ពាណិជ្ជកម្ម-​ចិន-​កម្ពុជា

លុយរៀល​និង​លុយ​យ៉ន់​ត្រូវ​បាន​ជំរុញ​ឲ្យ​ប្រើប្រាស់​លើ​ប្រតិបត្តិការ​ទូទាត់​ពាណិជ្ជកម្ម​​​កម្ពុជា​-ចិន


ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ កម្ពុជា​និង​ចិន​កំពុង​មាន​ភាព​ល្អូក​ល្អឺន​នឹង​គ្នា​បេះ​មិន​ដាច់​ឡើយ ទាំង​ផ្នែក​នយោបាយ​ការទូត និង​សេដ្ឋកិច្ច​ពាណិជ្ជកម្ម។ តួយ៉ាង កាល​ពី​ពេល​ថ្មីៗ​នេះ ប្រទេស​ទាំង​ពីរ​ក៏​បាន​សម្រេច​ទទួល​ស្គាល់​ដាក់​ឲ្យ​ប្រើប្រាស់​ក្រដាស​ប្រាក់​រៀល និង​ប្រាក់​យ៉ន់​ចិន ដើម្បី​សម្រួល​ដល់​ការ​ទូទាត់​ពាណិជ្ជកម្ម​ទ្វេ​ភាគី ឲ្យ​កាន់​តែ​ប្រសើរ​ឡើង។
លុយរៀល​និង​លុយ​យ៉ន់​ត្រូវ​បាន​ជំរុញ​ឲ្យ​ប្រើប្រាស់​លើ​ប្រតិបត្តិការ​ទូទាត់​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-ចិន។ រូបភាព៖ Shutterstock
ដោយ

លោក​ជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារ​ជាតិ​នៃ​កម្ពុជា បាន​លើក​ឡើង​ថា ធនាគារ​ជាតិ​នៃ​កម្ពុជា​និង​ធនាគារ​កណ្ដាល​ចិន​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ការ​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវការ​នូវ​ការ​ជួញដូរ​ប្រាក់​រៀល​នៅ​ក្នុង​ទីផ្សារ​អន្តរ​ធនាគារ តាំង​ពី​ដើម​ខែ​សីហា កន្លង​ទៅ ដើម្បី​សម្រួល​ដល់​ការ​ទូទាត់​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ។

មិន​តែ​ប៉ុណ្ណោះ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ប្រាក់​យ៉ន់​ចិន​ត្រូវ​បាន​ទទួល​ស្គាល់​កាន់តែ​ទូលំ​ទូលាយ​លើ​ឆាក​អន្តរជាតិ សម្រាប់​ការ​ទូទាត់​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​នានា ហើយ​ការ​ប្រើប្រាស់​ប្រាក់​យ៉ន់​សម្រាប់​ទូទាត់​ពាណិជ្ជ​កម្ម​រវាង​ចិន​និង​កម្ពុជា​នេះ នឹង​ជួយ​សម្រួល​ដល់​សកម្ម​ភាព​ពាណិជ្ជកម្ម ទេសចរណ៍ និង​ជា​ពិសេស ការ​វិនិយោគ​បន្ថែម​ទៀត​ពី​ចិន​មក​កម្ពុជា។

យ៉ាង​ណា​ក៏​ដោយ ការ​ទទួល​ស្គាល់​ប្រាក់​រៀល​ខ្មែរ​នៅ​ប្រទេស​ចិន​នៅ​មិន​ទាន់​ភាព​ទូលំ​ទូលាយ​នៅ​ឡើយ ពោល​គឺ​នៅ​ជំហាន​ដំបូង​នេះ ការ​ចរាចរ​ប្រតិបត្តិការ​ទូទាត់​ជា​ប្រាក់​រៀល​នៅ​ប្រទេស​ចិន​ទើប​តែ​មាន​នៅ​ខេត្ត​ណាននីង​មួយ​ប៉ុណ្ណោះ ខណៈ​ដែល​ការ​ទទួល​ស្គាល់​ប្រាក់​យ៉ន់​ចិន នៅ​កម្ពុជា ហាក់​មាន​ច្រើន​ពី​សំណាក់​គ្រឹះស្ថាន​ធនាគារ​និង​ពាណិជ្ជករ។ 

ជាក់​ស្ដែង មក​ដល់​បច្ចុប្បន្ន មាន​គ្រឹះស្ថាន​ធនាគារ​ចំនួន​១៧​ហើយ ដែល​បាន​និង​កំពុង​ធ្វើ​ប្រតិបត្តិការ​ជា​ប្រាក់​យ៉ន់ ហើយ​ក្នុង​នោះ មាន​ធនាគារ​ចំនួន​៤ បាន​ទទួល​ស្គាល់​ប្រាក់​យ៉ន់​ជា​ប្រាក់​បញ្ញើ រួមមាន ធនាគារ ICBC ធនាគារ​ចិន​សាខា​ភ្នំពេញ ធនាគារ​កាណាឌីយ៉ា និង​ធនាគារ​ពាណិជ្ជ​ទី១។

លើស​ពី​នេះ បើ​គិត​ត្រឹម​ខែ​សីហា​មុន​នេះ ទ្រព្យ​សកម្ម​របស់​គ្រឹះស្ថាន​ធនាគារ​ដែល​មាន​ជា​ប្រាក់​យ៉ន់​ចិន នៅ​ក្នុង​តារាង​តុល្យការ មាន​ទំហំ​ទឹក​ប្រាក់​សរុប​ប្រមាណ​៦៨​លាន​ដុល្លារ​អាមេរិក។ ក្នុងនោះ ប្រតិបត្តិការ​ផ្ទេរ​ប្រាក់​យ៉ន់​ចិន​ចេញ​ចូល​ក្នុង​ប្រទេស​កម្ពុជា​មាន​ទឹក​ប្រាក់​សរុប​ប្រមាន​ជិត​៥៦​លាន​ដុល្លារ​អាមេរិក។

ជាមួយ​គ្នា​នេះ​ដែរ លោក​ជំទាវ ជា សិរី អគ្គនាយិកា​បច្ចេក​ទេស​ធនាគារ​ជាតិ​នៃ​កម្ពុជា បាន​លើក​ឡើង​ដែរ​ថា គិត​មក​ទល់​ពេល​នេះ ការ​ទូទាត់​ពាណិជ្ជកម្ម​ទ្វេ​ភាគី​រវាង​កម្ពុជា​ចិន​ដោយ​ប្រើប្រាស់​ប្រាក់​យ៉ន់ ទើប​តែ​មាន​ជាង ២,៥​ប៊ីលាន​យ៉ន់ ឬ​ស្មើ​ប្រមាណ​តែ​៧%​ប៉ុណ្ណោះ នៃ​ការ​ទូទាត់​ពាណិជ្ជ​កម្ម​សរុប ខណៈ​ដែល​ជាង​៩០%​ទៀត គឺ​ជា​ការ​ទូទាត់​ជាមួយ​លុយ​ដុល្លារ​អាមេរិក។

ដូច្នេះ ធនាគារ​ជាតិ​នៃ​កម្ពុជា ក៏​ដូច​ជា​ខាង​ភាគី​ចិន នឹង​បន្ត​ជំរុញ​ប្រតិបត្តិការ​ទូទាត់​ដោយ​ប្រើ​រូបិយវត្ថុ​ប្រទេស​ទាំង​ពីរ​នេះ ឲ្យ​កាន់​តែ​ច្រើន​ឡើង​ថែម​ទៀត ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម ក៏​ដូចជា​ការ​វិនិយោគ និង​ដើម្បី​កាត់​បន្ថយ​នូវ​ហានិភ័យ​នៃ​អត្រា​ប្តូរ​ប្រាក់​បាន​មួយ​ចំនួន​ធំ​ផង​ដែរ។ លោក​ជំទាវ ជា សិរី បាន​គូស​បញ្ជាក់​ទៀត​ថា ការ​ដាក់​ឲ្យ​ដំណើរការ​ប្រាក់​យ៉ន់ និង​រៀល​សម្រាប់​ការ​ទូទាត់​ពាណិជ្ជ​កម្ម​នេះ នឹង​ជំរុញ​ឲ្យ​ការ​ប្រើប្រាស់​ប្រាក់​រៀល​កាន់​តែ​មាន​ច្រើន​ជាង​មុន តែ​យ៉ាង​ណា ក៏​ត្រូវ​មាន​ការ​ចូលរួម​ចំណែក​ពី​វិស័យ​ឯកជន​ផង​ដែរ។

លោក ឧកញ៉ា លឹម ហេង អនុប្រធាន​សភា​ពាណិជ្ជ​កម្ម​កម្ពុជា បាន​ថ្លែង​សាទរ​ចំពោះ​ការ​ជំរុញ​ឲ្យ​មាន​ប្រតិបត្តិការ​ទូទាត់​ពាណិជ្ជកម្ម ជា​ប្រាក់​យ៉ន់​បន្ថែម​ទៀត​នៅ​កម្ពុជា ដោយ​លោក​បាន​គូស​បញ្ជាក់​ថា វា​នឹង​ផ្ដល់​ជម្រើស​បន្ថែម និង​ភាព​ងាយ​ស្រួល​ដល់​ពាណិជ្ជករ​ចិន​និង​កម្ពុជា ក្នុង​ការ​ដោះដូរ​ទំនិញ​ជា​លក្ខណៈ​ទ្វេ​ភាគី។

លោក​ក៏​សង្ឃឹម​ដែរ​ថា អនាគត​នឹង​មាន​ការ​សហការ​ទូទាត់​ពាណិជ្ជ​កម្ម​ជាមួយ​នឹង​រូបិយវត្ថុ​នៃ​បណ្ដា​ប្រទេស​ផ្សេងៗ​ជា​ច្រើន​ទៀត ដើម្បី​ឲ្យ​ពាណិជ្ជករ ក៏​ដូចជា​អ្នក​វិនិយោគ​មាន​ជម្រើស​កាន់​តែ​ច្រើន។ ទោះ​យ៉ាង​ណា លោក​ក៏​បាន​ស្នើ​ឲ្យ​ធនាគារ​ជាតិ​នៃ​កម្ពុជា ធ្វើ​យ៉ាង​ណា​បង្កើត​ឲ្យ​មាន​ជា​សន្ដិសុខ​រូបិយប័ណ្ណ ដូចជា​ការ​បង្កើត​សន្ដិសុខ​ស្បៀង និង​សន្ដិ​សុខ​ថាមពល ដូច​ដែល​មាន​កន្លង​មក ព្រោះ​វា​មាន​សារសំខាន់​ណាស់​ក្នុង​ការ​ផ្ដល់​នូវ​ទំនុក​ចិត្ត​សម្រាប់​អ្នក​វិនិយោគ​ជាមួយ​នឹង​បណ្ដា​ប្រទេស​ក្នុង​សកល​លោក។

សូម​ជម្រាប​ដែរ​ថា ប្រទេស​ចិន​គឺ​ជា​ម្ចាស់​ជំនួយ​ចំណាត់​ថ្នាក់​ទី១ របស់​កម្ពុជា និង​ជា​ដៃគូ​ពាណិជ្ជកម្ម វិនិយោគ និង​ទេសចរណ៍​ដ៏​សំខាន់​ផង​ដែរ។ តួយ៉ាង កាល​ពី​ឆ្នាំ​២០១៦ ទំហំ​ទឹក​ប្រាក់​នាំចូល​ពី​ចិន​សរុប​មាន​ប្រមាណ​ជាង​៤៥០០​លាន​ដុល្លារ កើន​ឡើង​១៥% ឬ​ស្មើ​ប្រមាណ​ជាង​៣៦%​នៃ​ការ​នាំចូល​សរុប ខណៈ​ដែល​ការ​នាំចេញ​របស់​កម្ពុជា​ទៅ​ចិន​មាន​ទំហំ​ទឹក​ប្រាក់​សរុប​ប្រមាណ​ជាង​៦០០​លាន​ដុល្លារ ឬ​ស្មើ​នឹង​៦%​នៃ​ការ​នាំ​ចេញ​សរុប៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


យីហោ​ហាង​កាហ្វេ​ក្នុង​ស្រុក​វៀតណាម​ធ្វើ​ឲ្យ​យីហោ​កាហ្វេ​អន្តរជាតិ​ខ្លះ​បិទ​ទ្វារ​បណ្ដើរៗ

ព័ត៌មាន
ហាង​កាហ្វេ​ដែល​មាន​ការ​តុបតែង ផ្ដល់​នូវ​បទ​ពិសោធន៍​ថ្មី​បែប​បស្ចិម​ប្រទេស កំពុង​ក្លាយ​ជា​ផលិតផល​និង​សេវាកម្ម​មួយ ដែល​មាន​និន្នាការ​ថ្…

ឧកញ៉ា សៀ ឫទ្ធី អ្នក​ជំនួញ​ជើង​ខ្លាំង​ក្នុង​ការ​​កៀរគរ​វិនិយោគ​ពី​បរទេស

ព័ត៌មាន
ឧកញ៉ា សៀ ឫទ្ធី ជា​អ្នក​ជំនួញ​ដ៏​ល្បីល្បាញ​មួយ​រូប​នៅ​ក្នុង​វិស័យ​សំណង់ អចលន​ទ្រព្យ និង​ដឹក​ជញ្ជូន​នៅ​កម្ពុជា ដែល​មជ្ឈដ្ឋាន​ជាតិ​និង​អន្ត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ