Advertisement
អាជីវកម្ម​ទើប​ចាប់​ផ្ដើម

អាជីវកម្ម​ទើប​ចាប់​ផ្ដើម៖ សិល្បៈ​នៃ​ការ​ប្រកួត​ប្រជែង​​ជាមួយ​ក្រុមហ៊ុន​យក្ស


ខណៈ​ដែល​ការប្រកួត​ប្រជែង​ក្នុង​ចំណោម​តួអង្គ​សំខាន់ៗ​ជា​អាជីវកម្ម​ទើប​ចាប់​ផ្ដើម​ក្នុង​វិស័យ​បច្ចេកវិទ្យា​ហាក់​កំពុង​កើន​កម្ដៅ ឆ្នាំ​២០១៧ គឺ​ជា​ឆ្នាំ​នៃ​ភាព​ជាដៃគូ​ប្រកប​ដោយ​គំនិត​ច្នៃ​ប្រឌិត។ Uber និង Grab ដែល​​ជា​ក្រុមហ៊ុន​តាក់ស៊ី​អនឡាញ (និយាយ​ឲ្យ​ស្រួល​ហៅ) បាន​ហក់​ចូល​មក​ក្នុងទីផ្សារ​កម្ពុជា​ហើយ។
លោក ជា ឡង់ដា នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​កក់​-​ទិញ​សំបុត្រ​រថយន្ត​​ក្រុង​តាម​អនឡាញ។
ដោយ
Advertisement

ក្រុមហ៊ុន​"យក្ស"​ទាំងពីរ​នេះ ជា​ក្រុមហ៊ុន​ដ៏​មាន​ឥទ្ធិពល បើ​និយាយ​ពី​ប្រតិបត្តិការ ទីផ្សារ និង​សមត្ថភាព​ប្រកួត​ប្រជែង​របស់​ពួកគេ។ Uber បាន​បើក​ការិយាល័យ​របស់ខ្លួន​នៅ​ទីក្រុង​ភ្នំពេញ នា​ពាក់​កណ្ដាល​ឆ្នាំ​នេះ មុនពេល​សម្ពោធ​ជា​ផ្លូវការ​ប៉ុន្មាន​ខែ​ក្រោយ​មក ដោយ​មាន​ការចូលរួម​ពី​ឯកអគ្គរដ្ឋទូត​អាមេរិក វីល្លៀម ហៃថ៍ (William Heidt)។ 

គូ​ប្រជែង​របស់​ Uber ដែល​មាន​មូលដ្ឋាននៅ​សិង្ហ​បុរី គឺ​ក្រុមហ៊ុន Grab ក៏​បាន​ចាប់​ផ្ដើម​លប​ចូល​ក្នុង​ទីផ្សារ​កម្ពុជា​ដោយ​ស្ងាត់ៗដែរ ដោយ​ជួល​យុវជន​កម្ពុជា​ពូកែៗ​ដើម្បី​ចាប់​ផ្ដើម​ប្រតិបត្តិការ​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ។ 

ការមក​ដល់​កម្ពុជា​នៃ​ក្រុមហ៊ុន​យក្ស​ដ៏​ល្បី​ល្បាញ​របស់​សហរដ្ឋ​អាមេរិក និង​«បងធំ​នៅ​អាស៊ី»​នេះ ត្រូវ​គេ​រំពឹងថា នឹង​ផ្លាស់ប្ដូរ​វិស័យ​ដឹក​ជញ្ជូន​នៅ​កម្ពុជា​យ៉ាង​កក្រើក ក្នុង​ពេល​ប៉ុន្មាន​ខែ​ខាង​មុខ​ទៀត​នេះ។ Uber និង Grab ចូល​មក​ភ្នំពេញ ដើម្បី​ធ្វើ​កិច្ចការទាំងពីរ​នេះ៖ អប់រំ​ទីផ្សារ​ក្នុង​ស្រុក​ផង និង​ជំរុញ​ទីផ្សារ​កំពុង​លូតលាស់​មួយ​នេះ​ឲ្យ​កាន់​តែ​មាន​ភាព​ប្រកួតប្រជែង​ប្រសើរឡើង។ ប៉ុន្តែ ទោះ​យ៉ាងណា អនាគត​របស់​អាជីវកម្ម​ចាប់​​ផ្ដើម​ថ្មីថ្មោង​ក្នុង​ស្រុក​ដែល​រកស៊ី​ក្នុង​វិស័យ​នេះ នៅ​តែ​មិន​ទាន់​ប្រាកដ​ប្រជា​នៅ​ឡើយ។ 

យុទ្ធសាស្ត្រ​ប្រជែង​ជាមួយ​ក្រុមហ៊ុន​យក្ស

ខុស​ពី​នៅ​វៀតណាម និង​សិង្ហ​បុរី អាជីវកម្ម​ថ្មី​ថ្មោង​​នៅ​ទីនេះ​មាន​បរិយាកាស​អាជីវកម្ម​ល្អ​ប្រសើរ​សម្រាប់​ប្រតិបត្តិការ ដោយសារ​តែ​គោល​នយោបាយ​នៃ​ការ​ចាប់ផ្ដើម​និង​ដំណើរ​ការ​អាជីវកម្ម។ ប៉ុន្តែ វិស័យ​នេះ​វា​ថ្មី​​សម្រាប់​សហគ្រិន​វ័យ​ក្មេង​កម្ពុជា​ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​ពី​ការគាំទ្រ​ក្នុង​ស្រុក។ 

ឆ្នាំ​នេះ Khmerload ដែល​ជា​អាជីវកម្ម​ថ្មី​ថ្មោង​ស្រដៀង​គ្នា​នឹង Buzzfeed នៅ​អាមេរិក បាន​ទទួល​វិនិយោគទុន​ពី​ក្រុមហ៊ុន​​នៅ​អាមេរិក ឈ្មោះ 500 Startups។ ប៉ុន្តែ អាជីវកម្ម​ថ្មីថ្មោង​មួយ​នេះ ចុះបញ្ជី​ពាណិជ្ជកម្ម​នៅ​សិង្ហ​បុរី ជាជាង​នៅ​ក្នុង​ប្រទេស​កំណើត​របស់​ខ្លួន។ 

នៅ​ភ្នំពេញ ដែល​ជា​កន្លែងប្រមូលផ្ដុំ​នៃ​សហគ្រិន​​និង​អាជីវកម្ម​ទើប​ចាប់​ផ្ដើម​ផ្នែក​បច្ចេកវិទ្យា អាជីវកម្ម​ថ្មីថ្មោង​ទាំងឡាយ​បាន​ណែនាំ​ផ្សព្វផ្សាយ​សេវា​របស់​ខ្លួន​ឲ្យ​អ្នក​ក្នុង​ស្រុក​ និង​អ្នក​ទេសចរ​បាន​ស្គាល់ ជាមួយ​នឹង​​ថវិកា​តិចតួច​ស្ដួច​ស្ដើង​បំផុត។ ទោះបី​មាន​ទំហំ​តូច​និង​ថ្មី​ថ្មោង​ក្ដី អាជីវកម្ម​ថ្មីថ្មោង​ខ្លះ​ត្រូវបាន​សារព័ត៌មាន​ក្នុង​ស្រុក និង​អន្តរជាតិ​ចុះ​ផ្សាយ​យ៉ាង​គគ្រឹក​គគ្រេង​ផង​ដែរ។ 

តួយ៉ាង BookMeBus ដែល​ជា​អាជីវកម្ម​ចាប់​​កំណើត​បាន​ទើប​តែ​២​ឆ្នាំ ត្រូវបាន​ទូរទស្សន៍​ដ៏​ល្បី​នៅ​លើ​ពិភព​លោក CNN ចុះ​ផ្សាយ​ ពី​សេវា​របស់​ខ្លួន​ដែល​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​ប្រាស់​ទិញ​សំបុត្រ​រថយន្ត​ក្រុង​តាម​អនឡាញ​យ៉ាង​ងាយ​ស្រួល។ 

Advertisement

ប៊ុន ថារម្យ

ប៊ុន ថារម្យ ជា​អ្នក​សារព័ត៌មាន​ សហគ្រិន និង​ជា​អ្នក​ជំនាញ​ផ្នែក​ digital media។ សព្វ​ថ្ងៃ ប៊ុន ថារម្យ គ្រប់គ្រង​ទីភ្នាក់ងារ​ម៉ាឃីតធីង ឈ្មោះ KoKiTree។ ក្រៅ​ពី​អាជីវកម្ម​ផ្ទាល់​ខ្លួន ប៊ុន ថារម្យ ចូលចិត្ត​សរសេរ​អត្ថបទ​ផ្សាយ​លើ​គេហ​ទំព័រ​ផ្ទាល់​ខ្លួន លើ​ប្រធាន​បទ​នានា​ទាក់ទិន​នឹង​បច្ចេកវិទ្យា និង​សហគ្រិនភាព។ អាន​បន្ថែម​អំពី​ ប៊ុន ថារម្យ នៅ​ទីនេះ!

អាជីវកម្ម​ទើប​ចាប់​ផ្ដើម​ក្នុងស្រុក​ដទៃ​ទៀត ដូចជា PassApp, Exnet Taxi និង iTsumo ក៏​បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​តាក់ស៊ី​អនឡាញ​នេះ​ផង​ដែរ ក្នុង​រយៈពេល​ពីរ​បី​ឆ្នាំ​ចុង​ក្រោយ​នេះ។ ពេល​វេលា​នឹង​ប្រាប់​ឲ្យ​យើង​ដឹង​ ថា​តើ​អនាគត​អាជីវកម្ម​ទាំង​នេះ​ នឹង​ទៅ​ជា​យ៉ាងណា? ដៃគូ​ប្រកួត​ប្រជែង​ដោយ​ត្រង់​របស់​ពួកគេ គឺ Uber និង Grab។ 

ចំពោះ​អតិថិជន ការមកដល់​នៃ​ Uber និង Grab មានន័យថា ពួកគេ​មាន​ជម្រើស​កាន់តែ​ច្រើន​ និង​ការ​ផ្ដល់​ជូន​កាន់តែ​ប្រសើរ​ឡើង។ សម្រាប់​ស្ថាបនិក​អាជីវកម្ម​ទើប​ចាប់​ផ្ដើម​ក្នុង​វិស័យ​បច្ចេកវិទ្យា​របស់​កម្ពុជា ឥឡូវ​នេះ ជា​ពេល​វេលា​ដ៏​ល្អ​ដើម្បី​ទាញ​ចំណាប់អារម្មណ៍ទៅ​លើ​«សិល្បៈ​នៃ​ការ​ប្រកួត​ប្រជែង​ជាមួយ​ក្រុមហ៊ុន​យក្ស»។ 

អាជីវកម្ម​ថ្មី​ថ្មោង​ក្នុងស្រុក​ ត្រូវ​តែ​មាន​ភាព​ច្នៃប្រឌិត​ក្នុង​ការ​បង្កើត​ភាព​ជា​ដៃគូ​ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​ក្រុមហ៊ុន​ Uber ដែល​មាន​ប្រៀប​ផ្នែក​បច្ចេកវិទ្យា​ខ្ពស់​ជាង​ខ្លួន។ ថ្មីៗ​នេះ ក្រុមហ៊ុន​​អភិវឌ្ឍ​កម្មវិធី​ទូរស័ព្ទ​ដៃ​​សម្រាប់​ការ​ហៅ​តាក់ស៊ី​តាម​អនឡាញ iTsumo បាន​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ឡាន​តាក់ស៊ី Choice Taxi ដើម្បី​ផ្ដល់​សេវា ២៤ម៉ោង​លើ​ ២៤ម៉ោង។ 

ដោយ​ចាប់​ដៃគូ​ជាមួយ​ទីភ្នាក់ងារ​វេរ​លុយ​ដ៏​ធំ​បំផុត​មួយ​នៅ​កម្ពុជា គឺ​ TrueMoney ក្រុមហ៊ុន​ទិញ​សំបុត្រ​រថយន្ត​ក្រុង​តាម​អនឡាញ BookMeBus ឥឡូវ​នេះ អាច​ផ្ដល់​សេវា​កាន់​តែ​ប្រសើរ​ឡើង​ដល់​អតិថិជន ហើយ​​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​នេះ ជឿជាក់ថា មូលដ្ឋាន​អ្នកប្រើប្រាស់​របស់​ខ្លួន​នឹង​កើន​ឡើង​ច្រើន​ថែមទៀត។ 

ខណៈដែល​ប្រជាជន​ភាគច្រើន​នៅ​តែ​ចាយវាយ​លុយ​កាក់​ជា​ក្រដាស​ប្រាក់​នៅ​ឡើយ ភាព​ជាដៃគូ​រវាង​ TrueMoney និង​ BookMeBus នេះ នឹង​បង្ក​ភាព​ងាយស្រួល​ដល់​អតិថិជន​ក្នុង​ការ​កក់-​ទិញ​សំបុត្រ​រថយន្ត​ក្រុង នៅ​តាម​​សាខា​បណ្ដាញ​ភ្នាក់ងារ​វេរលុយ​ទូទាំង​ប្រទេស​របស់​ TrueMoney។ ជាមួយ​គ្នា​នេះ​ដែរ កាលពី​ឆ្នាំ​ទៅ​មិញ BookMeBus ក៏​ចាប់ដៃគូ​ជាមួយ​ក្រុមហ៊ុន​ទូទាត់​ប្រាក់​តាម​អនឡាញ WING ផង​ដែរ។ 

ទោះបី​ជា​ភាពជាដៃគូ​ទាំង​នេះ​កើត​ចេញ​ពី​សម្ពាធ​របស់ Uber និង Grab ក្ដី ឬ​មិន​មែន​ក្ដី អ្នក​ប្រើប្រាស់គឺ​ជា​អ្នក​ទទួល​ផល​ចំណេញ​ពី​សេវា​ដែល​កាន់តែ​ប្រសើរ​ឡើង រួមទាំង​តម្លៃ​បន្ថែម​នានា សម្រាប់​ប្រាក់​ដែល​ពួកគេ​​បាន​ចំណាយ។ ហើយ​ប្រហែល​ជា​ភាព​ជា​ដៃគូ​ប្រកប​ដោយ​គំនិត​ច្នៃ​ប្រឌិត​ទាំង​នេះ ជា​អ្វីដែល​អាជីវកម្ម​ចាប់​ផ្ដើម​ថ្មី​តូចៗ​ អាច​ប្រកួត​ប្រជែង​ជាមួយ​ក្រុមហ៊ុន​យក្ស​ទាំងពីរ​ Uber និង Grab បាន។

វត្តមាន​របស់​ Uber និង Grab ក៏​សបញ្ជាក់​ឲ្យ​ឃើញ​ផង​ដែរ​ថា កម្ពុជា​មានអ្វី​គ្រប់យ៉ាង​ដែល​ក្រុមហ៊ុន​លំដាប់​ពិភព​លោក​អាច​បើក​ដំណើរការ​រក​ស៊ី​នៅ​ទីនេះ​បាន។ អ៊ិនថឹណិត​ល្បឿន​លឿន? មាន! សេវា​​ទូរស័ព្ទ 4G? មាន! ហើយ​ភាគច្រើន​នៃ​ប្រជាជន​វ័យ​ក្មេង​ ក៏​ងាក​ទៅ​ចូលចិត្ត​និង​ប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល ផងដែរ!៕

អត្ថបទ​នេះ​និពន្ធ​ដោយ​លោក ប៊ុន ថារម្យ។ សូម​អញ្ជើញ​អាន​អត្ថបទ​ដើម ជាភាសា​អង់គ្លេស​៖ Phnom Penh’s startups: ‘the art of battling giants’

© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជប៉ុន​ចង់​បាន​ការ​កែ​លម្អ​បរិយាកាស​វិនិយោគ​បន្ថែម​ទៀត​​នៅ​កម្ពុជា

ព័ត៌មាន
ប្រទេស​ជប៉ុន​និយាយ​ថា ខ្លួន​ចង់​ឲ្យ​មាន​ការ​កែ​លម្អ​បរិយាកាស​វិនិយោគ​បន្ថែម​ទៀត​នៅ​កម្ពុជា ខណៈ​ដែល​រដ្ឋាភិបាល​ទីក្រុង​តូក្យូ​ក៏​ចង់...

ក្រុមហ៊ុន​ក្នុង​ស្រុក​និង​អន្តរជាតិ​ល្បីៗ​សរសើរ​ពី​សមត្ថភាព​បុគ្គលិក​ជំនាញ​នៅ​កម្ពុជា

ព័ត៌មាន
ស្រប​ពេល​ដែល​ប្រជាជន​កម្ពុជា​មួយ​ចំនួន​ធ្វើ​ចំណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស ដើម្បី​ស្វែង​រក​ការងារ​ធ្វើ ក្រុមហ៊ុន​ធំៗ​ដែល​បាន​វិនិយោគ​នៅ​ក...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ