
ប្រទេសឡាវ គ្រោងដាក់ឱ្យដំណើរការស្ថានីយផលិតអគ្គិសនីដើរដោយថាមពលខ្យល់ដំបូងរបស់ខ្លួន ដែលមានទំហំធំបំផុតប្រចាំតំបន់អាស៊ាន នៅត្រឹមដំណាច់ឆ្នាំ២០២៥ នេះ ដោយពេលនេះទួប៊ីនខ្យល់ទាំង១៣៣ទួប៊ីនត្រូវបានដំឡើងរួចរាល់ជាស្ថាពរហើយ។ ស្ថានីយផលិតអគ្គិសនី Monsoon Wind Project ដែលមានសមត្ថភាពផលិតអគ្គិសនីរហូតដល់ទៅ៦០០មេហ្គាវ៉ាត់ (MW) ត្រូវបានអភិវឌ្ឍឡើងក្រោមទុនវិនិយោគរហូតដល់ទៅ៩៣០លានដុល្លារអាម៉េរិកលាតសន្ធឹងលើផ្ទៃដី៦៨.០០០ហិកតា។
សូមបញ្ជាក់ថា អគ្គិសនីដែលផលិតបាននៅស្ថានីយខាងលើនេះនឹងត្រូវនាំចេញទៅកាន់ប្រទេសវៀតណាម ក្រោមកិច្ចព្រមព្រៀងទិញថាមពលអគ្គិសនីរយៈពេល២៥ឆ្នាំជាមួយក្រុមហ៊ុនអគ្គិសនីវៀតណាម Vietnam Electricity ដែលនឹងចែកចាយតាមរយៈខ្សែបញ្ជូន៥០០គីឡូវ៉ុល។
គម្រោងនេះត្រូវបានអភិវឌ្ឍឡើងដោយក្រុមហ៊ុន Impact Energy Asia Development របស់ហុងកុង ដែលបានចុះអនុស្សរណៈនៃការយោគយល់ជាលើកដំបូងជាមួយរដ្ឋាភិបាលឡាវ ក្នុងឆ្នាំ២០១១ ដើម្បីសិក្សាសមិទ្ធលទ្ធភាព។ ក្រោយមកក្រុមហ៊ុននេះបានចាប់ផ្ដើមអភិវឌ្ឍគម្រោងនេះនៅឆ្នាំ២០២២ បន្ទាប់ពីទទួលបានសម្បទានពីរដ្ឋាភិបាលឡាវ ដោយដាក់ឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនបណ្ដាក់ទុនរួមគ្នាបង្កើតឡើងថ្មីមួយដែលមានឈ្មោះថា Monsoon Wind Power Company។
សូមបញ្ជាក់ថា ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលខ្យល់នេះប្រើប្រាស់ទួប៊ីនខ្យល់ដែលមានខ្ពស់ពី១១០ម៉ែត្រទៅ១៤០ម៉ែត្រ៕
ដោយ: តែម សុខុម