លោកបណ្ឌិត ជ័យ តិច អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសង្គម បានលើកឡើងថា ការផ្ដន្ទាទោសរបស់សាលាដំបូងរាជធានីភ្នំពេញ ទៅលើម្ចាស់គម្រោងពិភពដីមាសគ្រាន់តែជាការស្ដារទំនុកចិត្តផ្នែកច្បាប់មួយកម្រិតប៉ុណ្ណោះ។ លោកបានសង្កត់ធ្ងន់ថា ទំនុកចិត្តពិតប្រាកដរបស់ពលរដ្ឋក្នុងវិស័យអចលនទ្រព្យនឹងកើតមានឡើង លុះត្រាតែប្រាក់សំណងត្រូវបានផ្ដល់ជូនជនរងគ្រោះជាក់ស្ដែង។ ជាមួយគ្នានេះ រដ្ឋាភិបាលគប្បីដាក់ចេញនូវវិធានការបោសសម្អាតគម្រោងខ្យល់ឱ្យបានដាច់ស្រឡះ និងដាក់ទោសទណ្ឌធ្ងន់ធ្ងរបំផុតលើក្រុមហ៊ុនល្មើសច្បាប់ ដើម្បីធានាថា ទិញផ្ទះបានផ្ទះ ទិញដីបានដី ព្រមទាំងទទួលបានប្លង់កម្មសិទ្ធិស្របច្បាប់ពិតប្រាកដ។
ជាមួយគ្នានេះលោក ស៊ា ឆៃលីន អនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាយល់ឃើញថា ការកាត់ទោសរបស់តុលាការចំពោះម្ចាស់ក្រុមហ៊ុនពិភពដីមាស និងបក្ខពួក គឺជាសញ្ញាវិជ្ជមានមួយ ដែលអាចជួយស្ដារទំនុកចិត្តដល់សាធារណជន និងវិនិយោគិនបរទេសមកលើវិស័យអចលនទ្រព្យកម្ពុជា និងបានបង្ហាញឱ្យឃើញពីចំណាត់ការផ្លូវច្បាប់ដ៏ម៉ឺងម៉ាត់ប្រឆាំងនឹងអំពើឆបោក។ អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា ទោះបីជាកន្លងមកក្រសួង និងស្ថាប័នជំនាញបានខិតខំបោសសម្អាតគម្រោងខ្យល់ជាបន្តបន្ទាប់ក៏ដោយ ប៉ុន្តែដំណើរការទិញ-លក់អចលនទ្រព្យនាពេលបច្ចុប្បន្ន ទាមទារឱ្យមានការបញ្ជាក់ប្លង់កម្មសិទ្ធិ និងផែនការសាងសង់ឱ្យបានច្បាស់លាស់ មុននឹងអនុញ្ញាតឱ្យប្រមូលប្រាក់ពីពលរដ្ឋ។
ដោយឡែកលោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយបានគូសបញ្ជាក់ថា បន្ទាប់ពីពលរដ្ឋរងគ្រោះបានរង់ចាំអស់ពេលជាច្រើនឆ្នាំ ការផ្តន្ទាទោសនេះគ្រាន់តែអាចបន្ធូរអារម្មណ៍ពួកគេបានមួយកម្រិតប៉ុណ្ណោះ ប៉ុន្តែអ្វីដែលពួកគេទន្ទឹងរង់ចាំបំផុត គឺប្រាក់សំណង។ លោកបានចោទជាសំណួរថា តើជនល្មើសមានលទ្ធភាពថវិកាពិតប្រាកដក្នុងការសងសំណងជាង៣៣លានដុល្លារនេះដែរឬទេ? ដូច្នេះ ដើម្បីធានាថា សំណងបានទៅដល់ដៃជនរងគ្រោះ ទាមទារឱ្យស្ថាប័នពាក់ព័ន្ធចូលរួមត្រួតពិនិត្យដោយតម្លាភាពបំផុត។
សូមរំលឹកថា សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោសលោក ហ៊ី គឹមហុង ម្ចាស់ក្រុមហ៊ុនពិភពដីមាស និងបក្ខពួកឱ្យជាប់ពន្ធនាគារម្នាក់ៗ៥ឆ្នាំ ក្នុងមួយសំណុំរឿង ដែលរួមមាន៣សំណុំរឿងផ្សេងគ្នា ដូច្នេះពួកគេអាចប្រឈមមុខនឹងទោសពន្ធនាគាររហូតដល់១៥ឆ្នាំ ប្រសិនបើគ្មានគោលការណ៍ស្រូបទោស ព្រមទាំងបង្គាប់ឱ្យសងសំណងជាង៣៣លានដុល្លារដល់ជនរងគ្រោះចំនួន១,១១៥នាក់៕
អត្ថបទ៖ ជា ម៉ារ៉ា