បច្ចេកវិទ្យាសេដ្ឋកិច្ច

ធនាគារជាតិជំរុញការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យសេដ្ឋកិច្ចដើម្បីលើកស្ទួយការអភិវឌ្ឍន៍វិស័យ SME នៅកម្ពុជា


វិស័យសហគ្រាសធុនតូច និង មធ្យម (SME) ពិតជាវិស័យដែលមានសក្តានុពលក្នុងការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការគាំទ្រកំណើនសេដ្ឋកិច្ចជាតិ លើកកម្ពស់ជីវភាពរស់នៅ និង កាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋដែលរស់នៅតាមទីជនបទ។ ដើម្បីឱ្យវិស័យខ្នាតតូច និង មធ្យមនេះ កាន់តែមានភាពរីកចម្រើន និងស្របតាមបរិបទបច្ចេកវិទ្យា ធនាគារជាតិនៃកម្ពុជា បានជំរុញបន្ថែមនូវការប្រើប្រាស់ បច្ចេកវិទ្យាក្នុងសេដ្ឋកិច្ច ក្នុងគោលបំណងលើកស្ទួយការអភិវឌ្ឍន៍វិស័យ SME នៅកម្ពុជា។
សន្និសីទម៉ាក្រូសេដ្ឋកិច្ចលើកទី៨ ឆ្នាំ២០២១ស្ដីពី «បញ្ហាប្រឈម និងគោលនយោបាយអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា» កាលពីព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១
ដោយ

ថ្លែង​នៅ​ក្នុង​សន្និសីទ​ម៉ាក្រូសេដ្ឋកិច្ច​លើក​ទី​៨ ឆ្នាំ​២០២១​ស្ដី​ពី «​បញ្ហា​ប្រឈម និង​គោលនយោបាយ​អភិវឌ្ឍន៍​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​» កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែធ្នូ លោក​ជំទាវ ជា សិរី ឧបការី​ទេសាភិបាល និង​ជា​អគ្គនាយក​បច្ចេកទេស​នៃ​ធនាគារជាតិ​នៃ​កម្ពុជា បាន​គូសបញ្ជាក់​ថា វិស័យ SME បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​គាំទ្រ​កំណើនសេដ្ឋកិច្ច ហើយ​ការ​អភិវឌ្ឍ​វិស័យ SME ក៏​នឹង​រួមចំណែក​ផង​ដែរ​ដល់​ការ​ពង្រឹង​ភាព​ធន់​នៃ​សេដ្ឋកិច្ច តាម​រយៈ​ការ​បង្កើន​ការ​ផ្គត់ផ្គង់ ដើម្បី​បំពេញតម្រូវការ​ក្នុងស្រុក កាត់​បន្ថយ​ការ​ពឹងផ្អែក​លើ​ការ​នាំ​ចូល​ទំនិញប្រើប្រាស់​មួយ​ចំនួន​ពី​បរទេស និង​ការ​បង្កើត​ឱកាស​ការងារ​ក្នុងស្រុក​។

បើ​យោង​តាម​ធនាគារអភិវឌ្ឍន៍អាស៊ី ​(ADB) សហគ្រាស​ធុន​តូច​និង​មធ្យម នៅ​កម្ពុជា ត្រូវ​បាន​ប៉ាន់​ស្មានថា មាន​ប្រមាណ​៩៩% នៃ​សហគ្រាស​សរុប ដែល​បាន​រួមចំណែក​ជិត​៦០% នៃ​ផលិតផល​ក្នុងស្រុក និង​បង្កើត​ការងារ​ជាង​៧០% នៃ​កម្លាំង​ពលកម្ម​។ ក៏​ប៉ុន្តែ វិស័យ SME នៅ​កម្ពុជា បច្ចុប្បន្ន ហាក់​នៅ​មាន​កម្រិត និង​មាន​បញ្ហា​ប្រឈម​ជា​ច្រើន ដែល​អាច​ជា​ឧបសគ្គ​ក្នុង​ការ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។

ជុំវិញ​ទៅ​នឹង​បញ្ហា​នេះ បើ​តាម​លោក​ជំទាវ ជា សិរី ឧបការី​ទេសាភិបាល និង​ជា​អគ្គនាយក​បច្ចេកទេស​នៃ​ធនាគារជាតិ​នៃ​កម្ពុជា​បាន​លើក​ឡើង​ថា បញ្ហា​ប្រឈម​ក្នុង​វិស័យ SME មាន​ដូច​ជា ការ​ខ្វះខាត​ជំនាញ​គ្រប់គ្រង និង​ពលកម្ម​ជំនាញ ការ​ខ្វះខាត​ប្រភព​ទុន និង​លទ្ធភាព​ទទួល​បាន​ហិរញ្ញវត្ថុ​ផ្លូវការ  ខ្វះខាត​ផ្នែក​ព័ត៌មាន​ទីផ្សារ​ទាំង​ក្នុងស្រុក​និង​ទីផ្សារ​នាំ​ចេញ ការ​ប្រកួតប្រជែង​ពី​សហគ្រាស​ធំ​ៗ និង ពី​ការ​នាំ​ចូល​ទំនិញ​ពី​បរទេស ជាដើម​។

លើស​ពី​នេះ ការ​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ក៏​បាន​បង្ក​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ការ​ធ្វើ​អាជីវកម្ម​របស់ SME ស្រប​ពេល​ដែល​ភាគច្រើន​នៃ​សហគ្រាស​ទាំងអស់​នោះ ស្ថិត​ក្នុង​វិស័យ​ក្រៅ​ប្រព័ន្ធ ដែល​ធ្វើ​ឱ្យ​រាជរដ្ឋាភិបាល​ពិបាក​គ្រប់គ្រង​ទិន្នន័យ ដើម្បី​ដាក់​ចេញ​នូវ​គោលនយោបាយ​ទ្រទ្រង់​និង​គាំទ្រ​ដល់​ការ​អភិវឌ្ឍ SME ឱ្យ​បាន​ពេញលេញ​។ ម្យ៉ាងទៀត វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩ បាន​ព​ន្លឿ​ន​ការ​ផ្លាស់​ប្តូរ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច និង​របៀប​ទំនាក់ទំនង ដោយ​ក្នុង​នោះ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ក្នុង​ផលិតកម្ម និង ការ​ជួញដូរ​កាន់តែ​មាន​ភាព​ពេញ​និយម ដែល​ទាមទារ​វិស័យ SME ត្រូវ​ពង្រឹងសមត្ថភាព​បច្ចេកវិទ្យា​របស់​ខ្លួន​ឆ្លើយ​តប​នឹង​ស្ថានភាព​ថ្មី​នេះ ផង​ដែរ​។

មន្ត្រីជាន់ខ្ពស់​ធនាគារជាតិ​នៃ​កម្ពុជា​លោក​ជំទាវ ជា សិរី មាន​សុទិដ្ឋិនិយម​ថា ការ​ប្រើប្រាស់​បច្ចេកវិទ្យា​នៅ​ក្នុង​សេដ្ឋកិច្ច​នឹង​ក្លាយជា​កត្តា​ស្នូល​មួយ ក្នុង​ការ​លើក​ស្ទួយ​ការ​អភិវឌ្ឍ SME ដោយ​លោក​ជំទាវ​បន្ត​ថា ការ​ប្រើប្រាស់​បច្ចេកវិទ្យា​កាន់តែ​ទូលំទូលាយ SME អាច​នឹង​ទទួល​បាន​ព័ត៌មាន​ឆាប់រហ័ស​ពី​តម្រូវការ​ទីផ្សារ និង​លើកកម្ពស់​លទ្ធភាព​ទទួល​បាន​ហិរញ្ញវត្ថុ​ផ្លូវការ តាម​រយៈ​ការ​កាត់​បន្ថយ​បញ្ហា​កង្វះ​ព័ត៌មាន​ជាក់លាក់​ពី SME ដែល​កន្លង​មក បាន​ធ្វើ​ឱ្យ​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​មួយ​ចំនួន​មាន​ភាព​រារែក​ក្នុង​ការ​ផ្តល់​កម្ចី​ដល់ SME​។

ទោះ​យ៉ាងណា ការ​ជំរុញ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​មិនមែន​ជា​កិច្ចការ​ងាយស្រួល​នោះ​ទេ ដោយ​ទាមទារ​នូវ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ឌី​ជី​ថ​ល​ឱ្យ​បាន​ទូលំទូលាយ គួប​ផ្សំ​នឹង​ការ​លើកកម្ពស់​ចំណេះដឹង​ផ្នែក​ឌី​ជី​ថ​ល​របស់​ម្ចាស់​សហគ្រាស​ធុន​តូច​និង​មធ្យម និង​ជំនឿ​ទុកចិត្ត​របស់​សាធារណជន​ទូទៅ​មក​លើ​ប្រព័ន្ធ​ឌី​ជី​ថ​ល​ផង​ដែរ ដែល​ទាំង​អស់នេះ ទាមទារ​នូវ​ការ​ចូលរួម​ពី​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​។ នេះ​ជា​ការ​បញ្ជាក់​បន្ថែម​របស់​លោក​ជំទាវ ជា សិរី​។

ដោយឡែក ក្រុម​អ្នកជំនាញ​នៃ​វិស័យ​ផ្សេង​ៗ និង​ស្ថាប័ន ពាក់ព័ន្ធ សុទ្ធតែ​បាន​យល់​ឃើញ​ថា វិស័យ SME នៅ​កម្ពុជា នា​ពេល​បច្ចុប្បន្ន ហាក់​នៅ​មាន​កម្រិត នៅឡើយ និង​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន ដែល​ទាមទារ​ឱ្យ​ម្ចាស់​អាជីវកម្ម​ត្រូវ​ពង្រឹង​បន្ថែម​នូវ​ចំណេះដឹង និង​សមត្ថភាព ក៏​ដូច​ជា គុណភាព​នៃ​ការ​ផលិត ដើម្បី​អាច​ប្រកួតប្រជែង​និង​ចាប់​យក​ឱកាស​ទីផ្សារ​។ ជាមួយ​គ្នា​នោះ ក្រុម​អ្នកជំនាញ ក៏​មាន​ក្ដី​រំពឹង​ដែរ​ថា នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ វិស័យ SME នឹង​កាន់តែ​រីក​ចម្រើន និង​ចូលរួម​កាន់តែ​ខ្លាំង ក្នុង​ការ​គាំទ្រ​សេដ្ឋកិច្ចជាតិ​៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋត្រៀមកញ្ចប់ថវិកាជួយគ្រួសារក្រីក្រ និងអាជីកម្ម ដែលរងផលប៉ះពាល់ពីកូវីដ១៩ បន្តទៀតសម្រាប់ឆ្នាំ២០២២

ព័ត៌មាន
ថ្នាក់ដឹកនាំនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានអះអាងថា រាជរដ្ឋាភិបាលកម្ពុជានឹងបន្តអនុវត្តកម្មវិធីផ្តល់សាច់ប្រាក់ឧបត្ថម្ភដល់គ្រួសារក្រីក្រ និង…

កម្ពុជាត្រូវបន្ដពង្រឹងវិស័យឆ្អឹងខ្នងសំខាន់ចំនួន៤ ដើម្បីស្ដារនិងជំរុញកំណើនសេដ្ឋកិច្ច សម្រាប់ឆ្នាំ២០២១-២០២៣ ខាងមុខ

ព័ត៌មាន
ដើម្បីជាការចាប់ផ្ដើមស្ដារនូវកំណើនសេដ្ឋកិច្ចកម្ពុជាឡើងវិញ តាមគន្លងប្រក្រតីភាពថ្មី ក្នុងឆ្នាំ ២០២១ដល់ឆ្នាំ ២០២៣ ខាងមុខនេះ កម្ពុជាត្រូវពង្រឹងនូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ