ស្ថានភាពទឹកជំនន់ទឹកភ្លៀង

ស្ថានភាពទឹកជំនន់នៅខេត្ត ប៉ៃលិន បាត់ដំបង និង ពោធិ៍សាត់ចាប់ផ្តើមធូរស្រាលបន្តិចហើយ


ក្រោយមានព្យុះភ្លៀង ជាប់គ្នាប៉ុន្មានថ្ងៃមកនេះ បានធ្វើឲ្យខេត្តចំនួន១១ ក្នុងចំណោមរាជធានីខេត្តទាំង២៥រងការជន់លិចដោយសារជំនន់ទឹកភ្លៀង ក្នុងនោះ ខេត្តចំនួន៣ រងគ្រោះធ្ងន់ជាងគេ គឺខេត្តប៉ៃលិន បាត់ដំបង និងខេត្តពោធិ៍សាត់។ នេះបើយោងតាមអ្នកនាំពាក្យគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ដែលបានប្រាប់សារព័ត៌មានខេមបូណូមីស នាព្រឹកថ្ងៃទី១២ តុលានេះ។
ស្ថានភាពទឹកជំនន់នៅខេត្ត ប៉ៃលិន បាត់ដំបង និង ពោធិ៍សាត់ចាប់ផ្តើមធូរស្រាលបន្តិចហើយ
ដោយ

លោក ឃុន សុខា អ្នកនាំពាក្យ​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​ប្រាប់​ថា មក​ទល់​នឹង​ពេល​នេះ នៅ​ទូ​ទាំង​ប្រទេស​មាន​ប្រជាពលរដ្ឋ​ចំនួន​ជាង ១​ម៉ឺន​២​ពាន់​គ្រួសារ ដែល​បាន​រង​ផល​ប៉ះពាល់​ដោយសារ​ជំនន់​ទឹក នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​។

លោក ឃុន សុខា បាន​បញ្ជាក់​ថា «​នេះ​ជា​ជំនន់​ទឹកភ្លៀង​សុទ្ធ​សាត ដោយសារ​យើង​រង​ឥទ្ធិពល​ពី​ព្យុះ​ទី​១៤​និង​១៥ ជាប់​ៗ​គ្នា​ហ្នឹង បាន​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ច្រើន​ខ្លាំង​នៅ​ប៉ែក​ខាងលិច​នៃ​ភាគ​ឦសាន ហើយ​មិន​ទាន់​ដឹង​ថា​បញ្ចប់​ពេល​ណា​ទេ ទាល់តែ​តាមដាន​ការ​ព្យាករ​ឧត្តុនិយម​សិន ព្រោះថា ឥឡូវនេះ​វា កំពុង​តែ​ស្ថិត​នៅ​ក្នុង​សម្ពាធ​ទាប​នៃ​នៃ​ខ្យល់ព្យុះ​ទី​១៥ ដែល​តាម​ការ​ប៉ាន់ស្មាន​អាច​បន្ត​ទៅ​២​ថ្ងៃ​ខាង​មុខ​ទៀត​»​។

ក្នុង​ចំណោម​ខេត្ត​ទាំង​៣ ខេត្តបាត់ដំបង បាន​រង​គ្រោះ​ដោយសារ​ទឹកជំនន់​នេះ ធ្ងន់ធ្ងរ​ជាងគេ ដោយ​គ្រប​ទៅ​ដណ្តប់​លើ​ក្រុង​ស្រុក​ទាំង​១៤ និង​មាន​ពលរដ្ឋ​ប្រមាណ​ជាង​ជិត​២​ពាន់​គ្រួសារ ត្រូវ​បាន​ជម្លៀស​ទៅ​កាន់​ទីទួល​មាន​សុវត្ថិភាព​។

លោក សឿ​ម ប៊ុ​ន​រិ​ទ្ធិ អភិបាលរង​និង​ជា​អ្នកនាំពាក្យ​រដ្ឋបាល​ខេត្តបាត់ដំបង បាន​ប្រាប់​ខេ​ម​បូ​ណូ​មី​ស​ថា ក្នុង​ចំណោម​ក្រុង​ស្រុក​ទាំង​១៤ ដែល​រង​គ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​នោះ មាន​ក្រុង​ស្រុក​ចំនួន​៧ ដែល​រង​គ្រោះ​ធ្ងន់​ជាងគេ​។

លោក សឿ​ម ប៊ុ​ន​រិ​ទ្ធិ បាន​បញ្ជាក់​ថា ៖«​មក​ទល់​នឹង​ពេល​នេះ យើង​មិន​អាច​វាយតម្លៃ​លើ​ការ​ខូចខាត ផលដំណាំ​បាន​ទេ ព្រោះថា ទឹក​មិន​ទាន់​ស្រក ដោយ​នា​ពេល​គោលការណ៍​របស់​អាជ្ញាធរ គឺ​ធ្វើ​យ៉ាងណា ត្រូវ​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​សិន​។ ដោយឡែក កម្ពស់​ទឹកស្ទឹង​សង្កែ​ឯណេះ​វិញ បាន​ស្រក​ចុះ​បន្តិច​ដែរ ហើយពី​ជម្រៅ​ប្រមាណ ១៤,៣​ម៉ែត្រ មក​នៅ​ត្រឹមតែ​១៤​ម៉ែត្រ ខណៈ​ដែល​ចំណុច​ដែល​ត្រូវ​ប្រកាស​អាសន្ន​គឺ​១៥​ម៉ែត្រ »​។

ចំណែក​ខេត្តពោធិ៍សាត់ តំបន់​ដែល​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ជាងគេ គឺ​ក្រុង​ពោធិ៍សាត់ និង​ស្រុក​កណ្តៀង ដោយសារ​ពេល​អាជ្ញាធរ​ខេត្ត​នេះ កំពុង​ដុតដៃដុតជើង ជួយ​សង្គ្រោះ​ពលរដ្ឋ​មក​កាន់​ទីទួល​សុវត្ថិភាព​។

រូបភាព អាជ្ញាធរខេត្តបាត់ដំបងចុះយកស្បៀងជួយដល់ពលរដ្ឋរងគ្រោះ

ក្នុង​ការ​ឆ្លើយឆ្លង​ជាមួយ​ក្រុមការងារ​ខេ​ម​បូ​ណូ​មី​ស និង​ចំ​ពេល​ដែល​ចុះ​ទៅ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់​ដែរ​នោះ ឯកឧត្តម ម៉ៅ ធ​ន្ទិ​ន អភិបាលខេត្ត​ពោធិ៍សាត់​បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា ស្ថានភាព​នៅ​ស្ទឹង​ពោធិ៍សាត់ បាន​ស្រក​ហើយ តែ​ក្រុមការងារ​របស់​លោក​នៅ​តែ​បន្តសកម្មភាព​ចុះ​ទៅ​ពិនិត្យ ដើម្បី​មាន​បញ្ហា​អ្វី​អាច​ជួយ​សង្គ្រោះ​បាន​ទាន់​ពេលវេលា​។

ឯកឧត្តម ម៉ៅ ធ​ន្ទិ​ន បាន​អះអាង​ថា ៖«​បញ្ហា​ដែល​ប្រឈម​ធំ គឺ​ក្រុង​ពោធិ៍សាត់​និង​ស្រុក​កណ្តៀង តែ​ស្ថានភាព​នៅ​ស្ទឹង​ពោធិ៍សាត់ បាន​ស្រក​ហើយ តែ​ដោយសារ​តែ​វា​មាន​បាច​ទៅ​តាម​ទីវាល ហើយ​ទីវាល​ទាំងអស់​ហ្នឹង​វា​ពាក់ព័ន្ធ​នឹង​លំនៅ​ឋាន​របស់​ពលរដ្ឋ​របស់​យើង ដែល​លោក​នៅ​តាម​ទី​ទាប ឥឡូវនេះ យើង​ប្រើប្រាស់​កម្លាំង​សរុប​ដើម្បី​ប្រមូលផ្តុំ​ធ្វើ​អន្តរាគមន៍​ដើម្បី​ប្រមូល​ពលរដ្ឋ​មក​កាន់​ទីទួល​សុវត្ថិភាព មួយទៀត យើង​ត្រូវ​រៀបចំ​ស្បៀងអាហារ​សម្រាប់​ពុក​ម៉ែ​យើង​ធ្វើ​កុំ​ឲ្យ​ខ្វះ​»​។

រូបភាព ឯកឧត្តម ម៉ៅ ធន្ទិន និងក្រុមការងារចុះពិនិត្យស្ថានភាពទឹកជំនន់នៅក្រុងពោធិ៍សាត់

ដោយឡែក នៅ​ខេត្ត​ប៉ែ​លិ​ន ឯណោះ​វិញ ជំនន់​ទឹកភ្លៀង​បាន​បង្ក​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ចំនួន​ជិត ៥០០​គ្រ​សារ នៅ​ក្នុង​ឃុំ​ចំនួន​២ ។ លោក ធូ ភា អភិបាលរង និង​ជា​អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ត​ប៉ៃលិន បាន​ប្រាប់​ក្រុមការងារ​ខេ​ម​បូ​ណូ​មី​ស​តាម​តេ​ឡេ​ក្រាម​ថា ស្ថានភាព​ទឹក​នៅ​ខេត្ត​ប៉ៃលិន នា​ពេល​នេះ បាន​ធូរស្រាល​បន្តិច​ហើយ​។

លោក ធូ ភា បាន​ឲ្យ​ដឹង​ថា ៖« ខាង​ប៉ៃលិន​យើង​លិច​ប្រមាណ​តែ ២​ឃុំ​ទេ ហើយ​ជម្រៅ​ទឹក​លិច​មាន​ប្រមាណ​មួយ​ម៉ែត្រ ឬ​ក្រោម​នេះ​បន្តិច ដែល​អាស្រ័យ​ទៅ​តាម​ទីតាំង ហើយ​ការ​លិច​នៅ​ក្នុង​ឃុំ​ចំនួន​២​នេះ មិន​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ពលរដ្ឋ​ទេ ហើយ​អាជ្ញាធរ​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ជួយ​ពលរដ្ឋ​ពី​ការ​លិចលង់​នេះ​»​។

រូបភាព អាជ្ញាធរខេត្តប៉ៃលិនចុះយកស្បៀងជួយដល់ពលរដ្ឋរងគ្រោះ

សូម​បញ្ជាក់​ថា ជំនន់​ទឹកភ្លៀង បាន​និង​កំពុង​បង្ក​ការ​គំរាមកំហែង​ខ្លាំង នៅ​ក្នុង​តំបន់ ដែល​បណ្តាល​ឲ្យ​អាជ្ញាធរ​ខេត្តបាត់ដំបង​បិទ​ការ​ធ្វើ​ចរាចរណ៍​របស់​រថយន្ត​ធំ​ៗ​គ្រប់​ប្រភេទ ហើយ​នៅ​ថ្ងៃ​ទី​១១ តុលា ម្សិលមិញ​នេះ មន្ទីរ​សាធារណការ​ខេត្តបន្ទាយមានជ័យ​ក៏​បាន​ជូនដំណឹង​ពី​ការ​បិទផ្លូវ​ជាតិ និង​ផ្លូវ​ក្នុង​ខេត្ត​របស់​ខ្លួន​ដែរ ព្រោះ​ពេល​ស្ថានភាព​ជំនន់​ទឹកភ្លៀង កំពុង​តែ​គំរាមកំហែង​យ៉ាង​ខ្លាំង​ដល់​ខេត្ត​នេះ​។

មិនមែន​តែ​នៅ​តាម​បណ្ដា​ខេត្ត​នោះ​ទេ ដែល​កំពុង​រង​គ្រោះ ព្រោះ​បញ្ហា​ទឹកជំនន់​ន​នេះ នៅ​រាជធានី​ភ្នំពេញ​ក៏​កំពុង​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង​ផង​ដែរ​។ ជាក់ស្ដែង នៅ​យប់​ថ្ងៃ​ទី ១១ ខែតុលា ជំនន់​ទឹកភ្លៀង​បាន​ធ្វើ​ឲ្យ​លិចលង់​នៅ​ក្នុង​តំបន់​ជា​ច្រើន​នៅ​រាជធានី​ភ្នំពេញ ខណៈ​ដែល​បញ្ហា​ការ​កកស្ទះ​សម្រាម មិន​មាន​អ្នក​ប្រមូល​ក៏​កំពុង​ចោទ​ជា​បញ្ហា និង​កើតជា​ក្ដី​ព្រួយបារម្ភ​ខ្លាំង​មួយ​របស់​ពលរដ្ឋ​ផង​ដែរ​៕

រូបភាពពីហ្វេសបុក
រូបភាពពីហ្វេសបុក
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បញ្ហាសំរាមកកស្ទះ នឹងនៅបន្ដអូសបន្លាយទៀត ខណៈកម្មករក្រុមហ៊ុនស៊ីនទ្រី នៅតែបន្ដធ្វើកូដកម្ម មិនចេញប្រមូលសំរាមឡើយ

ព័ត៌មាន
បញ្ហាសំរាមកកស្ទះគរ និងអណ្ដែតនៅតាមដងផ្លូវជាច្រើននៃរាជធានីភ្នំពេញ នឹងអាចនៅតែបន្ដកើតមានទៀត ស្របពេលដែលបញ្ហាភ្លៀងធ្លាក់ខ្លាំងនៅតែបន្ដនៅឡើយ ហើយ…

អាជ្ញាធរស្រុកបន្ទាយស្រី ស្នើឲ្យក្រុមហ៊ុនឯកជនចូលរួមវិនិយោគរៀបចំជាភូមិបុរាណ ដើម្បីទាក់ទាញភ្ញៀវទេសចរ

ព័ត៌មាន
តាមរយៈបទសម្ភាសន៍ ជាមួយអ្នកយកព័ត៌មានខេមបូណូមីស តាមប្រព័ន្ធតេឡេក្រាម អភិបាលស្រុកបន្ទាយស្រី លោក ឃឹម ហ្វីណង់ បានបញ្ជាក់ថា លោកនឹងពិចារណាទៅដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ