អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) នាថ្ងៃព្រហស្បតិ៍ ៩រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ នៅសណ្ឋាគារ Raffles Hotel Le Royal បានរៀបចំកិច្ចប្រជុំប្រមូលធាតុចូលសម្រាប់រៀបចំរបាយការណ៍តាមដាននិងវាយតម្លៃប្រចាំឆ្នាំ២០២៥ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤។ កិច្ចប្រជុំនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរងនៃ អ.គ.ហ. តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងតំណាងរបស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ. ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត និងអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) រួមទាំងមន្ទីរ សហវ. រាជធានី ខេត្ត សរុបប្រមាណ ២៣០ រូប។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដោយ ក្នុងគោលបំណងប្រមូលធាតុចូលឱ្យបានគ្រប់ជ្រុងជ្រោយពី អង្គភាព ស្ថាប័ន ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សម្រាប់រៀបចំរបាយការណ៍តាមដាននិងវាយតម្លៃប្រចាំឆ្នាំ២០២៥ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ដែលជាដំណាក់កាលយ៉ាងសំខាន់ តម្រូវឱ្យអង្គភាព ស្ថាប័នសាធារណៈទាំងអស់ត្រូវមានគណនេយ្យភាពចំពោះសមិទ្ធកម្ម។ តាមរយៈកិច្ចប្រជុំនេះ អង្គភាពក្រោមឱវាទ កសហវ. បានធ្វើបទឧទ្ទេសនាមអំពីការរៀបចំ និងធ្វើបច្ចុប្បន្នកម្មអំពីយុទ្ធសាស្រ្តគន្លឹះៗ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងនោះរួមមានជាអាទិ៍ យុទ្ធសាស្រ្តកែទម្រង់ប្រព័ន្ធថវិកា,យុទ្ធសាស្រ្តកែទម្រង់ប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិ, ក្របខ័ណ្ឌ និងវិធាននៃប្រព័ន្ធសវនកម្មផ្ទៃក្នុង និងធិការកិច្ច, យុទ្ធសាស្រ្តកៀរគរចំណូល, ផែនការយុទ្ធសាស្រ្តកសាងសមត្ថភាព, ផែនការពង្រឹងការអនុវត្តគម្រោងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤, យុទ្ធសាស្រ្តកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ, និងយុទ្ធសាស្រ្តកែទម្រង់ប្រព័ន្ធគ្រប់គ្រងការវិនិយោគសាធារណៈ។ បន្ថែមពីនេះ ក្រសួង ស្ថាប័នមួយចំនួន ក៏បានចែករំលែកអំពីវឌ្ឍនភាព និងបញ្ហាប្រឈមនៅក្នុងការអនុវត្តផែនការសកម្មភាពកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ប្រចាំឆ្នាំ២០២៥ សំដៅរួមគ្នាដោះស្រាយ និងជាការដកពិសោធន៍សម្រាប់ក្រសួង ស្ថាប័នផ្សេង ផងដែរ។
ឯកឧត្តមបណ្ឌិត យ៉េត វីណែល បានគូសបញ្ជាក់ថា សមិទ្ធផលដែលរាជរដ្ឋាភិបាលកម្ពុជា ទទួលបានពីការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានឆ្លើយតបទៅនឹងវិបត្តិនានាដែលកើតមានកន្លងមក យ៉ាងមានប្រសិទ្ធភាព និងមានភាពធន់ទៅនឹងវិបត្តិដែលកំពុងកើតមានបច្ចុប្បន្ន និងអាចកើតមានជាយថាហេតុនាពេលខាងមុខ។ ដោយឡែក របាយការណ៍តាមដាន និងវាយតម្លៃប្រចាំឆ្នាំ២០២៥ នៃការអនុវត្តការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ នេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីភាពចាំបាច់ក្នុងការបន្តពង្រឹង និងបន្តអនុវត្តឱ្យកាន់តែខ្លាំងឡើង ជាពិសេសការដោះស្រាយឱ្យចំបញ្ហា ក្នុងខណៈពេលដែលស្ថានភាពសេដ្ឋកិច្ចសកល កំពុងតែហ៊ុំព័ទ្ធទៅដោយវិបត្តិផ្ទួនៗ និងកាន់តែស៊ីជម្រៅ។ ក្នុងន័យនេះ អង្គភាព ស្ថាប័នទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវដើរតួកាន់តែសំខាន់លើការងារកែទម្រង់របស់រាជរដ្ឋាភិបាល សំដៅរួមគ្នាឆ្ពោះទៅរកការកែខៃប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជា ឱ្យរឹតតែមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ស្របតាមស្តង់ដារ និងឧត្តមានុវត្តន៍ជាអន្តរជាតិ។
ជាចុងក្រោយ ឯកឧត្តមបណ្ឌិត បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងកន្លងមក អង្គភាព ស្ថាប័នទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលបានសហការគ្នាយ៉ាងល្អ ក្នុងការជំរុញការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅតាមការដ្ឋានរបស់ខ្លួន។ ធាតុចូលដ៏សំខាន់ដែលទទួលបាននាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ នឹងធានាបាននូវភាពគ្រប់ជ្រុងជ្រោយ ដល់របាយការណ៍តាមដាននិងវាយតម្លៃប្រចាំឆ្នាំ២០២៥ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ដែលនឹងត្រូវដាក់ឆ្លងកិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅដើមឆ្នាំ២០២៦ ខាងមុខ។