តុលាការពាណិជ្ជកម្មកម្ពុជា កាន់តែផ្តល់ទំនុកចិត្តដល់វិនិយោគិនបរទេសមកដាក់ទុនវិនិយោគនៅកម្ពុជា

អ្នកជំនាញជឿជាក់ថា ក្រោយតុលាការពាណិជ្ជកម្មត្រូវបានបង្កើត វានឹងជួយផ្តល់ទំនុកចិត្ត និងទាក់ទាញការវិនិយោគ


រាជរដ្ឋាភិបាលកម្ពុជាកំពុងជំរុញឱ្យក្រសួងយុត្តិធម៌ និងភាគីពាក់ព័ន្ធពន្លឿនការរៀបចំការបង្កើតតុលាការពាណិជ្ជកម្មដំបូងរបស់កម្ពុជា ដើម្បីឱ្យតុលាការនេះអាចលេចរូបរាងឡើងនៅអាណត្តិក្រោយ បន្ទាប់ពីរាជរដ្ឋាភិបាលមើលឃើញថា មានបញ្ហាកើតមានច្រើននៅក្នុងវិស័យពាណិជ្ជកម្ម ដែលត្រូវដោះស្រាយនាពេលច្ចុប្បន្ន។
អ្នកជំនាញជឿជាក់ថា ក្រោយតុលាការពាណិជ្ជកម្មត្រូវបានបង្កើត វានឹងជួយផ្តល់ទំនុកចិត្ត និងទាក់ទាញការវិនិយោគ
ដោយ

មន្ត្រីជាន់ខ្ពស់សភាពាណិជ្ជកម្មកម្ពុជារំពឹងថា ក្រោយតុលាការពាណិជ្ជកម្មនេះលេចចេញរូបរាង វាមិនត្រឹមតែជួយសម្រួលដល់ការដោះស្រាយវិវាទពាណិជ្ជកម្មដល់ពាណិជ្ជករ និងអ្នកវិនិយោគកាន់តែមានភាពរហ័ស និងងាយស្រួលជាងមុននោះទេ ថែមទាំងជួយផ្តល់ទំនុកចិត្ត និងទាក់ទាញវិនិយោគិនបរទេសឱ្យមកដាក់ទុនវិនិយោគនៅកម្ពុជាកាន់តែច្រើនបន្ថែមទៀតផងដែរ។

ក្រោយសង្កេតឃើញបញ្ហាជម្លោះក្នុងវិស័យពាណិជ្ជកម្មកើតមានឡើងកាន់តែច្រើននាពេលច្ចុប្បន្ននេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាកាលពីពេលថ្មីនេះ បានជំរុញឱ្យក្រសួងយុត្តិធម៌ និងភាគីពាក់ព័ន្ធពន្លឿនការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីតុលាការពាណិជ្ជកម្ម ដើម្បីធ្វើយ៉ាងណាឱ្យតុលាការនេះ អាចលេចចេញជារូបរាងឡើងនៅអាណត្តិក្រោយ ពោលគឺនៅក្រោយការបោះឆ្នោតនីតិកាលទី៧។ ការជំរុញបែបនេះធ្វើឡើងក្រោយសម្តេចតេជោសង្កេតឃើញថា តុលាការបច្ចុប្បន្នមានភាពមមាញឹកដោយសារត្រូវកាត់ក្តីគ្រប់បញ្ហាចម្រុះទាំងអស់ដែលបានកើតឡើងនៅកម្ពុជា។ ដូច្នេះទាមទារឱ្យកម្ពុជាត្រូវតែមានតុលាការឯកទេសនៅកម្ពុជា ដើម្បីទាក់ទាញ និងផ្តល់ភាពជឿជាក់ដល់ធុរជនជាតិ និងអន្តរជាតិក្នុងការបោះទុនវិនិយោគនៅកម្ពុជា

ពាក់ព័ន្ធបញ្ហានេះដែរ ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានគូសបញ្ជាក់ថា សភាពាណិជ្ជកម្មកម្ពុជា បានសហការជាមួយក្រសួងយុត្តិធម៌អស់រយៈពេលយូរឆ្នាំមកហើយ ដើម្បីបង្កើតតុលាការពាណិជ្ជកម្មនេះឡើង។ ប៉ុន្ដែដោយសារកន្លងមក ជួបនូវបញ្ហាប្រឈមមួយចំនួន រួមមានការកង្វះធនធានមនុស្ស នីតិវិធី លិខិតបទដ្ឋានគតិយុត្ត ថវិកា និងទីតាំងសមរម្យផងនោះ បានធ្វើឱ្យមានការពន្យាពេលក្នុងការបង្កើតតុលាការនេះ។ អ្នកជំនាញរូបនេះកត់សម្គាល់ឃើញថា កន្លងមកនៅពេលមានវិវាទពាណិជ្ជកម្មកើតឡើង ពាណិជ្ជករ និងអ្នកវិនិយោគតែងតែទៅដោះសា្រយនៅតុលាការស៊ីវិលទូទៅដែលមិនចំឯកទេស ដែលបានបង្កផលលំបាកមួយចំនួនដល់ពាណិជ្ជករ និងអ្នកវិនិយោគ ដែលជាភាគីវិវាទ តាមរយៈការចំណាយពេលយូរ ខាតពេលវេលា និងចំណាយថវិការច្រើនជាដើម។

យ៉ាងណាមិញបើតាមអ្នកជំនួញរូបនេះ ទាំងអ្នកវិនិយោគក្នុងស្រុក និងក្រៅស្រុកតែងតែចង់បាននូវប្រព័ន្ធច្បាស់មួយ ដែលមានការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព តម្លាភាព និងយុតិ្តធម៌ ដើម្បីផ្តល់នូវទំនុកចិត្តសម្រាប់ពួកគេនៅពេលមានវិវាទពាណិជ្ជកម្មណាមួយកើតឡើង។ អ្នកជំនាញរូបនេះជឿជាក់ថា ក្រោយតុលាការនេះលេចចេញជារូបរាង វានឹងជួយកាត់បន្ថយភាពភ័យខ្លាច និងផ្តល់ទំនុកចិត្តបន្ថែមទៀតដល់វិនិយោគិនក្នុងស្រុក និងក្រៅស្រុកសម្រាប់ការបោះទុនវិនិយោគនៅកម្ពុជា។ លើសពីនេះ វានឹងក្លាយជាឈ្នាន់មួយដ៏សំខាន់ក្នុងការទាក់ទាញវិនិយោគិនបរទេសឲ្យមកបណ្តាក់នៅកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀតផងដែរ។

សូមជម្រាបថា ការបង្កើតតុលាការពាណិជ្ជកម្មកម្ពុជានេះធ្វើឡើងក្នុងគោលបំណសំខាន់ គឺដើម្បីជួយពន្លឿនការកាត់ក្តីឲ្យបានឆាប់រហ័ស ផ្តល់តម្លាភាព យុត្តិធម៌ និងគ្មានអំពើពុករលួយ។ ហើយតាមរយៈកត្តាទាំងនេះនឹងជួយឱ្យអ្នកវិនិយោគ ឬអ្នករកស៊ី ដែលមានវិវាទ ឬទំនាស់ផលប្រយោជន៍ពីការជួញដូរផ្នែកធ្វើពាណិជ្ជកម្ម អាចដោះស្រាយវិវាទនៅក្នុងស្រុកកាន់តែងាយស្រួលផងដែរ៕




អត្ថបទបន្ទាប់


ការវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា មានការប្រែប្រួលយ៉ាងណា ក្រោយមានការជំរុញប្រើប្រាស់ឱ្យអស់សក្កានុពលពីថ្នាក់ដឹកនាំកម្ពុជា?

ព័ត៌មាន
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកតំបន់សេដ្ឋកិច្ចពិសេសរបស់កម្ពុជា ដើរតួនាទី និងរួមចំណែកយ៉ាងសំខាន់ក្នុងការជួយអភិវឌ្ឍន៍សេដ្ឋកិច្ច និង…

រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាននិយាយថា ប្រទេសប៉ាគីស្ថាន មិនជាប់ក្នុង «អន្ទាក់បំណុល» របស់ ប្រទេស ចិន នោះឡើយ

ព័ត៌មាន
រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក ប៊ីឡាវ៉ាល ប៊ូតូ ហ្សាដារី (Bilawal Bhutto Zardari) បាន ប្រាប់ សារ ព័ត៌ មាន នីកេ កាល ពី ពេល ថ្មីៗ ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ