ផ្សារ​ទំនើប-​អចលនទ្រព្យ

ក្រុមហ៊ុន​សិង្ហ​បុរី​ដ៏​ធំ CapitaLand នឹង​គ្រប់គ្រង​ផ្សារ​ទំនើប​នៅ​លើ​អគារ The Peak កម្ពស់​៥៥​ជាន់​​របស់​ឧកញ៉ា សៀ ឫទ្ធី


ក្រុមហ៊ុន CapitaLand ដែល​ជា​អ្នក​អភិវឌ្ឍ​គម្រោង​អចលនទ្រព្យ​ធំៗ​បំផុត​នៅ​ប្រទេស​សិង្ហ​បុរី បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ដើម្បី​គ្រប់គ្រង​ផ្សារទំនើប​មួយ​ នៅ​លើ​អគារ​កម្ពស់ ៥៥ជាន់ The Peak ដែល​ស្ថិត​​នៅ​ចំ​​បេះ​ដូង​នៃ​រាជ​ធានី​ភ្នំពេញ។
រូបភាព​គំរូ​នៃ​ផ្សារ​ទំនើបរបស់​អគារ​ The Peak កម្ពស់​ ៥៥ជាន់។
ដោយ

ផ្សារ​ទំនើប​នេះ ជា​ផ្នែក​មួយ​នៃ​អគារ The Peak ដែល​ជា​ការ​អភិវឌ្ឍ​រួម​គ្នា​រវាង​ក្រុមហ៊ុន​អភិវឌ្ឍន៍​គម្រោង​អចលនទ្រព្យ​ Oxley ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហ​បុរី និង​ដៃគូ​កម្ពុជា ក្រុមហ៊ុន WorldBridge Land របស់​ឧកញ៉ា សៀ ឫទ្ធី ដែល​ល្បីល្បាញ​ខាង​មុខ​ជំនួញ​ logistics អចលនទ្រព្យ និង​​ជំនួញ​ធំៗ​ជាច្រើន​ទៀត នៅ​កម្ពុជា។

អគារ​ The Peak ដែលសព្វ​ថ្ងៃ​កំពុង​សាងសង់​យ៉ាង​មមាញឹក មានទីតាំងស្ថិតនៅ​ក្នុង​ខណ្ឌ​ចម្ការមន នៅ​ចំកណ្ដាល​រាជ​ធានីភ្នំពេញ​។ អគារកម្ពស់ ៥៥ជាន់នេះ ជា​បណ្ដុំ​នៃ​ការិយាល័យ​ធ្វើការ លំនៅដ្ឋាន​បែប​​ប្រណីត​​ជា​លក្ខណៈ​អាផាតមិន ចំនួនជាង ១ពាន់​យូនីត ផ្សារ​ទំនើប និង​សណ្ឋាគារ​ប្រណីត Shangri-La។ គម្រោង​អគារ​ស្កឹមស្កៃ​នេះ គ្រោង​នឹង​បញ្ចប់​ការ​សាងសង់​និង​បើក​ឲ្យ​ដំណើរការ​នៅ​ឆ្នាំ​២០២០។ 

ក្រុមហ៊ុន​សិង្ហ​បុរី CapitaLand នៅ​ក្រោម​កិច្ច​ព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​កម្ពុជា WorldBridge Land របស់​លោក​ឧកញ៉ា សៀ ឫទ្ធី នឹង​ទទួល​ខុសត្រូវ​​គ្រប់គ្រង​ទៅ​លើ​ការ​ធ្វើ​ផែនការ​ទ្រព្យ ការរៀបចំ​នៅ​មុន​ពេល​បើក​ និង​ប្រតិបត្តិការលក់​រាយ​របស់​ផ្សារ​ទំនើប​ដែល​មាន ៥ជាន់ នៅ​លើ​អគារ The Peak សរុប​ផ្ទៃ​ក្រឡា​ជិត ១សែន ៣ម៉ឺន​ម៉ែត្រ​ការ៉េ។ 

រូបភាព​គំរូ​នៃ​អគារ ៥៥ជាន់​ The Peak។

នាយក​ប្រតិបត្តិ​ផ្នែក​ផ្សារ​និង​អាជីវកម្ម​លក់រាយ​របស់​ CapitaLand លោក Wilson Tan មានប្រសាសន៍​នៅ​ក្នុង​ប្រកាស​ព័ត៌មាន ថា «ជាមួយ​នឹងទីតាំង​យុទ្ធសាស្ត្រ​ស្ថិត​នៅ​កណ្ដាល​រាជ​ធានី​ភ្នំពេញ ព្រមទាំង​ភាព​ទំនើប​និង​គុណភាព​ខ្ពស់​នៃ​អគារ The Peak នេះ ផ្សារ​ទំនើប​របស់​យើង​ប្រាកដ​ជា​បំពេញ​បាន​ទៅតាម​តម្រូវការ​របស់​អ្នក​ទីក្រុង​ភ្នំពេញ ដែល​ចង់​បាន​នូវ​ទំនិញ​ដែលមាន​គុណភាព​ខ្ពស់ និង​ផាសុកភាព​នៃ​ការ​ដើរ​ផ្សារ​ទិញ​ទំនិញ»។ 

ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​អគ្គនាយក​ក្រុមហ៊ុន Oxley Holdings ដែល​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​កម្ពុជា WorldBridge Land អភិវឌ្ឍ​អគារ​ខ្ពស់​ស្កឹមស្កៃ The Peak លោក Ching Chiat Kwong មាន​ថ្លែង​ថា «ដោយ​មាន​ CapitaLand ជាអ្នក​គ្រប់គ្រង​ផ្សារ​ទំនើប​របស់​យើង យើង​មាន​ភាពជឿជាក់​ខ្លាំង​ក្នុង​ការ​បង្កើន​ប្រាក់​ចំណេញ​សម្រាប់​គម្រោង​ The Peak ដោយ​ផ្ដោត​សំខាន់​ទៅ​លើ​កិច្ចការ​ស្នូល​របស់​យើង​ក្នុង​ការអភិវឌ្ឍ និង​ផ្សព្វផ្សាយ​ទីផ្សារ​សម្រាប់​គម្រោង​នេះ។ ដោយសារ​ក្រុមហ៊ុន Oxley មាន​វត្តមាន​និង​ជំនួញ​ធំៗ​នៅ​បណ្ដា​ប្រទេស​នានា​នៅ​លើ​ពិភព​លោក ដូចជា សិង្ហ​បុរី ចក្រភព​អង់គ្លេស អៀរឡង់ ចិន ឥណ្ឌូនេស៊ី និង​សហភាព​មីយ៉ាន់ម៉ា យើង​សម្លឹងឃើញ​លទ្ធភាព​នៃ​ការ​ធ្វើ​កិច្ចសហប្រតិបត្តិ​កាន់​តែ​ស៊ី​ជម្រៅ​ថែមទៀត​ជាមួយ​ក្រុមហ៊ុន CapitaLand នា​ពេល​អនាគត»។

គួរ​រំឭក​ថា ទាំង​ក្រុមហ៊ុន CapitaLand និង​ក្រុមហ៊ុន Oxley សុទ្ធ​តែ​ជា​ក្រុមហ៊ុន​ធំ ដែល​មាន​វត្តមាន​នៅ​លើ​ទីផ្សារ​ហ៊ុន​នៅ​សិង្ហបុរី ហើយ​ក្រុមហ៊ុន Oxley បាន​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​កម្ពុជា WorldBridge Land អភិវឌ្ឍ​គម្រោង​អគារ​ ៥៥ជាន់ The Peak៕




អត្ថបទបន្ទាប់


ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុដ៏ធំមួយរបស់ជប៉ុនបានបោះទុនវិនិយោគនៅកម្ពុជា

ព័ត៌មាន
ក្រុមហ៊ុន JACCS Finance Cambodia ជាបុត្រសម្ព័ន្ធរបស់របស់ក្រុមហ៊ុន JACCS ដែលជាក្រុមហ៊ុនផ្តល់សេវាឥណទានដ៏ធំមួយរបស់ជប៉ុន បានបោះទុនរកស៊ី…

វិនិយោគិន​ហុងកុងមក​កម្ពុជា​២ថ្ងៃ​ដើម្បីស្វែងរកឱកាសវិនិយោគ

ព័ត៌មាន
គណៈប្រតិភូហុងកុងមួយក្រុម បានធ្វើដំណើរទស្សនកិច្ចនៅកម្ពុជារយៈពេល២ថ្ងៃ ដើម្បីសិក្សាពីលទ្ធភាពវិនិយោគ និងសហប្រតិបត្តិការពាណិជ្ជកម្មនៅកម្ពុជា ស្រប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ