Advertisement
សំណង់​បុរី​នៅ​ភ្នំពេញ

ដឹង​ទេ!​ សំណង់​បុរី​នៅ​​ភ្នំពេញ​មាន​ប៉ុន្មាន​កន្លែង ​និង​នៅ​តំបន់​ណា​ខ្លះ?


ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ នរណាៗ​ក៏​លាន់​មាត់​ពី​ការរីក​លូត​លាស់​នៃ​វិស័យ​​សំណង់​និង​អចលនទ្រព្យ​ដែរ។ នៅ​ភ្នំពេញ សំណង់​​អគារ​ខ្ពស់ៗ​​កំពុង​ងើប​ដុះ​ឡើង​ជា​បន្ដ​បន្ទាប់​ ពោល​គឺ អគារ​ដែល​មាន​កម្ពស់​ចាប់​ពី​៥​ជាន់​ឡើង​ទៅ មាន​រហូត​ដល់ ៩១៩​អគារ។ រីឯ​​សំណង់​គម្រោង​លំនៅឋាន​បុរី ឬ​លំនៅឋាន​​មាន​​លក្ខណៈ​បុរី ក៏​មាន​ការ​រីក​ដុះដាល​កាន់​តែ​ច្រើន​ឡើង​ផង​ដែរ។
បុរី​វិមាន​ភ្នំពេញ​ដែល​ជា​គម្រោង​លំនៅឋាន​វិនិយោគ​ដោយ​លោក​ឧកញ៉ា លី ហួរ អ្នក​រកស៊ី​លក់​មាស​និង​ប្ដូរ​ប្រាក់​ដ៏​ល្បី​នៅ​កម្ពុជា។
ដោយ

របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយ​កម្ម និង​សំណង់ ឲ្យ​ដឹង​ថា គិត​ត្រឹម​៦​ខែ​ដំបូង​នៃ​ឆ្នាំ​​២០១៧​នេះ គម្រោង​សាងសង់​បុរី​លំនៅឋាន ឬ​លំនៅ​ឋាន​មាន​លក្ខណៈ​បុរី​ថ្មីៗ មាន ១៤​ទីតាំង ហើយ​បើ​គិត​មក​ទល់​ពេល​បច្ចុប្បន្ន គម្រោង​លំនៅ​ឋាន​ប្រភេទ​នេះ​មាន​សរុប​រហូត​ដល់ ១៥៣​ទីតាំង។ 

លោក ឡៅ ទិព្វសីហា អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ប្រាប់​ឲ្យ ខេមបូណូមីស ដឹង​ថា ស្រប​ទៅ​តាម​គម្រោង​ប្លង់​គោល​របស់​សាលា​រាជ​ធានី​ភ្នំពេញ រហូត​ដល់​ឆ្នាំ​២០៣០ ចំពោះ​ទីតាំង​អភិវឌ្ឍ​បុរី​ភាគ​ច្រើន បាន​និង​កំពុង​ប្រមូល​ផ្ដុំ​គ្នា​សាងសង់​នៅ​តំបន់​សំខាន់ៗ​មួយ​ចំនួន​ដូចជា តំបន់​ក្បែរ​ផ្លូវ​ជាតិ​លេខ​៤ ផ្លូវ​ជាតិ​លេខ​៦ ផ្លូវ​ជាតិ​លេខ១ តំបន់​ស្ថិត​ក្នុង​ខណ្ឌ​សែនសុខ ខណ្ឌ​ឫស្សីកែវ និង​តំបន់​អរិយ​ក្សត្រ ជាដើម។

បុរី​ប៉េងហួត បឹងស្នោរ ខណ្ឌ​ច្បារ​អំពៅ តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ១។
Advertisement

លោក​បន្ត​ថា មិន​ត្រឹម​តែ​នៅ​រាជ​ធានី​ភ្នំពេញ​នោះ​ទេ ដែល​កំពុង​សម្រុក​សាងសង់​សំណង់​បុរី​លំនៅឋាន សូម្បី​តែ​នៅ​ទីរួម​ខេត្ត​មួយ​ចំនួន​ក៏​កំពុង​មាន​ការ​រីក​សាយ​ភាយ​ការ​សាងសង់​សំណង់​លំនៅឋាន​បុរី​ផង​ដែរ។

យ៉ាង​ណា​ក៏​ដោយ ខេមបូណូមីស នៅ​មិន​ទាន់​ទទួល​បាន​ទិន្នន័យ​ជាក់លាក់​អំពី​ចំនួន​ក្រុមហ៊ុន​សាងសង់​បុរី​នៅ​កម្ពុជា​នៅ​ឡើយ​ទេ។ ប៉ុន្ដែ បើ​យោង​តាម​គេហ​ទំព័រ​របស់​សមាគម​អ្នក​អភិវឌ្ឍ​លំនៅ​ឋាន​កម្ពុជា គេ​ឃើញ​មាន​សមាជិក​ជា​អ្នក​អភិវឌ្ឍ​សំណង់​លំនៅ​ឋាន​ចំនួន ៣៨​ក្រុមហ៊ុន។ 

បុរី​ពិភព​ថ្មី ដែល​វិនិយោគ​ដោយ​ឧកញ៉ា​ ហុង ពីវ ដ៏​ល្បីល្បាញ។
Advertisement

សូម​បញ្ជាក់​ដែរ​ថា នៅ​រយៈ​ពេល​ចុង​ក្រោយ​នេះ ការ​សាងសង់​សំណង់​បុរី និង​ការ​ទិញ​លក់​លំនៅ​ដ្ឋាន​ប្រភេទ​នេះ តាម​រយៈ​ការ​បង់​រំលោះ​ដោយ​គ្មាន​ប្រាក់កក់ ហាក់​​កំពុង​មាន​ការ​ពេញ​និយម​ខ្លាំង​ពី​សំណាក់​ប្រជាជន​កម្ពុជា។ 

យ៉ាង​ណា​ក៏​ដោយ ប្រតិបត្តិការ​ទិញ​លក់​នេះ​ត្រូវ​បាន​អ្នក​ជំនាញ​មើល​ឃើញ​ថា ក៏​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​ផង​ដែរ ប្រសិន​បើ​អ្នក​ទិញ​មិន​បាន​សិក្សា​ពី​ប្រភព​ចំណូល​របស់​ខ្លួន​ឲ្យ​បាន​ច្បាស់​លាស់ ខណៈ​ដែល​ម្ចាស់​បុរី មួយ​ចំនួន​ហាក់​បើក​ដៃ​យ៉ាង​ធូរ​រលុង​សម្រាប់​អ្នក​ទិញ ពោល​គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​តែមាន​​អ្នក​ទិញ​ច្រើន ដោយ​មិន​មាន​ការ​សិក្សា​ឬ​កំណត់​លក្ខខណ្ឌ​ច្បាស់​លាស់​អំពី​ប្រភព​ចំណូល​របស់​អ្នក​ទិញ​អចលន​ទ្រព្យ​នោះ​ឡើយ៕

© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អតីត​ឧបនាយក​រដ្ឋមន្ត្រី​​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​សង្ស័យ​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន

ព័ត៌មាន
អ្នក​តាមដាន​នយោបាយ​កម្ពុជា ប្រាកដ​ជា​ស្គាល់​លោក ញឹក ប៊ុនឆៃ ច្បាស់​ណាស់ គឺ​លោក​ជា​អតីត​មន្ត្រី​ជាន់ខ្ពស់និង​ជា​អតីត​មេទ័ព​ល្បីល្បាញ​រ...

ហាង​ម្ហូប​ជប៉ុន​មួយ​នៅ​អាមេរិកលក់​«ស្ទេក​សាច់គោស្រោប​មាស»!

ព័ត៌មាន
នៅ​ទីក្រុង​ ឡូស អាល់តូស (Los Altos) រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក មាន​ភោជនីយដ្ឋាន​អាហារ​ជប៉ុន​មួយ​ដ៏​ប្លែក​ជាងគេ​បំផុត​មិន​ធ្ល...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ