Advertisement
ក្រុមហ៊ុនជប៉ុន

ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុដ៏ធំមួយរបស់ជប៉ុនបានបោះទុនវិនិយោគនៅកម្ពុជា


ក្រុមហ៊ុន JACCS Finance Cambodia ជាបុត្រសម្ព័ន្ធរបស់របស់ក្រុមហ៊ុន JACCS ដែលជាក្រុមហ៊ុនផ្តល់សេវាឥណទានដ៏ធំមួយរបស់ជប៉ុន បានបោះទុនរកស៊ីនៅកម្ពុជាហើយ បន្ទាប់ពីវិនិយោគនៅប្រទេសហ្វីលីពីន ឥណ្ឌូនេស៊ី និងវៀតណាម។
សកម្មភាពវាយបំបែកធុងស្រាបុរាណជប៉ុន ដើម្បីអបអរពិធីសម្ពោធក្រុមហ៊ុន JACCS Finance Cambodia នៅស្ថានទូតជប៉ុនប្រចាំកម្ពុជា (រូបភាព៖ រ៉ឹម ភារី)
ដោយ
Advertisement

លោក Itagaki Yasuyoshi អគ្គនាយកក្រុមហ៊ុន JACCS បានថ្លែងក្នុងពិធីសម្ពោធក្រុមហ៊ុននៅស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ថា ក្រុមហ៊ុនរបស់លោកបានផ្តល់ហិរញ្ញប្បទានជូនអតិថិជននៅក្រុង Hakodate ខេត្ត Hokkaido ប្រទេសជប៉ុននៅឆ្នាំ១៩៥៤ ហើយបានបោះទុន  វិនិយោគនៅប្រទេសវៀតណាមក្នុងឆ្នាំ២០១០ ឥណ្ឌូនេស៊ីនៅឆ្នាំ២០១២ ហ្វីលីពីនក្នុងឆ្នាំ២០១៦ និងនៅខែមករាកន្លងទៅនេះ កម្ពុជាជាប្រទេសទី៤ ដែលក្រុមហ៊ុនខ្លួនបានបណ្តាក់ទុន វិនិយោគ។   

លោកបន្ថែមថា សព្វថ្ងៃទាំងនៅប្រទេសជប៉ុន និងបណ្តាប្រទេសក្នុងតំបន់អាស៊ាន ក្រុមហ៊ុនរបស់លោកមាននិយោជិក៥ពាន់៥រយនាក់ និងមានទ្រព្យសម្បត្តិរួម៤ទ្រីលានយ៉េន និងប្រាក់ចំណេញចរន្តនាឆ្នាំសារពើពន្ធនេះ ត្រូវបានរំពឹងថា នឹងមានប្រមាណ១២ពាន់លានយ៉េន។ 

លោក Itagaki Yasuyoshi អគ្គនាយកក្រុមហ៊ុន JACCS (រូបភាព៖ ហេង ភារម្យ)

លោកពន្យល់ថា៖ «យើងខ្ញុំមានបំណងចង់បម្រើដល់កំណើនសេដ្ឋកិច្ចកាន់តែខ្ពស់របស់កម្ពុជា និងលើកកម្ពស់ជីវភាពរបស់ប្រជាជនកម្ពុជា តាមរយៈកិច្ចអាជីវកម្មប័ណ្ណឥណទាននៅលើទឹកដីកម្ពុជា ដោយប្រើប្រាស់ចំណេះដឹង និងចំណេះធ្វើនៃការផ្តល់ហិរញ្ញប្បទានជូនអតិថិជនដែលធ្លាប់ឆ្លងកាត់បទពិសោធជាច្រើននៅប្រទេសជប៉ុនក៏ដូចជាបបណ្តាប្រទេសនៅអាស៊ាន»។

លោកបន្តថា៖ «ក្រុមហ៊ុនយើងខ្ញុំ នឹងយកចិត្តទុកដាក់អំពីជំនឿចិត្ត និងសេចក្តីទុកចិត្ត ដែលត្រូវកសាងឡើងនៅក្នុងសកម្មភាពសហគ្រាសអស់រយៈពេលជាយូរមកហើយ និងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពធ្វើយ៉ាងណាបង្កើតអនាគតដែលមានក្តីសង្ឃឹម សង្គមសម្បូរបែប សម្រាប់ប្រជាជនកម្ពុជា ដោយធ្វើសកម្មភាពអាជីវកម្មប្រកបដោយតម្លាភាព និងសមធម៌»។

លោក HORINOUCHI Hidehisa ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំនៅកម្ពុជា (រូបថត៖ ហេង ភារម្យ)

លោក HORINOUCHI Hidehisa ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំនៅកម្ពុជា បានថ្លែងថា៖ «ខ្ញុំសូមជូនពរស្មោះអស់ពីចិត្តដល់ក្រុមហ៊ុន JACCS Finance Cambodia  ឲ្យទទួលបានជោគជ័យធំធេងនៅកម្ពុជា ជាពិសេស អាចរួមចំណែកដល់ការរីកចម្រើនបន្ថែមទៀតនៃសេដ្ឋកិច្ចកម្ពុជានៅពេលអនាគត»។

ទាក់ទងនឹងការបោះទុនវិនិយោគនៅកម្ពុជារបស់ក្រុមហ៊ុនជប៉ុននេះដែរ លោកជំទាវ អ៊ុក ម៉ាលី ទេសាភិបាលរងរបស់ធនាគារជាតិនៃកម្ពុជា បានថ្លែងក្នុងពិធីនេះថា វត្តមានរបស់ក្រុមហ៊ុន JACCS បានបង្ហាញពីជំនឿទុកចិត្តរបស់វិនិយោគិនជប៉ុនលើការអភិវឌ្ឍនៃប្រតិបត្តិការធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ខណៈដែលកម្ពុជាមានកំណើនសេដ្ឋកិច្ចរឹងមាំប្រមាណ៦,៩ភាគរយ អតិផរណាជាមធ្យម ២,១ភាគរយ។

លោកជំទាវបញ្ជាក់យ៉ាងដូច្នេះថា៖ «វិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជានៅបន្តរីកចម្រើនទាំងទំហំ និងវិសាលភាពប្រកបដោយសុវត្ថិភាព និងបរិយា ប័ន្ន ដោយនៅឆ្នាំ២០១៧ ប្រាក់បញ្ញើរបស់អតិថិជនក្នុងប្រព័ន្ធធនាគារបានកើនឡើងដល់ ៨៥%នៃផ.ស.ស ពោល គឺមានកំណើន ២៥,១១% និង១៩,៨៦%រៀងគ្នាធៀបនឹងឆ្នាំ២០១៦»។

លោកជំទាវ អ៊ុក ម៉ាលី ទេសាភិបាលរងរបស់ធនាគារជាតិនៃកម្ពុជា (រូបភាព៖ ហេង ភារម្យ)

លោកជំទាវបន្តថា៖ «នាងខ្ញុំមានជំនឿយ៉ាងមុតមាំថា ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុជេកស៍ ហ្វាយនែន (ខេមបូឌា)ម.ក នឹងចូលរួមទ្រទ្រង់ការអភិវឌ្ឍនវិស័យធនាគារនៅកម្ពុជា ដោយលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ ព្រមទាំងបង្កើនតួនាទីអន្តរការិយកម្មហិរញ្ញវត្ថុ ដើម្បីផ្តល់ហិរញ្ញប្បទានក្នុងតម្លៃសមរម្យដល់គម្រោងវិនិយោគក្នុងស្រុក ជាពិសេសសហគ្រាសធុនតូច និង មធ្យម (SME)។ ជាពិសេស នាងខ្ញុំសង្ឃឹមថា ក្រុមហ៊ុននឹងអនុវត្តតាមបទបញ្ញត្តិប្រុងប្រយ័ត្នជាធរមាន និងប្រកាន់ខ្ជាប់នូវគោលការណ៍កិច្ចការពារអតិថិជនវិស័យហិរញ្ញវត្ថុជាប្រចាំ»៕

© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទីផ្សារបន្លែសរីរាង្គកាន់តែរីកធំ ខណៈការផ្គត់ផ្គង់មិនគ្រប់តាមតម្រូវការ

ព័ត៌មាន
លោកបណ្ឌិត យ៉ង សាំងកុមារ អ្នកជំនាញកសិកម្មលេធធ្លោមួយរូប បានអត្ថាធិប្បាយថា ទីផ្សារបន្លែសរីរាង្គនៅកម្ពុជា បានរីកលូតលាស់កាន់តែធំ ខណៈដែលកស...

ក្រុមហ៊ុន​សិង្ហ​បុរី​ដ៏​ធំ CapitaLand នឹង​គ្រប់គ្រង​ផ្សារ​ទំនើប​នៅ​លើ​អគារ The Peak កម្ពស់​៥៥​ជាន់​​របស់​ឧកញ៉ា សៀ ឫទ្ធី

ព័ត៌មាន
ក្រុមហ៊ុន CapitaLand ដែល​ជា​អ្នក​អភិវឌ្ឍ​គម្រោង​អចលនទ្រព្យ​ធំៗ​បំផុត​នៅ​ប្រទេស​សិង្ហ​បុរី បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ដើម្បី​គ្រ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ