ការវិនិយោគក្នុងវិស័យហិរញ្ញវត្ថុ

ធនាគារ ក្រុងស្រ៊ីដ៏ធំរបស់ថៃ មើលឃើញទីផ្សារល្អនៅកម្ពុជា តែមិនល្អនៅទីផ្សារវៀតណាម


ធនាគារ អាយុធ្យា ឬហៅថា ធនាគារ ក្រុងស្រ៊ី (Krungsri) ដែលជាធនាគារផ្ដល់កម្ចីដ៏ធំបំផុតទី៥របស់ថៃ នឹងបន្ថយល្បឿនពង្រីកប្រតិបត្តិការរបស់ខ្លួននៅក្នុងទីផ្សារហិរញ្ញវត្ថុប្រទេសវៀតណាម ប៉ុន្ដែ នៅតែបន្តពង្រីកសហប្រតិបត្តិការរបស់ខ្លួនកាន់តែធំនៅក្នុងទីផ្សារកម្ពុជា ខណៈដែលធនាគារនេះ ទើបតែបានទិញភាគហ៊ុនគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករ និងបានចាក់បញ្ចូលទុនបន្ថែមប្រមាណ ៣០ លានដុល្លារអាមេរិកក្នុងទីផ្សារកម្ពុជា កាលដើមឆ្នាំ២០១៨។
ធនាគារក្រុងស្រ៊ី ដែលជាធំបំផុតទី៥ របស់ថៃ (https://siamblockchain.)
ដោយ

បើតាម​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ធនាគារ ក្រុងស្រ៊ី បានឲ្យ​ដឹងថា ការបន្ថយ​លឿនពង្រីក​ខ្លួននៅទី​ផ្សារវៀតណាម ដោយ​សារតែ មានកត្តា​ប្រឈម​មួយ​ចំនួន ដូចជា មានការ​ចំណាយ​ខ្ពស់លើការ​ទិញភាគ​ហ៊ុន និងការ​ច្របាច់​ប្រតិបត្តិការ​បញ្ជូល​គ្នា។  

តាមការ​ដកស្រង់​សម្ដី ដោយកាសែត​បាំង​កកប៉ុស្ដិ៍ លោក Thakorn Piyaphan ប្រធានក្រុមហ៊ុន ក្រុងស្រ៊ី consumer Group បានឲ្យ​ដឹងថា នៅទីផ្សារ​ប្រទេស​វៀតណាម ហាក់មិន​សូវជាអំណោយ​ផលនោះ​ឡើយ សម្រាប់ធនាគារ​ក្រុងស្រ៊ី ព្រោះ​មានឧបសគ្គ​ជាច្រើន​ទាក់ទង​នឹងប្រតិបត្តិការ ដូចជា ការចេញ​នូវ​បញ្ញាតិថ្មីៗ នីតិវិធី​ដើម្បី​ទទួល​បាន​អាជ្ញាបណ្ណ ធនធាន​មនុស្ស និង​បរិយាកាស​អាជីវកម្ម ដែលទាំង​អស់នេះ សុទ្ធសឹង​ជាបញ្ហា​ប្រឈមធំៗ ក្នុងការ​ពង្រីកខ្លួនរបស់​ធនាគារ​ក្រុងស្រ៊ី នៅទីផ្សារ​វៀតណាម។

ទោះយ៉ាងណា ធនាគារ​ក្រុងស្រ៊ី ដែលជា​ធនាគារ​ដ៏ធំលំដាប់​ទី៥​របស់ថៃ គិតក្នុង​ទំហំទ្រព្យសកម្ម នៅតែ​មានប្រតិបត្តិការ​ពង្រីកខ្លួន​បាន​យ៉ាងល្អ នៅក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា តាមរយៈ​ការផ្ដោត​លើ ការផ្ដល់កម្ចី​សម្រាប់ទិញ​យានយន្ដ កម្ចីឥត​មានទ្រព្យ​បញ្ចាំ និងសេវា​ហិរញ្ញវត្ថុ​ផ្សេង​ទៀត។

លោក Thakorn បានអះអាង​ថា ឱកាសអាជីវកម្ម​​នៅកម្ពុជា នៅមាន​ធំធេង​ណាស់ តាមរយៈ​ដៃគូប្រតិបត្តិការ​របស់​ខ្លួន គឺគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ហត្ថា​កសិករ ដែលមាន​អាជីវកម្ម​គ្របដណ្ដប់​លើការដាក់​ប្រាក់ផ្ទេរ​ប្រាក់ និងសេវា​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ Fintech ផងដែរ។

ថ្នាក់ដឹក​នាំជាន់ខ្ពស់​ធនាគារ​ក្រុងស្រ៊ី រូបនេះ បានគូស​បញ្ជាក់​ទៀតថា កំណើន​រឹងមាំ​នៃវិស័យ Fintech នៅកម្ពុជា កំពុង​ទទួល​បានឱកាស​វិនិយោគ​កាន់តែធំ​ឡើងៗ ពីធនាគារ និងហិរញ្ញវត្ថុ​នានា។

យ៉ាងណា​ក៏ដោយចុះ នៅកម្ពុជា​មានក្រុម​ហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​កំពុងតែ​ប្រតិបត្តិការ​អាជីវកម្ម​មាន​ប្រមាណ​៣០ក្រុមហ៊ុន​ប៉ុណ្ណោះ។ បើរបាយការណ៍​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ីធ្លាប់ បានបញ្ជាក់ថា សេវា​ហិរញ្ញវត្ថុ Digital ក្នុងប្រទេស​កម្ពុជា​នឹងរួម​ចំណែក៦ ភាគរយ នៃកំនើន​សេដ្ឋកិច្ច ដែលក្នុងនោះ​នឹងជំរុញឲ្យ​មានចរន្ត នៃការ​ចំណាយ តាម​ប្រព័ន្ធ​អេឡិច​​ត្រូនិច​ ប្រមាណ ១,៧ពាន់លានដុល្លា ធ្វើឲ្យ​មានការ​ស្រូបយក​ឥណទាន​បន្ថែម​ប្រមាណ​ ២,៥ពាន់លានដុល្លា នឹង​អាចធ្វើឲ្យ​មានការ​សន្សំ​បាន​ប្រមាណ ៥០០លានដុល្លា។

សូម​ជម្រាប​​ផង​ដែរ​ថា ធនាគារ​​អាយុធ្យា ឬ​ក្រុងស៊ី្រ កំពុង​​កាន់​កាប់​​ភាគ​ហ៊ុន​​ដ៏​ធំ​​របស់​​គ្រឹះស្ថាន​មីក្រូ​​ហិរញ្ញ​វត្ថុ​​ហត្ថា​​កសិករ​​នៅ​កម្ពុជា បន្ទាប់​ពី​​បាន​ទិញ​​ភាគ​ហ៊ុន​​របស់​គ្រឹះ​ស្ថាន​​មីក្រូ​ហិរញ្ញ​វត្ថុ​​ហត្ថា​​កសិករ​ លីមីតធីត កាល​ពី​​ឆ្នាំ​២០១៦​​កន្លង​ទៅ និង បាន​ចាក់​​បន្ថែម​ទុន​​ប្រមាណ ១៥​លាន​ដុល្លារ​​កាល​ពី​​ខែ​មេសា​ ឆ្នាំ​២០១៧។ ហើយកាលពីខែកុម្ភៈ ឆ្នាំ២០១៨នេះ ធនាគារក្រុងស្រ៊ី ក៏បាន បាក់បញ្ជូលទុន​ប្រមាណ​ ៣០លានដុល្លារ​បន្ថែមទៀត ចូលក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត ដែលធ្វើឲ្យ​ដើមទុន​សរុប​​កើនឡើង​រហូតដល់ ១៥០​លានដុល្លារ​អាមេរិក។

សូម​បញ្ជាក់​ដែរ​ថា ធនាគារ​​ក្រុង​ស្រ៊ី ក៏​ស្ថិត​​នៅ​ក្នុង​​សម្ព័ន្ធ​របស់​​ធនាគារ​​ដ៏​ធំ​របស់​​ជប៉ុន គឺ Mitsubishi UFJ ខណៈ​​ដែល​ធនាគារ​​ជប៉ុន​​មួយ​នេះ បាន​កាន់​​កាប់​ភាគ​​ហ៊ុន​​ប្រមាណ ៧៧% នៃ​ភាគហ៊ុន​​សរុប​​របស់​​ធនាគារ​​ក្រុង​ស្រ៊ី៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជិត៥ខែ ឆ្នាំនេះ CDC អនុម័តគម្រោងវិនិយោគតម្លៃជាង ៦៥០លានដុល្លារ

ព័ត៌មាន
ក្នុងរយៈពេលជិត៥ខែដំបូង ឆ្នាំ២០១៨នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តផ្តល់សិទិ្ធលើគម្រោងស្នើសុំវិនិយោគទៅឲ្យក្រុមហ៊ុនចំនួនជាង៥…

តើវិស័យសំខាន់ៗអ្វីខ្លះ ដែលកម្ពុជាចង់ឲ្យឥណ្ឌាចូលមកវិនិយោគ?

ព័ត៌មាន
កិច្ចប្រជុំធុរកិច្ច India-CLMV លើកទី៥ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ត្រូវបានបញ្ចប់រួចរាល់នៅថ្ងៃទី ២២ ខែឧសភានេះ ខណៈដែលរដ្ឋមន្ត្រីក្រសួងពាណិជ្ជ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ