបង្កើត វានឹងជួយផ្តល់ទំនុកចិត្ត និងទាក់ទាញការវិនិយោគ

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជាកំពុងជំរុញឱ្យក្រសួងយុត្តិធម៌ និងភាគីពាក់ព័ន្ធពន្លឿនការរៀបចំការបង្កើតតុលាការពាណិជ្ជកម្មដំបូងរបស់កម្ពុជា ដើម្បីឱ្យតុលាក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ