Advertisement
ផ្សារទំនើប

ផ្សារ​ទំនើប​ខ្នាត​យក្ស​​​មក​ពីក្រៅ​ប្រទេស កំពុង​វាយ​លុក​ផ្សារ​តូចៗ​នៅ​កម្ពុជា?


កាល​​ពី​មុន​ផ្សារ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​កន្លែង​សម្រាប់​ទិញ លក់​ទំនិញ​នានា ប៉ុន្ដែ បច្ចុប្បន្ន ផ្សារ​មិន​ត្រឹម​តែ​បម្រើ​សេវា​កម្ម​ទិញ​លក់​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​កន្លែង​សម្រាប់​ការ​ដើរ​កម្សាន្ដ​ផង​ដែរ។ បរិបទ​ថ្មី​នៃ​ការ​ដើរ​ផ្សារ​របស់​ពលរដ្ឋ​កម្ពុជា បាន​ជំរុញ​ឲ្យ​អ្នក​វិនិយោគ​បាន​បោះ​ទុន​វិនិយោគ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់។
អគារ​ផ្សារទំនើប​ម៉ាឡេស៊ី ឈ្មោះ Parkson Mall នៅ​ភ្នំពេញ ជិត​បញ្ចប់​ការសាងសង់​ជាស្ថាពរ។ រូបភាព៖ ហេង ភារម្យ
ដោយ
Advertisement

ផ្សារ​ទំនើប​នៅ​កម្ពុជា​បាន​និង​កំពុង​ពង្រីក​ខ្លួន​កាន់​តែ​ច្រើន​​ឡើង ក្នុង​នោះ​មិន​ត្រឹម​តែ​មាន​ការ​បង្កើត​ផ្សារ​ទំនើប​ក្នុង​ស្រុក​ប៉ុណ្ណោះ​ទេ តែ​ផ្សារ​ទំនើប​យីហោ​បរទេស​ក៏​បាន​ហក់​ចូល​ក្នុង​ទីផ្សារ​កម្ពុជា​កាន់​តែ​ច្រើន​ឡើង​ផង​ដែរ។

តើ​អ្នក​អាច​ដឹង​ទេ​ថា តើ​បច្ចុប្បន្ន​រាជ​ធានី​ភ្នំពេញ​មាន​ផ្សារ​ទំនើប និង​ផ្សារ​រដ្ឋ​ប៉ុន្មាន​ហើយ?


👉 មហា​សេដ្ឋី​ខ្មែរ​ចាប់​ដៃគូ​ជាមួយ​មហា​សេដ្ឋី​លេខ​១​ថៃ សាង​សង់​ផ្សារ​ទំនើប​បោះ​ដុំ​ទំនិញ​ធំ​ជាង​គេ​បង្អស់​នៅ​កម្ពុជា 


បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាល​រាជ​ធានី​ភ្នំពេញ រហូត​មក​ទល់​បច្ចុប្បន្ន កម្ពុជា​មាន​ផ្សារ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ ២៥​កន្លែង និង​ផ្សារ​ឯកជន​មាន ៣២​កន្លែង ហើយ​ក្នុង​នោះ ផ្សារ​ទំនើប​ខ្នាត​ធំ គឺ​ទើប​តែ​មាន​២ ប៉ុណ្ណោះ ខណៈ​ដែល​ប្រជាជន​រស់​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​មាន​ប្រមាណ​ជាង ៣​លាន​នាក់ និង​មាន​រោងចក្រ​សហគ្រាស​ជិត​១​ពាន់​កន្លែង។ ក្រៅពី​ផ្សារ​ធំៗ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ ដូចជា ផ្សារ​ធំ​ថ្មី ផ្សារ​ចាស់ ផ្សារ​អូឡាំពិក ផ្សារ​ទួលទំពូង ផ្សារ​ដើ​មគរ ..។ល។

បច្ចុប្បន្ន ការ​សាងសង់​ផ្សារ​ទំនើប​ថ្មីៗ​ក៏​មាន​ការ​កើន​ឡើង​ផង​ដែរ តួយ៉ាង ផ្សារ​ទំនើប ផ្សារ​ទំនើប​អ៊ីអន​២ ធីខេអេវិនញូ (TK Avenue) និង​ផ្សារ​ទំនើប​ផាកសិន ដែល​ត្រៀម​នឹង​បើក​ដំណើរការ​ឆាប់ៗ​នេះ​ជា​ដើម។ 

ផ្សារ​ធំ​ថ្មី ជា​និមិត្ត​រូប​សំខាន់​មួយ​នៃ​រាជ​ធានី​ភ្នំពេញ។ (រូបភាព៖ ហេង ភារម្យ​)
Advertisement

ព្រម​ជាមួយ​គ្នា​នេះ ផ្សារ​ទំនើប​ក្នុង​ស្រុក​វ័យ​ចំណាស់​មួយ​ចំនួន​ផ្សេង​ទៀត ដូចជា​ផ្សារ​ទំនើប​សូរិយា ផ្សារ​ទំនើប​សុវណ្ណា ផ្សារ​ទំនើប​ស៊ីធីម៉ល ផ្សារ​ទំនើប​រតនា​ផ្លាហ្សា ក៏​បាន​និង​កំពុង​បន្ថែម​នូវ​ការ​វិនិយោគ​ថ្មីៗ ​ដើម្បី​ទប់ទល់​នឹង​កម្ដៅ​ប្រកួត​ប្រជែង​ពី​ផ្សារ​ទំនើប​យីហោ​បរទេស​ខ្នាត​យក្ស​មួយ​ចំនួន ដែល​បាន​និង​កំពុង​ត្រៀម​បើក​ដំណើរការ​នៅ​កម្ពុជា​ផង​ដែរ។ 

ទោះ​យ៉ាង​ណា គេ​មើល​ឃើញ​ថា ផ្សារ​ទំនើប​ខ្នាត​យក្ស​ដែល​បាន​និង​កំពុង​លេច​ធ្លោ​ជាង​គេ​នៅ​កម្ពុជា គឺ​ទើប​តែ​មាន​២​ប៉ុណ្ណោះ គឺផ្សារ​ទំនើប អ៊ីអន និង​ផ្សារ​ទំនើប​ផាកសិន។ 

ផ្សារ​ទំនើប​អ៊ីអន​២ ជា​មេដែក​ស្រូប​ទាញ​វិនិយោគិន 

ក្រោយ​ពី​ជោគជ័យ​លើ​គម្រោង​ទី​មួយ ផ្សារ​ទំនើប​អ៊ីអន​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ជប៉ុន បាន​និង​កំពុង​ចាប់​ផ្ដើម​គម្រោង​ផ្សារ​ទំនើប​អ៊ីអន​ទី២ របស់​ខ្លួន​នៅ​កម្ពុជា ដែល​គម្រោង​នេះ​នឹង​បញ្ចប់​នៅ​ឆ្នាំ​២០១៨ និង​មាន​ទីតាំង​ស្ថិត​នៅ​ភាគ​ខាង​ជើង​ឈៀង​ខាង​លិច​រាជ​ធានី​ភ្នំពេញ ជាប់​ទីក្រុង​រណប​ខេមកូ ស៊ីធី។

ផ្សារទំនើប AEON ជា​ការ​វិនិយោគ​របស់​ជប៉ុន។ បច្ចុប្បន្ន ផ្សារ​ AEON កំពុងសាងសង់​សាខា​ទីពីរ នៅ​ភាគ​ខាងជើង​ឈៀង​ខាងលិច​រាជ​ធានី​ភ្នំពេញ។ (រូបភាព៖ ហេង ភារម្យ)

យ៉ាង​ណា​មិញ នា​ពេល​ថ្មីៗ​នេះ ក្បែរ​ផ្សារ​ទំនើប​អ៊ីអន​២​នេះ ក៏​​មាន​គម្រោង​អភិវឌ្ឍន៍​ផ្សារ​ម៉ាក្រូ (Makro) ដែលជាផ្សារ​លក់​ទំនិញ​បោះដុំ​ដ៏​ធំ​មួយ​មក​ពី​ប្រទេស​ថៃ ទើប​តែ​បើក​ដំណើរការ​សាង​សង់ និង​គ្រោង​បើក​ដំណើរ​ការ​លក់​នៅ​ខែ​ធ្នូ ឆ្នាំ​២០១៧​នេះ។ 

ផ្សារ​ទំនើប​អ៊ីអន​នេះ ត្រូវ​បាន​អ្នក​ជំនាញ​ផ្នែក​អចលន​ទ្រព្យ​យល់​ឃើញ​ថា គឺ​ជា​មេដែក​ស្រូប​ទាញ​វិនិយោគិន​ឲ្យ​មាន​ភាព​សុទិដ្ឋិ​និយម​កាន់​តែ​ខ្លាំង​ឡើង​ជាមួយ​តំបន់​ភាគ​ខាង​ជើង​ឈៀង​ខាង​លិច​មួយ​នេះ ដើម្បី​អភិវឌ្ឍ​គម្រោង​ធំៗ​កាន់​តែ​ច្រើន​ថែម​ទៀត។ 

ផ្សារ​ទំនើប​ផាកសិន ជា​គូ​ប្រជែង​ធំ​របស់​អ៊ីអន

ផ្សារ​ទំនើប​ផាកសិន (Parkson) ត្រូវ​បាន​គេ​មើល​ឃើញ​គឺ​ជា​ដៃគូ​ប្រជែង​ធំ​មួយ​ជាមួយ​​នឹង​ផ្សារ​ទំនើប អ៊ីអន ខណៈ​ដែល​ផ្សារ​ទំនើប​ទាំង​ពីរ​នេះ ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ផ្សារ​ទំនើប​ធំ​ជាង​គេ​ខ្នាត​យក្ស​នៅ​កម្ពុជា។ 

ទោះ​យ៉ាង​ណា ផ្សារ​ទំនើប​ផាកសិន ធ្លាប់​ប្រកាស​ថា ខ្លួន​នឹង​បើក​ដំណើរការ​លក់​នៅ​ដើម​ឆ្នាំ​នេះ ប៉ុន្ដែ គិត​មក​ត្រឹម​ចុង​ខែ​ឧសភា ឆ្នាំ២០១៧​នេះ គេ​នៅ​មិន​ទាន់​ឃើញ​ផ្សារ​ទំនើប​ដ៏​ធំ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ម៉ាឡេស៊ី​មួយ​នេះ បើក​​ដំណើរការ​​លក់​​នៅ​​ឡើយ​​ទេ ខណៈ​ដែល​ការ​សាងសង់​គឺ​ជិត​ត្រូវ​បាន​រួច​រាល់​ជា​ស្ថាពរ​ហើយ។ ដ្បិត​តែ​មាន​ការ​យឺត​យ៉ាវ​ក្នុង​ការ​បើក​ដំណើរការ​ក្ដី ប៉ុន្ដែ ផ្សារ​ទំនើប​មួយ​នេះ​មាន​គម្រោង​បើក​ដំណើរការ​នៅ​កម្ពុជា​ជា​ច្រើន​សាខា​ផង​ដែរ។

ផ្សារ CENTRAL Plaza របស់​ថៃ ដែល​ចូល​មក​វិនិយោគ​នៅ​កម្ពុជា។
Advertisement

ក្រៅពី​ផ្សារ​ទំនើប​ធំៗ​ទាំង​ពីរ​នេះ កម្ពុជា​ក៏​មាន​គម្រោង​ផ្សារ​ទំនើប​ជា​ច្រើន​ផ្សេង​ទៀត​ផង​ដែរ តួយ៉ាង គម្រោង​ផ្សារ​ទំនើប Olympia Plaza ដែល​ស្ថិត​ក្នុង​គម្រោង Olympia City ជាប់​នឹង​ពហុ​កីឡដ្ឋាន​អូឡាំពិក គ្រោង​បញ្ចប់​ការ​សាងសង់​នៅ​ពាក់​កណ្តាល​ឆ្នាំ​២០១៧។

បន្ថែម​ពី​នេះ ក្រុមហ៊ុន​សិនត្រាល់ គ្រុប (CENTRAL Group) គឺ​ជា​ក្រុមហ៊ុន​លក់​រាយ​ដ៏​ធំ​ជាង​គេ​បំផុត​នៅ​ប្រទេស​ថៃ ក៏​គ្រោង​នឹង​ចូល​មក​បោះទុន​វិនិយោគ សាងសង់​ផ្សារ​ទំនើប​​ធំជាង​គេ​នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០១៧​នេះ ផង​ដែរ។

ផ្សារ​ទំនើប​កើត​ច្រើន តើ​កម្ពុជា​អាច​ទាញ​ផល​ប្រយោជន៍​អ្វី​ខ្លះ?

ក្រៅ​ពី​បង្ហាញ​ឲ្យ​ឃើញ​ពី​បរិយាកាស​សេដ្ឋកិច្ច និង​ការ​វិនិយោគ​ល្អ​នៅ​កម្ពុជា ការ​កើន​ឡើង​នៃ​ផ្សារ​ទំនើប ក៏​បាន​ឆ្លុះ​បង្ហាញ​ពី​ភាព​ទំនើប​កម្ម​នៃ​ការ​រស់​នៅ​របស់​ប្រជាជន ស្របទៅ​តាម​និន្នាការ​នៃ​សម័យ​ភាវូបនីយ​កម្ម​ផង​ដែរ។ 

សារ​ទំនើប TK Avenue នៅ​តំបន់​ទួលគោក នៃ​រាជ​ធានី​ភ្នំពេញ។ (រូបភាព៖ ហេង ភារម្យ​)
Advertisement

មិន​តែ​ប៉ុណ្ណោះ កំណើន​ផ្សារ​ទំនើប​នៅ​កម្ពុជា​នឹង​ធ្វើ​ឲ្យ​ប្រជាជន​ទាំង​អ្នក​លក់​និង​អ្នក​ទិញ មាន​ការ​ផ្លាស់​ប្តូរ​ឥរិយាបថ ក៏​ដូចជា​ទម្លាប់​នៃ​ការ​ទិញ​លក់​កាន់​តែ​ប្រសើរ ហើយ​ក៏​ចូលរួម​កាត់​បន្ថយ​ការ​ល​ក់​ដូរ​បែប​អនាធិបតេយ្យ​តាម​ដង​ផ្លូវ​ផង​ដែរ។ 

ពិសេស​ជាង​នេះ​ទៀត គឺ​វា​នឹង​ជួយ​ឲ្យ​មាន​ការ​ផលិត​ផល​ក្នុង​ស្រុក កាន់តែ​មាន​ស្ថិរភាព​និង​គុណភាព​ប្រសើរ​ជាង​មុន ព្រម​ជាមួយ​នឹង​ការ​បង្កើត​មុខ​របរ ក៏​ដូចជា​ទីផ្សារ​សម្រាប់​កសិករ ​និង​អ្នក​ផលិត​ក្នុង​ស្រុក​ផ្សេងៗ​ទៀត​ផង​ដែរ។ 

គួរ​បញ្ជាក់​ដែរ​ថា យោងតាម​របាយការណ៍​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ បាន​ព្យាករណ៍​ថា ក្នុង​ឆ្នាំ​២០១៧​នេះ វិស័យ​លក់​ដុំ​និង​រាយ​របស់​កម្ពុជា នឹង​មាន​ភាព​រីក​លូលាស់​ខ្លាំង​គួរ​ឲ្យ​កត់​សម្គាល់ ពោល​គឺ​មាន​កំណើន​ប្រមាណ​ជិត​៨% ដែល​កំណើន​នេះ បាន​នាំមុខ​វិស័យ​ដឹក​ជញ្ជូន និង​គមនាគមន៍ និង​ទេសចរណ៍៕ 

© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារ​ធំ​បំផុត​ទី៣​របស់​ជប៉ុនបោះ​ទុន​ជាង៥០លាន​ដុល្លារ​ បើក​សាខា​នៅ​កម្ពុជា

ព័ត៌មាន
ជា​ផ្លូវការហើយ​ ធនាគារ Mizuho (មីហ្ស៊ូហូ) ដែល​ជា​ធនាគារ​ធំ​ជាង​គេ​បំផុត​ទី៣ នៅ​ជប៉ុន បើក​សម្ពោធ​សាខារបស់​ខ្លួន នៅ​រាជ​ធានី​ភ្នំ...

២០​ឆ្នាំ​កន្លង​មក​នេះ តើ​កម្ពុជា​កាត់​បន្ថយ​ភាព​ក្រីក្រ​បាន​កម្រិត​ណា?

ព័ត៌មាន
ប្រទេស​កម្ពុជា​បាន​រក្សា​កំណើន​សេដ្ឋកិច្ច​ជាមធ្យម ៧% ក្នុង​រយៈ​ពេល​២០​ឆ្នាំ​ចុង​ក្រោយ​នេះ ហើយ​កំណើន​នេះ​បាន​ចូលរួម​ចំណែក​ដ៏​សំខាន់​...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ