ព្រះរាជពិធីបុណ្យអុំទូក

ក្រសួង ស្ថាប័ននានា មមាញឹកក្នុងការរៀបចំរចនាប្រទីបចូលរួមព្រះរាជពិធីបុណ្យអុំទូក


ព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ នឹងចូលមកដល់នៅថ្ងៃទី២៦ ខែវិច្ឆិកា ខណៈអ្វីៗក៏បានត្រៀមរួចរាល់ ដើម្បីញាំងឱ្យបរិយាកាសនៅក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះមានភាពអធិកអធមប្រកបដោយស្នាមញញឹមនិងភាពសប្បាយរីករាយឡើងវិញ បន្ទាប់ពីពិធីដ៏សំខាន់មួយនេះត្រូវបានរាជរដ្ឋាភិបាលកម្ពុជាផ្អាកនាពេលប៉ុន្មានឆ្នាំកន្លងមកដោយសារតែការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩។ជាក់ស្ដែងក្រុមអ្នករៀបចំកំពុងមមាញឹកដើម្បីត្រៀមបញ្ចប់ការរចនាប្រទីបរបស់ក្រសួង ស្ថាននានា ដែលនឹងបណ្ដែតខ្លួននៅលើផ្ទៃទន្លេ មុខព្រះបរមរាជវាំង នាពេលខាងមុខ។
1
ដោយ

ពេលវេលានៃការកំណត់ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះក៏ជិតចូលមកដល់ នៅឯត្រើយទន្លេផ្នែកខាងកើត ទល់មុខព្រះបរមរាជវាំងឯណោះវិញ គឺមានការប្រមូលផ្ដុំនូវសាឡង់ធំៗរាប់សិបគ្រឿង។សាឡង់ទាំងអស់នេះ គឺសម្រាប់ប្រើប្រាស់បំពាក់ឧបករណ៍បង្គុំអំពូលអគ្គិសនីកែច្នៃនានាយ៉ាងច្រើនស្អេកស្កះឱ្យចេញរូបរាងជាប្រទីបបង្កប់ដោយទស្សនីយភាពរស់រវើករបស់ក្រសួង ស្ថាប័ន និងក្រុមហ៊ុន ដែលត្រៀមខ្លួនចូលរួមនៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។

ក្រុមអ្នកជំនាញបានធ្វើកិច្ចការងាររបស់ខ្លួនប្រកបដោយការទទួលខុសត្រូវទៅតាមតួនាទីដែលបានបែងចែក ដែលមានផ្នែកអគ្គិសនី ផ្នែកអំពូលភ្លើង ផ្នែកមេកានិក ជាដើម ដ្បិតការរៀបចំប្រទីបនៅលើសាឡងដ៏ធំនេះ គឺត្រូវប្រើរយៈពេលដល់រាប់ខែឯណោះ ហើយកម្លាំងពលកម្មសម្រាប់បម្រើដល់កិច្ចការមួយនេះ គឺត្រូវការអ្នកចូលរួមចាប់ពី៧០នាក់ ដល់៨០នាក់ ទៅតាមទំហំការងារនីមួយៗ។

ស្ថិតក្នុងវ័យប្រមាណ៥០ឆ្នាំ បុរសមានឈ្មោះ សន ឆាត ដែលចូលរួមរៀបចំធ្វើប្រទីបហាក់មានមោទនភាពចំពោះកិច្ចការងាររបស់ខ្លួន ដែលរៀបចំឡើងលេចចេញជារូបរាង ដ្បិតការរៀបចំនេះ គឺទាមទារឱ្យមានការប្រុងប្រយ័ត្ននិងយកចិត្តទុកដាក់ខ្ពស់ ព្រោះអាចប្រឈមនឹងគ្រោះថ្នាក់។បើតាមបុរសរូបនេះ ប្រទីបនីមួយៗមានការរចនាឡើងខុសៗគ្នា និងមានអត្ថន័យផ្សេងៗពីគ្នា។

មិនខុសគ្នាប៉ុន្មានដែរ អ្នករៀបចំម្នាក់ទៀតឈ្មោះ ប៉ាន សុភ័ក្រ ដែលមានវ័យប្រមាណ៥០ឆ្នាំ ធ្លាប់បានចូលរួមរៀបចំប្រទីបនាពេលកន្លងទៅ ហើយការចូលរួមរៀបចំជាថ្មីនេះ ត្រូវបានបុរសរូបនេះឱ្យដឹងថា គឺមានរយៈពេលជាង១ខែមកហើយ ហើយក៏មិនមានបញ្ហាលំបាកណាមួយដែរ។អ្នកជំនាញរូបនេះ បានរៀបរាប់ពីផ្ទាំងទស្សនីយភាពរស់រវើកដែលមានការរចនាយ៉ាងប៉ិនប្រសព្វ ដ្បិតការងារនេះ គឺត្រូវការការចូលរួមពីច្រើនផ្នែកពាក់ព័ន្ធដើម្បីឈានដល់ការសម្រេចបានលទ្ធផលល្អ។

ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ ២០២៣នេះ មានទូកចូលរួមប្រណាំងសរុប ៣៣៨ទូក និងមានប្រទីបចំនួន ៣០ ក្នុងនោះមកពីក្រសួង និងស្ថាប័នរដ្ឋចំនួន ២៨ និងប្រទីបវិស័យឯកជន ចំនួន២ផងដែរ។

ជុំវិញសកម្មភាពទូកដែលត្រូវចូលរួមប្រណាំងក្នុងឆ្នាំនេះដែរ ត្រូវបានសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រកាសឧបត្ថម្ភដល់ទូកចំនួន២០ ហើយជាមួយគ្នានោះសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ក៏នឹងឧបត្ថម្ភដល់ទូកចំនួន២០ដែរ។នេះបើតាមការគូសបញ្ជាក់របស់សម្ដេច ហ៊ុន ម៉ាណែត។

សូមជម្រាបថា ទូកដែលនឹងចូលរួមប្រណាំងទាំង៣៣៨ទូក ក្នុងនោះមានទូកអុំ ចំនួន ១៥៨ទូក ,ទូកចែវ បុរស៤២ទូក, ទូកចែវនារី១ទូក ,ទូកខ្នាតអន្តរជាតិ បុរសចំនួន ១៣៥ទូក, នារី ២ទូក, មានចំណុះទូកសរុបទាំងអស់ចំនួន ២០៤៤នាក់ ដែលមកពីក្រសួង ស្ថាប័ន អង្គភាព និងរដ្ឋបាលរាជធានី-ខេត្ត សរុប ២៥៕

អត្ថបទ៖ បូ ដូឡា​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ផ្លូវជាតិលេខ៥តម្លៃ៥០០លានដុល្លារនឹងសម្ពោធដាក់ប្រើនៅថ្ងៃស្អែក ខណៈសម្តេច ហ៊ុន ម៉ាណែត រំពឹងជួយជំរុញកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្ម

ព័ត៌មាន
ផ្លូវជាតិលេខ៥ ដែលមានតម្លៃវិនិយោគប្រមាណ៥០០លានដុល្លារនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមវត្តមានរបស់សម្…

ការរឹតត្បិតការនាំចេញអង្កររបស់ឥណ្ឌា អាចនឹងធ្វើឱ្យតម្លៃអង្ករពិភពលោកកើនឡើងខ្ពស់

ព័ត៌មាន
ឥណ្ឌាដែលជាប្រទេសនាំចេញអង្ករដ៏ធំជាងគេមួយនៅលើពិភពលោកត្រូវបានគេរំពឹងថា នឹងរក្សាការទប់ស្កាត់ការនាំចេញអង្កររបស់ខ្លួនរហូតដល់ឆ្នាំ២០២៤។ ក្នុង…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ