នំ​ខ្មែរ

នំបញ្ចុក​ជា​នំ«មានវណ្ណៈ តាមឋានៈអតិថិជន»


នំ​បញ្ចុក ជា​នំ​មាន​ប្រវត្តិ​ដ៏​អស្ចារ្យ និង​ត្រូវ​បាន​ចាំ​តៗ​គ្នា តាម​ព្រេង​និទាន ធនញ្ជ័យ ហើយ​ដែល​ខ្មែរ​និយម​និយាយ​ថា ជ័យប្រាជ្ញ។ នំ​បញ្ចុក សូម្បី​តែ​ស្តេច​ចិន​កាល​សម័យ​ដើម ក៏​សរសើរ​និង​ទទួល​ស្គាល់​ពី​រស​ជាតិ​ឆ្ងាញ់​ពិសេស ហើយ​តាមរយៈ​នំ​បញ្ចុក​នេះ ធនញ្ជ័យ ក៏​បាន​ប្រើ​ឧបាយកល រហូត​ទទួល​បាន​រង្វាន់​ខាន់ខៅ បាន​វិល​មក​ស្រុក​ខ្មែរ​វិញ និង​ទទួល​ងារ​ពី​ស្តេច​ថែម​ទៀត។
នំបញ្ចុក​ជា​អាហារ​សម្រន់​ពេញ​និយម និង​ជា​ប្រភព​ចំណូល​ដល់​មនុស្ស​មិន​តិច​នាក់​ឡើយ។ រូបភាព៖ ហេង ភារម្យ
ដោយ

មក​ដល់​សម័យ​បច្ចុប្បន្ន  នំ​បញ្ចុក​ក៏​មាន​វណ្ណៈ ថោក​ឬ​ថ្លៃ ទៅ​តាម​ឋានៈ​នៃ​អ្នក​ដែល​និយម​រស​ជាតិ​របស់​នំ​សរសៃ​វែង​មួយ​ប្រភេទ​នេះ​ដែរ។

នំ​បញ្ចុក​ពិត​ជា​មាន​ប្រវត្តិ​វែង​ឆ្ងាយ​ណាស់។ នំ​នេះ​បាន​ប្រែ​ក្លាយ​ពី​ឈ្មោះ​ដើម​«នំ​ប៉ែន​ចុក» ឬ​«នំ​សរសៃ​ស្រូវ​វា» មក​ជា នំ​បញ្ចុក​នេះ ហើយ​មក​ដល់​សម័យ​បច្ចុប្បន្ន នំ​សរសៃ​វែង​មួយ​នេះ​បាន​ក្លាយ​ជា​មុខ​របប និង​ជា​អាហារ​សម្រន់ ដែល​ម្តង​ម្កាល​អាច​ជំនួស​បាយ​បាន យ៉ាង​ពេញ​និយម និង​ជួយ​ផ្តល់​ការងារ​ឲ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់​ស្រទាប់​វណ្ណៈ រហូត​ធ្វើ​ឲ្យ​នំ​នេះ​មាន​វណ្ណៈ ទៅ​តាម​ឋានៈ​អ្នក​បរិភោគ។

តាម​ការដ្ឋាន​សំណង់ រោងចក្រ និង​ទីសាធារណៈ ការ​រែក​នំ​បញ្ចុក​លក់ នៅ​តែ​ជា​របរ​មួយ​ដែល​ស្រ្តី​ភាគ​ជា​ច្រើន​បាន​ចាប់​យក និង​បាន​យិតយោង​ជីវភាព​ពួកគាត់​ឲ្យ​ចាក​ផុត​ពី​ភាព​ក្រីក្រ។ 

តាម​ផ្សារ​ផ្សោ​តូច​ធំ ទី​ណា ក៏​មាន​រាន ឬ​តូប​លក់​នំ​បញ្ចុក​នេះ​ដែរ ក្រៅ​ពី​នេះ នៅ​តាម​ហាង ភោជនីយដ្ឋាន រហូត​ក្នុង​សណ្ឋាគារធំៗ លំដាប់​ផ្កាយ ក៏​មាន​តាំង​លក់​នំ​បញ្ចុក​ខ្មែរ​នេះ​ដែរ គ្រាន់​តែ​ឱ​ជា​រស​និង​តម្លៃ ខុស​គ្នា​ទៅ​តាម​កន្លែង តាម​ឋានៈ​និង​វណ្ណៈ​របស់​អ្នក​បរិភោគ​តែ​ប៉ុណ្ណោះ។

នំបញ្ចុក​គេ​លក់​តាម​រទេះ​រុញ ឬ​គេ​រែក​ដើរលក់ ឬ​តាម​ហាង​ ភោជនីយ​ដ្ឋាន ឬ​សណ្ឋាគារ​ក៏​មាន។ (រូបភាព៖ ហេង ភារម្យ)

ជា​ធម្មតា កម្មករ​ស៊ី​ប្រាក់​ឈ្នួល​ប្រចាំ​​ថ្ងៃ ឬ​ប្រចាំ​អាទិត្យ អ្នក​ដំណើរ និង​នៅ​សហគមន៍​មិន​រៀបរយ មិន​សូវ​រើស​ទេ នំ​បញ្ចុក​អម្រែក​ជា​អាហារ​ជម្រើស​មួយ សម្រាប់​ពួក​គាត់ និង​កូន​ចៅ ដែល​ជា​ទូទៅ​អាច​ចំណាយ​ត្រឹម​តែ ២ ទៅ​៥​ពាន់​រៀល កូន​ចៅ​ពីរ​បី​នាក់ គឺ​អាច​ហូប​បាន គឺ​ខុស​ពី​វណ្ណៈ​មធ្យម ថ្នាក់​មហាមន្ត្រី សេដ្ឋី ឧកញ៉ា ដែល​គាត់​ចំណាយ​ខ្ពស់ ទៅ​តាម​ធនធាន​ខុសៗ​គ្នា។ល។

តម្លៃ​នំ​បញ្ចុក​ថោក​ថ្លៃ​ទៅ​តាម​ឋានៈ​នៃ​អ្នក​ហូប !

ការ​លក់​នំ​បញ្ចុក​ដោយ​អម្រែក នៅ​តែ​និយម​សម្រាប់​កម្មករ​ប្រាក់​ខែ​តិច ពេល​ខ្លះ​ពួក​គាត់​មាន​ប្រាក់​តែ​១​ពាន់ ឬ​ពីរ​ពាន់​រៀល ក៏​អាច​ហូប​នំ​បញ្ចុក បាន​មួយ​ចាន​ដែរ ដើម្បី​សម្រន់​ការ​ស្រេក​ឃ្លាន​បាន​ដែរ។ 

អាស្រ័យ​​ឋានៈ​​អ្នក​​ហូប តម្លៃ​នំ​បញ្ចុក​​ថោក ឬ​ថ្លៃ​ទៅ​តាមហ្នឹងដែរ។ ឧទាហរណ៍ នៅផ្សារ មួយ​ចាន មាន ពី ៣ ទៅ ៤ ពាន់​រៀល​ឡើង​ទៅ។ 

សម្រាប់​អ្នក​ធ្វើការ​រដ្ឋ​ឬ​តាម​ក្រុមហ៊ុន ស្លៀកពាក់​តឺនុយ​ស្អាត​បាត ជាទូទៅ ច្រើន​ទៅ​ញ៉ាំ​អាហារ​សម្រន់ តាម​ហាង​មាន​អនាម័យ​ខ្ពស់។ ក្រុមនេះ ត្រូវ​ចំណាយ ពី ៦ ពាន់​ទៅ ១​ម៉ឺន​រៀល សម្រាប់​នំ​បញ្ចុក​មួយ​ចាន ទាំង​សម្ល​ខៀវ (សម្ល​ខ្មែរ) និង​សម្ល​ក្រហម (សម្ល​ការី)។ គេ​អាច​រក​នំ​បញ្ចុក​បែប​នេះ​បាន​តាម​ហាង​ម្តុំ​ជិត​វត្ត​បទុម​វតី និង​ហាង​តាម​ដង​វិថី​មួយ​ចំនួន​ទៀត។

នំបញ្ចុក​អាច​ផ្សំ​ជា​ម្ហូប​បាន​ច្រើន​មុខ ដូចជា ហូប​ស្រូប​ទឹក​សម្ល​ក៏បាន ហូប​ជាមួយ​ត្រីអាំង​ទឹក​ត្រី​ផ្អែម​ជាមួយ​បន្លែ​ក៏​បាន...។ល។ (រូបភាព​៖ ហេង ភារម្យ)

ក្រៅ​ពី​ប្រើ​សម្ល​ស្រូប​បរិភោគ នំ​បញ្ចុក នៅ​អាច​យក​ទៅ​ផ្សំ​ជា​អាហារ​ដ៏​សម្បូរ​រស​ជាតិ​ច្រើន​ទៀត ហើយ​នៅ​ក្នុង​ហាង និង​សណ្ឋាគារ​លំដាប់​អន្តរជាតិ ក៏​មាន​លក់​នំ​ប្រភេទ​នេះ​ដែរ ប៉ុន្តែ តម្លៃ​និង​ឋានៈ​នំ​បញ្ចុក ក៏​ឡើង​ទៅ​តាម​នោះ។ 

នំ​បញ្ចុក​ត្រី​ដុត អន្ទង់​អប់ ឬ​ខ្ចប់​ជាមួយ​បាញ់ត្រាង ធ្វើ​បែប​បាញ់​ហយ ហូប​ជាមួយ​ទឹក​ត្រី​ផ្អែម ឬ​ទឹក​ត្រី​អម្ពិល​ទុំ ជា​ដើម គឺ​មាន​តម្លៃ​ទ្វេ​ដង គឺ​សម្រាប់​ស្វាគមន៍​អ្នក​មាន​ប្រាក់​និង​សម្បូរ​ធនធាន។

បើ​សង្កេត​ជារួម​ទៅ នំ​បញ្ចុក​មិន​ត្រឹម​តែ​ជា​អាហារ​ដ៏​មាន​រស​ជាតិ និង​ជា​ទីនិយម​របស់​បណ្តា​ជ​ន​ខ្មែរ​​ទេ ប៉ុន្តែ នំ​បញ្ចុកនៅ​បាន​បង្កើត​មុខរបរ​សម្រាប់​ប្រជា​ពលរដ្ឋ​ខ្មែរ​មិន​តិច​នាក់​ឡើយ ហើយ​យ៉ាង​ហោច​ក៏​មួយ​ព្រឹក អ្នក​រែក​លក់​ម្នាក់ អាច​រក​បាន​កម្រៃ​មិន​តិច​ជាង ១​ម៉ឺន​ទៅ​២​ម៉ឺន​រៀល​ដែរ ដែល​នេះ​គ្រាន់​តែ​ជា​របរ​បន្ថែម​ប៉ុណ្ណោះ៕




អត្ថបទបន្ទាប់


សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ​នេះ កើន​៧,១% រុញ​ច្រាន​ដោយ​វិស័យ​កាត់ដេរ​និង​សំណង់

ព័ត៌មាន
ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បាន​ធ្វើការ​ព្យាករណ៍​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ជា​ថ្មី នៅ​ឆ្នាំ​នេះ​ថា នៅរក្សា​បាន​កំណើន​ក្នុង​រង្វង់​ ៧,១​ភាគរយ …

ឧកញ៉ា គួច ម៉េងលី លាលែង​ពី​ប្រធានក្រុមប្រឹក្សាភិបាល​គេហ​ទំព័រថ្មីៗ

ព័ត៌មាន
លោក​ឧកញ៉ា​វេជ្ជបណ្ឌិត គួច ម៉េងលី ជា​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ និងដែល​គេ​ស្គាល់ថា​ជាម្ចាស់​វិទ្យាស្ថាន AII និង​សាលា AIS បាន​ប្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ