វិស័យ SME

សហគ្រាសផលិតទឹកត្រីកំពត បានបង្កើនការផលិត៣ដង ក្រោយមានការគាំទ្រខ្លាំងពីពលរដ្ឋ


ការគាំទ្រផលិតផលក្នុងស្រុករបស់ប្រជាពលរដ្ឋខ្មែរមានសម្ទុះកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់ ក្រោយពលរដ្ឋនាំគ្នាធ្វើពហិការមិនប្រើប្រាស់ផលិតផលរបស់ថៃ ដែលជំរុញម្ចាស់ក្រុមហ៊ុន និងសហគ្រាសក្នុងស្រុកត្រូវបង្កើនការផលិត ដើម្បីបំពេញតម្រូវការដែលកំពុងមានការកើនឡើងនេះ។
វិស័យ SME
ដោយ

ជាក់ស្តែងសហគ្រាសផលិតទឹកត្រី អ៊ីឆេ ង៉ូវហេង នៅខេត្តកំពត បានបង្កើនការផលិតរហូតដល់ទៅ៣ដង និងគ្រោងបង្កើនការផលិតបន្ថែមទៀត ដើម្បីឆ្លើយតបនឹងកំណើនតម្រូវការទីផ្សារ។ សហគ្រាសនេះ បានចាត់ទុកកាលៈទេសៈបច្ចុប្បន្ននេះ វាជាពេលវេលាដ៏សំខាន់សម្រាប់សហគ្រាសក្នុងស្រុកក្នុងពង្រឹងខ្លួន ដើម្បីចាប់យកឱកាសពង្រីកទីផ្សារទៅថ្ងៃអនាគត។

ឧកញ៉ា ចាន់ ស៊ីថា ម្ចាស់សហគ្រាសផលិតទឹកត្រី អ៊ីឆេ ង៉ូវហេង នៅខេត្តកំពត បានប្រាប់ខេមបូណូមីសថា ក្រោយមានការគាំទ្រខ្លាំងពីប្រជាពលរដ្ឋ សហគ្រាសផលិតទឹកត្រីរបស់លោកឧកញ៉ា និងសហគ្រាសមួយចំនួនទៀតនៅខេត្តកំពត បានបង្កើនការផលិតរហូតដល់៣ដង និងមានផែនការពង្រីកការផលិតបន្ថែមទៀត ដោយសារមិនទាន់អាចផ្គត់ផ្គង់គ្រប់តាមតម្រូវការទីផ្សារ។ សម្រាប់អ្នកជំនាញរូបនេះ ដើម្បីចាប់យកឱកាសទីផ្សារដែលកំពុងមានការកើនឡើងយ៉ាងគំហុក សហគ្រាសផលិតក្នុងស្រុកបានពង្រឹងខ្លួនកាន់តែខ្លាំងរួមទាំងការរៀបចំស្តង់ដាសុវត្ថិភាព គុណភាព និងការប្រមូលធនធានបន្ថែម ដើម្បីធ្វើយ៉ាងណាបង្កើនការផលិតឱ្យឆ្លើយតបនឹងកំណើនតម្រូវការទីផ្សារបច្ចុប្បន្ន និងទៅអនាគត។

​សហគ្រិនដែលមានបទពិសោធន៍ក្រាស់ក្រែលក្នុងវិស័យផលិតរូបនេះ លើកទឹកចិត្តដល់សហគ្រិនក្នុងស្រុកថ្មីៗ ត្រូវបន្តខិតខំតស៊ូពង្រឹងការផលិតរបស់ខ្លួនឱ្យបានកាន់តែខ្លាំងថែមទៀតទៅតាមសក្តានុពល ដែលធ្វើទៅបាន ដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែរឹងមាំ និងខ្លាំងក្លាបន្ថែមទៀត ព្រោះការងាកមកគាំទ្រផលិតផលក្នុងស្រុករបស់ប្រជាពលរដ្ឋនៅមួយរយៈពេលចុងក្រោយនេះ គឺបានជួយជំរុញដល់កំណើនសេដ្ឋកិច្ចបានមួយកម្រិត តាមរយៈការបង្កើនឱកាសការងារដល់ពលរដ្ឋ ការស្រូបទាញវត្ថុធាតុដើមនៅក្នុងស្រុកបានកាន់តែច្រើន និងការបង់ពន្ធជូនរដ្ឋជាដើម។

​គួរជម្រាបថា សហគ្រាសផលិតទឹកត្រី អ៊ីឆេ ង៉ូវហេង ខេត្តកំពត បច្ចុប្បន្ន មានផលិតនូវផលិតផលគ្រឿងទេសជាច្រើនមុខ ដូចជា ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកប្រេងខ្យង ទឹកម្ទេច អំបិល និងម្រេចជាដើម ដែលសុទ្ធសឹងតែប្រើប្រាស់វត្ថុធាតុដើមនៅក្នុងស្រុក៕




អត្ថបទបន្ទាប់


កំណើនសេដ្ឋកិច្ចចិន ត្រូវបានគេរំពឹងថានឹងធ្លាក់ចុះត្រីមាសទី៣ឆ្នាំនេះ

ការស្ទង់មតិ ដែលធ្វើឡើងដោយសារព័ត៌មាននីកេអេស៊ា ជាមួយក្រុមអ្នកសេដ្ឋកិច្ចបានបង្ហាញថា កំណើនសេដ្ឋកិច្ចរបស់ចិន ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះន…

តើសិស្សដែលទើបប្រលងបាក់ឌុបចប់គួរជ្រើសរើសសាលាយ៉ាងដូចម្តេច ដើម្បីកុំឱ្យចាញ់បោកគេ?

ក្រោយលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិប្រចាំឆ្នាំសិក្សា ២០២៤-២០២៥ បានប្រកាសកាលពីពេលថ្មីៗ គេសង្កេតឃើញមានសិស្សានុសិស្សទាំងប្រឡងជាប់ និង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ