
អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស ដែលជាក្រុមហ៊ុនមួយគ្រោងធ្វើប្រតិបត្តិការដឹកអ្នកដំណើរទៅមករវាងកំពង់ផែទេសចរណ៍អន្តរជាតិ កំពត និងកោះត្រល់ បានអះអាងថា បច្ចុប្បន្នការចរចាភ្ជាប់ជើងដឹកជញ្ជូនអ្នកដំណើរដោយផ្ទាល់រវាងកំពង់ផែទេសចរណ៍អន្តរជាតិ កំពត និងកោះត្រល់ជាមួយភាគីវៀតណាម នៅមិនទទួលបានផ្លែផ្កានៅឡើយទេ ខណៈបច្ចុប្បន្ន កម្ពុជា ត្រៀមខ្លួនរួចរាល់ហើយ នៅរង់ចាំតែភាគីវៀតណាមតែប៉ុណ្ណោះ។
បញ្ហានេះ កំពុងជំរុញឱ្យក្រុមហ៊ុន វីរៈ ប៊ុនថាំ ងាកទៅចរចាបើកច្រកដឹកជញ្ជូនអ្នកតាមផ្លូវចាស់ ដែលចំណាយពេលជាង១ម៉ោង៤០នាទី។ បើតាមការអះអាងរបស់ថ្នាក់ដឹកនាំរូបនេះ ក្រុមហ៊ុនវីរៈ ប៊ុនថាំ នឹងជួបពិភាក្សាជាមួយភាគីពាក់ព័ន្ធរបស់វៀតណាម នៅខែក្រោយ សម្រាប់ការបើកច្រកដឹកជញ្ជូននេះ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុននេះ ក៏កំពុងចរចាជាមួយក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ក្នុងការសម្របសម្រួលឱ្យមានការចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីអាចអនុញ្ញាតឱ្យកប៉ាល់ឆ្លងកាត់ពីវៀតណាម ចូលមកព្រំដែនផ្លូវទឹកផងដែរ។
គួរបញ្ជាក់ថា ក្រុមហ៊ុន វីរៈប៊ុនថាំ បានដាក់ឱ្យដំណើរការសាកល្បងនូវកប៉ាល់ដឹកអ្នកដំណើរទៅមករវាងខេត្តកំពត និងកោះត្រល់ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ ដោយការធ្វើដំណើរតាមកប៉ាល់ទំនើបនេះចំណាយពេលត្រឹមតែ៤០នាទីប៉ុណ្ណោះ។ បើតាមការបញ្ជាក់របស់ថ្នាក់ដឹកនាំក្រុមហ៊ុន វីរៈប៊ុនថាំ កប៉ាល់ដឹកអ្នកដំណើរដ៏ទំនើបនេះមានច្រើនប្រភេទខុសៗគ្នា ដោយកប៉ាល់នីមួយៗ មានតម្លៃចាប់ពី៦០ម៉ឺនរហូតដល់ជាង១លានដុល្លារក្នុង១គ្រឿងជាមួយសមត្ថភាពអាចដឹកអ្នកដំណើរបានចាប់ពី១០០នាក់ ទៅជាង២០០នាក់ក្នុង១ជើង ខណៈតម្លៃសំបុត្រធ្វើដំណើរមានន្លោះពី២៨ដុល្លារ ទៅ៣២ដុល្លារក្នុង១នាក់៕
អត្ថបទ៖ ជា ម៉ារ៉ា