ថ្លៃដឹកជញ្ជូនទំនិញ

តម្លៃដឹកជញ្ជូននៅជម្ឈិមបូព៌ាហក់ឡើងកប់ពពក ក្រោយអ៊ីរ៉ង់វាយផ្ដាច់ដង្ហើមច្រកសមុទ្រហ័រមូស


កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានធ្វើឱ្យមានការផ្អើលពេញផ្ទៃសមុទ្រកាលពីថ្ងៃទី២ ខែមីនា ដោយប្រកាសបិទ ច្រកសមុទ្រហ័រមូសទាំងស្រុង និងបានព្រមានបាញ់កម្ទេចរាល់នាវាណា ដែលហ៊ានឆ្លងកាត់ លើកលែងតែនាវារបស់ចិន និងអ៊ីរ៉ង់ប៉ុណ្ណោះ។ របាយការណ៍ចុងក្រោយបានឱ្យដឹងថា នាវាដឹកជញ្ជូនមិនក្រោម១៥០ គ្រឿងឡើយកំពុងជាប់គាំងនៅផ្ទៃសមុទ្រ ខណៈនាវាចំនួន៣គ្រឿងត្រូវបានបាញ់ពន្លិចទៅក្នុងបាតសមុទ្ររួចជាស្រេច។ វិបត្តិនេះបានធ្វើឱ្យថ្លៃដឹកជញ្ជូនហក់ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន គឺរហូតដល់ទៅជាង៤២ម៉ឺនដុល្លារក្នុងមួយថ្ងៃ។
ថ្លៃដឹកជញ្ជូនទំនិញ
ដោយ

ស្ថានការណ៍នៅតំបន់មជ្ឈិមបូព៌ាកាន់តែមានភាពតានតឹង ដោយសារការបាញ់ស្រោចដាក់គ្នាទៅវិញទៅមកដូចទឹកភ្លៀងរវាងកងទ័ពចម្រុះរបស់សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់ ដែលបញ្ហានេះបានជំរុញឱ្យតម្លៃជញ្ជូននៅតំបន់នោះហក់ឡើងយ៉ាងគំហុក។ ជាក់ស្តែងតម្លៃជួលនាវាដឹកប្រេងយក្សចេញពីតំបន់ជម្លោះទៅកាន់ប្រទេសចិនបានហក់ឡើងខ្ពស់កប់ពពកឈានដល់ជាង៤២ម៉ឺនដុល្លារក្នុងមួយថ្ងៃ។ សម្ពាធនេះ បានកើតឡើងចំពេលជម្លោះរវាងអាមេរិក-អ៊ីស្រាអែលជាមួយអ៊ីរ៉ង់កំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅ។

យោងតាមទីភ្នាក់ងារព័ត៌មាន AP មន្ត្រីជាន់ខ្ពស់ នៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានប្រកាសយ៉ាងដាច់អហង្ការថា ច្រកសមុទ្រហ័រមូស លែងជាផ្លូវសេរីទៀតហើយ ដែលជាហេតុធ្វើឱ្យតម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិហក់ឡើងភ្លាមៗលើសពី៧០ដុល្លារក្នុងមួយបារ៉ែល។ សង្គ្រាមនេះមិនត្រឹមតែបង្កឱ្យកើតមានវិបត្តិប្រេងប៉ុណ្ណោះទេ សូម្បីតែទីផ្សារថាមពល និងឧស្ម័ន ក៏កំពុងរង្គោះរង្គើដែរ។ សារព័ត៌មាន Euro News បានបញ្ជាក់ថា ការវាយប្រហារចំគោលដៅលើរោងចក្រចម្រាញ់ប្រេង និងឧស្ម័ន បានរុញច្រានតម្លៃឧស្ម័នធម្មជាតិនៅអាស៊ីឱ្យកើនឡើង៤០% និងនៅសហភាពអឺរ៉ុបកើនឡើងដល់៤៥% ដែលជាសម្ពាធសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរមិនធ្លាប់មាន។

សូមបញ្ជាក់ថា ច្រកសមុទ្រហ័រមូស គឺជាសរសៃឈាមយុទ្ធសាស្ត្រដ៏សំខាន់ នៃវិស័យថាមពលសកល ដែលតភ្ជាប់ប្រទេសផលិតប្រេងយក្សៗដូចជាអារ៉ាប៊ីសាអូឌីត អ៊ីរ៉ាក់ និងអេមីរ៉ាតអារ៉ាប់រួម។ បច្ចុប្បន្ន ចំណុចស្លាប់រស់ នៃច្រកសមុទ្រ ដែលមានទទឹងត្រឹម៣៣គីឡូម៉ែត្រនៅចន្លោះឆ្នេរអ៊ីរ៉ង់ និងអូម៉ង់កំពុងស្ថិតក្រោមការគ្រប់គ្រងយ៉ាងតឹងរ៉ឹងរបស់អ៊ីរ៉ង់។ អ្នកវិភាគព្រមានថា ប្រសិនបើសង្គ្រាមបិទច្រកនេះនៅតែបន្ត ពិភពលោក នឹងត្រូវត្រៀមខ្លួនទទួលយកមហន្តរាយតម្លៃថាមពល ដែលអាចនឹងអូសសេដ្ឋកិច្ចសកលឱ្យធ្លាក់ក្នុងជ្រោះវិបត្តិយ៉ាងជ្រៅ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ឌូបៃ ដែលគេប្រដូចទៅនឹងឋានសួគ៌ក្នុងលោក កំពុងស្ថិតក្នុងមាត់ជ្រោះនៃវិបត្តិសង្គ្រាម ក្រោយមីស៊ីលអ៊ីរ៉ង់បំបែកភាពស្ងប់សុខ

ទីក្រុងឌូបៃ ដែលពិភពលោកធ្លាប់ប្រសិទ្ធនាមថា ជាឋានសួគ៌ដីគោក និងជាបេះដូងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ព្រមទាំងទេសចរណ៍ដ៏ស៊ីវិល័យបំផុតនៅមជ្ឈិមបូព៌ា…

ដំណឹងល្អ! ថ្ងៃ៦មីនា ខាងមុខនេះ ក្រុមហ៊ុន Buva Sea Cambodia នឹងបើកសេវាកម្មទូកល្បឿនលឿន ចេញពីកំពត ទៅកាន់កោះល្បីៗទាំង៣នេះ ឡើងវិញហើយ!

ក្រុមហ៊ុនទូកល្បឿនលឿន ប៊ូ វ៉ា ស៊ី កម្ពុជា (Buva Sea Cambodia) នាថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦នេះ បានចេញសេចក្ដីជូនដំណឹង ដល់អតិថិជន និងដៃ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ