សេដ្ឋកិច្ច​កម្ពុជា

កម្ពុជា​ជា​ខ្លា​សេដ្ឋកិច្ច ឬ​ឆ្មា​សេដ្ឋកិច្ច?


ឆ្លង​ផុត​ពី​ប្រទេស​ដែល​ធ្លាប់​ខ្ទេច​ខ្ទាំ​ដោយសារ​សង្រ្គាម កម្ពុជា​បាន​វិវឌ្ឍ​ខ្លួន​ពី​មួយ​ដំណាក់កាល​ទៅ​មួយ​ដំណាក់កាល ពោល​គឺ​ពី​ប្រទេស​ដែល​រស់​ពឹងផ្អែក​លើ​វិស័យ​កសិកម្ម តែ​បច្ចុប្បន្ន បាន​និង​កំពុង​បោះ​ជំហាន​កាន់​តែ​ឆ្ងាយ​ឡើងៗ​ក្នុង​វិស័យ​ឧស្សាហកម្ម​និង​សេវា​កម្ម។
អគារ​ស្កឹម​ស្កៃ​ The Bridge បង្អួត​រាង​នៅ​កណ្ដាល​រាជ​ធានី​ភ្នំពេញ។
ដោយ

តួយ៉ាង នៅ​ជិត​២​ទសវត្សរ៍​ចុង​ក្រោយ​នេះ សេដ្ឋកិច្ច​កម្ពុជា​បាន​បន្ដ​កំណើន​របស់​ខ្លួន​ជា​លំដាប់ ក្នុង​រង្វង់ ៧% ជា​រៀងរាល់​ឆ្នាំ។ ការ​ងើប​លូត​លាស់​របស់​កម្ពុជា​នេះ ក៏​បាន​ធ្វើ​ឲ្យ​ស្ថាប័ន​អន្តរជាតិ​មួយ​ចំនួន បាន​ផ្ដល់​រហ័ស​នាម​សម្រាប់​កម្ពុជា​ថា គឺ​ជា​“ខ្លា​សេដ្ឋកិច្ច​នៅ​អាស៊ី នា​ពេល​អនាគត”។ តើ​អ្វី​ជា​ខ្លា​សេដ្ឋកិច្ច? ហើយ​កម្ពុជា​ពិត​ជា​ស័ក្ដិសម​នឹង​ឈ្មោះ​នេះ​ដែរ ឬ​ទេ?

បើ​យើង​ពិនិត្យ​ទៅ​មើល​ទិដ្ឋភាព​ជាក់​ស្ដែង នា​ពេល​បច្ចុប្បន្ន ប្រទេស ឬ​ទីតាំង​សេដ្ឋកិច្ច​ពាណិជ្ជកម្ម ដែល​ត្រូវ​បាន​ចាត់ទុក​ថា​ជា​ខ្លា​សេដ្ឋកិច្ច ឬ​ហៅ​ថា នាគ​សេដ្ឋកិច្ច នៅ​អាស៊ី​រួម​មាន៖

១, ប្រទេស​កូរ៉េ​ខាង​ត្បូង

នៅ​ទសវត្សរ៍​ឆ្នាំ​១៩៦០ ផលិតផល​ក្នុង​ស្រុក​សរុប​សម្រាប់​មនុស្ស​ម្នាក់ (GDP Per Capita) របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង គឺ​អាច​និយាយ​បាន​ថា អាច​ប្រៀប​ធៀប​ជាមួយ​ប្រទេស​ក្រីក្រ​បំផុត​នៅ​អាស៊ី និង​អាហ្រ្វិក។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក្នុង​រយៈពេល ៤​ទសវត្សរ៍​បន្ទាប់​មក ប្រទេស​នេះ​បាន​ទទួល​នូវ​កំណើន​គួរ​ឱ្យ​កត់​សម្គាល់។ គិត​ត្រឹម​ខែ​ធ្នូ​ឆ្នាំ​២០១៥ ប្រទេស​នេះ​មាន​ផលិតផល​ក្នុង​ស្រុក​សរុប​ចំនួន ១,៤​ទ្រី​លាន​ដុល្លារ និង​ផលិតផល​ក្នុង​ស្រុក​សរុប​សម្រាប់​មនុស្ស​ម្នាក់ មាន​ចំនួន​ជាង ៣៥.០០០​ដុល្លារ​អាមេរិក ជាមួយ​នឹង​អត្រា​កំណើន​សេដ្ឋកិច្ច ៣,៣%។ 

២, តៃវ៉ាន់ 

ទោះ​បី​​ជា​តៃវ៉ាន់ មាន​ទំនាក់​ទំនង​ដ៏​ចម្រូង​ចម្រាស​ជាមួយ​នឹង​ប្រទេស​ចិន​ក៏​ដោយ ប៉ុន្ដែ ដី​កោះ​មួយ​នេះ​នៅតែ​អាច​បន្ដ​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន​បាន​យ៉ាង​ល្អ​នៅ​៤​ទសវត្សរ៍​ចុង​ក្រោយ​នេះ តួយ៉ាង ផលិតផល​ក្នុង​ស្រុក​សរុប​សម្រាប់មនុស្ស​​ម្នាក់​របស់​តៃវ៉ាន់ បាន​កើន​ឡើង​ដល់​ជាង ៤៥.០០០​ដុល្លារ។ 

ទោះ​បី​ជា​ដែន​ដី​កោះ​មួយ​នេះ មិន​បាន​ក្លាយ​ជា​រដ្ឋ​ឯករាជ្យ​មួយ ដោយសារ​តែ​រង​សម្ពាធ​ពី​ប្រទេស​ចិន​ក៏​ដោយ ប៉ុន្ដែ តៃវ៉ាន់​នៅ​តែ​រក្សា​ជំហរ​រឹងមាំ ក្នុង​នាម​ជា​អ្នក​នាំចេញ​ជើង​ខ្លាំង​មួយ ខណៈ​ដែល​មាន​ទំហំ GDP ជាង ១,១​ទ្រី​លាន​ដុល្លារ ជាមួយ​នឹង​ប្រជាជន​ជាង ២៣​លាន​នាក់។ 

៣, ហុងកុង 

ហុងកុង​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​តំបន់​រដ្ឋបាល​ពិសេស​មួយ​របស់​ប្រទេស​ចិន ប៉ុន្តែ ហុងកុង​មាន​សេរីភាព​គ្រប់គ្រាន់​លើ​សកម្មភាព​របស់​ខ្លួន​ក្រៅ​ពី​ការការពារ​ ពី​ចិន រហូត​ដល់​ឆ្នាំ​២០៤៧។ បន្ទាប់​ពី​នោះ ទំនាក់​ទំនង​រវាង​ហុងកុង​និង​ចិន នឹង​ត្រូវ​វាយ​តម្លៃ​សា​ជាថ្មី​ម្ដង​ទៀត។ 

ហុងកុង​ក៏​​មាន​​ចំណាត់​ថ្នាក់​ខ្ពស់​បំផុត​មួយ នៅ​លើ​មាត្រដ្ឋាន​វាស់​ស្ទង់​ផ្នែក​សេរីភាព​សេដ្ឋកិច្ច ហើយ​បើ​គិត​ត្រឹម​ឆ្នាំ​២០១៥ ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ប្រជាជន​ម្នាក់ៗ មាន​ជាង ៣៦.០០០​ដុល្លារ ខណៈ​ដែល​ចំនួន​ប្រជាជន​សរុប មាន​ជាង ៧​លាន​នាក់។  

៤, សាំងហ្គាពួរ 

ទោះបីជា​មាន​ប្រជាជន​រស់នៅ​ត្រឹម​តែ​ជាង ៥,៥​លាន​នាក់​ក៏​ពិត​មែន តែ​ប្រទេស​ដី​កោះ​តូច​ជាង​គេ​មួយ​នេះ មាន​សក្ដានុពល​សេដ្ឋកិច្ច​មិន​តូច​ទេ។ ប្រទេស​ដី​កោះ​មួយ​នេះ មាន​ទំហំ​ផលិតផល​ក្នុង​ស្រុក​សរុប​ជាង ៤៥២​ពាន់​លាន​ដុល្លារ ខណៈ​ដែល​ផលិតផល​ក្នុង​ស្រុក​សរុប​សម្រាប់​មនុស្ស​ម្នាក់ មាន ៨២.៧៦២​ដុល្លារ។ 

ត្រូវ​បាន​ទទួល​ស្គាល់​ថា ជា​ប្រទេស​ដែល​មាន​កម្រិត​នៃ​ភាព​ពុករលួយ​តិច​តួច​ជាង​គេ​បំផុត​លើ​ពិភពលោក សាំងហ្គាពួរ​បាន​ក្លាយ​ជា​ប្រទេស​ដែល​មាន​បរិយាកាស​ពាណិជ្ជកម្ម​ប្រកប​ដោយ​តម្លាភាព និង​សុវត្ថិភាព ពិសេស គឺ​ការ​គាំទ្រ​ដល់​ផ្នែក​សន្ដិសុខ​ពាណិជ្ជកម្ម​ដល់​វិស័យ​ឯកជន​តែ​ម្ដង។

ក្រៅពី​ខ្លា​សេដ្ឋកិច្ច​ទាំង​៤​ខាង​លើ​នេះ ក៏​មាន​ប្រទេស​មួយ​ចំនួន​ផ្សេង​ទៀត ក៏​ត្រូវ​បាន​ផ្ដល់​រហ័សនាម​ជា​ខ្លា​សេដ្ឋកិច្ច​ផង​ដែរ ដូចជា ថៃ ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី ជាដើម។ បន្ថែម​ពី​នេះ បច្ចុប្បន្ន ក៏​មាន​ប្រទេស​កំពុង​អភិវឌ្ឍន៍​មួយ​ចំនួន​ផ្សេង​ទៀត​នៅ​អាស៊ី ដូចជា កម្ពុជា វៀតណាម បង់ក្លាដេស ហ្វ៊ីលីពីន ជាដើម។ល។ ត្រូវ​បាន​ស្ថាប័ន​អន្តរជាតិ​ធំៗ​ព្យាករ​ថា នឹង​ក្លាយ​ជា​ខ្លា​សេដ្ឋកិច្ច​នៅ​អាស៊ី នា​ពេល​អនាគត​ផង​ដែរ។

ទន្ទឹម​នឹង​ការ​ព្យាករ​នេះ ក៏​មាន​ការ​ចោទ​សួរ​មួយ​ចំនួន​ផង​ដែរ ថា​តើ​ពេលណា​ទើប​កម្ពុជា​អាច​ក្លាយ​ជា​ខ្លា​សេដ្ឋកិច្ច? ហើយ​អ្វី​ជា​ខ្លា​សេដ្ឋកិច្ច? តើ​កម្ពុជា​ពិត​ជា​ក្លាយ​ជា​ខ្លា​សេដ្ឋកិច្ច ឬ​ក៏​ត្រឹមតែ​ជា​ឆ្មា​សេដ្ឋកិច្ច​ទេ? ទាំង​អស់​នេះ គឺ​ជា​សំណួរ​ដែល​មហាជន​តែង​លើក​ឡើង​ជា​ដដែលៗ។ 

ជុំវិញ​នឹង​ការ​ចោទ​ឡើង​នេះ កាល​ពី​ពេល​កន្លង​ទៅ នៅ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​កម្ពុជា ក៏​មាន​ការ​ចោទ​សួរ​ដេញ​ដោល​គ្នា​ពី​សំណួរ​ខាង​លើ ពី​សំណាក់​សេដ្ឋ​វិទូ ក៏​ដូចជា​អ្នក​ជំនាញ​សេដ្ឋកិច្ច រួមទាំង​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​របស់​កម្ពុជា​ផង​ដែរ។ 

ឆ្លើយ​តប​ទៅ​នឹង​សំណួរ​ថា តើ​ពេល​ណា កម្ពុជា​នឹង​ក្លាយ​ជា​ខ្លា​សេដ្ឋកិច្ច​ពិត​ប្រាកដ? រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ឯកឧត្តម វង្សី វិស្សុត ដែល​ជា​វាគ្មិន និង​ជា​គណៈអធិបតី​នៅ​ក្នុង​កិច្ច​ពិភាក្សា​ជជែក​ដេញដោល​គ្នា​នោះ បាន​ឡើង​ពន្យល់​ថា ខ្លា​សេដ្ឋកិច្ច​មិន​មែន​សំដៅ​លើ​ទំហំ​សេដ្ឋកិច្ច​ធំ  មាន​ប្រជាជន​ច្រើន និង​មាន​ឥទ្ធិពល​គ្រប​ដណ្ដប់​លើ​គេ​ឯង​នោះ​ទេ តែ​វា​សំដៅ​លើ​គុណភាព​ខាង​ក្នុង និង​មូលដ្ឋាន​គ្រឹះ​ដ៏​រឹងមាំ​នៃ​ការ​អភិវឌ្ឍ​របស់​ប្រទេស​នោះ។ 

ហើយ​កត្តា​ដែល​សំខាន់​បំផុត​ដើម្បី​ក្លាយ​ខ្លួន​ជា​ខ្លា​សេដ្ឋកិច្ច​ទៅ​បាន មិនមែន​គិត​លើ​ការ​បង្កើត​ប្រជាជន​ឲ្យ​ច្រើន​ដើម្បី​បង្កើន​កម្លាំង​ពលកម្ម​នោះ​ទេ តែ​ត្រូវ​ធ្វើ​យ៉ាងណា​បង្កើន​ចំណូល​ប្រជាជន​ឲ្យ​បាន​ច្រើន បង្កើន​តម្លៃ​បន្ថែម​ក្នុង​សេដ្ឋកិច្ច ហើយ​តម្លៃ​បន្ថែម​នោះ​ត្រូវតែ​មាន​ប្រសិទ្ធភាព និង​ចីរភាព។ ចីរភាព​នេះ​ទៀត​សោត ក៏​ត្រូវ​ធានា​ឲ្យ​បាន​នូវ​ចីរភាព​នៃ​កំណើន​សេដ្ឋកិច្ច និង​ការ​ប្រកួត​ប្រជែង​ផង​ដែរ។

តាម​របាយការណ៍​ពី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ គិត​តាំង​ពី​ឆ្នាំ​២០១៣ ផលិតផល​ក្នុង​ស្រុក​សរុប​របស់​កម្ពុជា មាន​ទំហំ​ជា​ទឹក​ប្រាក់​ប្រមាណ​តែ​ជាង ១៥​ពាន់​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ ហើយ​ចំនួន​នេះ​បាន​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់ ពោល​គឺ​មាន​ប្រមាណជាង ២២​ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​២០១៧ និង​នៅ​ឆ្នាំ​២០១៨ រំពឹង​ថា នឹង​កើន​ដល់​ជាង ២៤​ពាន់​លាន​ដុល្លារ​អាមេរិក។ ដោយឡែក នៅ​ឆ្នាំ​២០១៧ ផលិតផល​ក្នុង​ស្រុក​សរុប​សម្រាប់​មនុស្ស​ម្នាក់ មាន​ចំនួន ១.៤៣៤​ដុល្លារ​អាមេរិក។ 

ជាមួយ​គ្នា​នេះ​ដែរ គេ​សង្កេត​ឃើញ​ថា ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ រាជ​រដ្ឋាភិបាល​ក៏​បាន​ខិតខំ​ក្នុង​ការ​កៀរគរ​ចំណូល​ថវិកា​ជាតិ ដើម្បី​ដំឡើង​ប្រាក់​ខែ​ជូន​មន្ត្រី​រាជការ និង​បាន​ជួយ​សម្រួល​ដំឡើង​ប្រាក់​ខែ​ជូន​កម្មករ​កម្មការិនី​ជា​បន្ត​បន្ទាប់​ផងដែរ។ 

សូម​ជម្រាប​ថា តាម​ទិស​ដៅ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា នៅ​ឆ្នាំ​២០៣០ កម្ពុជា​នឹង​ក្លាយ​ជា​ប្រទេស​ចំណូល​មធ្យម​កម្រិត​ខ្ពស់ និង​នៅ​ឆ្នាំ​២០៥០ នឹង​ក្លាយ​ជា​ប្រទេស​ដែល​មាន​ចំណូល​ខ្ពស់។ ដូច្នេះ យើង​អាច​សន្និដ្ឋាន​បាន​ថា នៅ​ប្រមាណ​ជាង​២០ ទៅ ៣០​ឆ្នាំ​ទៀត នៅពេល​ដែល​កម្ពុជា​ក្លាយ​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់ ប្រជាជន​មាន​ចំណូល​កាន់​តែ​ខ្ពស់ នោះ​រហ័សនាម​ខ្លា​សេដ្ឋកិច្ច នឹង​ត្រូវ​ស័ក្ដិសម​នឹង​សមត្ថភាព​​របស់​កម្ពុជា​យ៉ាង​ពិត​ប្រាកដ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឡ​សម្ងួត​និង​ឃ្លាំង​ស្តុក​ស្រូវ​ធំៗ​៣​កន្លែង នឹង​បើក​ស្វាគមន៍​រដូវ​ប្រមូល​ផល​ស្រូវ​ថ្មី​នា​ពាក់​កណ្ដាល​ឆ្នាំ​នេះ

ព័ត៌មាន
ឡ​សម្ងួត​ស្រូវ​និង​ឃ្លាំង​ស្តុក​ស្រូវ​ថ្មី​ធំៗ ដែល​បាន​និង​កំពុង​សាងសង់​នៅ​លើ​ទីតាំង​ខេត្ត​ចំនួន​៣ នៅ​កម្ពុជា នឹង​ត្រូវ​បើក​ទ្វារ​ស្វាគ…

វីដេអូ៖ ជា សុខលាង សហគ្រិន​ស្រ្តី​វ័យ​ក្មេង​ដែល​​ក្ដោប​ក្ដាប់​ជំនួញ​ច្រើន​មុខ!

ព័ត៌មាន
ក្នុង​វ័យ​ត្រឹម​តែ​៣៤​ឆ្នាំ អ្នកស្រី ជា សុខលាង បាន​ក្លាយ​ជា​អ្នក​ជំនួញ​វ័យ​ក្មេង ដែល​មាន​មុខ​ជំនួញ​ជា​ច្រើន​គួរសម​​នៅ​កម្ពុជា។

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ