Advertisement
ដំណឹង​ល្អ​សម្រាប់​វិស័យ​ស្រូវ​អង្ករ

ឡ​សម្ងួត​និង​ឃ្លាំង​ស្តុក​ស្រូវ​ធំៗ​៣​កន្លែង នឹង​បើក​ស្វាគមន៍​រដូវ​ប្រមូល​ផល​ស្រូវ​ថ្មី​នា​ពាក់​កណ្ដាល​ឆ្នាំ​នេះ


ឡ​សម្ងួត​ស្រូវ​និង​ឃ្លាំង​ស្តុក​ស្រូវ​ថ្មី​ធំៗ ដែល​បាន​និង​កំពុង​សាងសង់​នៅ​លើ​ទីតាំង​ខេត្ត​ចំនួន​៣ នៅ​កម្ពុជា នឹង​ត្រូវ​បើក​ទ្វារ​ស្វាគមន៍​រដូវ​ប្រមូល​ផល​ស្រូវ​ថ្មី ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ខែ​កក្កដា និង​សីហា ឆ្នាំ​២០១៨ ខាង​មុខ​នេះ ខណៈ​ដែល​ឡ​សម្ងួត​និង​ឃ្លាំង​ស្ដុក​ស្រូវ​ធំៗ​ចំនួន​៣​កន្លែង​នេះ ត្រូវ​បាន​អ្នក​ជំនាញ​ក្នុង​វិស័យ​ស្រូវ​អង្ករ មើល​ឃើញ​ថា នឹង​ជួយ​ជំរុញ​ឲ្យ​វិស័យ​ស្រូវ​អង្ករ​កម្ពុជា​កាន់​តែ​មាន​ភាព​ប្រកួត​ប្រជែង​លើ​ទីផ្សារ ពិសេស គឺ​សក្ដានុពល​នៃ​ទីផ្សារ​នាំ​ចេញ​តែ​ម្ដង។
រោងចក្រ និង​ឃ្លាំង​ស្រូវអង្ករ​របស់​ក្រុមហ៊ុន Amru Rice
ដោយ
Advertisement

គម្រោង​សាងសង់​ឡ​សម្ងួត​និង​ឃ្លាំង​ស្ដុក​ស្រូវ​ចំនួន​៣ ដែល​ត្រូវ​បាន​ក្រុមហ៊ុន​នាំចេញ​អង្ករ​ធំៗ​ចំនួន​ពីរ បាន​ទទួល​កម្ចី​ពី​ធនាគារ​អភិវឌ្ឍន៍​ជនបទ ក្នុង​ចំនួន​ទឹក​ប្រាក់​សរុប ១៥​លាន​ដុល្លារ សាងសង់​នៅ​ក្នុង​ខេត្ត​ចំនួន​៣​នោះ បច្ចុប្បន្ន គម្រោង​នេះ​បាន​និង​កំពុង​សាងសង់​ជិត​រួចរាល់​ហើយ ខណៈ​ដែល​ម្ចាស់​ក្រុមហ៊ុន​ទាំង​ពីរ អះអាង​ថា នឹង​សាងសង់​ឲ្យ​បាន​រួចរាល់​សម្រាប់​រដូវ​ប្រមូល​ផល​ស្រូវ​ថ្មី​នៅ​ខែ​កក្កដា និង​សីហា​ខាង​មុខ​នេះ។ 

ឡ​សម្ងួត​ទាំង​៣​ទីតាំង ដែល​ស្ថិត​នៅ​ខេត្ត​កំពង់ធំ តាកែវ និង​ព្រៃវែង​នេះ មាន​សមត្ថភាព​សម្ងួត​ស្រូវ​បាន ៤៥០០​តោន​ក្នុង​១ថ្ងៃ ខណៈ​ដែល​ឃ្លាំង​ស្តុក​មាន​សមត្ថភាព​ស្ដុក​ស្រូវ​បាន​រហូត​ដល់ ១៥​ម៉ឺន​តោន។ 

លោកឧកញ៉ា សុង សារ៉ន អគ្គនាយក​ក្រុមហ៊ុន Amru Rice បាន​លើក​ឡើង​ថា បច្ចុប្បន្ន ឡ​សម្ងួត​និង​ឃ្លាំង​ស្ដុក​ស្រូវ ស្ថិត​នៅ​ខេត្ត​កំពង់ធំ ដែល​ក្រុមហ៊ុន​លោក​បាន​និង​កំពុង​សាងសង់​នោះ សម្រេច​បាន ៥០%​ហើយ ខណៈ​ដែល​ឡ​សម្រាប់​សម្ងួត​ស្រូវ បាន​និង​កំពុង​ដឹក​ជិត​មក​ដល់​កំពង់ផែ​ក្រុង​ព្រះសីហនុ​ហើយ។ 

លោក​ឧកញ៉ា​បាន​គូស​បញ្ជាក់​ថា នៅ​ប្រមាណ​តែ​២​ខែ​ទៀត​ប៉ុណ្ណោះ ឡ​សម្ងួត​និង​ឃ្លាំង​ស្តុក​ស្រូវ​នេះ នឹង​ត្រូវ​បាន​សាងសង់​រួច​រាល់ សម្រាប់​ការ​ប្រមូល​ផល​ស្រូវ​ក្នុង​រដូវ​ថ្មី នៅ​ខែ​កក្កដា និង​ខែ​សីហា​ខាង​មុខ​នេះ។ 

បើតាម​ការ​អះអាង​ពី​លោក​ឧកញ៉ា សុង សារ៉ន ឡ​សម្ងួត​និង​ឃ្លាំង​ស្ដុក​ស្រូវ​នេះ គឺ​ជា​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដ៏​សំខាន់​មួយ​សម្រាប់​ទប់​ស្ថិរភាព​ស្រូវ​នៅ​កម្ពុជា ក៏​ដូចជា​ការ​ប្រកួត​ប្រជែង​ក្នុង​វិស័យ​ស្រូវ​អង្ករ ពិសេស គឺ​ការ​នាំ​ចេញ។

ឧកញ៉ា​វ័យ​ក្មេង ដែល​មាន​បទពិ​សោធន៍​ជិត​១០​ឆ្នាំ ក្នុង​វិស័យ​ស្រូវ​អង្ករ​រូប​នេះ បាន​គូស​បញ្ជាក់​ទៀត​ថា វត្តមាន​របស់​ឡ​សម្ងួត និង​ឃ្លាំង​ស្ដុក​ស្រូវ​ថ្មីៗ​នេះ គឺ​ជា​ទ្រព្យ​សកម្ម​ដ៏​សំខាន់​មួយ​នៃ​វិស័យ​ស្រូវ​អង្ករ ក្នុង​ការ​ជួយ​ស្រូប​យក​ទិន្នផល​ស្រូវ​ពី​ប្រជាកសិករ ដែល​តែងតែ​មាន​ការ​សល់​លើ​ទីផ្សារ និង​តែងតែ​នាំ​គ្នា​សម្រុក​លក់​ចេញ​ទៅ​ក្រៅ​ប្រទេស ដូចជា វៀតណាម និង​ថៃ ជាដើម។ 

លោក​បន្ថែម​ថា នៅពេល​ដែល​យើង​មាន​ឡ​សម្ងួត​និង​ឃ្លាំង​ស្តុក​ស្រូវ​បាន​គ្រប់គ្រាន់ នោះ​យើង​នឹង​មាន​ភាព​ជឿជាក់ និង​សមត្ថភាព​ខ្លាំង​ជាង​មុន​ក្នុង​ការ​ឈាន​ទៅ​រក​ការ​ដេញ​ថ្លៃ​លើ​គម្រោង​នាំ​ចេញ​អង្ករ​ធំៗ។

ជាមួយ​គ្នា​នេះ​ដែរ លោកឧកញ៉ា គឹម សាវុធ អគ្គនាយក​ក្រុមហ៊ុន Khmer Food Group ដែល​ទទួល​បាន​កម្ចី​ពី​ធនាគារ​អភិវឌ្ឍន៍​ជនបទ ក្នុង​ការ​សាងសង់​ឡ​សម្ងួត​និង​ឃ្លាំង​ស្ដុក​ស្រូវ​នៅ​ខេត្ត​ចំនួន​ពីរ គឺ​ខេត្ត​តាកែវ និង​ព្រៃវែង បាន​មាន​ប្រសាសន៍​​ដែរ​​ថា បច្ចុប្បន្ន ការ​សាងសង់​ឡ​សម្ងួត​និង​ឃ្លាំង​ស្តុក​ស្រូវ​ទាំង​ពីរ​ទី​តាំង​នេះ បាន​និង​កំពុង​សាងសង់​ជិត​រួចរាល់​ហើយ ប៉ុន្ដែ បញ្ហា​ចោទ​នោះ គឺ​កំពុង​រង់ចាំ​ការ​តភ្ជាប់​ថាមពល​អគ្គិសនី​ចូល ព្រោះ​ដំណើរការ​នៃ​ការ​ស្នើ​សុំ​តភ្ជាប់​ថាមពល​អគ្គិសនី​ចូល​ទៅ​ក្នុង​ទីតាំង​ឡ​សម្ងួត​និង​ឃ្លាំង ហាក់​ដូចជា​មាន​ដំណើរ​យឺតយ៉ាវ​បន្តិច។ ទោះយ៉ាងណា លោក​ថា ការ​សាងសង់​នឹង​រួចរាល់​នៅ​មុន​រដូវ​ប្រមូល​ផល​ស្រូវ​ថ្មី​មក​ដល់៕




អត្ថបទបន្ទាប់


ឧកញ៉ា​ គឹម សាវុធ៖ ស្រូវ​អង្ករ​ឆ្នាំ​នេះ​និង​ឆ្នាំ​ក្រោយ​នឹង​ឡើង​ថ្លៃ​ជាង​ឆ្នាំ​មុនៗ

ព័ត៌មាន
តម្លៃ​ស្រូវ​អង្ករ​ នៅ​ឆ្នាំ​នេះ និង​នៅ​ឆ្នាំ​ក្រោយ នឹង​មាន​ការ​ហក់​ឡើង​ខ្ពស់​ជាង​បណ្ដា​ឆ្នាំ​មុនៗ។ នេះ​បើ​យោង​តាម​​ឧកញ៉ា​រកស៊ី​លើ​វ...

កម្ពុជា​ជា​ខ្លា​សេដ្ឋកិច្ច ឬ​ឆ្មា​សេដ្ឋកិច្ច?

ព័ត៌មាន
ឆ្លង​ផុត​ពី​ប្រទេស​ដែល​ធ្លាប់​ខ្ទេច​ខ្ទាំ​ដោយសារ​សង្រ្គាម កម្ពុជា​បាន​វិវឌ្ឍ​ខ្លួន​ពី​មួយ​ដំណាក់កាល​ទៅ​មួយ​ដំណាក់កាល ពោល​គឺ​ពី​ប្រទេស...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ