ក្រុមអ្នកវិភាគ និងអ្នកជំនាញភូមិសាស្ត្រនយោបាយ បានចាត់ទុកព្រឹត្តិការណ៍ការទូតដ៏កម្រនេះថា ជាការស្តែងចេញយ៉ាងច្បាស់ពីនយោបាយការទូតប្រាកដនិយមរបស់កម្ពុជា ក្នុងការរក្សាប៉ូលទំនាក់ទំនងរវាងគ្រួសារអាស៊ាន ពិសេសគឺការខិតខំទាញយកមីយ៉ាន់ម៉ាឱ្យត្រឡប់មកជិត និងអនុវត្តតាម «កុងសង់ស៊ីស ៥ ចំណុច» របស់អាស៊ានឡើងវិញ។
លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ បានចាត់ទុកដំណើរទស្សនកិច្ចរបស់លោក មីន អោងឡាំង ប្រធានាធិបតីមីយ៉ាន់ម៉ា មកកាន់ប្រទេសកម្ពុជា នាដើមខែកញ្ញា ខាងមុខនេះ គឺឆ្លុះបញ្ចាំងអំពីការប្រកាន់ខ្ជាប់នូវការទូតប្រាកដនិយមរបស់កម្ពុជា ដ្បិតការរក្សាច្រកទំនាក់ទំនង និងកិច្ចសន្ទនាជាមួយមេដឹកនាំមីយ៉ាន់ម៉ា គឺជាវិធីសាស្ត្រតែមួយគត់ដែលអាចជួយបន្ធូរបន្ថយសភាពការណ៍ និងរួមគ្នាស្វែងរកច្រកចេញពីវិបត្តិនានាក្នុងតំបន់ ជាជាងបោះបង់មីយ៉ាន់ម៉ាឱ្យនៅឯកោ។
សម្រាប់អ្នកជំនាញរូបនេះ របៀបវារៈសំខាន់ៗដែលថ្នាក់ដឹកនាំកម្ពុជា-មីយ៉ាន់ម៉ា អាចលើយកមកពិភាក្សារួមមានការស្តារសន្តិភាព និងកុងសង់ស៊ីស៥ចំណុចរបស់អាស៊ាន កិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន ការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគី និងសន្តិសុខស្បៀង រួមទាំងជំនួយមនុស្សធម៌ និងការការពារប្រជាជនស៊ីវិលជាដើម។
ជាមួយគ្នានេះ លោកបណ្ឌិត ស៊ឺន សំ អ្នកវិភាគគោលនយោបាយ និងជាអ្នកតាមដានព្រឹត្តិការណ៍អន្តរជាតិ យល់ឃើញថា ដំណើរទស្សនកិច្ចរបស់មេដឹកនាំមីយ៉ាន់ម៉ា មកកម្ពុជានេះ គឺជាសញ្ញាណវិជ្ជមានមួយ ដែលស្តែងឱ្យឃើញពីការរឹតចំណងទំនាក់ទំនងរវាងប្រទេសជាសមាជិកអាស៊ានដូចគ្នា ក្នុងការជួយជ្រោមជ្រែង និងបំពេញចន្លោះខ្វះខាតឱ្យគ្នាទៅវិញទៅមក បើទោះបីមានទស្សនៈចម្រុះមួយចំនួនពាក់ព័ន្ធនឹងមីយ៉ានម៉ា នៅក្នុងតំបន់ក៏ដោយ ខណៈកន្លងមកកម្ពុជា ក៏បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការជួយសម្របសម្រួលវិបត្តិនយោបាយនៅមីយ៉ាន់ម៉ាផងដែរ។
បើតាមអ្នកជំនាញរូបនេះ ទោះជាមីយ៉ាន់ម៉ា មិនទាន់ទទួលបានសិទ្ធិចូលរួមប្រជុំពេញលេញក្នុងក្របខ័ណ្ឌអាស៊ាន ដោយសារមិនបានបំពេញតាមគោលការណ៍កុងសង់ស៊ីស៥ចំណុចក៏ដោយ ប៉ុន្តែការទទួលស្វាគមន៍ថ្នាក់ដឹកនាំមីយ៉ាន់ម៉ា មកបំពេញទស្សនកិច្ចនេះនៅតែជាសញ្ញាល្អ ដ្បិតក្រៅពីកម្ពុជា ក៏មានប្រទេសមួយចំនួនបានទទួលស្វាគមន៍មេដឹកនាំមីយ៉ាន់ម៉ារួចហើយដែរ។
គួរជម្រាបថា បើតាមការបញ្ជាក់របស់ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា លោក មីន អោង ឡាំង ប្រធានាធិបតីមីយ៉ាន់ម៉ានឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា នាដើមខែកញ្ញា ឆ្នាំ២០២៦ នេះ ដើម្បីរឹតចំណងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងមីយ៉ាន់ម៉ា។ នៅក្នុងដំណើរទស្សនកិច្ចនេះ លោក មីន អោង ឡាំង នឹងមានជំនួបជាមួយថ្នាក់ដឹកនាំកំពូលៗរបស់កម្ពុជា រួមទាំងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាផងដែរ។ សូមបញ្ជាក់ថា ក្រោយឈ្នះឆ្នោតក្លាយជាប្រធានាធិបតីរបស់មីយ៉ាន់ម៉ា លោក មីន អោង ឡាំង បានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសមួយចំនួនដូចជាចិន ថៃ រុស្ស៊ី ហើយក៏គ្រោងដំណើរទស្សនកិច្ចទៅកាន់ឥណ្ឌា និងឡាវ ផងដែរ៕