Advertisement
គន្លឹះ​អាជីវកម្ម

អ្នក​ជំនួញ​២​រូប​ថា សហគ្រិន​គួរ​ចាប់​ផ្តើម​អាជីវកម្ម​តាំង​ពី​​វ័យ​ក្មេងទៅ!


តើ​គួរ​ចាប់​ផ្តើម​អាជីវកម្ម​ទាំង​នៅ​វ័យ​ក្មេង ឬ​រង់ចាំ​ទាល់​តែ​មាន​អាយុ​ច្រើន ទើប​ចាប់​ផ្តើម​ធ្វើ​វា? នេះ​ជា​សំណួរ​ដែល​លោក​អ្នក​នាង​ខ្លះ​ដែល​មាន​បំណង​ហក់​ចូល​ប្រឡូក​ក្នុង​វិស័យ​អាជីវកម្ម​​ ចង់​បាន​​ចម្លើយ​ពី​អ្នក​ជំនួញ។
លោក ចាន់ បូរីម៉ា (ឆ្វេង) ស្ថាបនិក​និង​ជា​អគ្គនាយក​ក្រុមហ៊ុន Nham24 និង​លោក​ ចិត្រ សិរីសុភ័ក្ត្រ សហគ្រិន​វ័យ​ក្មេង​ជា​ម្ចាស់​ហាង​កាហ្វេ Monsne និង​ជំនួញ​មួយ​ចំនួន​ទៀត។
ដោយ
Advertisement

មាន​អ្នក​ជំនួញ​២​រូប បាន​ស្រាយ​ចម្ងល់​របស់​លោក​អ្នក​នាង ដោយ​អះអាង​ថា អ្នក​គួរតែ​ចាប់​ផ្តើម​អាជីវកម្ម​តាំង​ពី​វ័យ​ក្មេង​ទៅ ពីព្រោះ​វា​​​បង្កើត​នូវ​​ឱកាស​​ជា​ច្រើន​​សម្រាប់​​អ្នក និង​ជា​ការ​រៀនសូត្រ​ដ៏​ល្អ​បំផុត​សម្រាប់​ទទួល​បាន​ជោគជ័យ​ក្នុង​ពិភព​ជំនួញ។

លោក​ឧកញ៉ា ចិត្រ សិរីសុភ័ក្រ្ត ជាម្ចាស់​ក្រុមហ៊ុន Luxury Smile និង​ជា​ម្ចាស់​ហាង​កាហ្វេ MONSNE បាន​ឲ្យ​យោបល់​ថា ប្រសិន​បើ​អ្នក​មាន​ឆន្ទៈ មាន​ថវិកា និង​មាន​អ្វី​គ្រប់​យ៉ាង​ដែល​អាច​ផ្តើម​អាជីវកម្ម​រួច​ហើយ គឺ​​គួរ​តែ​សាក​ល្បង។

លោក​ឧកញ៉ា​វ័យ​២៨​ឆ្នាំ​រូប​​នេះ ថ្លែង​យ៉ាង​ដូច្នេះ​ថា៖ «ការ​ចាប់​ផ្តើម​អាជីវកម្ម មិនមែន​សំខាន់​តែ​លើ​វ័យ​ក្មេង ឬ​ចាស់​នោះ​ទេ សំខាន់ អាស្រ័យ​លើ​ការ​រៀន​សូត្រ រៀន​បទ​ពិសោធន៍​ពី​​អ្នក​ដទៃ និង​ការ​វិនិយោគ​លើ​ខ្លួន​​ឯង។ បើ​មាន​ឆន្ទៈ គោល​បំណង និង​អ្វីៗ​គ្រប់​យ៉ាង​ហើយ គួរតែ​សាក​ល្បង ទោះ​ជួប​បញ្ហា​នៅ​រយៈពេល​ដំបូង យើង​ត្រូវ​ហ៊ាន​ប្រឈម​មុខ​ក្នុង​ការ​ដោះ​ស្រាយ»។

លោក​ឧកញ៉ា​ក្មេង​​បន្ថែម​ថា មុន​​នឹង​ចាប់​ផ្តើម​ជំនួញ មិនមែន​គិត​តែ​លើ​ឆន្ទៈ និង​ការ​ស្រឡាញ់​ប្រភេទ​អាជីវកម្ម​នោះ​ទេ ប៉ុន្តែ អ្នក​គួរតែ​មើល​ចរន្ត​ទីផ្សារ និង​តម្រូវការ​ទីផ្សារ​ផង​ដែរ។ លោក​ពន្យល់​ថា ប្រសិន​បើ​អ្នក​ធ្វើ​មុខ​ជំនួញ​ណា ដែល​ទីផ្សារ​មិន​ពេញ​និយម​និង​មិន​ឆ្លើយតប​នឹង​តម្រូវការ​របស់​ទីផ្សារ វា​នឹង​ប្រឈម​នឹង​ការ​បិទ​ទ្វារ។

ចំណែក អ្នក​ជំនួញ​ថ្មី​ថ្មោង​ម្នាក់​ទៀត លោក ចាន់ បូរីម៉ា ម្ចាស់​សេវាកម្ម​ដឹក​ជញ្ជូន​ម្ហូប​អាហារ Nham24 បាន​​និយាយ​​ថា សហគ្រិន​គួរតែ​ចាប់​ផ្តើម​អាជីវកម្ម​ក្នុង​វ័យ​នៅ​ក្មេង ជា​ជាង​ចំណាយ​ពេល​ធ្វើការ​ឲ្យ​គេយូរ​ពេក ដែល​ធ្វើ​ឲ្យ​ខាត​ពេល​វេលា​អភិវឌ្ឍ​ខ្លួន និង​បាត់​បង់​ឱកាស​ជា​ច្រើន​នៅ​​ក្នុង​ពិភព​ជំនួញ។

Advertisement

លោក ចាន់ បូរីម៉ា ដែល​មាន​វ័យ​៤២​ឆ្នាំ បាន​រ៉ាយ​រ៉ាប់​ប្រាប់​សារព័ត៌មាន​អនឡាញ ខេមបូណូមីស ដូច្នេះ​ថា៖ «ខ្ញុំ​ចង់​ឲ្យ​សហគ្រិន បើក​អាជីវកម្ម​នៅ​ក្មេង។ នៅ​ពេល​រៀន​មហា​វិទ្យាល័យ គួរតែ​ធ្វើការ​បណ្តើរ​រៀន​បណ្តើរ​ដើម្បី​យក​បទ​ពិសោធន៍ និង​យក​ថវិកា​ផ្គត់ផ្គង់​ការ​សិក្សា។ ប៉ុន្តែ ពេល​រៀន​ចប់ គួរ​ធ្វើ​ការ​ឲ្យ​គេ​តែ​២​ឬ​៣​ឆ្នាំ​បាន​ហើយ កុំ​ធ្វើការ​ឲ្យ​គេ​យូរ​ពេក ព្រោះ ទោះ​បី​យើង​នៅ​ក្មេង តែ​យើង​អាច​រៀនសូត្រ​ពី​អ្នក​ដទៃ និង​ការងារ​​របស់​ខ្លួន​បាន»។

កន្លងមក លោក ចាន់ បូរីម៉ា មាន​ការ​សោក​ស្តាយ​ដែល​ធ្វើ​ជា​បុគ្គលិក​គេ​អស់​រយៈពេល​២០​ឆ្នាំ ដោយ​គ្មាន​ពេល​វេលា​បើក​អាជីវកម្ម។ លោក​ថ្លែង​ថា៖ «ខ្ញុំ​សោក​ស្តាយ ព្រោះ​ដំបូង​ខ្ញុំ​គិត​ថា ធ្វើការ​ឲ្យ​គេ​២​ឬ​៣​ឆ្នាំ​សិន ចាំ​​បើក​អាជីវកម្ម តែ​ពេល​ធ្វើការ​យូរ​ទៅ ចេះ​តែ​ជោគជ័យ ប្រាក់​ខែ​ឡើង​រាប់​ពាន់​(៦០០០​ដុល្លារ) គេ​ទិញ​ឡាន​ឲ្យ​ជិះ ចេះ​តែ​សប្បាយ​នឹង​ភាព​ជោគជ័យ ដក​ខ្លួន​មិន​រួច​អស់​រយៈ​ពេល​២០​ឆ្នាំ ទើប​សម្រេច​ចិត្ត​ដក​ខ្លួន​មក​​បើក​អាជីវកម្ម​ខ្លួន​ឯង ទើប​តែ​បាន​ជាង​១​ឆ្នាំ»៕

© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឧកញ៉ា ជី អូ៖ មុន​ធ្វើ​អាជីវកម្ម គួរតែ​​ស្ទង់​លើ​៤​​ចំណុច

ព័ត៌មាន
លោក​ឧកញ៉ា ជា ដែន ដែល​គេ​ស្គាល់​ជា​ទូទៅ​ថា ឧកញ៉ា ជី អូ ជា​អនុប្រធាន​សមាគម អ្នក​ទីផ្សារ​កម្ពុជា (MAC) និង​ជា​អ្នក​ជំនួញ​ជោគជ័យ​ម្នា...

ក្រុមហ៊ុន​ផលិត​ទឹក​ដោះគោ​ធំ​មួយ​ទៀត គ្រោង​បង្កើត​កសិដ្ឋាន​​​គោ​ទឹកដោះ​នៅ​ឆ្នាំ​២០២០

ព័ត៌មាន
ទើប​បើក​ដំណើរការ​បាន​ត្រឹម​តែ​ជាង​១​ឆ្នាំ​ប៉ុណ្ណោះ ក្រុមហ៊ុន​អង្គរ ឌែរី ប្រូដាក ខូអិលធីឌី ដែល​បាន​បោះទុន​ជាង​២០​លាន​ដុល្លារ បង្កើត...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ