អាជីវកម្ម-ផ្សាររាត្រី

ផ្សាររាត្រីនៅភ្នំពេញលើកសម្រស់រាជធានីនិងផ្តល់ប្រាក់ចំណូលដល់ពលរដ្ឋ


ផ្សាររាត្រីជាប់មាត់ទន្លេ ត្រូវបានគេស្គាល់ថា ជាទីកន្លែងពិសេសមួយ ដែលអាជីវករ អាចយកទំនិញ និង ផលិតផលពួកគេយកមកតាំងលក់ ដើម្បីរកប្រាក់ចំណូលបន្ថែម ខណៈនាពេលកន្លងមក ការលក់ដូររបស់អាជីករ ត្រូវបានធ្វើឡើងមមាញឹកខ្លាំងតែនៅពេលថ្ងៃ។
កញ្ញា ចាន់ ដាវី អ្នកលក់ប្រហិត និង មីឆា ដែលទទួលបានផលពីផ្សាររាត្រីជាប់មាត់ទន្លេ (រូបថត៖ ហេង ភារម្យ)
ដោយ

អ្នកស្រី កែវ ដាវី អាជីវករលក់វត្ថុអនុស្សាវរីយ៍នៅផ្សាររាត្រី បានប្រសាសន៍ថា ផ្សាររាត្រីជាប់មាត់ទន្លេមួយនេះ បានផ្តល់ប្រាក់ចំណូលជាមធ្យមប្រមាណ ២០០ដុល្លារក្នុងមួយយប់ និង បានផ្តល់ការងារដល់ពលរដ្ឋជាច្រើនគ្រួសារ ទាំងនៅភ្នំពេញ ខេត្តកំពង់ឆ្នាំង និង ខេត្តកណ្តាល ដែលសុទ្ធ តែជាសិប្បករកែច្នៃវត្ថុអនុស្សាវីរយ៍។

អ្នកស្រីបញ្ជាក់ប្រាប់ខេមបូណូមីសទាំងរីករាយថា៖ «ខ្ញុំមានលក់ផលិតផលខ្មែរ ដូចជា៖ ផ្កាកែច្នៃពីសំបកពោត ស្លឹកត្នោត និង កែច្នៃពីស្នោរ ដែល​វាជាស្នាដៃរបស់ខ្មែរយើង។ ផ្សាររាត្រី មានភ្ញៀវទេសចរជាច្រើន ទាំងក្នុងស្រុក និង ក្រៅស្រុក ដែលពួកគាត់ បានមកទស្សនា និង បានទិញផលិត​ផល​យើង។ ផ្សាររាត្រី បានជួយលើកទឹកចិត្តពលរដ្ឋ និង បានជួយច្រើនដល់សេដ្ឋកិច្ចពលរដ្ឋ បើគ្មានទីផ្សារទេ ប្រជាពលរដ្ឋក៏មិនដឹងផលិតយកទៅលក់នៅឯណាទេ» ។

អ្នកស្រី កែវ ដាវី អាជីវករលក់វត្ថុអនុស្សាវរីយ៍នៅផ្សាររាត្រី

ក្រៅពីមានលក់វត្ថុអនុស្សាវរីយ៍ ផ្សាររាត្រី ដែលបានបើកលក់ជារៀងរាល់ថ្ងៃ ចាប់ពីក្បាលព្រលប់រហូត ម៉ោង១២យប់អាធ្រាត មានស្តង់ ដាក់លក់ទំនិញរាប់រយស្តង់ ដូចជា៖ ស្តង់លក់សំលៀកបំពាក់ ឧបករណ៍ប្រើប្រាស់ គ្រឿងអលង្ការ និង ម្ហូបអាហារជាច្រើនមុខ ព្រមទាំង មានអមដោយតន្ត្រីសម័យ និង បុរាណ សម្រាប់កំដរទៀតផង។

កំណើនប្រជាជនប្រមាណ៣លាននាក់នៅរាជធានីភ្នំពេញ បូករួមទាំងភ្ញៀវទេសចរអន្តរជាតិដែលស្នាក់នៅ បានជំរុញមានតម្រូវការផ្សារលក់ទំនិញពេលយប់ កាន់តែច្រើន ដូចជា៖ ផ្សាររាត្រីនៅមាត់ទន្លេ ផ្សាររាត្រី និងភោជនីយដ្ឋាននៅតំបន់កោះពេជ្រ ចំណែកផ្សារកុងធែននើ ក៏ត្រូវបានបង្កើតឡើងជាបន្តបន្ទាប់ ដើម្បីបំពេញតម្រូវរបស់មនុស្សនៅពេលបច្ចុប្បន្ន ដែលមាននិន្នាការ ចូលចិត្តដើរកម្សាន្តនៅពេលយប់។

ភ្ញៀវទេសចរបរទេស កំពុងទិញអាហារនៅផ្សាររាត្រីជាប់មាត់ទន្លេនៅរាជធានីភ្នំពេញ

ដ្បិតថ្វីលុយចេញពីហោប៉ៅអ្នកទិញភាគច្រើនធ្លាក់ ចូលក្នុងដៃឈ្មួញធំៗមែន តែសកម្មភាពនេះ បានលើកសម្រស់រាជធានីភ្នំពេញ ឲ្យមានភាពស្រស់ស្អាតនាពេលរាត្រី និង បានបង្កើតការងារជាច្រើនដល់ពលរដ្ឋ។

លោក ខុន ចន្ធី អ្នករត់ម៉ូតូកង់បីនៅផ្សាររាត្រី បានអះអាងថា ផ្សាររាត្រី បានធ្វើឲ្យមានមនុស្សធ្វើចរាចរណ៍នៅពេលយប់ ដែលជាឱកាសរបស់លោក ក្នុងការរកស៊ី ដើម្បីបង្កើនចំណូលប្រចាំថ្ងៃ និង បានជួយសម្រួលដល់ជីវភាពគ្រួសារ។

លោក ខុន ចន្ធី អ្នករត់ម៉ូតូកង់បីនៅផ្សាររាត្រី

លោករៀបរាប់បែបនេះថា៖ «ផ្សាររាត្រី បានផ្តល់អត្ថប្រយោជន៍ដល់ខ្ញុំជាច្រើនឆ្នាំហើយ។ ខ្ញុំរកប្រាក់១យប់បានជាធម្យម១០ទៅ១៥ដុល្លារដែរ តែបើមានពិធីបុណ្យធំៗ មានមនុស្សច្រើន ក៏រកបានលើសហ្នឹងទៀត។ ចំណែក អ្នកលក់ដូរនៅខាងក្រៅហ្នឹង ក៏ពួកគាត់លក់ដាច់ដែរ ព្រោះ មានភ្ញៀវចេញចូលច្រើន»។

នេះជាទិដ្ឋភាពពលរដ្ឋដើរទិញសម្លៀកបំពាក់នៅផ្សាររាត្រី

ដូចគ្នាដែរ កញ្ញា ចាន់ ដាវី អ្នកលក់ប្រហិត និង មីឆាដាក់រទេះនៅក្បែរផ្សាររាត្រី ក៏សប្បាយរីករាយចំពោះវត្តមានផ្សាររាត្រីនៅភ្នំពេញនេះដែរ។

កញ្ញាបញ្ជាក់និយាយថា៖ «ថ្ងៃមួយ ខ្ញុំលក់បាន៣០ម៉ឺនរៀល ព្រោះ ផ្សារាត្រីធ្វើឲ្យមានមនុស្សច្រើន ហើយមានតែផ្សារហ្នឹងមួយទេ ដែលល្បីជាងគេ ដោយសារវានៅជាប់មាត់ទន្លេ»៕

ទស្សនា វីដេអូបទ​យកការណ៍៖ ផ្សារ​រាត្រី

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឧកញ៉ា កែវ មុំ៖ ខ្ញុំ​ខ្វះ​ទុន ខ្វះ​ចំណេះ តែ​ខ្ញុំ​មិន​ខ្វះ​គំនិត​ទេ!

ព័ត៌មាន
“ខ្ញុំ​មិន​មាន​ទុន​ច្រើន​ទេ ហើយ​ក៏​រៀន​មិន​បាន​ច្រើន​ដែរ តែ​ខ្ញុំ​មិន​ខ្លាច​ក្នុង​ការ​គិត​ចំពោះ​ការ​រក​ស៊ី​នោះ​ទេ ហើយ​គំនិត​នេះ​ហើ…

ផ្លូវជាតិលេខ៥ នឹងដំណើរសាងសង់ ដោយចាយ ២៤៦,៣៥ លានដុល្លារអាមេរិក

ព័ត៌មាន
រដ្ឋាភិបាលកម្ពុជា នឹងចំណាយទឹកប្រាក់ចំនួន ២៤៦,៣៥ លានដុល្លារសហរដ្ឋអាមេរិក ដើម្បី សាងសង់ផ្លូវជាតិលេខ៥ ដែលមានប្រវែង ១៣៥,២៥ គីឡូម៉ែត្រ ចាប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ