នយោបាយ

អតីត​ឧបនាយក​រដ្ឋមន្ត្រី​​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​សង្ស័យ​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន


អ្នក​តាមដាន​នយោបាយ​កម្ពុជា ប្រាកដ​ជា​ស្គាល់​លោក ញឹក ប៊ុនឆៃ ច្បាស់​ណាស់ គឺ​លោក​ជា​អតីត​មន្ត្រី​ជាន់ខ្ពស់និង​ជា​អតីត​មេទ័ព​ល្បីល្បាញ​របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​ចលនា​តស៊ូ​នៅ​ព្រំដែន​កម្ពុជា​ថៃ ក្នុង​អំឡុង​សម័យ​សង្គ្រាម​ស៊ីវិល។ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី៣ ខែសីហា ឆ្នាំ​២០១៧ លោក ញឹក ប៊ុនឆៃ ត្រូវ​បាន​កម្លាំង​អាជ្ញាធររដ្ឋាភិបាលចាប់​ខ្លួន​ហើយ។
លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​ជា​អតីត​ឧបនាយក​រដ្ឋមន្ត្រី។
ដោយ

នគរបាល​​បាន​​ចាប់​ខ្លួន​​លោក ញឹក ប៊ុនឆៃ ដែល​ជា​អតីត​ឧបនាយក​រដ្ឋមន្ត្រី និង​​ធ្លាប់ជា​​អតីត​អនុប្រធាន​ព្រឹទ្ធ​សភា​ដែរ​នោះ ជុំវិញ​ការជាប់​ពាក់ព័ន្ធ​ក្នុង​ការ​ផលិត​គ្រឿង​ញៀន​ខុស​ច្បាប់​នៅ​ឆ្នាំ​២០១២ នៅ​ខេត្ត​កំពង់ស្ពឺ។

លោក​ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ បាន​មាន​ប្រសាសន៍​ថា លោក ញឹក ប៊ុនឆៃ ដែល​ជា​ប្រធាន​គណបក្ស​គណបក្ស​ខ្មែរ​រួប​រួមជាតិ និង​ជា​អតីត​មេបញ្ជាការ​កងទ័ព​​កម្ពុជា​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៩០ ត្រូវ​បាន​ឃាត់​ខ្លួន ព្រោះ​«គាត់​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ផលិត​គ្រឿង​ញៀន​នៅ​កំពង់ស្ពឺ​ដែល​ពេល​នោះ យើង​បាន​ធ្វើការ​ចាប់​ខ្លួន​មនុស្ស​មួយ​ចំនួន នៅ​ឆ្នាំ​២០១២។»

នៅ​ពេល​ដែល​សួរ​ថា ហេតុអ្វី​បាន​ជា​អាជ្ញាធរ​បាន​សម្រេច​ចិត្ត​ធ្វើ​សកម្មភាព​បន្ថែម​នៅ​ពេល​នេះ លោក ខៀវ សុភ័គ បាន​ថ្លែង​ថា អ្នក​ដែល​ដឹង​រឿង​គាត់ ទើបតែ​ចេញ​មក​និយាយ​ការ​ពិត​ពី​គាត់​នៅ​ពេល​នេះ បន្ទាប់​ពី​ដឹង​ថា គាត់​បាន​បាត់​បង់​អំណាច​ជា​ទីប្រឹក្សា​រដ្ឋាភិបាល​ថ្មីៗ​នេះ។

លោក ខៀវ សុភ័គ បាន​បន្ត​ថា «យើង​ទើប​តែ​រក​ឃើញ​ការពិត​ ពីព្រោះ​នៅ​ពេល​គាត់​មាន​អំណាច គ្មាន​នរណា​ម្នាក់​ហ៊ាន​ចេញ​មក​និយាយ​ការ​ពិត​ទេ។»

មុន​ឈាន​ដល់​ការ​ដក​ចេញ​ពី​តំណែង​ជា​ទីប្រឹក្សា​រដ្ឋាភិបាល​និង​ការ​ចាប់​ខ្លួន​នា​ពេល​នេះ ទីប្រឹក្សា​រដ្ឋាភិបាល​ដទៃ​ទៀត​ជាច្រើន​ដែល​ភាគច្រើន​ជា​សម្ព័ន្ធមិត្ត​របស់​គាត់ ក៏​ត្រូវ​បាន​ដក​ហូត​តំណែង​ដែរ។

កន្លង​មក មាន​ពាក្យ​ចចាមអារ៉ាម​ជាច្រើន ដែល​ថា លោក ញឹក ប៊ុនឆៃ មាន​ផែនការ​ចុះចូល​ជាមួយ​គណបក្យ​ប្រឆាំង គឺ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ពេល​ដែល​មាន​លេច​ឮ​ថា លោក​ ញឹក ប៊ុនឆៃ បាន​​ទូរស័ព្ទ ទៅ​លោក អេង ឆៃអ៊ាង ដែល​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​៣ ខែ​មិថុនា កន្លង​ទៅ។

លោក អេង ឆៃអ៊ាង បាន​និយាយ​ថា លោក ញឹក ប៊ុនឆៃ «បាន​ទូរស័ព្ទ​មក​ខ្ញុំ​ ហើយ​និយាយ​ថា លោក​បាន​ប្រាប់​អ្នក​គាំទ្រ​របស់​លោក​ឲ្យ​​បោះឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ហើយ និយាយ​តែ​ប៉ុណ្នឹង»។

គណបក្ស​ខ្មែរ​រួបរួម​ជាតិ​របស់​លោក ញឹក ប៊ុនឆៃ ជា​គណបក្ស​តែ​មួយ​គត់ ដែល​បាន​ឈ្នះ​តំណែង​មេឃុំ​មួយ​នៅ​ក្នុង​ការ​បោះឆ្នោត​កាល​ពី​ខែ​មិថុនា បន្ទាប់​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះជាតិ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កសិករ​នឹង​រង់​ចាំ​មើល​ផល​ពី​កិច្ច​សន្យា​នាំ​ចេញ​អង្ករ​១​លាន​តោន​ទៅ​បង់ក្លាដេស!

ព័ត៌មាន
កម្ពុជា​បាន​ចុះ​កិច្ច​ព្រមព្រៀង​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិ​សាស្ត្រ​របស់​ខ្លួន​ជាមួយ​នឹង​ប្រទេស​បង់ក្លាដេស ក្នុង​ការ​នាំ​ចេញ​អង្ករ​ពី​កម្ពុ…

ដឹង​ទេ!​ សំណង់​បុរី​នៅ​​ភ្នំពេញ​មាន​ប៉ុន្មាន​កន្លែង ​និង​នៅ​តំបន់​ណា​ខ្លះ?

ព័ត៌មាន
ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ នរណាៗ​ក៏​លាន់​មាត់​ពី​ការរីក​លូត​លាស់​នៃ​វិស័យ​​សំណង់​និង​អចលនទ្រព្យ​ដែរ។ នៅ​ភ្នំពេញ សំណង់​​អគារ​ខ្ពស់…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ