សិង្ហបុរី

សិង្ហបុរីនឹងផ្អាកលក់សំបុត្រយន្តហោះថ្មីៗ សម្រាប់ការធ្វើដំណើរដោយគ្មានការធ្វើចត្តាឡីស័ក


ក្រសួងសុខាភិបាលសិង្ហបុរី បាននិយាយថា ប្រទេសសិង្ហបុរីនឹងផ្អាកការលក់សំបុត្រយន្ដហោះថ្មីៗ សម្រាប់ការធ្វើដំណើរចូលមកប្រទេសខ្លួនដោយមិនមានការធ្វើចត្តាឡីស័ក ចាប់ពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ រហូតដល់ថ្ងៃទី ២០ ខែមករា។ វិធានការនេះ គឺជាកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់នូវការឆ្លងរីកដាលកូវីដ១៩ ពិសេសមេរោគបំប្លែងថ្មី អូមីក្រុង ដែលបានរកឃើញជាបន្ដបន្ទាប់តាមរយៈអ្នកដំណើរពីក្រៅប្រទេស។ នេះបើយោងតាមការចុះដោយសារព័ត៌មាន CNBC។
សិង្ហបុរីនឹងផ្អាកលក់សំបុត្រយន្តហោះថ្មីៗ សម្រាប់ការធ្វើដំណើរ
ដោយ

បើ​តាម​ក្រសួងសុខាភិបាល​សិង្ហ​បុរី បានឱ្យ​ដឹង​ថា វិធានការ​រឹត​បន្តឹង​ព្រំដែន​នេះ នឹង​ជួយ​ឱ្យ​ប្រទេស​របស់​ខ្លួន​អាច​មាន​ពេលវេលា​សិក្សា និង​ស្វែង​យល់​អំពី​មេរោគ​បំប្លែង​ថ្មី អូ​មី​ក្រុង និង​ពង្រឹង​ការ​ការពារ​របស់​សិង្ហ​បុរី រួម​ទាំង​ការ​ពង្រឹងសមត្ថភាព​ថែទាំ​សុខភាព ក៏​ដូច​ជា​ជំរុញ​ឲ្យ​មនុស្ស​ឱ្យ​កាន់តែ​ច្រើន មក​ទទួល​ការ​ចាក់​វ៉ាក់សាំង និង​ចាក់​ដូ​ស​ជំរុញ ។

វិធានការ​នេះ​នឹង​អនុវត្ត​ចំពោះតែ​អ្នកដំណើរ​ពី​បរទេស​ដែល​ទើបតែ​កក់​សំបុត្រ​ថ្មី​ប៉ុណ្ណោះ ដោយឡែក​សម្រាប់​អ្នក​ធ្វើ​ដំណើរ ដែល​បាន​កក់​សំបុត្រ​រួច​ហើយ ក្រោម​គម្រោង​ធ្វើ​ដំណើរ​សម្រាប់​អ្នក​ដែល​បាន​វ៉ាក់សាំង​រួច នឹង​នៅ​តែ​អាច​ចូល​ប្រទេស​សិង្ហ​បុរី​ដោយ​មិន​ចាំបាច់​ធ្វើ​ច​ត្តា​ឡី​ស័ក​បាន​ដដែល​។ ប៉ុន្ដែ ពួក​គេ​ត្រូវ​តែ​ធ្វើតេស្ត PCR នៅ​ពេល​មក​ដល់ និង​ការ​ធ្វើតេស្ត​អង់​ទី​ហ្សែ​ន​រហ័ស​ជា​ប្រចាំ​ថ្ងៃ ក្នុង​រយៈពេល​ប្រាំពីរ​ថ្ងៃ​ដំបូង​។

ក្រោយ​ការ​ផ្អាក​ការ​លក់​សំបុត្រ​យន្ដហោះ​បញ្ចប់​នៅ​ត្រឹម​ថ្ងៃ​ទី ២០ ខែមករា​ឆ្នាំ​២០២២ ចំនួន​មនុស្ស​ដែល​ត្រូវ​បាន​អនុញ្ញាត​ឱ្យទៅ​ចូល​ទៅ​កាន់​ប្រទេស​សិង្ហ​បុរី​ដោយ​មិន​ចាំបាច់​ធ្វើ​ច​ត្តា​ឡី​ស័ក​ក៏​នឹង​ត្រូវ​កាត់​បន្ថយ​ជា​បណ្តោះអាសន្ន​ផង​ដែរ​។

សូម​ជម្រាប​ថា រហូត​មក​ដល់​ពេល​នេះ ប្រទេស​សិង្ហ​បុរី​បាន​រក​ឃើញ​ករណី​មេរោគ អូ​មី​ក្រុង នាំ​ចូល​ចំនួន ៦៥ ករណី​ហើយ ខណៈ​គិត​ត្រឹម​ថ្ងៃ​ទី​២០ ធ្នូ មាន​ករណី​អូ​មី​ក្រុង ក្នុងស្រុក​ត្រូវ​បាន​រក​ឃើញ​ចំនួន ៦ ករណី​។ 

ស្រប​ពេល​ជាមួយ​គ្នា​នេះ បើ​យោង​តាម​ទិន្នន័យ​របស់​ក្រសួងសុខាភិបាល​សិង្ហ​បុរី បានឱ្យ​ដឹង​ថា ប្រជាជន​ដែល​មាន​សិទ្ធិ​ក្នុង​ការ​ចាក់​វ៉ាក់សាំង​នៅ​ក្នុង​ប្រទេស​នេះ​ប្រហែល ៩៦ ភាគរយ​ហើយ​ដែល​បាន​ចាក់​វ៉ាក់សាំង​ពេញលេញ ឬ​ប្រហែល ៨៧ ភាគរយ នៃ​ចំនួន​ប្រជាជន​សរុប​។ ខណៈ​ច្រើន​ជាង​មួយ​ភាគ​បី​នៃ​ចំនួន​ប្រជាជន​សរុប បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​។ តែ​ដោយឡែក ការ​ចាក់​វ៉ាក់សាំង​បង្ការ​សម្រាប់​កុមារ​អាយុ​ពី ៥ ទៅ ១១ ឆ្នាំ​ក្នុង​ប្រទេស​នេះ ទើបតែ​ត្រូវ​បាន​អនុម័ត ហើយ​ក៏​គ្រោង​នឹង​ចាប់ផ្តើម​ចាក់​ជូន​នៅ​ថ្ងៃ​ច័ន្ទ​ដើម​ស​ប្ដា​ហ៍​ក្រោយ​នេះ​ផង​ដែរ​៕

អត្ថបទ៖ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បារាំងក្លាយជាប្រទេសដំបូងគេដែលលុបចោលការកម្មង់ទិញថ្នាំគ្រាប់កូវីដ១៩ Merck

ព័ត៌មាន
ប្រទេសបារាំង នៅថ្ងៃពុធទី២២ធ្នូ បានលុបចោលការបញ្ជាទិញថ្នាំគ្រាប់ព្យាបាលកូវីដ១៩របស់ក្រុមហ៊ុន Merck ក្រោយមិនពេញចិត្តនឹងលទ្ធផលអំពីទិន្នន័យសាក…

ចិននឹងដាក់ចេញគោលនយោបាយបន្ថែម ដើម្បីជួយក្រុមហ៊ុននាំចេញ ចំពេលសេដ្ឋកិច្ចកំពុងរងភាពរង្គោះរង្គើ

ព័ត៌មាន
ប្រទេសចិននឹងដាក់ចេញគោលនយោបាយបន្ថែម ដើម្បីជួយដល់ក្រុមហ៊ុននាំចេញ និងនាំចូលទំនិញ ខណៈពេលដែលពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេសមហាអំណាចលេខ២លើល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ