សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន

អង្គការណាតូព្រមានថា រុស្ស៊ីអាចប្រើអាវុធគីមីក្នុងសង្គ្រាមឈ្លានពានអ៊ុយក្រែន


លោកជេន ស្តូលថេនប៊ឺក (Jens Stoltenberg) អគ្គលេខាធិការអង្គការណាតូអះអាងថា រុស្ស៊ីអាចនឹងប្រើប្រាស់អាវុធគីមីក្នុងការលុកលុយរបស់ខ្លួនទៅលើអ៊ុយក្រែន ហើយទង្វើបែបនេះនឹងក្លាយជាឧក្រិដ្ឋកម្មសង្គ្រាមយ៉ាងពិតប្រាក។ ការលើកឡើងបែបនេះរបស់ថ្នាក់ដឹកនាំ ណាតូ គឺចំពេលដែលគ្រាប់មីស៊ីលជាច្រើនគ្រាប់របស់រុស្ស៊ីបានបាញ់ទៅលើតំបន់មួយចំនួននៃទឹកដីអ៊ុយក្រែន ក្បែរនឹងព្រំដែនប្រទេសប៉ូឡូញ ដែលជាប្រទេសសមាជិករបស់ខ្លួន។ នេះបើយោងតាមបទសម្ភាសន៍មួយជាមួយកាសែតអាល្លឺម៉ង់។
លោកជេន ស្តូលថេនប៊ឺក (Jens Stoltenberg) អគ្គលេខាធិការអង្គការណាតូ
ដោយ

កងទ័ព​រុ​ស្ស៊ី​នៅ​តែ​បន្ដ​វាយ​សង្គ្រុប​ទៅ​លើ​អ៊ុយ​ក្រែ​ន ពិសេស​នៅ​ក្នុង​ទីក្រុង​សំខាន់ និង​រដ្ឋធានី​កៀវ​។ ហើយ មានការ​រាយការណ៍​ព​ការ​បាញ់​មី​ស៊ី​ល​ជា​ច្រើន​គ្រាប់​នៅ​ក្នុង​ការ​ប្រយុទ្ធ​នៅ​ជិត​ទីក្រុង​ល្វី​វ ដែល​នៅ​ក្នុង​តំបន់​ភាគ​ខាងលិច​នៃ​ប្រទេស​អ៊ុយ​ក្រែ​ន ជាប់​នឹង​ព្រំប្រទល់​ប្រទេស​ប៉ូ​ឡូញ​ផង​ដែរ​។

ខណៈ​ដែល​រុ​ស្ស៊ី​កំពុង​វាយ​សង្គ្រុប​ខ្លាំង​លើ​អ៊ុយ​ក្រែ​ន​មេ​ធំ​របស់​អង្គការ​ណា​តូ​ឯណោះ​វិញ បាន​ចោទប្រកាន់​រុ​ស្ស៊ី​ថា មាន​អាវុធ​គីមី ហើយ​រុ​ស្ស៊ី​ក៏​អាច​នឹង​ប្រើប្រាស់​អាវុធ​នេះ ដើម្បី​វាយប្រហារ​ទៅ​លើ​អ៊ុយ​ក្រែ​ន​ដែរ​។

ការ​ហ៊ាន​អះអាង​ដូចនេះ ត្រូវ​បាន​លោក​ស្តូ​ល​ថេ​ន​ប៊ឺ​ក​ពន្យល់​យ៉ាង​ដូច្នេះ​ថា​៖ ក្នុង​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗ​នេះ យើង​បានឃើញ​ការ​អះអាង​មិន​សម​ហេតុផល​ដែល​រុ​ស្ស៊ី​បាន​ចោទប្រកាន់​ថា​អ៊ុយ​ក្រែ​ន​មាន​មន្ទីរពិសោធន៍​អាវុធ​គីមី និង​ជីវសាស្ត្រ​ដែល​គាំទ្រ​ដោយ​អា​មេ​រិ​ក ក្នុង​ការ​ផលិត និង​អភិវឌ្ឍ​អាវុធ​ជីវសាស្ត្រ​។ វិមាន​ក្រឹម​ឡាំង​កំពុង​បង្កើត​លេស​មិន​ពិត មក​ចោទប្រកាន់​គេ​ទាំងស្រុង​។

លេខាធិការ​អង្គការ​ណា​តូ​រូប​នេះ​បាន​បន្ថែម​ថា យើង​ត្រូវ​តែ​មានការ​ប្រុង​ប្រយ័ត្ន​ជា​និច្ច ព្រោះ​វា អាច​ទៅ​រួច ដែល​ថា​រុ​ស្ស៊ី​ខ្លួនឯង​ជា​អ្នក​រៀបចំ​ផែនការ​ប្រើប្រាស់​អាវុធ​គីមី ហើយ​ប្រើ​លេស​មក​ចោទ​កាន់​អ៊ុយ​ក្រែ​ន​ថា បាន​ប្រើប្រាស់​អាវុធ​ជីវសាស្ត្រ​ជា​មុន​។ បើ​ដូច្នេះ មាន​វា​នឹង​ក្លាយជា​ឧក្រិដ្ឋកម្ម​សង្គ្រាម​យ៉ាង​ច្បាស់​ក្រឡែត​។

គួរ​រំឭក​ថា ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​កាលពី​ស​ប្តា​ហ៍​មុន បាន​បើក​កិច្ចប្រជុំ​មួយ តាម​ការ​ស្នើ​សុំ​របស់​រុ​ស្ស៊ី ជុំវិញ​កម្មវិធី​អាវុធ​ជីវសាស្ត្រ​នៅ​អ៊ុយ​ក្រែ​ន​។ រុ​ស្សី បាន​ចោទ​ថា អាម៉េរិក បាន​បើក​មន្ទីរ​ស្រាវជ្រាវ​ជីវសាស្ត្រ​សម្រាប់​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ប៉ុន្តែ​ត្រូវ​អាម៉េរិក និង​អ៊ុយ​ក្រែ​ន​ក៏​បាន​ចេញ​មុខ​មក​បដិសេធ​ផង​ដែរ​។

សូម​ជម្រាប​ថា អនុសញ្ញា​អាវុធ​ជីវសាស្ត្រ បាន​ហាមឃាត់​រដ្ឋ ក្នុង​ការ​ផលិត និង​អភិវឌ្ឍ​អាវុធ​ជីវសាស្ត្រ​ចាប់តាំងពី​ទស​វត្ស​ឆ្នាំ​១៩៧៥​មក បន្ទាប់​ពី​អនុសញ្ញា​មួយ​នេះ​បាន​ចូល​ជា​ធរមាន​។ ក្នុង​ន័យ​នេះ ការ​ផលិត​និង​អភិវឌ្ឍ​អាវុធ​ជីវសាស្ត្រ​ទាំងអស់ ត្រូវ​បាន​ចាត់ទុកជា​សកម្មភាព​ខុស​នឹង​ច្បាប់​អន្តរជាតិ​។

បន្ថែម​ពីលើ​ការ​ព្រមាន​ពី​ការ​ប្រើប្រាស់​អាវុធ​ជីវសាស្ត្រ​របស់​រុ​ស្ស៊ី អង្គការ​ណា​តូ​បារម្ភ​ថា​ទោះបីជា​ប្រជាជន​អ៊ុយ​ក្រែ​ន​កំពុង​ទប់ទល់​នឹង​ការ​ឈ្លានពាន​របស់​រុ​ស្ស៊ី​ដោយ​ភាព​ក្លាហាន​ក៏​ដោយ ប៉ុន្តែ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទំនងជា​នាំ​មក​នូវ​ការ​លំបាក​កាន់តែ​ខ្លាំង ក្រោយ​រុ​ស្ស៊ី​បង្កើន​ការ​វាយលុក​យ៉ាង​សន្ធឹក​មក​លើ​រដ្ឋធានី​កៀវ ក្នុង​បំណង​ឡោម​ព័ទ្ធ​ទីក្រុង​។

បើ​ទោះជា រុ​ស្ស៊ី​សម្រុក​វាយប្រហារ​លើ​រដ្ឋធានី​កៀវ​កាន់តែ​ខ្លាំងក្លា​ក្ដី ប៉ុន្ដែ អង្គការ​ណា​តូ ក៏​ដូច​ជា​អា​មេ​រិ​កបាន​ប្រកាស​ហើយ​ថា នឹង​មិន​មាន​ផែនការ​បញ្ជូន​កងទ័ព​របស់​ពួក​គេ​ទៅ​ជួយ​អ៊ុយ​ក្រែ​ន​នោះ​ឡើយ ដោយ​ណា​តូ​បាន​បញ្ជាក់​ថា សង្គ្រាម​អាច​នឹង​រីកសាយ​កាន់តែ​ធំ​ឡើង បើសិនជា​ខ្លួន​ចូល​ជួយ​អ៊ុយ​ក្រែ​ន ខណៈ​ដែល​ប្រធានាធិបតី​អា​មេ​រិ​ក​វិញ​បាន​អះអាង​ចុង​ក្រោយ​នេះ​ថា អា​មេ​រិ​ក​នឹង​មិន​បញ្ជូន​កងទ័ព​ទៅ​ជួយ​អ៊ុយ​ក្រែ​ន​ឡើយ ព្រោះ​ថាបើ​អា​មេ​រិ​ក​ហ៊ាន​តែ​ជួយ នោះ​វា​នឹង​ផ្ទុះ​សង្គ្រាមលោក​លើក​ទី​៣​ជាក់​ជា​មិន​ខាន​ឡើយ​។ ទោះជា​បែប​នេះ​ក្ដី អា​មេ​រិ​ក និង​សម្ព័ន្ធ​នៅ​តែ​បន្ដ​ជួយ​ផ្ដល់​ជំនួយ​ផ្នែក​យោធា​ពិសេស​គ្រឿង​សព្វាវុធ​ទៅ​ឲ្យ​អ៊ុយ​ក្រែ​ន​។

គួរ​បញ្ជាក់​ថា បើ​តាម​សារ​ខ្លី​មួយ​ពី​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក ហ្សេ​លេ​ន​ស្គី កងទ័ព​អ៊ុយ​ក្រែ​ន​ជាង ១,៣០០​នាក់​ហើយ​ត្រូវ​បាន​សម្លាប់​ចាប់តាំងពី​ការ​បើក​ប្រតិបត្តិការ​យោធា​ចូលលុក​លុយ​អ៊ុយ​ក្រែ​ន​។ នេះ​អាច​ជា​លើក​ដំបូង​ហើយ ដែល​រដ្ឋាភិបាល​ទីក្រុង​កៀវ បញ្ចេញ​តួលេខ​កងទ័ព​ខ្លួន​ដែល​បាន​ពលី​ជីវិត​ចាប់តាំងពី​សង្គ្រាម​ផ្ទុះ​ឡើង​។ បន្ថែម​ពីលើ​នេះ​លោក ហ្សេ​លេ​ន​ស្គី អះអាង​ដែរ​ថា កងទ័ព​រុ​ស្ស៊ី​ជាង ១​ម៉ឺន​២​ពាន់ ត្រូវ​បាន​សម្លាប់ ប៉ុន្តែ​តួលេខ​ពី​ទីក្រុង​ម៉ូ​ស្គូ​ថា​មាន​តែ ៥០០​នាក់​ប៉ុណ្ណោះ ដោយ​វា​ជា​តួលេខ​ចាស់​តាំង​តែ​ពី​ថ្ងៃ​ទី​០២​ខែមីនា ។ រុ​ស្ស៊ី​មិន​ដែល​បញ្ចេញ​របាយការណ៍​ថ្មី​ទៀត​ទេ ពី​ពេល​នោះ​មក​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ពានរង្វាន់លើកទឹកចិត្តអ្នកសារព័ត៌មាន៥សម័យកាលគឺជាកម្មវិធីដំបូង នៅកម្ពុជា

ព័ត៌មាន
ក្រសួងព័ត៌មាន បានកំណត់កាលបរិច្ឆេទនៃកម្មវិធីប្រគល់ពានរង្វាន់លើកទឹកចិត្តចំពោះអ្នកសារព័ត៌មាន៥សម័យកាល ដែលគ្រោងប្រារព្ធធ្វើ នៅថ្ងៃទី ២៤ ខែមីន…

ប្រធានាធិបតីហ្វីលីពីនថា អាចបើកប្រទេសឲ្យទ័ពអាមេរិកតាំងមូលដ្ឋានបាន បើសង្គ្រាមរុស្ស៊ី ឈ្លានពានរាលដាលហួសពីអ៊ុយក្រែន

ព័ត៌មាន
រដ្ឋាភិបាលហ្វីលីពីនបានប្រកាសថា ខ្លួនមានឆន្ទៈក្នុងការបើកប្រទេសដល់ទាហានអាមេរិក ប្រសិនបើការឈ្លានពានរបស់រុស្ស៊ីដែលកំពុងបន្តលុកលុយលើអ៊ុយក្រែន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ