ផ្សារទំនើប

ផ្សារ​ទំនើប​សូរិយា ដូរ​ឈ្មោះ​ថ្មី​ជា​ផ្លូវការ​! ក្រោយ​ពី​ចំណាយ​ទុន​៥​លាន​ដុល្លារ​លើ​ការ​ជួសជុល


ផ្សារ​ទំនើប​ចាស់​វស្សា​ជាង​គេ​បំផុត​មួយ​នៅ​កម្ពុជា គឺ​ផ្សារ​ទំនើប​សូរិយា បាន​សម្រេច​បើក​សម្ពោធ​និង​ដូរ​ឈ្មោះ​ថ្មី​របស់​ខ្លួន​ជា​ផ្លូវការ​ហើយ ក្រោយ​ពី​បាន​ចំណាយ​ទឹក​ប្រាក់​ប្រមាណ​ជាង​៥​លាន​ដុល្លារ ជួសជុល​និង​បន្ថែម​រចនាបថ​ថ្មី​ទាំង​ផ្នែក​ខាង​ក្នុង និង​ក្រៅ​នៃ​អគារ​របស់​ខ្លួន​មួយ​ចំនួន។
ផ្សារ​ទំនើប សូរិយា នៅក្បែរ​ផ្សារ​ធំថ្មី ប្ដូរ​ឈ្មោះ​ថ្មី និងសម្ពោធ​ជាថ្មី​ជា​ផ្លូវ​ការ ថ្ងៃ​ទី១៩ ធ្នូ ២០១៧។
ដោយ

បើ​តាម​ការ​អះអាង​ពី​អ្នក​គ្រប់គ្រង​ជាន់​ខ្ពស់​ផ្សារ​មួយ​នេះ បាន​អះអាង​ថា នឹង​អាច​ទាក់ទាញ​អតិថិជន ពិសេស ទេសចរ​បរទេស​ឲ្យ​បាន​កាន់​តែ​ច្រើន​ឡើង​ថែម​ទៀត។

អ្នក​ឧកញ៉ា ពុង ឃាវសែ ប្រធាន​ក្រុមប្រឹក្សាភិបាល​ធនាគារ កាណាឌីយ៉ា និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន សបភីង សេនធ័រ សូរិយា បាន​លើក​ឡើង​ថា ផ្សារ​ទំនើប​សូរិយា​នេះ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ស្នាដៃ​កូន​ខ្មែរ​សុទ្ធសាធ និង​បាន​បើក​ដំណើរការ​ឡើង​តាំង​ពី​ឆ្នាំ​២០០៣​មក​ម្ល៉េះ។ បច្ចុប្បន្ន ផ្សារនេះ ត្រូវ​បាន​បើក​សម្ពោធ​ជា​ថ្មី​ម្ដង​ទៀត និង​បាន​ផ្លាស់ប្តូរ​ឈ្មោះ​ថ្មី​ផង​ដែរ គឺ ផ្សារ​សូរិយា សិនធ័រ ភ័នធ៍ (Sorya Center Point)។

អ្នក​ឧកញ៉ា​បន្ថែម​ថា ការ​ចូល​មក​ដល់​នៃ​ផ្សារ​ទំនើប​បរទេស​ធំៗ ដែល​បាន​និង​កំពុង​ពង្រីក​ខ្លួន​ជា​បន្ត​បន្ទាប់​នៅ​កម្ពុជា ក៏​បាន​ធ្វើ​ឲ្យ​ផ្សារ​ទំនើប​ក្នុង​ស្រុក​មួយ​ចំនួន ត្រូវ​ប្រឈម​នឹង​ការ​បាត់បង់​ចំណែក​ទីផ្សារ​ផង​ដែរ។ 

លោក​បន្ត​ថា កន្លង​មក ដោយសារ​តែ​ក្រុមហ៊ុន​លោក​មាន​គំនិត​អភិរក្ស​និយម​ខ្លាំង​ពេក បាន​ធ្វើ​ឲ្យ​គំនិត​នេះ​ហួស​សម័យ និង​បាន​ធ្វើ​ឲ្យ​ផ្សារ​ទំនើប​សូរិយា​បាន​បាត់បង់​អតិថិជន​របស់​ខ្លួន​មួយ​ចំនួន។ ដូច្នេះ​ហើយ​ទើប ក្រុមហ៊ុន​ផ្សារ​ទំនើប​សូរិយា សម្រេច​ចិត្ត​បោះទុន​វិនិយោគ​បន្ថែម និង​បាន​អញ្ជើញ​អ្នក​ឯកទេស​ខាង​រចនា​ជាច្រើន ដើម្បី​សាងសង់​រចនាបថ​ថ្មី តម្រូវតាម​សេចក្ដី​ត្រូវការ​របស់​អតិថិជន​បច្ចុប្បន្ន និង​អនាគត។ 

អ្នក​ឧកញ៉ា ពុង ឃាវសែ (រូបទីពីរ ពីខាង​ឆ្វេង) ប្រធាន​ក្រុមប្រឹក្សាភិបាល ធនាគារ​ កាណាឌីយ៉ា ដែល​ជា​ក្រុមហ៊ុន​មេ របស់​ផ្សារ​ទំនើប Sorya Center Point។

ជាមួយ​គ្នា​នេះ លោកស្រី ជា សុខហៀក នាយិកា​ប្រតិបត្តិ​ផ្សារ Sorya Center Point បាន​លើក​ឡើង​ថា ការ​កែប្រែ​ថ្មី​នៃ​រចនាបថ​របស់​ផ្សារ​ទំនើប Sorya Center Point នេះ ត្រូវ​បាន​ច្របាច់​បញ្ចូល​គ្នា​នូវ​រចនាបថ​ខ្មែរ ព្រម​ជាមួយ​ការ​លក់​នូវ​ផលិតផល​ខ្មែរ​​ជា​ច្រើន​មុខ តួយ៉ាង នៅជាន់​ទី​៤​នៃ​ផ្សារ​នេះ មាន​លក់​ផលិតផល​ខ្មែរ​សុទ្ធ​តែ​ម្ដង ដែល​អាច​ជា​ភាព​ទាក់ទាញ​មួយ​សម្រាប់​ភ្ញៀវ​ទេសចរ​បរទេស។ 

លោកស្រី​បន្ថែម​ថា ដើម្បី​ជំរុញ​លើ​ការ​ប្រកួត​ប្រជែង ផ្សារ​ទំនើប​នីមួយៗ​ត្រូវ​មាន​យុទ្ធសាស្ត្រ​ច្បាស់​លាស់​ក្នុង​ការ​ចាប់​យក​អតិថិជន​គោលដៅ​របស់​ខ្លួន ពិសេស គឺ​ការ​អភិវឌ្ឍ​នូវ​អ្វី​ដែល​ថ្មី សម្រាប់​បំពេញ​សេចក្ដី​ត្រូវការ​របស់​អតិថិជន។ 

នាយិកា​ប្រតិបត្តិ​រូប​នេះ បាន​គូស​បញ្ជាក់​ទៀត​ថា បច្ចុប្បន្ន អតិថិជន​គោលដៅ​របស់​ផ្សារ Sorya Center point ភាគច្រើន​ជា​ប្រជាជន​ដែល​មាន​ចំណូល​ថ្នាក់​កណ្ដាល​ឡើង​ទៅ និង​បន្ថែម​ចាប់​យក​អតិថិជន​ដែល​ជា​ភ្ញៀវ​បរទេស ព្រោះថា ផ្សារ​ទំនើប​ធំៗ​ភាគច្រើន​មិន​សូវ​ជា​មាន​ការ​ចាប់​យក​អតិថិជន​ជា​ភ្ញៀវ​បរទេស​នោះ​ទេ ប៉ុន្ដែ ផ្សារ Sorya Center Point បាន​ធ្វើការ​រចនា​សោភ័ណ​ភាព​អគារ និង​ផលិតផល​ជា​ច្រើន ដែល​តម្រូវ​ជាមួយ​នឹង​ការ​ពេញ​និយម​របស់​ភ្ញៀវ​ទេសចរ​បរទេស និង​ជឿជាក់​ថា នឹង​ទទួល​បាន​អតិថិជន​គោលដៅ​កាន់​តែ​ច្រើន​ឡើង​ជាង​មុន​ផងដែរ។

លោកស្រី ជា សុខហៀក បាន​បន្ថែម​ទៀត​ថា ការ​កែប្រែ​នូវ​រចនាបថ​ថ្មី​របស់​ផ្សារ​ទំនើប Sorya Center Point នេះ មិន​បាន​បន្ថែម​ចំនួន​តូប​លក់​នៅ​ក្នុង​ផ្សារ​នោះ​ទេ តែ​មាន​ការ​កាត់​បន្ថយ​ចំនួន​តូប​រហូត​ដល់​៥០% ឯណោះ ដើម្បី​រក្សា​នូវ​ទីធ្លា​ធំ​ទូលាយ​ជាង​មុន និង​ផាសុកភាព​ជាង​មុន ខណៈ​ដែល​ផ្សារ​នេះ​មាន​ផ្ទៃ​ក្រឡា​សរុប​ប្រមាណ ៤​ម៉ឺន​ម៉ែត្រ​ការ៉េ និង​កម្ពស់​៥​ជាន់។

សូម​ជម្រាប​ដែរ​ថា បច្ចុប្បន្ន កម្ពុជា​មាន​ផ្សារ​ទំនើប​ធំៗ​ជា​ច្រើន បាន​និង​កំពុង​មាន​វត្តមាន​នៅ​ក្នុង​ទីផ្សារ​កម្ពុជា តួយ៉ាង ផ្សារ​ទំនើប​ អ៊ីអន ដែល​កំពុង​ត្រៀម​បើក​សាខា​ទី២​របស់​ខ្លួន​ឆាប់ៗ​នេះ ផ្សារ​ផាកសុន ក៏​ត្រៀម​បើក​ដំណើរការ​ឆាប់ៗ​នេះ​ដែរ ហើយ​កាល​ពី​ពេល​ថ្មីៗ​នេះ ផ្សារ​ម៉ាក្រូ ដែល​ជា​ផ្សារ​លក់​ទំនិញ​បោះដុំ ដ៏​ធំ​ជាង​គេ មក​ពី​ប្រទេស​ថៃ ក៏​ទើប​បើក​សម្ពោធ​ផ្លូវការ​នៅ​កម្ពុជា​ផងដែរ។ ដូច្នេះ វា​បាន​ស​បញ្ជាក់​ឲ្យ​ឃើញ​ពី​ការ​ប្រកួត​ប្រជែង​ក្នុង​វិស័យ​លក់​រាយ​កម្ពុជា កាន់តែ​មាន​កម្ដៅ​កើន​ឡើង។

គួររំលេចដែរ​ថា បច្ចុប្បន្ន ផ្សារ​ទំនើប​ដែល​ស្ថិត​នៅ​ក្រោម​ក្រុមហ៊ុន​សម្ព័ន្ធ​សហគ្រាស​កាណាឌីយ៉ា មាន​ដូចជា ផ្សារ Sorya Center Point (អតីត​ផ្សារ​សូរិយា) ផ្សារ​ទំនើប​សុវណ្ណា និង​ផ្សារ​ទំនើប រតនា​ផ្លាហ្សា ជាដើម៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិន​មក​«ជា​កញ្ចប់»​​នៅ​ខេត្ត​ព្រះសីហនុ?

ព័ត៌មាន
ខេត្ត​ឆ្នេរ​សមុទ្រ​មួយ​នេះ ត្រូវ​បាន​ញាប់​ញ័រ​ដោយ​សំឡេង​បុកគ្រឹះ ទាំង​យប់​ទាំង​ថ្ងៃ ដោយសារ​សំណង់​របស់​ចិន​ ដែល​ប្រញាប់​ប្រញាល់​ធ្វើ​ក…

សង្គ្រាម​នៃ​សេវា​ដឹកជញ្ជូន​អ្នក​ដំណើរ​នៅ​កម្ពុជា​កំពុង​ចាប់​ផ្ដើម​ហើយ!

ព័ត៌មាន
ការវិវត្ត​មក​ដល់​សម័យ​កាល​ព័ត៌មានវិទ្យា បាន​ធ្វើ​ឲ្យ​ការ​ប្រកួត​ប្រជែង​នៅ​ក្នុង​បរិយាកាស​អាជីវកម្ម​កាន់តែ​មាន​កម្ដៅ​កើន​ឡើង​ពី​មួយ​ថ្ង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ