បញ្ហាការងារ

រដ្ឋបាលខេត្តព្រះសីហនុ នឹងចាត់វិធានការក្ដៅទៅលើម្ចាស់អាជីវកម្ម ដែលពាក់ព័ន្ធនឹងការបង្ខាំង និងបង្ខំឲ្យមនុស្សធ្វើការ


រដ្ឋបាលខេត្តព្រះសីហនុ នឹងចាត់វិធានការក្ដៅតាមផ្លូវច្បាប់ ចំពោះម្ចាស់អគារ សណ្ឋាគារ និង កាស៊ីណូ ដែលមានការពាក់ព័ន្ធ ទោះបីក្នុងរូបភាពផ្ទាល់ ឬប្រយោលក៏ដោយជុំវិញទៅនឹងករណីបង្ខាំង ឬបង្ខំមនុស្សឲ្យធ្វើការ, ការជួញដូរតាមរូបភាពទទួលមនុស្សឆ្លងដែនដោយខុសច្បាប់ឲ្យធ្វើការជាដើម ខណៈដែលកាលពីដើមខែកញ្ញាកន្លងទៅថ្មីៗនេះ អាជ្ញាធរខេត្តព្រះសីហនុ ក៏ទើបតែបានរកឃើញករណីជនជាតិថៃជាង៣០នាក់បានឆ្លងដែនខុសច្បាប់មកធ្វើការនៅក្នុងខេត្តព្រះសីហនុផងដែរ។
រដ្ឋបាលខេត្តព្រះសីហនុ នឹងចាត់វិធានការក្ដៅទៅលើម្ចាស់អាជីវកម្ម ដែលពាក់ព័ន្ធនឹងការបង្ខាំងនិងបង្ខំឲ្យមនុស្សធ្វើការ
ដោយ

បើតាមរដ្ឋបាលខេត្តព្រះសីហនុ ក្នុងករណីរកឃើញម្ចាស់អគារ សណ្ឋាគារ និងកាស៊ីណូ ប្រព្រឹត្តបទល្មើសដូចដែលបានលើកឡើងខាងលើនេះ រដ្ឋបាលខេត្តនឹងចាត់វិធានការផ្អាកទីតាំងអាជីវកម្មជាបណ្តោះអាសន្ន និង កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសបុគ្គលដែលមានការពាក់ព័ន្ធ ស្របទៅតាមច្បាប់ជាធរមាន ព្រមទាំងស្នើសុំរាជរដ្ឋាភិបាលដើម្បីលុបអាជ្ញាប័ណ្ណអាជីវកម្មជាស្ថាពរ។

លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់ខេមបូណូមីសថ្មីៗថា កន្លងមក ការប្រើប្រាស់បុគ្គលិកដោយបង្ខំ ពីសំណាក់ម្ចាស់អាជីវកម្ម តែងកើតមានជារឿយៗ ហើយថ្មីៗ នេះ ក្នុងខេត្តព្រះសីហនុ ក៏កើតមានករណីបែបនេះ សង្ស័យកើតមានលើបុរសជនជាតិខ្មែរម្នាក់ ដែលរស់នៅ និងធ្វើការ ក្នុងខេត្តព្រះសីហនុដែរ។ ពាក់ព័ន្ធនឹងករណីខាងលើ អ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់ថា ជាករណីកំពុងស្ថិតក្នុងនីតិវិធីរបស់សមត្ថកិច្ចនៅឡើយ ដែលទាមទារឱ្យសមត្ថកិច្ចស្រាវជ្រាវបន្ត ថា ជាករណីចាប់បង្ខាំងមនុស្ស ករណីឆរបោក ឬជាករណីអ្វីផ្សេងឲ្យពិតប្រាកដ។

អ្នកនាំពាក្យខេត្តព្រះសីហនុរូបនេះ ក៏បានសង្កត់ធ្ងន់ដែរថា រដ្ឋបាលខេត្តនឹងចាត់វិធានការដាច់ខាត ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ ដោយមិនលើកលែងឡើយ បើសិនរកឃើញថា ម្ចាស់អាជីវកម្មនោះ បានប្រព្រឹត្តខុសនឹងនីតិវិធីច្បាប់។ បន្ថែមនោះ រដ្ឋបាលខេត្តព្រះសីហនុ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានបំណងស្វែងរកការងារធ្វើនៅក្នុងខេត្តព្រះសីហនុ ត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ប្រសិនបើក្នុងករណីសង្កេតឃើញថា កន្លែងស្វែងរកការងារ មានការសង្ស័យ ត្រូវរាយការណ៍ជាបន្ទាន់ទៅ អាជ្ញាធរមានសមត្ថកិច្ច។

សូមបញ្ជាក់ថា យោងតាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៧ ខែកញ្ញា បានបញ្ជាក់ថា  ក្នុងរយៈពេលកន្លងមករដ្ឋបាលខេត្តព្រះសីហនុ បានសង្កេតឃើញថា ការជ្រើសរើស ការគ្រប់គ្រង ការចាត់ចែង ការអនុវត្តកិច្ចសន្យាការងារ រវាងនិយោជក និងបុគ្គលិក កម្មករ និយោជិតមួយចំនួននៅមិនទាន់ស្របតាមនីតិវិធីច្បាប់នៅឡើយ ដែលជាហេតុបណ្តាលឱ្យកើតមានវិវាទការងារ ហើយរដ្ឋបាលខេត្ត ក៏បានទទួលពាក្យបណ្តឹង និងដោះស្រាយវិវាទការងារ ជាបន្តបន្ទាប់ច្រើនករណីមកហើយ។ ដូច្នេះ ក្នុងករណីរដ្ឋបាលខេត្តព្រះសីហនុ រកឃើញថា ម្ចាស់អាជីវកម្មសណ្ឋាគារ កាស៊ីណូ ឬម្ចាស់អគារ មានការប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ ឬបង្ខាំងមនុស្ស និងការជួយដូរមនុស្សឆ្លងដែនខុសច្បាប់នោះ រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ចំពោះម្ចាស់អាជីវកម្មនោះ ដោយគ្មានការលើកលែងឡើយ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួងឧស្សាហកម្ម នឹងចុះត្រួតពិនិត្យរោងចក្រផលិត និងកន្លែងចែកចាយយានយន្ដថ្មីៗនៅកម្ពុជា ទាក់ទងនឹងស្ដង់បច្ចេកទេស

ព័ត៌មាន
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ នឹងចុះត្រួតពិនិត្យស្តង់ដារសុវត្ថិភាពយានយន្តនៅតាមក្រុមហ៊ុន រោងចក្រ សហគ្រាស និង កន្ល…

អឺរ៉ុបហាក់ទន់ភ្លន់ដាក់ចិនឡើងវិញបន្ដិច ក្នុងជំនួបថ្នាក់ដឹកនាំជាន់ខ្ពស់នៃភាគីទាំងពីរ

ព័ត៌មាន
អឺរ៉ុបបង្ហាញអាកប្បកិរិយាទន់ភ្លន់ឡើងវិញបន្តិចជាមួយចិនក្នុងជំនួបថ្នាក់ដឹកនាំនៃភាគីទាំងពីរ។ នៅក្នុងសេចក្តីថ្លែងការមួយរបស់សហភាពអឺរ៉ុបបានគ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ