Advertisement
ដឹកជញ្ជូន

កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​រំពឹងរក​ចំណូលបាន​ជាង​៥៥​លាន​ដុល្លារ​ក្នុង​ឆ្នាំនេះ


កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ បាន​ធ្វើការ​ព្យាករណ៍​ឲ្យ​ដឹង​ថា ស្ថាប័ន​រដ្ឋ​ឯករាជ្យ​មួយ​នេះ នឹង​រក​ចំណូល​បាន​ពី​ការ​ដឹក​ជញ្ជូន​ទំនិញ​ចេញ​ចូល​ប្រមាណ​ជាង ៥៥​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​២០១៧នេះ។ ការ​កើន​ឡើង​នេះ ត្រូវ​បាន​អ្នក​គ្រប់គ្រង​កំពង់ផែ​ស្វយ័ត​នេះ​អះអាង​ថា ដោយសារ​សកម្មភាព​ចរាចរណ៍​ដឹក​ជញ្ជូន​ទំនិញ​ចេញ​ចូល​កើន​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ។
កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ។ រូបភាព៖ ហ្វេសប៊ុកកំពង់ផែ
ដោយ
Advertisement

កាល​ពី​ឆ្នាំ​២០១៦ កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ រក​ចំណូល​បាន​ដែល​មាន​ទឹក​ប្រាក់​ប្រមាណ​ជាង ៥១​លាន​ដុល្លារ កើន​ឡើង​លើស​ពី​ឆ្នាំ​២០១៥ ដែល​មាន​ចំណូល​ប្រមាណ​ជាង​៤៩​លាន​ដុល្លារ​អាមេរិក។ 

សព្វថ្ងៃ កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​កំពុង​សិក្សា​នូវ​គម្រោង​អភិវឌ្ឍន៍​ចំណត​ផែ​កុងតឺន័រ​ថ្មី ជំហាន​ទី១ នៃ​គម្រោង​ផែនការ​អនាគត ដែល​មាន​ជម្រៅ​ទឹក​ជាង ១៤​ម៉ែត្រ និង​អាច​អនុញ្ញាត​ឲ្យ​នាវា​កប៉ាល់ ប្រមាណ​៩៣ ភាគរយ នៃ​នាវា​ដឹក​ជញ្ជូន ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក អាច​ចូល​ចត​បាន​យ៉ាង​ស្រួល។

ឯកឧត្តម លូ គឹមឈន់ អគ្គនាយក​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ បាន​លើក​ឡើង​ថា ខេត្ត​ព្រះសីហនុ ជាប៉ូលសេដ្ឋកិច្ច​ទី​២ បន្ទាប់​ពី​រាជ​ធានី​ភ្នំពេញ។ ទំនិញ​ឆ្លង​កាត់​កំពង់ផែ​នេះ​ក្នុង​រយៈពេល​៣​ខែ​ដំបូង​ដើម​ឆ្នាំ​២០១៧​នេះ បាន​កើន​ឡើង​៧​ភាគរយ។

កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ប្រកាស​ធ្វើការ​ស្ទាបស្ទង់​ថ្លៃ​ភាគហ៊ុន​ជា​សាធារណៈ​ជា​លើក​ដំបូង

បច្ចុប្បន្ន កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ប្រកាស​ធ្វើការ​ស្ទាបស្ទង់​ថ្លៃ​ភាគហ៊ុន​ជា​សាធារណៈ​ជា​លើក​ដំបូង ដើម្បី​កំណត់​តម្លៃ​ភាគហ៊ុន​សម្រាប់​ចាប់ផ្ដើម​ការ​បោះ​ផ្សាយ​មូលបត្រ​លក់​ជា​សាធារណៈ​លើក​ដំបូង (IPO) នៅ​ផ្សារ​មូលបត្រ​កម្ពុជា។ 

កំពង់ផែ​នឹង​ធ្វើការ​បោះផ្សាយ​មូលបត្រ​ចំនួន​២៥​ភាគរយ ដែល​មាន​ភាគហ៊ុន​សរុប ជាង ២១​លាន​ហ៊ុន ដោយ​នឹង​ដាក់​លក់​ក្នុង​មួយ​ឯកតា​មូលបត្រ​ថ្លៃ​ចន្លោះ​ពី ៣​ពាន់ ៥២០​រៀល ទៅ ៥​ពាន់១៨០ រៀល​ក្នុង​មួយ​ហ៊ុន។

ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយក​​គណៈកម្មការ​​មូលបត្រ​​កម្ពុជា​​បាន​​ឲ្យ​​ដឹង​ថា នេះ​ជា​វត្តមាន​ដ៏​ល្អ​សម្រាប់​ទីផ្សារមូលបត្រ ស្របទៅនឹង​ការ​ជំរុញ​របស់​រាជ​រដ្ឋាភិបាល​តាម​រយៈ​ការតម្រូវ​ឲ្យ​ក្រុមហ៊ុន​សហគ្រាស​រដ្ឋ​មួយ​ចំនួន​ចូល​ទៅ​ក្នុង​ទីផ្សារ ដែល​នេះ​គឺ​ជា​សហគ្រាស​ទី​៣​របស់​រដ្ឋ បញ្ជាក់​អំពី​ការ​បន្ថែម​ទំងន់​មួយ​ទៅ​ក្នុង​ទីផ្សារ ​និង​បង្កើន​ទំនុក​ចិត្ត​ទៅ​សាធារណជន។

បើមិន​មាន​ការ​ប្រែប្រួល​ទេ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​នឹង​ធ្វើការ​ប្រកាស​ថ្លៃ​ភាគហ៊ុន​នៅ​ថ្ងៃ​ទី២ ឧសភា ហើយ​ក៏​នឹង​ធ្វើការ​ចុះ​បញ្ជី​នៅ​ក្នុង​ផ្សារ​មូលបត្រ​កម្ពុជា​នៅ​ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ​នេះ​ដែរ។

នៅ​ក្នុង​កម្មវិធី រ៉ូដសូ ស្តីពី​ការ​បោះផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​លើក​ដំបូង​ជា​សាធារណៈ ឯកឧត្តម លូ គឹមឈន់ អគ្គនាយក​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ បាន​ឲ្យ​ដឹង​ថា នេះ​វា​មិន​មែន​ជា​ការងាយ​ស្រួល​នោះ​ឡើយ ខណៈ​កំពង់ផែ​ស្វយ័ត​ទឹក​ជ្រៅ​មួយ​នេះ ត្រូវ​បាន​ចំណាយ​ពេល​រៀបចំ​ខ្លួន​ចូល​ទៅ​ក្នុង​ទីផ្សារ​ភាគហ៊ុន​កម្ពុជា​អស់​រយៈពេល​ប្រមាណ​៥​ឆ្នាំ​មក​ហើយ ដោយ​បាន​ឆ្លងកាត់​ឧបសគ្គ​ជា​ច្រើន​លើក​ច្រើន​សា។

សូម​បញ្ជាក់​ថា កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ បាន​ពន្យារ​ពេល​ជា​ច្រើន​លើក​ច្រើន​សា​រួច​មក​ហើយ​ថា នឹង​ធ្វើការ​ចុះ​បញ្ជី​កំពង់ផែ​ចូល​ទៅ​ក្នុង​ទីផ្សារ​មូលបត្រ​កម្ពុជា នៅ​ខែ​ក្រោយ នៅ​ដើម​ឆ្នាំ​ក្រោយ ឬ​ក៏​ចុង​ឆ្នាំ​ជាដើម ដោយសារ​ជាប់​ដោះស្រាយ​បញ្ហា​មួយ​ចំនួន និង​ការ​រៀបចំ​បញ្ជី​សារពើ​ពន្ធ។

រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ មានក្រុមហ៊ុន​បួន​តែ​ប៉ុណ្ណោះ​ដែល​បាន​ចុះ​បញ្ជី និង​កំពុង​ជួញ​ដូរ​ភាគ​ហ៊ុន​នៅ​ក្នុង​ផ្សារ​មូលបត្រ​កម្ពុជា រួមមាន រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ ក្រុមហ៊ុន​កាត់ដេរ​ហ្គ្រេន​ធ្វីន អិនធើណេសិនណល កំពង់ផែ​ស្វយ័ត​ក្រុង​ភ្នំពេញ និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ៕




អត្ថបទបន្ទាប់


កម្ពុជា​នឹង​ប្រែ​ក្លាយ​ខេត្ត​ព្រះសីហនុ​​ឲ្យ​ដូច​តំបន់​ Shenzhen នៅចិន

ព័ត៌មាន
រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ធ្វើ​ឲ្យ​ខេត្ត​ព្រះសីហនុ​ទាំង​មូល​ក្លាយ​ជា​តំបន់​ឧស្សាហកម្ម​គំរូ​ពិសេស​មួយ​របស់​ប្រទេស ដែល​នឹង​យក​ល...

អ្នកណា​ខ្លះ​ដែល​ព្រួយ​ពី​រឿង​អាមេរិក​ផ្តាច់​ជំនួយ?

ព័ត៌មាន
ជា​ការ​ពិត ជំនួយ ទោះផ្តល់​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល​ក្តី តិច​ឬ​ច្រើន ក៏​ជា​ការ​ផ្តល់​សម្រាប់​គោលដៅ​ដើម្បី​ជួយ​ជា​ប្រយោជន៍​អ្វី​មួយ​ដែរ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ