អ៊ីស្រាអែលបិទឧស្ម័ន

អ៊ីស្រាអែលបិទកន្លែងឧស្ម័នមួយនៅជិតតំបន់ហ្គាហ្សាចំពេលមានជម្លោះកាន់តែខ្លាំង


ក្រុមហ៊ុន ឈេវរ៉ុន (Chevron) របស់សហរដ្ឋអាម៉េរិក បាននិយាយកាលពីពេលថ្មីៗថា ក្រុមហ៊ុននេះបានបិទកន្លែងឧស្ម័នធម្មជាតិតាម៉ា(Tamar) នៅឆ្នេរសមុទ្រនៃប្រទេសអ៊ីស្រាអែល តាមការបញ្ជារបស់មន្ត្រីអ៊ីស្រាអែល នៅក្រោយពេល២ថ្ងៃបន្ទាប់ពីពួកសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស បានបើកការវាយប្រហារយ៉ាងចាស់ដៃទៅលើអ៊ីស្រាអែល កាលពីចុងសប្ដាហ៍មកនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
អ៊ីស្រាអែលបិទឧស្ម័ន
ដោយ

ក្រុមហ៊ុនថាមពលអាមេរិក ឈេវរ៉ុន បាននិយាយថា អណ្ដូងឧស្ម័ន តាម៉ា (Tamar) ដែលស្ថិតនៅចម្ងាយជាង២៤គីឡូម៉ែត្រ ពីឆ្នេរសមុទ្រភាគខាងត្បូងរបស់អ៊ីស្រាអែលនេះ បានជួយបំពេញតម្រូវការថាមពលសម្រាប់ផលិតថាមពលរបស់អ៊ីស្រាអែល បាន៧០%។ ប៉ុន្តែកាលពីថ្ងៃចន្ទ ទី៩ ខែតុលា អ៊ីស្រាអែលបានប្រាប់ឱ្យក្រុមហ៊ុនអាមេរិកនេះ បិទកន្លែងឧស្ម័ននេះមួយរយៈពេលសិននៅចំពេលមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្នុងជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។

ការបិទកន្លែងឧស្ម័នរយៈពេលយូរអាចជំរុញឱ្យធ្លាក់ចុះនូវការនាំចេញឧស្ម័នរបស់អ៊ីស្រាអែលទៅកាន់ប្រទេសជិតខាងរបស់ខ្លួនដូចជាអេហ្ស៊ីប និងហ្ស៊កដានីជាដើម ហើយក៏ជាការបន្ថែមសម្ពាធដល់ទីផ្សារឧស្ម័នពិភពលោកដែលកំពុងតែយ៉ាប់យ៉ឺនរួចទៅហើយដោយសារជម្លោះនៅអ៊ុយក្រែនផងដែរ។ ទោះយ៉ាងណាសម្រាប់ពេលនេះក្រុមហ៊ុន ឈេវរ៉ុន នៅតែបន្តផ្គត់ផ្គង់អតិថិជនរបស់ខ្លួននៅក្នុងប្រទេសអ៊ីស្រាអែល និងតំបន់ផ្សេងទៀតជាមួយនឹងឧស្ម័នបានមកពីកន្លែងឧស្ម័ន ឡេវៀថាន (Leviathan) ដែលធំជាងអណ្ដូងឧស្ម័ន តាម៉ា និងស្ថិតនៅក្នុងប្រទេសអ៊ីស្រាអែលផងដែរ។

អ្នកនាំពាក្យក្រុមហ៊ុន ឈេវរ៉ុន លោក សាលី ចូន (Sally Jones) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុន ឈេវរ៉ុន ផ្តោតសំខាន់លើការផ្គត់ផ្គង់ឧស្ម័នធម្មជាតិ ប្រកបដោយសុវត្ថិភាព និងគួរឱ្យទុកចិត្តសម្រាប់ជាប្រយោជន៍ដល់ទីផ្សារក្នុងស្រុករបស់អ៊ីស្រាអែល និងអតិថិជនក្នុងតំបន់របស់ពួកគេ ប៉ុន្តែពួកគេក៏ត្រូវគិតគូរជាចម្បងពីសុវត្ថិភាពរបស់បុគ្គលិក សហគមន៍ ដែលពួកគេធ្វើប្រតិបត្តិការ បរិស្ថាន និងកន្លែងរបស់ពួកគេផងដែរ។

ការបិទកន្លែងឧស្ម័ន តាម៉ា នេះបានធ្វើឡើងនៅចំពេលក្រុមហាម៉ាស បន្តបាញ់រ៉ុក្កែតចេញពីតំបន់ហ្គាហ្សាឆ្ពោះទៅប្រទេសអ៊ីស្រាអែល ខណៈដែលអ៊ីស្រាអែល បង្កើនការសងសឹករបស់ខ្លួនចំពោះការវាយប្រហារដ៏សាហាវកាលពីចុងសប្តាហ៍មុននេះដោយក្រុមហាម៉ាសផងដែរ។

បើតាមទីភ្នាក់ងារព័ត៌មានមួយបានរាយការណ៍ថា អណ្ដូងឧស្ម័ន តាម៉ា មានទីតាំងស្ថិតនៅចន្លោះនៃការបាញ់ផ្លោងគ្រាប់រ៉ុក្កែតរវាងតំបន់ហ្គាហ្សា និងប្រទេសអ៊ីស្រាអែល។

ការបិទអណ្ដូងឧស្ម័ន តាម៉ា នេះបានកើតឡើងនៅពេល ដែលប្រទេសមួយចំនួននៅអឌ្ឍគោលខាងជើងកំពុងឆ្ពោះទៅរករដូវរងា ខណៈដែលតម្រូវការឧស្ម័នធម្មជាតិ សម្រាប់កម្ដៅក្នុងផ្ទះបានកើនឡើង។ សន្ទស្សន៍តម្លៃឧស្ម័ននាពេលអនាគតរបស់ហូឡង់បានកើនឡើង១២% កាលពីថ្ងៃអង្គារ គឺឡើងជិតដល់៥២ដុល្លារក្នុងមួយម៉ោងមេហ្គាវ៉ាត់។ តម្លៃឧស្ម័នបានកើនឡើងសរុបចំនួន២៩%មកហើយចាប់តាំងពីថ្ងៃសុក្រ ទី៦ ខែតុលា ដែលជាថ្ងៃជួញដូរចុងក្រោយ និងនៅមុនពេល១ថ្ងៃបន្ទាប់ពីក្រុមហាម៉ាស បានបើកការវាយប្រហារមិនធ្លាប់មានពីមុនមកទៅលើអ៊ីស្រាអែល នៅក្នុងពេលជាង៥០ឆ្នាំមកនេះ៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មវាយតម្លៃថា តម្លៃប្រេងឥន្ធនៈអាចនឹងបន្តកើនឡើង

ព័ត៌មាន
ក្រោយផ្ទុះសង្គ្រាមរវាងកងកម្លាំងរដ្ឋាភិបាលអ៊ីស្រាអែល ជាមួយក្រុមហាម៉ាស ប៉ាឡេស្ទីន កាលពីចុងសប្តាហ៍មុន បានជំរុញឱ្យតម្លៃទំនិញសំខាន់ៗមួយចំនួន …

សង្រ្គាមអ៊ីស្រាអែល-ហាម៉ាសប៉ះពាល់ដល់ពលរដ្ឋ២៦សញ្ជាតិ

ព័ត៌មាន
ស្ថានការណ៍នៃសង្រ្គាមរវាងអ៊ីស្រាអែលនិងហាម៉ាសនៅពេលនេះនៅតែបន្តផ្ទុះ ហើយស្ថានភាពអាចកាន់តែអាក្រក់ថែមទៀត ។ តាមរបាយការណ៍បានឲ្យដឹងថា សង្រ្គាមនេ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ