សង្រ្គាមរុស្ស៊ី-អ៊ុយក្រែន

រុស្ស៊ីបានគំរាមប្រើសន្លឹកបៀរចុងក្រោយ ដោយប្រើមីស៊ីលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរដែលខ្លួនបានសាកល្បងជោគជ័យ


ក្រោយពីបានបង្ហាញកម្លាំងរយៈពេល២ខែក្នុងការវាយប្រហារទៅលើប្រទេសអ៊ុយក្រែនរួចមកពេលនេះប្រទេសរុស្ស៊ីបានគំរាមប្រើសន្លឹកបៀរចុងក្រោយរបស់ខ្លួនហើយ តាមរយៈការបាញ់សាកល្បងមីស៊ីលស៊េរីថ្មីបំផុត ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរផ្លោងឆ្លងទ្វីបបាន ដែលប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានអះអាងថា អាវុធដ៏ខ្លាំងក្លាមួយនេះ គឺជាអាវុធខ្លាំងបំផុតក្នុងលោក ហើយវានឹងធ្វើឱ្យសត្រូវរបស់ក្រុងម៉ូស្គូខ្លបខ្លាចពីឥទ្ធិពលរបស់វាផងដែរ។
មីស៊ីលរុស្ស៊ី

មន្ត្រី​យោធា​រុ​ស្ស៊ី​បាន​ប្រាប់​លោក ពូ​ទី​ន តាម​កញ្ចក់​ទូរទស្សន៍​ថា មី​ស៊ី​ល​ប្រភេទ​ថ្មី​បំផុត​ឈ្មោះ Sarmat ដែល​គេ​ទន្ទឹងរង់ចាំ​ជា​យូរ​មក​ហើយ​នោះ បាន​បាញ់​សាកល្បង​ជា​លើក​ដំបូង​ចេញពី​តំបន់​ផ្លេ​សិត (Plesetsk) នៅ​ភាគ​ពាយព្យ​នៃ​ប្រទេស​រុ​ស្ស៊ី ហើយ​បាន​ធ្លាក់​ចំ​គោលដៅ​នៅ​ឧបទ្វីប កាំ​ឆាត​កា (Kamchatka) ដែល​មាន​ចម្ងាយ​ជិត ៦​ពាន់​គីឡូម៉ែត្រ​នៅ​ចុង​ភាគ​ខាងកើត​ប្រទេស​នេះ​។

យ៉ាងណា​ក៏​ដោយ​ចុះ ការ​សាកល្បង​មី​ស៊ី​ល Sarmat ដែល​គេ​បាន​ផលិត​អស់​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ មិន​បាន​ធ្វើ​ឱ្យ​លោក​ខាងលិច​ភ្ញាក់ផ្អើល​នោះ​ទេ ប៉ុន្តែ​វា​គ្រាន់តែ​បាន​កើតឡើង​ក្នុង​ពេល​មាន​ភាព​តានតឹង​ខ្លាំង​ខាង​ភូមិសាស្ត្រ​នយោបាយ​តែ​ប៉ុណ្ណោះ​។ ប្រទេស​រុ​ស្ស៊ី​មិន​ទាន់​អាច​ដណ្តើម​យក​បាន​ទីក្រុង​ធំ​ៗ​ណាមួយ​ពី​អ៊ុយ​ក្រែ​ន​បាន​នៅឡើយ​ទេ តាំងពី​ប្រទេស​នេះ​បាន​បញ្ជូន​កងទ័ព​រាប់​ម៉ឺន​នាក់​ចូល​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​តាំងពី​ថ្ងៃ​ទី​២៤ ខែកុម្ភៈ​មក​។ យ៉ាងណា​ក៏​ដោយ រុ​ស្ស៊ី​បាន​ដាក់​ឱសានវាទ​ថា នឹង​ក្រសោប​យក​ក្រុង​ម៉ា​រី​យ៉ូ​ប៉ូ​ល​ឲ្យ​បាន​ទាំងស្រុង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ក្រោយ​អ៊ុយ​ក្រែ​ន​សុំ​ពិភាក្សា​ពី​ការ​ជម្លៀស​ទាហាន​និង​ជន​ស៊ី​វិល​ចេញពី​ក្រុង​មួយ​នេះ​។

ជុំវិញ​ការ​បាញ់​សាកល្បង​មី​ស៊ី​ល​របស់​រុ​ស្ស៊ី​នេះ លោក ពូ​ទី​ន បាន​និយាយ​ថា មី​ស៊ី​ល​ថ្មី​នេះ​មាន​លក្ខណៈ​យុទ្ធសាស្ត្រ និង​បច្ចេកទេស​ខ្ពស់​បំផុត ហើយ​មាន​សមត្ថភាព​អាច​គេច​ផុត​ពី​ប្រព័ន្ធ​ចាប់​រ៉ា​ដា​ទំនើប​ៗ​របស់​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ទាំងអស់ ហើយ​វា​មិន​ទាន់​មាន​មី​ស៊ី​ល​ណាមួយ​នៅ​លើ​លោក​នេះ អាច​ប្រៀបផ្ទឹម​បាន​នោះ​ទេ ហើយ​វា​នឹង​បង្ហាញខ្លួន​នៅ​ក្នុង​ពេល​មិនយូរ​ទៀត​ឡើយ​។

លោក ពូ​ទី​ន បាន​បន្ថែម​ទៀត​ថា អាវុធ​ដ៏​ពិសេស​នេះ​នឹង​ពង្រឹង​សក្តានុពល​ប្រយុទ្ធ​របស់​កងកម្លាំងប្រដាប់អាវុធ​របស់​រុ​ស្ស៊ី និង​ធានា​បាន​នូវ​សុវត្ថិភាព​របស់​រុ​ស្ស៊ី​ពី​ការ​គំរាមកំហែង​ពី​ផ្នែក​ខាងក្រៅ​ផង​ដែរ​។

ដោយ​បាន​ប្រកាស​ពី​ការ​លុកលុយ​ចូល​អ៊ុយ​ក្រែ​ន​កាល ពី​៨​ស​ប្តា​ហ៍​មុន​នោះ លោក ពូ​ទី​ន ក៏​បាន​ប្រាប់ ឲ្យ​កងកម្លាំង​នុយក្លេអ៊ែរ​របស់​រុ​ស្ស៊ី​ប្រុង​ជើងការ​ផង​ដែរ និង​បាន​ព្រមាន​លោក​ខាងលិច​ថា ការ​ប៉ុនប៉ង​រារាំង​រុ​ស្ស៊ី​នឹង​នាំ​ឱ្យ​ពួក​គេ​ឆ្ពោះទៅ​រក​ផលវិបាក​ដែល​ពួក​គេ​មិន​ធ្លាប់​ជួប​ប្រទះ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​។

ទីភ្នាក់ងារ​ព័ត៌មាន​រុ​ស្ស៊ី Tass បាន​ដកស្រង់​សម្តី​លោក Dmitry Rogozin ប្រធាន​ទីភ្នាក់ងារ​អវកាស របស់​រុ​ស្ស៊ី ដែល​បាន​និយាយ​ក្រោយ​ពី​ការ​សាកល្បង​មី​ស៊ី​ល​នេះ​កាលពី​ថ្ងៃ​ពុធ​ថា កងកម្លាំង​នុយក្លេអ៊ែរ​របស់​រុ​ស្ស៊ី​នឹង​ចាប់ផ្តើម​ទទួលយក​មី​ស៊ី​ល​ថ្មី​«​នៅ​ក្នុង​រដូវ​ស្លឹកឈើ​ជ្រុះ​នៅ​ក្នុងឆ្នាំនេះ​»​។

លោក Jack Watling ដែល​ស្ថិត​នៅ​ក្នុង​ក្រុម​អ្នក​គិតគូ​យុទ្ធសាស្ត្រ នៃ​អង្គការ RUSI នៅ​ទីក្រុង​ឡុ​ង​ដ៍​បាន​និយាយ​ថា ការ​សាកល្បង​មី​ស៊ី​ល​នេះ បាន​កើតឡើង​នៅ​មុន​ពេល​មិន​ដល់​៣​ស​ប្តា​ហ៍​នៃ​ការ​ប្រារព្ធ​ទិវា​ជ័យជម្នះ​ប្រចាំឆ្នាំ ដែល​ធម្មតា​ប្រទេស​រុ​ស្ស៊ី​តែងតែ​អួត​បង្ហាញ​អាវុធ​ថ្មី​ចុង​ក្រោយ​របស់​ខ្លួន​។

លោក Watling បាន​និយាយ​ថា "​ពេលវេលា​នៃ​ការ​ធ្វើតេស្ត​នេះ​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ពី​ប្រជាជន​រុ​ស្ស៊ី​ចង់​មាន​អ្វីមួយ​បង្ហាញ​ជា​សមិទ្ធិ​ផល​បច្ចេកវិទ្យា​នៅ​ក្នុង​ពេល​ឆ្ពោះទៅ​រក​ថ្ងៃ​រំលឹក​ទិវា​ជ័យជម្នះ ជា​ពេល​មួយ​ដែល​ពួក​គេ​ខាន​បង្ហាញ​ពី​លទ្ធផល​បច្ចេកវិទ្យា​យូរ​មក​ហើយ​នោះ​៕

 អត្ថបទ​៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជំនួបរដ្ឋមន្ត្រីហិរញ្ញវត្ថុ G20 បង្ហាញភាពប្រេះឆា ក្រោយលោកខាងលិចនាំគ្នាដើរចេញពីកិច្ចប្រជុំពេលរុស្ស៊ីឡើងថ្លែងសារ

ព័ត៌មាន
ដើម្បីរកដំណោះស្រាយសម្រាប់វិបត្តិស្បៀងអាហារ ទំនិញឡើងថ្លៃ និងអតិផរណា ដែលបណ្តាលមកពីសង្គ្រាមនៅអ៊ុយក្រែន គួបផ្សំនឹងវិបត្តិកូវីដ១៩ នៅមិនទាន់ទៅ…

UN ស្នើជួបលោក ពូទីន និងលោក ហ្សេលេនស្គី ក្នុងជំនួបដាច់ដោយឡែកពីគ្នា ដើម្បីពិភាក្សាស្វែងរកសន្តិភាព

ព័ត៌មាន
ស្របពេលដែលសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន នៅតែបន្ដអូសបន្លាយ និងកំពុងរីកសាយភាយកំដៅកាន់តែខ្លាំងឡើងៗនោះ អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ