ល្បែងអនឡាញ

តើក្រុមអ្នកជំនាញយល់ឃើញបែបណា ក្រោយវិនិយោគិនជប៉ុនបារម្ភល្បែងអនឡាញធ្វើឲ្យប៉ះពាល់ដល់ខ្សែច្រវ៉ាក់ផលិតកម្ម និងការវិនិយោគខ្លួននៅកម្ពុជា?


កាលពីពេលថ្មីៗនេះ ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានជួបពិភាក្សាការងារ ជាមួយក្រុមហ៊ុនវិនិយោគជប៉ុន ដែលកំពុងមានប្រតិបត្តិការវិនិយោគនៅកម្ពុជា ដើម្បីស្តាប់ការលើកឡើងពីបញ្ហាប្រឈម និងសំណើរផ្សេងៗរបស់ពួកគេ។ នៅក្នុងជំនួបនោះ អ្នកវិនិយោគជប៉ុនបានលើកឡើងពីបញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធបញ្ហាប្រព័ន្ធទឹក-ភ្លើង ការរីកដុះដាលនៃល្បែងអនឡាញនៅកម្ពុជា។
ល្បែងអនឡាញ
ដោយ

ពួកគេបានបង្ហាញការបារម្ភចំពោះការរីកដុះដាលនៃល្បែងអនឡាញនៅកម្ពុជាក្នុងការធ្វើឱ្យប៉ះពាល់ដល់ខ្សែច្រវាក់ផលិតកម្ម និងការវិនិយោគរបស់ខ្លួននៅកម្ពុជា។ តើក្រុមអ្នកជំនាញមានការយល់ឃើញបែបណាចំពោះការបារម្ភរបស់វិនិយោគិនជប៉ុន លើល្បែងអនឡាញក្នុងការធ្វើឱ្យប៉ះពាល់ដល់ការវិនិយោគរបស់ពួកគេ?

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា កត់សម្គាល់ឃើញថា បច្ចុប្បន្នបញ្ហាល្បែងអនឡាញមិនទាន់ជះផលអវិជ្ជមានខ្លាំងនៅឡើយនោះទេ មកលើវិស័យវិនិយោគនៅកម្ពុជា។ តែយ៉ាងណាអ្នកជំនាញរូបនេះបានចាត់ទុកការបង្ហាញក្តីបារម្ភរបស់វិនិយោគិនជប៉ុន លើបញ្ហារីកដុះដាលល្បែងអនឡាញនៅកម្ពុជា ក្នុងការធ្វើឱ្យប៉ះពាល់ដល់ខ្សែច្រវាក់ផលិត និងការវិនិយោគរបស់ពួកគេ គឺជារឿងត្រឹមត្រូវ និងគួរពិចារណា។

សម្រាប់អ្នកជំនាញរូបនេះជឿជាក់ថា បញ្ហានេះអាចនឹងធ្វើឱ្យប៉ះពាល់ដល់ការវិនិយោគនៅកម្ពុជា ប្រសិនបើល្បែងអនឡាញរីករាលដាលដល់តំបន់សេដ្ឋកិច្ចពិសេស ហើយគ្មានចំណាត់ការពីអាជ្ញាធរពាក់ព័ន្ធឱ្យបានទាន់ពេលវេលា។ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា រូបនេះ ស្នើដល់រាជរដ្ឋាភិបាល ត្រូវមានវិធានការទប់ស្កាត់ឲ្យបានទាន់ពេលវេលាចំពោះបញ្ហានេះ ដើម្បីចៀសវាងបង្កផលប៉ះពាល់ដល់ការវិនិយោគរបស់កម្ពុជានាពេលខាងមុខ។

​ស្រដៀងគ្នានេះដែរ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ការរីកសាយភាយនៃល្បែងអនឡាញក្នុងស្រុក ពិតជាអាចប៉ះពាល់ដល់ខ្សែច្រវាក់ផលិតកម្មក្នុងស្រុក បើសិនគ្មានលក្ខខណ្ឌកំណត់ឲ្យបានសមស្រប។

សម្រាប់បណ្ឌិត គី សេរីវឌ្ឍន៍ ការរីករាលដាលនៃល្បែងអនឡាញ និងកំណើននៃកាស៊ីណូហាក់មិនសូវមានការជាប់ពាក់ព័ន្ធគ្នាខ្លាំងជាមួយស្ថានភាពវិនិយោគប៉ុន្មានឡើយ។ ក៏ប៉ុន្តែក្នុងលក្ខខណ្ឌ ដែលវិស័យល្បែងអនឡាញក្នុងប្រទេសកម្ពុជា មានការរីកចម្រើនខ្លាំង នឹងអាចធ្វើឲ្យពលរដ្ឋកម្ពុជាងាយនឹងធ្លាក់ចូលក្នុងវិស័យល្បែង ដែលធ្វើឲ្យកម្ពុជាអាចបាត់បង់កម្លាំងពលកម្មនឹងប៉ះពាល់ដល់ខ្សែច្រវាក់ផលិតកម្មនៅកម្ពុជា។

​សូមបញ្ជាក់ថា ក្រៅពីការរីកដុះដាលនៃល្បែងអនឡាញ និងកំណើនកាស៊ីណូក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ វិនិយោគិនបរទេស ក៏បានបង្ហាញក្តីបារម្ភចំពោះបញ្ហាប្រព័ន្ធទឹក-ភ្លើង ផងដែរ ដែលអាចបង្កផលប៉ះពាល់ដល់ខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន នៅកម្ពុជា។ ជាការឆ្លើយតបនូវបញ្ហាខាងលើឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាកំពុងជំរុញការដោះស្រាយលើបញ្ហាប្រព័ន្ធទឹក-ភ្លើង នេះឲ្យបានឆាប់។

ដោយឡែក ទាក់ទិននឹងការរីកដុះដាលនៃល្បែងអនឡាញ និងកំណើនកាស៊ីណូ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កាលពីពេលថ្មីៗនេះ បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ល្បែងស៊ីសងគ្រប់ប្រភេទនៅទូទាំងប្រទេស៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជាគ្រោងចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហរដ្ឋអាមេរិក ដើម្បីជំរុញទំហំពាណិជ្ជកម្ម និងការនាំចេញ

ព័ត៌មាន
ក្នុងជំនួបជាមួយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក Jim Jones នាយកប្រតិបត្តិនៃក្រុមហ៊ុន …

សមាគមទេសចរណ៍កម្ពុជា-ឥណ្ឌា ចុះកិច្ចព្រមព្រៀងជំរុញកំណើនភ្ញៀវទេសចរ

ព័ត៌មាន
នៅក្នុងដំណើរទស្សនកិច្ចចូលរួមក្នុងពិព័រណ៍ទេសចរណ៍ នៅក្រុងញូដេលី នៃប្រទេសឥណ្ឌា នាពេលថ្មីៗនេះ លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ