Advertisement
កសិកម្ម

ម្រេច​កំពត​នៅតែ​ត្រូវ​ប៉ាន់ ប៉ុន្តែ ម្រេច​ធម្មតា​ធ្លាក់​ថ្លៃខ្លាំង


ប្រធាន​សមាគម​លើក​កម្ពស់​ម្រេច​ខេត្ត​កំពត បាន​ឲ្យ​ដឹង​ថា តម្លៃ​ម្រេច​កំពត​មាន​តម្លៃ​ខ្ពស់​៣​ឆ្នាំ​ជាប់​គ្នា ពោល​គឺ​តម្លៃ​លក់​ចេញ​ពី​កសិដ្ឋាន​ផ្ទាល់​មាន​តម្លៃ​១៥​ដុល្លារ ទៅ ២៨​ដុល្លារ​ឯណោះ។ ប៉ុន្តែ ម្រេច​ធម្មតា​​ដែល​ដាំ​នៅ​តាម​ខេត្ត​ផ្សេងៗ​ក្រៅ​ពី​ខេត្ត​កំពត ត្រូវអ្នក​ដាំ​ត្អូញត្អែរ​ថា ធ្លាក់​ថ្លៃ។
កសិករកំពុងហាលម្រេច ដែលបេះមកពីចម្ការ
ដោយ និង
Advertisement

ផលិត​ផល​​ម្រេច​​កំពត​របស់​កម្ពុជា ត្រូវ​បាន​ប្រទេស​ប៉ែក​អឺរ៉ុប​ឲ្យឈ្មោះ​ថា ជា​«មាស​ខ្មៅ» ហើយ​ដោយសារ​តែ​គុណភាព​និង​រស​ជាតិ​គ្មាន​គូ​ប្រៀបនេះ ក៏បាន​ធ្វើ​ឲ្យ​ម្រេច​កំពត​អាច​លក់​បាន​ក្នុង​តម្លៃ​ខ្ពស់​រហូត​ដល់ ៤២៥​ដុល្លារ​​ក្នុង​​មួយ​គីឡូក្រាម​ នៅ​​ប្រទេស​​អាល្លឺម៉ង់ ខណៈ​ដែល​ម្រេចនាំ​ពី​វៀតណាម​ទៅ​លក់​នៅ​អឺរ៉ុប​មាន​តម្លៃ​ត្រឹម​តែ ៨​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​១​គីឡូក្រាម។

លោក ងួន ឡាយ ប្រធាន​សមាគម​លើក​កម្ពស់​ម្រេច​ខេត្ត​កំពត បាន​មាន​ប្រសាសន៍​ថា ម្រេច​កំពត​រក្សា​បាន​តម្លៃ​ខ្ពស់​៣​ឆ្នាំ​ជាប់ៗ​គ្នា ពោល​គឺ​ម្រេច​ដែល​លក់​ចេញ​ពី​កសិដ្ឋាន​ផ្ទាល់​មាន​តម្លៃ ១៥​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម សម្រាប់​ម្រេច​ខ្មៅ និង​ម្រេច​ក្រហម​មាន​តម្លៃ ២៥​ដុល្លារ ខណៈ​ដែល​ម្រេច​ស​មាន​តម្លៃ ២៨​ដុល្លារ។

ប្រធាន​សមាគម​ម្រេច​ដដែល​នេះ បាន​ឲ្យ​ដឹង​ទៀ​ថា សម្រាប់​ទិន្នផល​នៅ​ឆ្នាំ​នេះ មិន​ទាន់​បាន​ប្រមូល​ផល​អស់​ទាំង​ស្រុង​នៅ​ឡើយ​ទេ ប៉ុន្ដែ​លោក​ថា ឆ្នាំ​នេះ​ទិន្នផល​នឹង​អាច​កើន​ឡើង​ច្រើន ពោល​គឺ​អាច​ប្រមូល​ផល​បាន​ប្រមាណ ១០០​តោន ហើយ​ក្នុង​នោះ អាច​នឹង​ប្រើ​ឈ្មោះ​ម្រេច​កំពត​បាន​ប្រមាណ ៨០​តោន បើ​ធៀប​នឹង​ឆ្នាំ​២០១៦ ផលិតបាន ៧៣​តោន និង​បាន​ប្រើ​ឈ្មោះ​ជា​ម្រេច​កំពត​បាន​តែ ៥៣​តោន​ប៉ុណ្ណោះ។ ម្រេច​​ខ្មែរ​​ភាគ​ច្រើន​ត្រូវ​បាន​​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប ពិសេស​​ប្រទេស​បារាំង និង​​ប្រទេស​ក្នុង​តំបន់ គឺ​ប្រទេស​ជប៉ុន។

Advertisement

ប៉ុន្តែ ខណៈ​ដែល​ម្រេច​កំពត​ហាក់​នៅរក្សា​បាន​តម្លៃ​ខ្ពស់ ម្រេច​មិន​មែន​កំពត​​ដែល​ដាំ​នៅ​តាម​បណ្ដា​ខេត្ត​ផ្សេងៗ ត្រូវ​កសិករ​អ្នកដាំ​ដុះ​ត្អូញត្អែរថា ធ្លាក់​ថ្លៃ​ច្រើន។ 

លោក រដ្ឋា ជា​កសិករ​ដាំ​ម្រេច​ ៣​ហិកតា នៅ​ឃុំ​ដារ ស្រុក​មេមត់ ខេត្តត្បូងឃ្មុំ បាន​ប្រាប់​ ខេមបូណូមីស តាមទូរស័ព្ទ ថា នៅ​ក្នុង​ឃុំ​គាត់​មាន​អ្នក​ដាំម្រេច​ស្ទើរ​តែ ៩០ភាគរយ ខ្លះ​មួយ​ហិកតា ពីរហិកតា និង​អ្នក​ខ្លះ ដីធំ​បន្តិច ដាំ​ដល់​ទៅដប់​ម្ភៃ​ហិកតា។ លោកថា ឆ្នាំ​នេះ​ម្រេច​ផ្ដល់​ផល​ល្អ​ជាង​ឆ្នាំ​ទៅមិញ ប៉ុន្តែ តម្លៃ​បែរ​ជា​ធ្លាក់​ចុះ​ខ្លាំង។

លោក រដ្ឋា បញ្ជាក់ថា ៖ «ឆ្នាំ​ទៅមិញ ពេល​ឡើង​ថ្លៃ​ខ្លាំង ម្រេច​លក់​បាន​ ១គីឡូ ៣ម៉ឺន ៤ពាន់រៀល ប៉ុន្តែ ឆ្នាំ​នេះ ធ្លាក់​ចុះ​នៅត្រឹម ១ម៉ឺន​ ៤ពាន់ ឬ​ ១ម៉ឺន ៥ពាន់រៀល​ប៉ុណ្ណោះ»។ 

Advertisement

លោក​សូម​អំពាវនាវ​ដល់​សមាគម​អ្នកដាំម្រេច ឬ​រាជរដ្ឋាភិបាល ជាពិសេស សូម​ជួយ​ធ្វើយ៉ាងណា​​ជួយរឿង​តម្លៃ​ម្រេច​នៅ​ខេត្ត​ត្បូង​ឃ្មុំ​នេះផង ព្រោះថា ឈ្មួញ​ដែលភាគច្រើន​បំផុត​មក​ពី​វៀតណាម បាន​ទម្លាក់ថ្លៃ​ម្រេច ដែលនាំ​ឲ្យ​ពួកគាត់​​លក់​មិន​ចំណេញ ឬ​ថែមទាំង​ខាត​ដើម​ក៏​មាន។ លោកថា នៅ​ឃុំដារ ស្រុក​មេមត់ កសិករ​ដាំម្រេច​ភាគច្រើន​ខ្ចី​លុយ​ពី​មីក្រូហិរញ្ញ​វត្ថុ ឬធនាគារ យក​មក​ធ្វើ​ដើមទុន​ដាំម្រេច។ 

ត្បិត​ថា ម្រេច​កំពត​មាន​តម្លៃ​ខ្ពស់​លើ​ទីផ្សារ​ក៏​ពិត​មែន ប៉ុន្ដែ បរិមាណ​ផលិត​នៅ​ខេត្ត​មួយ​នេះ ហាក់​នៅ​មាន​កម្រិត​នៅ​ឡើយ បើធៀប​នឹង​បណ្ដា​ខេត្ត​ផ្សេងៗ​ទៀត។ 

ជាក់​ស្ដែង ខេត្ត​ដែល​មាន​ការ​ដាំដុះ និង​មាន​ទិន្នផល​ម្រេច​ច្រើន​ជាង​គេ​បំផុត​នោះ គឺ​ខេត្ត​ត្បូង​ឃ្មុំ ហើយ​បច្ចុប្បន្ន ក៏​មាន​អង្គការ ក៏​ដូច​ជា​រាជ​រដ្ឋាភិបាល​កំពុង​សិក្សា និង​គ្រោង​បង្កើត​ឲ្យ​មាន​ជា​ម៉ាក​សមូហភាព​សម្រាប់​ផលិផល​ម្រេច​នៅ​ទូទាំង​ប្រទេស ដែល​គេរំពឹង​ថា វា​នឹង​ជួយ​ពង្រីក​ទីផ្សារ ក៏​ដូចជា​តម្លៃ​កាន់​តែ​ប្រសើរ​ជាង​មុន និង​ងាយ​ក្នុង​ការ​ទទួល​បាន​ជាង​ការ​ស្នើ​សុំ​ចុះ​បញ្ជី​ម៉ាក​សម្គាល់​ភូមិ​សាស្ត្រ។

គួរ​បញ្ជាក់​ថា គិត​រហូត​មក​ទល់​ពេល​នេះ កម្ពុជា​ទើប​បាន​ចុះ​បញ្ជី​ម៉ាក​សម្គាល់​ភូមិ​សាស្ត្រ​ចំនួន​ពីរ​ប៉ុណ្ណោះ គឺ​ម្រេច​កំពត និង​ស្ករ​ត្នោត​កំពង់ស្ពឺ ខណៈ​ដែល​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ដូចជា ថៃ​មាន​ការ​ចុះ​បញ្ជី​ម៉ាក​សម្គាល់​ភូមិ​សាស្ត្រ​ច្រើន​ជាង​គេ មាន​ចំនួន​រហូត​ដល់​ ៨៩​ម៉ាក ម៉ាឡេស៊ី​មាន​៧៣​ម៉ាក វៀតណាម​មាន ៥៥​ម៉ាក និង​ឥណ្ឌូនេស៊ី មាន ៥២​ម៉ាក៕

© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ពី​ខែ​កក្កដា​តទៅ ការហោះហើរ​ទៅ​មក​ភ្នំពេញ-យ៉ាំងហ្គូន​នឹង​មាន​វិញ​ហើយ...

ព័ត៌មាន
ការហោះហើរ​ត្រង់​ទៅ​មក​ពីរាជ​ធានី​ភ្នំពេញ ប្រទេស​កម្ពុជា និង​ទីក្រុង​យ៉ាំងហ្គូន សហភាព​មីយ៉ាន់ម៉ា ដែល​អាក់ខាន​ដំណើរការ​ ៣ឆ្នាំ​ហើយ​...

ធនាគារ​ធំ​បំផុត​ទី​៥​របស់​ថៃ​នឹង​ចូល​ប្រកួត​ប្រជែង​ក្នុង​ទីផ្សារ​ហិរញ្ញ​វត្ថុ​កម្ពុជា​ឆាប់ៗ​នេះ

ព័ត៌មាន
ធនាគារ​ អាយុធ្យា ឬ​ហៅថា​ធនាគារ ​ក្រុងស្រ៊ី (Krungsri) ធំ​​​បំផុត​ទី​៥​របស់​ថៃ គ្រោង​នឹង​បើក​ប្រតិបត្តិការ​អាជីវកម្ម​ហិរញ្ញ​វត្ថុ​នៅ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ