ពលករចំណាកស្រុក

ជប៉ុន នឹងពិចារណាទទួល ពលករកម្ពុជា សម្រាប់មើលថែទាំចាស់ជរា


ប្រទេសជប៉ុន នឹងមានតម្រូវការការងារ ជាអ្នកថែទាំចាស់ជរា ប្រមាណ ៥៥ម៉ឺននាក់ នៅត្រឹមឆ្នាំ សារពើពន្ធ ២០២៥។ ដើម្បីបំពេញតម្រូវការនេះ រដ្ឋាភិបាលជប៉ុន ក៏នឹងពិចារណាទទួលពលករពីប្រទេសនានា ដូចជាកម្ពុជា និងឥណ្ឌូនេស៊ីផងដែរ ខណៈដែលប្រទេសវៀតណាម នាពេលថ្មីៗនេះ ទើបតែទទួលបានការអនុញ្ញាតឲ្យបញ្ជូនពលករទៅជប៉ុន ១ម៉ឺននាក់ នៅត្រឹមឆ្នាំ២០២០ សម្រាប់បម្រើការរថែទាំចាស់ជរានៅក្នុងប្រទេសជប៉ុន។
បុគ្គលិកមើលថែទាំចាស់ជរា នៅប្រទេសជប៉ុន (https://www.japantimes.co.jp)
ដោយ

បើតាមការ​អះអាង​ពីក្រសួង​ការងារ​របស់​ជប៉ុន បានថ្លែង​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​របស់​ជប៉ុន​ថា​ កំណើនតម្រូវការ​ការងារ​ថែទាំ (Caregivers) នេះ ដោយ​សារតែ​អត្រា​កំណើន​ប្រជាជន​នៅប្រទេស​ជប៉ុន បានបង្ហាញ​ពីភាព​ប្រែប្រួល​ឆាប់រហ័ស​ និងសម្បូរ​មនុស្ស​វ័យចំនាស់​ច្រើន។

តាម​សារព័ត៌មាន Japan Times របស់ជប៉ុន បានឲ្យដឹងថា នៅក្នុង​ដំណាក់​កាល​ដំបូងនេះ ជប៉ុននឹង​ទទួល​ពលករ​វៀត​ណាម ៣ពាន់​នាក់ ក្នុង​មួយឆ្នាំ តាមរយៈ​កម្មវិធី​បណ្តុះបណ្តាល​សម្រាប់​ជន​បរទេស​ដែលមាន​ស្រាប់។ ក្រៅតែ​ពីការ​ទទួល​ពលករ​វៀត​ណាម ជប៉ុន​ក៏រំពឹង​ថា នឹងមាន​ការចុះកិច្ច​ព្រម​ព្រៀង​ទទួល​ពលករ ជាមួយ​ប្រទេស​ពីរ​ផ្សេង​ទៀត គឺកម្ពុជា និងឥណ្ឌូនេស៊ី ក្នុងពេល​ឆាប់ៗ​នេះផងដែរ។ 

កាល​ពីខែមីនា ឆ្នាំមុននេះ ការងារ​តួនាទី​ជាអ្នកថែ​ទាំ នៅក្នុង​ប្រទេស​ជប៉ុន មានរហូត​ដល់ ១,៩ លាន ការងារ ហើយក្រសួង​ការងារ​ជប៉ុន បានប៉ាន់​ប្រមាណ​ថា ជប៉ុន​នឹងមានតម្រូវ​ការ​ការងារ​នេះ កាន់តែ​ច្រើនឡើង​ថែមទៀត ពោលគឺ​នឹងមាន​ប្រមាណ ២,៤៥ លាន​ការងារ គិតនៅ​ត្រឹមឆ្នាំ​សារពើ​ពន្ធ ២០២៥ ដោយសារតែ​ប្រទេសនេះ មាន​ប្រជាជន​វ័យចំណាស់​អាយុ​ជាង ៧០ឆ្នាំ​​ច្រើន និងទាមទារ​ឲ្យមាន​សេវាថែ​ទាំ​នេះយ៉ាង​ខ្លាំង។

ច្បាប់ថ្មី​នៅប្រទេស​ជប៉ុន ដែលបាន​អនុម័តកាល​ពីខែវិច្ឆិកា​ឆ្នាំមុន​នេះ បានអនុញ្ញាត​ឲ្យរាប់​បញ្ជូល​ការងារ​ថែទាំ​ចាស់ជរា សម្រាប់​ឲ្យជន​បរទេស​អាចចូល​មកធ្វើការ​បាន ក្រោម​កម្មវិធី​បណ្ដុះបណ្ដាល​របស់​ប្រទេសនេះ។

របាយការណ៍​ពីរដ្ឋាភិបាល​ជប៉ុន បានបង្ហាញ​ដែរថា គិតត្រឹម​ខែតុលា​ ឆ្នាំ២០១៧ កន្លង​ទៅនេះ ពលករបរទេស​​ដែល​បានចូល​មកធ្វើការងារ​នៅប្រទេស​ជប៉ុន មាន ១,២៨ លាននាក់។ ក្នុងនោះ ពលករជន​ជាតិ​ចិន មានចំនួន​ច្រើនជាង​គេ​បង្អស់ ដែលមាន​ប្រមាណ ​៣០% នៃ​ពលករ​បរទេស​សរុប ដែល​នាំមុខ​ចំនួន​ពលករ​ប្រទេស​វៀតណាម ភីលីពីន និងប្រេស៊ីល។ 

តាមប្រសាសន៍​របស់ លោក ស៊ីន ហ្សូអាបេ នាយក​រដ្ឋមន្ត្រី​ជប៉ុន បានលើក​ឡើង​ថា ជប៉ុន​មាន​បំណងទទួល​យក​ពលករ​បរទេស​ឲ្យមក​ធ្វើការនៅ​ប្រទេស​ជប៉ុន​ចាប់ពី​ខែ​មេសា ឆ្នាំក្រោយ​នេះ​តទៅ​ហើយ។

ដោយឡែក បើតាម​ប្រសាសន៍​​របស់ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រី ក្រសួងការងារ បណ្ដុះបណ្ដាល វិជ្ជាជីវៈ ធ្លាប់​បាន​លើកឡើង កាលពីខែ មីនា ឆ្នាំ២០១៨ កន្លងទៅ នៅក្នុងសន្និបាត​ប្រចាំ​ឆ្នាំ បានឲ្យ​ដឹងថា ពលករ​ដែលធ្វើចំណាក​ស្រុកទៅធ្វើការងារ​នៅក្រៅ​ប្រទេស មាន​ចំនួន​ជាង ១,២ លាននាក់ ហើយ​ពួកគេ​បានផ្ញើ​ប្រាក់​ត្រឡប់​មកស្រុក​កំណើត​វិញ​ប្រមាណ ជិត ២ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​មួយឆ្នាំ។

តាមរបាយ​ការណ៍​ពីក្រសួង​ការងារ និងបណ្ដុះ​បណ្ដាល​វិជ្ជាជីវៈកម្ពុជា បាន​ឲ្យដឹងថា កាលពីឆ្នាំ២០១៧ ពលករ​កម្ពុជា ដែល​បានធ្វើ​ចំណាក​ស្រុកទៅ​ធ្វើការងារ​នៅក្រៅ​ប្រទេស មានជិត ១០ម៉ឺននាក់ មានកំណើន​ជាង ១២% ធៀបនឹង​ឆ្នាំ២០១៦។

របាយការណ៍​ដដែល​បាន​ឲ្យដឹង​ទៀត​ថា ឆ្នាំ២០១៧ កម្ពជា​​បានបញ្ជូន​ពលករ​ទៅធ្វើការងារ​នៅ​ប្រទេស​ថៃ មាន ៨៧.៩០៩ នាក់ កូរ៉េខាង​ត្បូង ៥.៩៦៧ ជប៉ុន ២.២៨០ សាំងហ្គាពួរ ១៣៨ នាក់ ម៉ាឡេស៊ី ២៧នាក់ អារ៉ាប់​បី​សាអូឌីត ១២នាក់ និងហុងកុង ៥នាក់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាជ្ញាធរខេត្តស្ទឹងត្រែង បានជម្លៀសពលរដ្ឋជាង ២ពាន់គ្រួសារ ពីគ្រោះ​ទឹក​ជំនន់

ព័ត៌មាន
គិតមកត្រឹមម៉ោង៩ព្រឹកថ្ងៃទី២៦ ខែកក្កដា អាជ្ញាធរខេត្តស្ទឹងត្រែង និងកងកម្លាំងប្រដាប់អាវុធ បានជម្លៀសពលរដ្ឋនៅស្រុកសៀមប៉ាង បានចំនួនជាង ២ពាន់​គ្រ…

តម្លៃទុនវិនិយោគក្នុងវិស័យសំណង់ដាំក្បាលចុះមិនធ្លាប់មាន៥ឆ្នាំចុងក្រោយនេះ

ព័ត៌មាន
តម្លៃទុនវិនិយោគនៅក្នុងវិស័យសំណង់នៅក្នុងប្រទេសកម្ពុជាបានដាំក្បាលចុះក្រោមមិនធ្លាប់មានទេក្នុងរយៈពេល៥ឆ្នាំក្រោយកន្លងមកនេះ។ វិស័យសំណង់គឺជាវិស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ