Advertisement
សេវាតាក់ស៊ី

iTsumo ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​តាក់ស៊ី Choice ខណៈ​ Uber ចូល​ទីផ្សារ​កម្ពុជា


ក្រុមហ៊ុន​បច្ចេកវិទ្យា ITsumo Tec Co., Ltd. ដែល​​ជា​អ្នក​បង្កើត​កម្មវិធី​ទូរស័ព្ទ​ដៃ​សម្រាប់​ការ​ហៅ​សេវា​តាក់ស៊ី ឈ្មោះ iTsumo ថ្មីៗ​នេះ បាន​ចាប់​ដៃគូ​សហការ​គ្នា​ជាមួយ​ក្រុមហ៊ុន​តាក់ស៊ី Choice ដើម្បី​ផ្ដល់​សេវា​​តាក់ស៊ី​នៅ​ក្នុង​ប្រទេស​កម្ពុជា ឲ្យ​កាន់​តែ​ប្រសើរ​ឡើង។
ក្រុមហ៊ុន​បច្ចេកវិទ្យា ITsumo ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​តាក់ស៊ី Choice ដើម្បី​ផ្ដល់​សេវា​តាក់ស៊ី​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​នៅ​កម្ពុជា។
ដោយ
Advertisement

ការ​ចុះ​ហត្ថលេខា​​លើ​កិច្ច​សហប្រតិបត្តិការ​ជាដៃគូ​នេះ ធ្វើ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​ក្រុមហ៊ុន​​តាក់ស៊ី​ដ៏​ធំ​បំផុត​របស់​អាមេរិក​ប្រកាស​ចូល​ទីផ្សារ​តាក់ស៊ី​កម្ពុជា​ជា​ផ្លូវការ និង​ខណៈ​ដែល​ក្រុមហ៊ុន​​តាក់ស៊ី​ដ៏​ធំ​មួយ​​ទៀត​ ឈ្មោះ Grab ដែល​មាន​មូលដ្ឋាន​នៅ​សិង្ហ​បុរី កំពុង​ត្រៀម​ចូល​ទីផ្សារ​​តាក់ស៊ី​ដ៏​​ចង្អៀត​របស់​កម្ពុជា។ 

កម្មវិធី​ហៅ​សេវា​តាក់ស៊ី​តាម​ទូរស័ព្ទ​ដៃ iTsumo App ដែល​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ ITsumo Tec Co., Ltd. នៅ​ឆ្នាំ​នេះ បាន​និង​កំពុង​ទទួល​បាន​ការគាំទ្រ​ពី​អ្នក​បើកបរ​តាក់ស៊ី​ក្នុង​ស្រុក​ជាច្រើន ហើយ​​គិត​មក​ទល់​​បច្ចុប្បន្ន មាន​យានយន្ត​បម្រើ​សេវា​តាក់ស៊ី​ជាង ៧០០​គ្រឿង បាន​ចុះ​បញ្ជី​ប្រើ​ប្រាស់​កម្មវិធី​ iTsumo App នេះ រួមមានទាំង​រថយន្ត​ទំនើប SUV រថយន្ត​ទេសចរណ៍​ខ្នាត​តូច និង​រ៉ឺម៉កម៉ូតូ។

Choice គឺ​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​តាក់ស៊ី​ក្នុង​ស្រុក ដែល​បាន​ប្រតិបត្តិការ​អាជីវកម្ម​របស់​ខ្លួន ចាប់​តាំង​ពី​ឆ្នាំ​២០០៩​មក​ម្ល៉េះ ហើយ​សព្វ​ថ្ងៃ ក្រុមហ៊ុន​មាន​អ្នក​បើកបរ​វិជ្ជាជីវៈ​ជាង ២០០នាក់។ ការចាប់​ដៃគូ​រវាង​ក្រុមហ៊ុន​បច្ចេកវិទ្យា​និង​ក្រុមហ៊ុន​តាក់ស៊ី​នេះ ត្រូវ​គេ​មើល​ឃើញថា ទំនង​ជា​ការ​ត្រៀម​ខ្លួន​ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​ក្រុមហ៊ុន​តាក់ស៊ី​យក្ស​មក​ពី​អាមេរិក​ ឈ្មោះ Uber ប៉ុន្តែ លោក មុំ ក្លេអូម៉ូរ៉ា នាយក​ប្រតិបត្តិ ក្រុមហ៊ុន iTsumo Tec Co., Ltd និយាយ​ថា កិច្ច​សហប្រតិបត្តិការ​នេះ មិន​មែន​ដើម្បី​ប្រកួត​ប្រជែង​ជាមួយ Uber ឬ Grab ប៉ុន្តែ ដើម្បី​ធ្វើ​ឲ្យ​សេវាកម្ម​​តាក់ស៊ី​កាន់​តែ​ប្រសើរ​ឡើង និង​គ្រប់គ្រាន់​សម្រាប់​​បម្រើ​​តម្រូវការរបស់​អតិថិជន​តាក់ស៊ី។ 

លោក មុំ ក្លេអូម៉ូរ៉ា ឲ្យ​ដឹង​យ៉ាង​ដូច្នេះ​ថា ៖ «គោលដៅ​ទី១ គឺ​ធ្វើ​ឲ្យ​រយៈពេល​នៃ​ការ​រង់ចាំ​របស់​ភ្ញៀវ មិន​ឲ្យ​លើស​ពី​៥​នាទី បន្ទាប់​ពី​គាត់​ហៅ​តាក់ស៊ី។ ទី​២ គឺ ធ្វើ​ឲ្យ​ងាយ​ស្រួល​បំផុត​សម្រាប់​ភ្ញៀវ​ក្នុង​ការ​ហៅ​តាក់ស៊ី។ យើង​ជឿថា ការ​​សហការ​​គ្នា​នេះ​នឹង​ជួយ​ឲ្យ​សម្រេច​គោលដៅ​ទាំង​នេះ ហើយ​ក្រុមហ៊ុន Choice នឹង​កើន​អតិថិជន​ជិះ​តាក់ស៊ី ដោយ​ប្រើ​កម្មវិធី​តាក់ស៊ី iTsumo។ ហើយ​នេះ​ជា​សេណារីយ៉ូ ឈ្នះ-ឈ្នះ សម្រាប់​ក្រុមហ៊ុន​ទាំង​ពីរ»។

Advertisement

ថ្មីៗ​នេះ ក្រុមហ៊ុន​តាក់ស៊ី​ដ៏​ធំ​បំផុត​របស់​អាមេរិក Uber បាន​ប្រកាស​ចូល​ទីផ្សារ​តាក់ស៊ី​កម្ពុជា​ជា​ផ្លូវការ ហើយ​ក្រុមហ៊ុន​តាក់ស៊ី​ធំ​បំផុត​នៅ​អាស៊ី​អាគ្នេយ៍​មួយ​ទៀត ឈ្មោះ Grab ដែល​មាន​មូលដ្ឋាន​នៅ​សិង្ហ​បុរី ក៏​ត្រៀមនឹង​ចូល​មក​ទីផ្សារ​កម្ពុជា​ផង​ដែរ ដោយ​តំណាង​ក្រុមហ៊ុន​មួយ​នេះបាន​ជួប​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​ត្រួសត្រាយ​ផ្លូវ​រួច​ហើយ។

ចំពោះ​ការ​ចូល​មក​ និង​ការគ្រោង​នឹង​ចូលមក​នៃ​ក្រុមហ៊ុន​តាក់ស៊ី​ធំ​បំផុតលំដាប់​ពិភព​លោក​ទាំង​ពីរ​នេះ លោក មុំ ក្លេអូម៉ូរ៉ា នាយកប្រតិបត្តិ​ក្រុមហ៊ុន​បច្ចេកវិទ្យា ITsumo Tec និយាយ​យ៉ាង​ដូច្នេះ​ថា ៖ «ខ្ញុំ​គិត​ថា ក្រុមហ៊ុន​ទាំង​ពីរ​នេះ​ជា​ដៃគូ​ប្រកួត​ប្រជែង​ដ៏ល្អ។  យើង​ស្វាគមន៍​ចំពោះ​វត្តមាន​របស់​ក្រុមហ៊ុន​រាមច្បង​ទាំង​ពីរនេះ ដោយ​សង្ឃឹម​ថា ពួកគេ​នឹង​ជួយ​បណ្តុះបណ្តាល (Educate) អ្នក​ប្រើប្រាស់​ក្នុង​ស្រុក​យើង​ឲ្យ​ចេះ​ប្រើប្រាស់​និង​យល់​ដឹង​អំពី​ភាព​ងាយ​ស្រួល​នៃ​ការ​ប្រើ​ស្មាតហ្វូន​ក្នុង​ការ​ហៅ​តាក់ស៊ី ហើយ​សង្ឃឹម​ថា ពួកគេ​នឹង​ជួយ​ពង្រីក​ទីផ្សារ​តាក់ស៊ី​ក្នុង​ស្រុក​ឲ្យ​កាន់​តែ​រីក​ចម្រើន​ផងដែរ»។

កម្មវិធី​ហៅតាក់ស៊ី​តាម​ទូរស័ព្ទ​ដៃ iTsumo មាន​លក្ខណៈ​ស្រដៀង​នឹង​ Uber ដែរ គឺ​ភ្ជាប់​អ្នក​ប្រើប្រាស់​ដែល​ត្រូវការ​សេវា​តាក់ស៊ី​អាច​ជឿ​ទុក​ចិត្ត​បាន ជាមួយ​នឹង​ម្ចាស់​យានយន្ត​ដែល​​ធ្វើការក្រៅ​ម៉ោង​ជា​អ្នក​បើក​បរ​ដើម្បី​បាន​ប្រាក់​កម្រៃ​បន្ថែម។ នៅ​ពេល​បើក​​មុខងារ GPS របស់​ស្មាតហ្វូន អ្នក​ប្រើ​ប្រាស់​កម្មវិធីតាក់ស៊ី iTsumo អាច​មើល​ឃើញ​ទីកន្លែង​ដែល​មាន​អ្នក​បើកបរ​នៅ​ក្បែរ​ខ្លួន និង​ជ្រើសរើស​ទិសដៅ​ដែល​ត្រូវ​ទៅ នៅ​លើ​ផែនទី។ ហើយ​អ្នក​បើក​បរ ដែល​ប្រើ​ iTsumo ដែរ ក៏​អាច​រក​ឃើញ​អ្នក​ប្រើប្រាស់​ភ្លាមៗ​និង​ដោយ​ងាយ​ស្រួល​ផង​ដែរ៕

© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


៩​ខែ​ឆ្នាំ​នេះ កម្ពុជា​រក​ចំណូល​បាន​ជាង​៧៥​លាន​ដុល្លារ​ពី​ការ​លក់​ប័ណ្ណ​ទស្សនា​អង្គរវត្ត

ព័ត៌មាន
គិតត្រឹម​រយៈពេល​៩​ខែ​ឆ្នាំ​២០១៧ ចំណូល​ពី​ការ​លក់​ប័ណ្ណ​ទស្សនា​រមណីយ​ដ្ឋាន​អង្គរ​​​​មាន​ចំនួន​ជាង​៧៥​លាន​ដុល្លារ​អាមេរិក ដោយ​មាន​ក...

ចង់​ក្លាយ​ជា​អ្នក​ដឹកនាំ​មាន​ឥទ្ធិពល ត្រូវ​កសាង​អំណាច​ទាំង​៦​នេះ

ព័ត៌មាន
តើ​អ្នក​កំពុង​មាន​តួនាទី​ជា​អ្នក​ដឹកនាំ​មែន​ទេ? តើ​អ្នក​ចង់​ក្លាយ​ជា​អ្នក​ដឹកនាំ​ដែល​មាន​ឥទ្ធិពល​មួយ​រូប​ដែរ​ឬ​ទេ? បើ​អ្នក​កំពុង​...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ